រដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអះអាងថា ខ្លួនបានបណ្តេញជនជាតិវៀតណាម២០នាក់ ចេញពីកម្ពុជា ដោយសំអាងពីការរកឃើញពាក់ព័ន្ធបទឧក្រិដ្ឋឆបោក បង្ខាំងមនុស្សមានស្ថានទម្ងន់ទោស។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បាននិយាយលើហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២៣ ខែមេសានេះថា ជនជាតិវៀតណាមទាំងនោះ ត្រូវបានបណ្តេញចេញ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។
ប្រភពនោះ បញ្ជាក់ថា ពួកគេលួចស្នាក់នៅធ្វើការងារខុសច្បាប់ ចាប់ឃុំបង្ខាំងដោយខុសច្បាប់ និងករណីឆបោកមានស្ថានទម្ងន់ទោស និងក្រោយទទួលទោសចប់។
អង្គការសហប្រជាជាតិទទួលបន្ទុកប្រឆាំងគ្រឿងញៀន និងបទឧក្រិដ្ឋកម្ម ហៅកាត់(UNODC)ចេញផ្សាយរបាយការណ៍ថ្មីមួយ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ អះអាងថា កម្ពុជាជាមជ្ឈមណ្ឌលឆបោកអនឡាញធំជាងគេនៅតំបន់អាស៊ាន ប្រព្រឹត្តិបទឧក្រិដ្ឋជួញដូរមនុស្ស និងលាងលុយ បង្កការគំរាមកំហែងដល់ប្រទេសក្នុងតំបន់ និងពិភពលោក។
ប្រភពនោះ បញ្ជាក់ថា មជ្ឈមណ្ឌលឆបោកទាំងនោះ ត្រូវបានរកឃើញនៅខេត្តព្រះសីហនុ រាជធានីភ្នំពេញ បាវិត ប៉ោយប៉ែត កោះកុង និងខេត្តពោធិ៍សាត់ ហើយពួកឧក្រិដ្ឋជនធ្វើសកម្មភាពឆ្លងដែនទៅប្រទេសឡាវ ភូមា និងហ្វីលីពីន ជាដើម។
ប៉ុន្មានឆ្នាំងចុងក្រោយនេះ មន្ត្រីជំនាញរដ្ឋាភិបាលបានរកឃើញជាបន្តបន្ទាប់ នូវសំបុកលាក់ខ្លួនរបស់ឧក្រិដ្ឋជនឆបោកតាមអនឡាញ ចាប់ជំរិត លើដែនដីកម្ពុជា ដូចជាបានរកឃើញនៅខេត្តព្រះសីហនុ ក្រុងប៉ាវិត ខេត្តស្វាយរៀង ក្រុងច្បាមន ខេត្តមណ្ឌលគិរី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល និងក្រុងភ្នំពេញ និងកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានឆ្មក់ចូលទីតាំងមួយកន្លែង ក្នុងស្រុកកងពិសី ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនបរទេសជាង១ពាន់នាក់ ពាក់ព័ន្ធនឹងបទបង្ខាំងមនុស្ស ធ្វើទារុណកម្ម និងធ្វើប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ។
ការរកឃើញខាងលើ ហាក់ស៊ីគ្នាទៅនឹងការលើកឡើង របស់អតីតឧកញ៉ា លោក ហេង សិទ្ធី ដែលធ្លាប់ដាក់ពាក្យបណ្តឹងទៅក្រសួងយុត្តិធម៌ ឱ្យចាត់វិធានការលើអ្នកឧកញ៉ា ហ៊ុន តូ បងប្អូននាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ដោយចោទថា ឧកញ៉ា ហ៊ុន តូ នៅពីក្រោយមេខ្លោងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ យកលុយចិញ្ចឹមអំណាចគ្រួសារហ៊ុន។
ប៉ុន្តែមកដល់ពេលនេះ មិនមានសេចក្តីប្រកាសណាមួយពីរដ្ឋាភិបាល ជុំវិញវិធានការស៊ើបអង្កេតលើសែស្រឡាយគ្រួសារហ៊ុននេះទេ តែមានព័ត៌មានថា លោក ហេង សិទ្ធី កំពុងជាប់ពន្ធនាគារនៅប្រទេសរុស្ស៊ី ក្រោមវិធានការរបស់រដ្ឋាភិបាលគ្រួសារហ៊ុនទៅវិញ៕