ការមិនសូវយក​​ចិត្ត​ទុក​ដាក់​លើ​​អ្នក​ជំងឺ​​​​​​​ធ្វើ​​​ឱ្យ​​ស្ត្រី​សម្រាល​កូន​​​ម្នាក់​​ទៀ​ត​ស្លាប់​​​នៅ​មន្ទីរ​ពេទ្យ​​ប៉ោយ​ប៉ែត​

ស្ត្រីដែល​បាន​​ស្លាប់​បន្ទាប់​​​ពីសម្រាល​កូន​​បាន​៤ម៉ោង​​ នៅ​​មន្ទីរ​ពេទ្យ​​បង្អែក​​ប៉ោយ​​ប៉ែត ​ស្ថិត​​ក្នុង​​​ក្រុង​​ប៉ោយ​​ប៉ែត ខេត្ត​​​បន្ទាយ​​​មាន​ជ័យ​​នេះ មាន​​ឈ្មោះ ​ឈួយ សុគន្ធា​ អាយុ​៣៣​​​ឆ្នាំ​ មាន​​កូន​ពីរ​នាក់​​កូ​ន​ស្រី​ច្បង​​អាយុ​​៥ឆ្នាំ និ​ង​កូ​ន​ប្រុស​​ដែ​​ល​​ទើប​នឹង​កើត​​មាន​ទម្ងន់​​៣គីឡូ​១ខាំ។

លោក ​រូ ឧត្តម ដែល​ជាប្តី​​រប​ស់​សព​​ស្ត្រីដែល​​ស្លាប់​ បា​ន​​បង្ហោះ​​​នៅ​លើ​​ហ្វេស​​ប៊ុក​​របស់​​ខ្លួន​​ថា ​«ប្រពន្ធ​ខ្ញុំ​ស្លាប់ហើយ​បងប្អូន​ឆ្លង​ទន្លេ​រួច​​ កូន​សុវត្ថិ​ភាព តែ​ម្តាយ​ធ្លាក់​ឈាម ឥត​បាន​លាមួ​យ​​ម៉ាត់ សូម​អូន​ទៅ​កាន់​សុគតិភព កម្ម​វិធី​បុណ្យ​សព​​​នៅ​ភូ​មិ​ព្រៃ​គប់»។

ជុំវិញការស្លាប់នេះ ​«សារព័ត៌មាន​SBTស្នេហាជាតិ» បាន​​ធ្វើការ​​ផ្សាយ​​បន្ត​ផ្ទាល់​​ពី​ពិធី​បុណ្យ​ស​ព​​​នៅ​ភូមិ​​ព្រៃគប់​​សង្កាត់​អូរឫស្សី១ ក្រុង​​ប៉ោ​យ​​ប៉ែត កាល​ពីថ្ងៃ​ទី​​២២​​ខែមេសា​ ដោយ​​បាន​​សម្ភាសន៍​​ជាមួយ ​លោក រូ ​ឧត្តម​ និង​​សមាជិ​ក​គ្រួសារ​​​ស្ត្រី​​រង​គ្រោះ​​មួយ​ចំនួន។

 លោក ​រូ ឧត្តម ​បាន​និយាយ​រៀប​រាប់​​ថា បន្ទាប់​ពី​ប្រពន្ធ​របស់​លោក​បាន​​ឈឺពោះ​តិច​ៗ ​នៅ​វេលា​ម៉ោង​២កន្លះ​ទៀប​​ភ្លឺ​ថ្ងៃទី​២១​ ខែមេសា​ លោក​​បាន​នាំ​ប្រពន្ធទៅ​​ដល់​​មណ្ឌល​សុខភាព​អូរឫស្សី១ ប៉ុន្តែ​ពេល​ទៅ​ដល់​ក៏លែង​ឈឺពោះ​។

ដល់​ពេល​ម៉ោង​៣ ​ទើប​បាន​ឈឺពោះ​ទៀត​​ហើយ​​ឈឺ​រហូត​ដល់​ម៉ោង​ ​៥​:៥៥នាទី ​ទើប​បា​ន​​សម្រាល​​កូន​​តាម​ធម្មជាតិ​ ហើយ​​​ពេល​​សម្រាល​​កូន​​រួច​​មើល​​ទៅ​​ទាំង​​កូន​​ទាំង​​ម្តាយ​​មាន​​សុ​ខ​ភាពល្អ។

ប៉ុន្តែ​ប្រហែល​២០​នាទី​ក្រោយ​មក ​ប្រពន្ធ​របស់​លោក​បាន​ហូរ​ឈាមយ៉ាង​ខ្លាំង​ ហើយ​គ្រូពេទ្យ​ប្រាប់​ថា ដោយ​​​សារ​ស្បូន​ខ្សោយ ​ដូច្នេះ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ប៉ោយ​ប៉ែត​។

លោកថា៖ «ពេល​ទៅ​ដល់មន្ទីរ​ពេទ្យ​​ដំបូងគេអត់​មានធ្វើអី​ទេ គឺគាត់សួរខ្ញុំថា ប្រពន្ធ​ខ្ញុំ​ឈាម​​ប្រភេទអី? ខ្ញុំក៏ប្រាប់​គាត់ថា អត់ដឹងគាត់ឈាម​ប្រភេទអីទេ ហើយ​ក៏អត់​បាន​វះកាត់​អីដែរ​ ដោយ​ឃើញ​ពេទ្យ​បូមឈាមយក​ទៅ​ពិនិត្យ​ទាំង​​ដែល​អ្នក​ជំងឺ​ធ្វើ​ទុក្ខ​យ៉ាងខ្លាំងបែក​ពពុះមាត់ហើយ ហើយ​ខ្ញុំក៏ឆ្ងល់​ដែរ​ហេតុអីក៏ពេទ្យ​មិន​វះកាត់​ និងមិន​បញ្ចូល​ឈាម​ក្នុង​ពេល​ហ្នឹង​​តែម្តង ហេតុអីក៏​បណ្តោយ​​​ទុកឱ្យគាត់​បាត់បង់ជីវិត​ក្នុង​ពេល​ហ្នឹង​តែម្តង»

បុរស​ជាប្តី​​រូបនេះ ​បាន​បន្ទោស​ការ​ស្លាប់​​ប្រពន្ធ​​របស់​​ខ្លួន​ទៅ​លើ​​ភាព​យឺត​​យ៉ាវ​​​យ៉ាង​ខ្លាំង​​​នៃ​​រថយន្ត​​​សាមុយ​ដឹក​អ្នក​​ជំងឺ ​និង​​អសមត្ថភាព​​របស់​គ្រូ​ពេទ្យ។

 វីអូឌី ​មិន​អាច​ទាក់​ទង​​សុំការបំភ្លឺ​លើបញ្ហា​នេះ​ពី​ លោកឱក ទីនណា ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​​ប៉ោយ​ប៉ែត និង​លោ​ក ឡេ ច័ន្ទសង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​​ខេត្ត​​បន្ទាយ​​មាន​ជ័យ ​បាន​ទេ​​កាលពីថ្ងៃទី​២៤ ​ខែ​មេសា​។

ប៉ុន្តែ​​ជុំ​វិញការ​ស្លាប់​របស់​ស្ត្រី​សម្រាល​កូននេះ មន្ទីរពេទ្យ​បង្អែកប៉ោយ​ប៉ែត ​​នៅ​ថ្ងៃទី​២៣ ​ខែ​មេសា បាន​ចេញ​សេចក្តី​​បំភ្លឺ​ចំពោះការ​ការ​ចុះផ្សាយ​របស់​គណនី​ហ្វេសប៊ុកឈ្មោះ ​«សារ​ព័ត៌មាន​SBTស្នេហាជាតិ» ដែល​បាន​​លើក​ឡើ​ថា គួរ​ឱ្យសង្វេគ​ម្តាយ​សម្រាល​កូនដាក់​លើ​ដើមទ្រូង​​បាន​២០នាទី ​ហូរឈាម​មិនឈប់​រហូតដឹក​ទៅសង្គ្រោះ​នៅមន្ទីរពេទ្យបង្អែក​ប៉ោយ​ប៉ែត​ ក៏នៅ​តែស្លាប់​ចោលកូន តើនេះជាកំហុសអ្នក​ណា?

មន្ទីរពេទ្យ​បង្អែក​ប៉ោយ​ប៉ែត ​​​បាន​បញ្ជាក់​លើ​សេចក្តី​បំភ្លឺ​​ថា ​តាម​ការ​ពិនិត្យ​ដំបូង​របស់​គ្រូ​ពេទ្យ​​ឃើញ​ថា ស្ត្រី​បាន​បែកទឹកភ្លោះ​នៅផ្ទះមុនពេល​បញ្ជូន​​មក​ដល់​មណ្ឌល​សុខភាព ហើយ​បុគ្គលិក​ឆ្មប​​​បាន​រៀបចំទទួល​ស្ត្រី​ឱ្យសម្រាក​ពិនិត្យ​សុខភាព​និង​បាន​ផ្តល់​ប្រឹក្សា​ដល់ស្ត្រី និង​ស្វាមី​ អំពី​​ស្ថាន​​ភាព​​សុខភាព​​និង​​ដំណាក់​​កាល​នៃ​​ការ​​ឈឺ​​ពោះ​​សម្រាល​កូនតាម​លក្ខណៈ​បច្ចេកទេស។

មន្ទីរ​ពេទ្យ​បង្អែក​ប៉ោយ​ប៉ែត ​​បាន​អះអាងថា បុគ្គលិកឆ្មប​បាន​យក​ចិត្ត​ទុកដាក់​​​តាម​ដាន​អំពី​ស្ថានភាព​សុខភា​ព ​និង​ការ​ឈឺ​ពោះ​របស់​ស្ត្រី​​រូប​​នេះ​ ​​រហូត​ដល់​ម៉ោង​៥និង៣៥​នាទីព្រឹក ​​ទើប​មាត់​ស្បូន​បើកអស់ហើយ​ឆ្មប​ក៏​​បាន​​សម្រាល​កូនជូន​គាត់​មាន​ទម្ងន់​៣ ១០០ក្រាម ​ភេទ​ប្រុស ​ព្រម​ទាំង​អនុវត្ត​ដំណាក់​កាល​ទម្លាក់​​សុកតា​ម​​លក្ខណៈ​បច្ចេកទេស។

ក្រោយ​ទម្លាក់​សុក ស្ត្រីមានការ​ធ្លាក់​ឈាម​ ឆ្មបមណ្ឌល​សុខភាព​ក៏​បាន​ទំនាក់​ទំនង​ហៅ​រថយន្ត​គិលានសង្គ្រោះ​​​ពីមន្ទីរពេទ្យ​បង្អែក​ប៉ោយ​ប៉ែត​ នៅ​ម៉ោង​៦និង​២៦នាទីព្រឹក​​ ដើម្បី​បញ្ជូន​ស្ត្រី​មក​ធ្វើការ​ជួយ​សង្គ្រោះបន្ត​​នៅ​មន្ទីរ​ពេទ្យ​បង្អែក​​ប៉ោយ​​ប៉ែត​​។

 នៅម៉ោង​៧​និង​១៥នាទី​ព្រឹក ​​អ្នក​ជំងឺ​បាន​ដឹក​​មក​ដល់​មន្ទីរ​ពេទ្យ​​ប៉ោយ​ប៉ែត​ ហើយ​ត្រូវ​បាន​បញ្ជូន​ចូល​ផ្នែកសង្គ្រោះ​បន្ទាន់ ​ដោយ​មានក្រុមគ្រូពេទ្យ​ និងអ្នកបច្ចេកទេស​ ​​រង់​ចាំរួច​ជាស្រេច​ក្នុង​ការ​ជួយ​សង្គ្រោះ​។

 ប្រភពដដែល​បន្ត​ថា ទោះ​បីស្ថានភាព​អ្នក​ជំងឺ​ធ្ងន់​ធ្ងរ ​ក៏​ក្រុមគ្រូពេទ្យ​នៅ​តែបន្តយក​ចិត្ត​ទុក​ដាក់​​អនុវត្ត​ការ​ងារ​​​សង្គ្រោះ​​តាម​លក្ខណៈ​បច្ចេកទេស​ និងមានការ​បញ្ចូល​ឈាម​ជាបន្ត​បន្ទាប់ ​ជាមួយ​បច្ចេកទេស​សង្គ្រោះ​ប​ន្ត​ធ្វើ​យ៉ាងសកម្ម ប៉ុន្តែ​ស្ថានភាព​អ្នកជំងឺ​បាន​វិវត្តន៍​ទៅ​រក​ភាពធ្ងន់ធ្ងរ​ ទោះ​បីក្រុមគ្រូពេទ្យ​ប្រឹង​ប្រែង​ជួយ​សង្គ្រោះ​​​យ៉ាងណា​ក៏​ដោយ ​នៅ​តែមិន​អាច​ជួយ​បាន​ រហូត​ដល់​អ្នក​ជំងឺ​ទទួល​មរណៈ​​ភាព ​នៅម៉ោង​៩និង៣០​នាទីព្រឹកថ្ងៃទី​២១​ខែមេសា​។

សេចក្តីបំភ្លឺ​របស់​មន្ទីរ​ពេទ្យ​បញ្ជាក់​ថា តាមការពិនិត្យ​ស៊ីជម្រៅ​​តាម​លក្ខណៈ​បច្ចេកទេស​របស់​ក្រុមគ្រូពេទ្យស្ត្រី​អាយុ​៣៣​ឆ្នាំ​​រូប​នេះ ​បាន​ទទួល​មរណៈ​ភាព​ដោយសារ​រោគវិនិច្ឆ័យ ​«ធ្លាក់ឈាម​ធ្ងន់​​ធ្ងរក្រោយ​​សម្រាល ​​និង​ស្បូន​ទន់​មិន​កន្រា្តក់​»។

ប៉ុន្តែ​បើតាម ​លោក រូ ឧត្តម ​​នៅ​​ពេល​​ប្រពន្ធ​​លោក​​ដឹក​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ប៉ោយ​ប៉ែត ​លោក​ឃើញគ្រូពេ​ទ្យ​​​គ្រាន់​តែយក​ដៃ​​ច្របាញ់ញី​ពោះ ​និង​សង្កត់​ដើម​ទ្រូង​​​ធ្វើចលនា​បេះ​ដូង ​​ហើយ​ដល់​ពេល​ប្រពន្ធ​លោ​ក​ត្រដរ​ខ្យ​ល់​ខ្លាំង ​ទើប​បាន​យក​ឈាម​មក​ដាក់ ​មិន​​ឃើញមាន​​ប្រើឧបករណ៍​​ទំនើប​​អ្វី​​ក្នុង​ការ​​ជួយ​​សង្គ្រោះ​នោះ​​ទេ​។ ដោយ​សារ​តែ​មិន​ទុកចិត្តគ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ប៉ោយ​ប៉ែត​ លោក​ រូ ឧត្តម ​បាន​ស្នើ​សុំ​យក​ប្រពន្ធ​​លោក​ទៅ​មន្ទីរពេទ្យ​ខេត្ត​បន្ទាយ​មានជ័យ​ទៀត។ ​​ប៉ុន្តែគ្រូពេទ្យ​បាន​បដិសេធមិន​ឱ្យ​​យក​ចេញឡើយ​ទុក​រហូត​ដល់​ប្រ​ពន្ធ​លោកស្លាប់​នៅម៉ោង​ជាង​៩ព្រឹក។

បុគ្គលិកពេទ្យ នៅមន្ទីរពេទ្យ​បង្អែក​ប៉ោយ​ប៉ែត​ម្នាក់​ ដែល​ស្ថិត​នៅក្នុង​ហេតុការណ៍​នេះ​​ បាន​ប្រាប់​វីអូឌី ក្នុងលក្ខ​ខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ កាលពីថ្ងៃទី២២​ខែមេសាថា ការ​ស្លាប់​របស់​ស្ត្រី​សម្រាល​កូន​ឆ្លង​ទន្លេ​​រូប​នេះ គឺ​បណ្តាល​​មក​ពី​គ្រូពេទ្យអសម្ថភាពទាំងបច្ចេកទេស​​​និងការ​គ្រប់គ្រង ជាពិសេស​​ការ​អសមត្ថ​ភាព​របស់​ប្រ​ធា​ន​​​មន្ទីរពេទ្យតែម្តង។

ប្រភពដដែល ​បាន​អះអាង​ក្នុង​សម្តីដើមថា៖ «ពេលបញ្ជូនអ្នក​ជំងឺមក​ពី​មណ្ឌល​សុខភាព​​​ម្តងៗ ពិបាកណាស់ តៃកុង​ឡាន ប្រចាំគ្នា ហើយទាល់តែមេបញ្ជា​ផ្ទាល់​ទើប​ឡាន​​​អាច​​ចេញ​​ទៅ​​យក​​​អ្នក​​ជំងឺ​​​បាន ហើយពេល​ខ្លះ​យប់​ជ្រៅ បុគ្គលិក​តេទៅប្រធានមន្ទីរពេទ្យ​មិន​ចូល ពេល​ខ្លះ​ចូលហើយក្រ​លើក​ទូរសព្ទ ដល់​អ៊ីចឹង​អ្នក​ជំងឺ​ធ្ងន់​ខ្លះ​​ហួសពេលទៅ​យក​ហើយ​បាន​ស្លាប់​ក៏មាន»។

សូមរំឭកថា កាលពី​ខែមីនា ​ឆ្នាំ​​២០២៤ ស្ត្រីម្នាក់​​ដែ​ល​​​ឈឺ​ពោះ​​សម្រាល​កូន​​ហើយ​​មាន​​អាការៈ​​ធ្លាក់​ឈាម​​ខ្លាំង​​ដូចស្ត្រី​ខាងលើ​ ក៏បាន​ស្លាប់​ដែរ នៅក្នុង​វេន​ប្រចាំការ​​របស់​អ្នកគ្រូពេទ្យ​ ឡាយ អ៊ីជួង​ ដែល​ជាប្រធានផ្នែក​​ស​ម្ពព និងជា​អនុ​ប្រធាន​​មន្ទីរពេទ្យបង្អែក​​ប៉ោយ​ប៉ែត​។

​បុគ្គលិកនៅមន្ទីរពេទ្យ​បង្អែក​ប៉ោយ​ប៉ែត ​ធ្លាប់​បាន​អះអាងប្រាប់វីអូឌីក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​​ឈ្មោះ​ថា អ្នក​ស្រី អ៊ីជួង គ្មាន​ជំនាញ​​​ក្នុង​ការ​ជួយ​សង្គ្រោះស្ត្រី​ ​ដែល​ឈឺ​ពោះ​សម្រាល​កូន​នោះទេ ទើប​ធ្វើឱ្យស្ត្រី​ដែល​មក​ស​ម្រា​ល​កូននៅមន្ទី​រ​ពេទ្យ​នេះ ​ច្រើន​តែស្លាប់​ជាញឹក​ញាប់ ​នៅ​ចំវេន​ដែល​អ្នក​ស្រី អីជួង ​ប្រចាំការ។

បុគ្គលិក​មន្ទីរពេទ្យ​បង្អែក​ប៉ោយប៉ែត បាន​អះអាងថា យ៉ាងហោចណាស់ ​មាន​ម្តាយ​និង ទារក​ជាង ​១០នាក់​បា​ន​ស្លាប់​​​ជាបន្តបន្ទាប់​នៅក្នុង​ឆ្នាំ​២០២៤​​កន្លងមក ​នៅ​មន្ទីរពេទ្យ​បង្អែក​​ប៉ោយ​ប៉ែត​​ផ្នែក​សម្ភព​។ ​​ប៉ុន្តែ​នៅក្នុង​​​របាយការណ៍​ដែល​មន្ទីរពេទ្យ​នេះ​​​ដាក់​ទៅថ្នាក់​ជាតិ ​បែរជាថា គ្មាន​ម្តាយ​​​និង​ទារក​ស្លាប់ទៅ​វិញ​។

គួរ​រំឭកថា នៅក្នុង​ពិធី​បើកការដ្ឋានសាងសង់មន្ទីរពេទ្យ សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខា​ភិបាល ​កាល​ពី​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ២០២៤ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​ បាន​ជំរុញ​ឱ្យ​មាន​​​ការ​​​យក​​ចិត្ត​ទុក​ដាក់​លើកា​រ​​​​ព​​ង្រឹង​​ធនធានមនុស្សក្នុងវិស័យសុខាភិបាល គឺ​ត្រូវ​ពង្រឹង​សមត្ថ​ភាពគ្រូពេទ្យ​ បុគ្គលិក​ពេទ្យ​ឱ្យមាន​គុណ​​ភាព​ ក្រមសីល​ធម៌​វិជ្ជាជីវៈ និងក្រមប្រតិបត្តិ​។

​លោកក៏​​បាន​ណែនាំឱ្យក្រសួង​សុខាភិបាល ត្រូវបន្តពង្រឹង​ការ​អនុវត្តយន្តការតាមដាន និង​ការកែ​លម្អ​គុណភាព​​សេវា នៅមូលដ្ឋានសុខាភិបាល​គ្រប់​កម្រិតផងដែរ។

លោកស្រី ឱ វណ្ណឌីន ​អ្នកនាំពាក្យក្រសួង​សុខាភិបាល ​ក៏មិន​អាច​សុំ​ការ​បញ្ជាក់​លើ​បញ្ហា​នេះ​បាន​ដែរ​ នៅថ្ងៃទី​២៤​ខែមេសា។

ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​​បច្ចុប្បន្ន ​​​ទទួល​រង​​​ការ​រិះគន់​ជាច្រើនពីប្រជា​ពល​រដ្ឋ ​រហូតដល់​គ្រួសារ​អ្នកជំងឺខ្លះ​​បា​​ន​​​ចោទ​ប្រកាន់​គ្រូពេទ្យ​មួយ​ចំនួន​ថា​​ មិន​​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​អ្នក​ជំងឺ សម្តីអសីលធម៌ ទុក​​អ្នក​ជំងឺចោ​ល ចាក់​ថ្នាំ​ ឬផ្តល់​ថ្នាំ​ឱ្យ​អ្នក​ជំងឺ​លេប​ ដោយ​ពុំបាន​ធ្វើ​រោគ​​វិនិច្ឆ័យ ធ្វើ​ឱ្យ​អ្នក​ជំងឺដែល​មិនគួរ​ស្លាប់​បែរ​ជាស្លាប់​​។ នៅតាម​មន្ទីរ​ពេទ្យ​រដ្ឋ​ ​គ្រូពេទ្យ​ទុកអ្នកជំងឺ​ក្រីក្រ​ដែល​គ្មាន​ប្រាក់បង់ថ្លៃព្យា​បាល​ចោល ​​និង​អ្នក​រងរបួស​​​ក្នុងគ្រោះថ្នាក់​ចរាចរណ៍​​​ដែល​សន្លប់ ​ក៏​ត្រូវបាន​គេទុកចោល​​ឱ្យហូរ​ឈាម​​រហូត​ដល់ស្លាប់​ផងដែរ​ប្រសិន​​បើ​ពុំមាន​អ្នក​ធានា​​ និងបង់ប្រាក់ជាមុនទេនោះ។

ដោយ​សារ​តែកេរ្តិ៍​ឈ្មោះគ្រូពេទ្យ​ខ្មែរ​ តែង​តែជះក្លិន​មិន​ល្អ ទើប​​បច្ចុប្បន្ន​​ពល​រដ្ឋ​ខ្មែរ​ដែល​មាន​​​ជីវភាពសមរម្យជាច្រើន ​បាន​សម្រេច​ចិត្ត​​ចាក​ចេញ​ទៅ​ព្យាបាល​ជំងឺ ​ឬក៏​ពិនិត្យ​សុខភាព​​​នៅ​ប្រទេសថៃ និងវៀតណាម​។

អ្នកជំនាញផ្នែកសុខភាព លោកវេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាអគ្គនាយកប្រត្តិបត្តិ​ក្រុម​ហ៊ុន​ម៉េងលី ជេគួច អេឌ្យូ​ខេសិន បានថ្លែងកាលពីពេលថ្មីៗនេះថា មូលហេតុដែលមន្ទីរ​ពេទ្យ​នៅប្រទេសជិត​ខាង នៅតែស្រូប​ទាញអ្នកជំងឺពីកម្ពុជា ដោយសារគ្រូពេទ្យ​គេផ្ដល់សេវាកម្ម​​បែប​ទន់ភ្លន់ រួសរាយរាក់ទាក់ ប្រើប្រាស់សម្ភា​រៈ​ទំនើប និងមានអនាម័យ​ខ្ពស់ រួមទាំងមាន​បច្ចេកទេសខ្ពស់ក្នុងការព្យាបាលជំងឺ។

លោកថា ដើម្បីឱ្យការព្យាបាលនៅក្នុង​ស្រុក​មាន​ជំនឿទុកចិត្តពីពលរដ្ឋ កម្ពុជាត្រូវការពេលវេលាច្រើនបន្ថែម​​ទៀត ទាំងការអប់រំ និង​ការ​កសាងហេដ្ឋារចនាសម្ព័ន្ធ​ក្នុងវិស័យសុខាភិបាល ជាពិសេសនៅតាមមន្ទីរពេទ្យ​នា​នា​ត្រូវតែមាន​ការ​បំពាក់​ឧបករណ៍ទំនើប។

បើកម្ពុជាមាន​ពេទ្យ​ល្អច្រើន មានអ្នកជំនាញឯក​ទេស​ច្បាស់លាស់គ្រប់មុខ ហើយផ្តល់សេវាកម្មមានវិជ្ជាជីវៈ​ច្បា​ស់​លាស់ បូករួមទាំងគ្រូពេទ្យ​មាន​ក្រមសីលធម៌ល្អ នោះប្រជាពលរដ្ឋនឹង​មិនទៅ​ព្យាបាល​នៅក្រៅប្រ​ទេ​ស​​ច្រើ​នឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ