សមាគមខ្មែរកម្ពុជាក្រោម បានអះអាងពីការធ្វើយុទ្ធនាការនៅចុងខែមេសានេះ តាមរយៈការដាក់ញត្តិទៅស្ថានទូតនានាប្រចាំប្រទេសកម្ពុជា ដើម្បីផ្ញើសារឱ្យវៀតណាមបញ្ឈប់រាល់គ្រប់ទម្រង់នៃការយាយីលើខ្មែរក្រោម និងដោះលែងខែ្មរក្រោម ១៦អង្គនាក់ ដែលកំពុងជាប់ឃុំ។
សេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ ឱ្យដឹងថា យុទ្ធនាការប្រឆាំងនឹងការយាយីពីសំណាក់អាជ្ញាធរវៀតណាមលើខ្មែរក្រោម នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ក្នុងរាជធានីភ្នំពេញ។
ប្រភពនោះបញ្ជាក់ថា សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ នៅសង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងនាំយកញត្តិដាក់ជូនស្ថានទូត និងស្ថាប័នអន្តរជាតិនានា ដើម្បីទាមទារឱ្យរដ្ឋាភិបាលវៀតណាម បញ្ឈប់រាល់ទង្វើរំលោភបំពានសិទ្ធិមនុស្សមកលើខ្មែរក្រោម ព្រមទាំងដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមដែលកំពុងជាប់ឃុំ ដោយអាជ្ញាធររដ្ឋាភិបាលវៀតណាម។
សម្រាប់សមាគមខ្មែរក្រោម ខ្លឹមសារនៃញត្តិរកកិច្ចអន្តរាគមន៍ ឱ្យដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមចំនួន ១៦ អង្គ/រូប ក្នុងនោះមាន ព្រះតេជគុណ គឹម សំរិន្ទ, លោក ថាច់ ង៉ា និងលោក ថាច់ ស្ទឹងដុង ដែលទើបត្រូវបានចាប់ខ្លួននាពេលថ្មីៗនេះ។
លើសពីនេះ សមាគមខ្មែរក្រោម ក៏ទាមទារឱ្យសាងសង់សាលាឆទានឡើងវិញ នៅខេត្តលង់ហោរ ដែលអាជ្ញាធរវៀតណាមបានវាយកម្ទេចរាបដល់ដី កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ និងបញ្ឈប់រាល់ការគំរាមកំហែងគ្រប់រូបភាពមកលើពលរដ្ឋខ្មែរក្រោម។
យុទ្ធនាការនេះ ចាប់ផ្តើមពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១១:៣០ថ្ងៃត្រង់ ដោយមានការសម្តែងមតិ តំណាងយកញត្តិដាក់ជូនស្ថានទូត និងស្ថាប័នអន្តរជាតិនានា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងការវេរប្រគេនចង្ហាន់ព្រះសង្ឃជាកិច្ចបញ្ចប់យុទ្ធនាការ៕