ប្រតិកម្មចម្រុះជុំវិញ​វិធាន​តុលាការ​ប្រកាស​រឹប​អូស​ផ្ទះ លោក រ៉ុង ឈុន លក់​ដោយ​បង្ខំ

ក្រោយពីតុលាការប្រកាស​រឹបអូសផ្ទះ លោក រ៉ុង ឈុន រួចមក ប្រតិកម្ម​ជា​ច្រើ​​ន​​បាន​ធ្លាក់​មក​ជា​បន្ត​បន្ទាប់ ​ដែ​ល​​​ខ្លះ​ព្រមាន​ថា គ្រួសារ​ហ៊ុន​ជិត​​ដល់​នាទី​ចុង​ក្រោយ ត្រូវ​ប្រ​ឈម​នឹង​ការ​រើប​ម្រាស់ ទាម​ទារ​យុត្តិ​ធម៌​ពីជ​ន​​រ​ង​​គ្រោះ​​ក្រោម​​កា​រ​​ប្រកួត​​​អំណាច​ខ្វះ​សុចរិត​ភាព ដើម្បី​តែ​ចង់​ក្តោប​អំណាច​តពូជ​ បំពាន​រដ្ឋ​ធម្មនុញ្ញ បើ​មិន​កែ​លម្អ​ទាន់​ពេល។

កាលពីថ្ងៃទី២៤ ខែ​មេសា​នេះ លោក​ រ៉ុង ឈុន បាន​បង្ហោះ​ដីកា​របស់​សាលាដំ​បូង​រាជ​ធានី​​​ភ្នំ​ពេញ ដែលបាន​​ប្រកាស​​លក់​​ដោយ​​បង្ខំ នូវ​​អចលន​​វត្ថុ​​របស់​​លោក ស្ថិត​នៅ​​ភូមិ​​ទួល​​រកា១ សង្កាត់​​ចាក់​​អង្រែ​ក្រោម ខណ្ឌ​​មាន​​ជ័យ រា​ជ​ធានី​ភ្នំពេញ។

 វិធានរឹបអូសផ្ទះលោក រ៉ុង ឈុន នេះ ត្រូវ​បានចៅ​ក្រម​បញ្ជាក់​ថា ដើម្បី​យក​លុយ​សង​ជំងឺ​ចិត្ត គណៈ​កម្មា​​ធិការ​ចម្រុះ​​​ព្រំដែន​របស់​រដ្ឋាភិបាល ដែល​តុលាការ​បង្គាប់​ឱ្យ​បង់ ប្រមាណ​ជា​​១០​​ម៉ឺន​​ដុល្លារ​។

ជុំវិញបញ្ហានេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់​VOD​នៅ​ថ្ងៃ​ទី​២៥ ខែ​មេសានេះ​ថា វិធាន​នេះ​ឆ្លុះ​បញ្ចាំង​ពី​ទង្វើ​ទុច្ចរិត​របស់​លោក ហ៊ុន សែន ដើម្បី​ចង់​ត្រួស​ត្រាយ​ផ្លូវ​ឱ្យ​កូន​ខ្លួន បន្តដឹក​នាំ​ប្រទេស​បែប​កុម្មុយ​និស្ត​ផ្តាច់​ការ។

លោកព្រមានថា ទង្វើនេះ វានឹង​បង្កគ្រោះថ្នាក់​ដល់​គ្រួសារ​ហ៊ុន​ទៅ​វិញ​ទេ ព្រោះ​វា​ហាក់​បង្កើត​​អយុត្តិ​ធម៌កា​​ន់​​តែ​ច្រើន រុញ​ឱ្យ​ជន​រង​គ្រោះ ដល់​ចំនុច​អស់​ការ​អត់​ធន់ បើមិ​ន​កែ​លម្អ​បន្ទាន់​ទេ​នោះ។

លោក ម៉ែន ណាត សំអាង​ថា នៅក្នុងពិភពលោកនេះ ទីណាមាន​អំពើ​ជិះ​ជាន់ កេង​ប្រវ័ញ្ញ គាប​សង្កត់ ធ្វើ​ទុក្ខ​បុក​ម្នេញ និង​ចាប់​ចង​ពលរដ្ឋ​តាម​ទំនើង​ចិត្ត ទីនោះនឹ​ង​មាន​ការ​រើ​បម្រាស់ គឺ​ផ្ទុះ​ការ​តវ៉ា​ទ្រង់​ទ្រាយ​ធំមិន​ខាន។

លោកថា៖ «ការធ្វើទុក្ខបុកម្នេញចាប់ជំរិត ដូជាចាប់ជំរិតរឹបអូសផ្ទះលោក សម រង្ស៊ី និងលោក ថាច់ ស៊ីថា លោក ស៊ុន ចន្ធី លោក សុន ឆ័យ ជាដើម។ល។នេះ ចាប់ជំរិតយកទ្រព្យសម្បត្តិគេហើយបង្ខំឲ្យគេទទួលទោសដោយគ្មានទោសពៃ អាហ្នឹងឆ្លុះបញ្ចាំងឲ្យឃើញថា រដ្ឋាភិបាលនេះជារដ្ឋាភិបាលម៉ាហ្វីយ៉ា ឧក្រិដ្ឋជនប្រើដៃតុលាការធ្វើបាបអ្នកដទៃ ដែលជាដៃគូនយោបាយប្រឆាំងនឹងរដ្ឋាភិបាលបែបអ៊ីចឹងមិនគួរប្រជាពលរដ្ឋអត់ធ្មត់យូរអង្វែងតទៅទៀតទេ ត្រូវចេញទាមទារយុត្តិធម៌ គឺយុត្តិធម៌សំខាន់ដែលទាមទារយុត្តិធម៌ ដើម្បីរកមេដឹកនាំណាដែលល្អជាងហ្នឹងមកដឹកនាំប្រទេសវិញ»។

ប្រហាក់ប្រហែលគ្នានេះដែរ សហស្ថាបនិកគណបក្សកែទម្រង់​កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន និយាយ​ថា វិធាននេះ​អាច​ជា​ចេតនា​ចង់​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ លោក រ៉ុង ឈុន ដើម្បី​សម្លាប់​ជីវិត​នយោបាយ​តស៊ូ​របស់​គាត់។

លោក​បន្ត​ថា ភាព​អយុត្តិធម៌ និងការធ្វើទុក្ខបុកម្នេញទៅលើអ្នកនយោបាយ​បក្ស​ប្រឆាំង ​ឬ​ពលរដ្ឋ​ខ្លួន​ឯងនោះ វា​បង្ក​ការ​បែក​បាក់​ជាតិ នឹង​ពង្រីក​ការ​ឈឺចា​ប់​ដល់​ពលរដ្ឋ​កាន់​តែ​ខ្លាំង ហើយ​ចុង​ក្រោយ​អ្នក​ដែលប្រឈម គឺ​មេដឹក​នាំ​ខ្លួន​ឯង ។

លោកថា៖ «វាពិបាកយល់ដែលមានការចោទឡើង ពីរឿងបទមិនរាងចាលអីជាដើមអ៊ីចឹងណា៎ ហើយខ្ញុំមិនដឹងថាការដែលង់ឲ្យមនុស្សរាងចាលហ្នឹង ចង់ឱ្យរាងចាលរបៀបម៉េច ឲ្យឈប់ធ្វើអីយ៉ាងម៉េច ព្រោះកិច្ចការសង្គមខ្លះវាជារឿងចាំបាច់កិច្ចការសង្គម កិច្ចការនយោបាយហ្នឹងវាជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេស ហើយជាម្ចាស់ប្រទេសហ្នឹង ដូច្នេះត្រូតែបំពេញតួនាទីទៅតាមច្បាប់អនុវត្តសិទ្ធិទៅតាមច្បាប់ដែលចែងជាធរមានក្នុងរដ្ឋធម្មនុញ្ញ»។

យ៉ាងណា ទីប្រឹក្សាគណកប្សកម្លាំងជាតិ លោក​ រ៉ុង ឈុន ផ្តាំផ្ញើ​កុំឱ្យពលរដ្ឋតក់ស្លុត ចំពោះ​បញ្ហា​ដែលបាន​កើត​ឡើង​លើ​រូប​លោក តែ​ផ្ទុយ​ទៅ​វិញ​ត្រូវ​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​រក​គោល​ដៅ​ប្រជា​ធិប​តេយ្យ។

លោកថា៖ «ខ្ញុំមិនមានជាចម្លើយអីទេ ប៉ុន្តែគ្រាន់ថាអ្វីៗយើងគួរតែធ្វើទៅតាមនីតិវិធី ហើយធ្វើអ្វីៗកុំឲ្យហួស​​កុំ​​ឲ្យគេថាកុំឲ្យប្រជាពលរដ្ឋកាន់តែឈឺចាប់ទៅៗ ហើយរូបមន្តបែបហ្នឹង វាមិនមានផលចំណេញសម្រាប់ជាតិនោះទេ ហើយក៏មិនមែនធ្វើឲ្យពលរដ្ឋបាក់ស្បាតដែរ ដូច្នេះជំហររបស់ខ្ញុំអត់មានអីប្រែប្រួលទេ យើងនៅតែជំហរធ្វើការងារជួយសង្គម ដូចជំហរដើរមកអញ្ចឹង ហើយសុំឲ្យបងប្អូនជនរួមជាតិយុវជន ស្ត្រីដែលស្រឡាញ់សង្គមជាតិ កុំឱ្យមាភាពតក់ស្លុត ដោយសារតែឃើញតុលាការដាក់បន្ទុកមកលើខ្ញុំហើយកុំឲ្យពួកយើងតក់ស្លុត ត្រូវតែរឹងមាំត្រូវតែឆ្ពោះទៅគោលដៅរបស់យើង ដែលយើងចង់បានប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌សង្គម ហើយបើសិនជាយើងគ្រាន់តែឃើញការដាក់បន្ទុកមកលើខ្ញុំហើយយើងនាំគ្នាឈប់សកម្មភាព នាំគ្នាតក់ស្លុត ពេលហ្នឹងយើងមិនអាចជួយស្រុកទេសសង្គមយើងបានទេ»

សម្រាប់​ លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្ក្រោះ​ជាតិ ដែល​ពេល​នេះ បាន​បង្កើត​ក្រុម​ប្រឹក្សាជាតិ​តស៊ូ​នៅ​ក្រៅ​​ប្រទេស​ចាត់​ទុក​វិធាន​នេះ​ថា ជា​ទង្វើ​ប្លន់​យក​ផ្ទះ​ លោក​គ្រូ រ៉ុង ឈុន ដោយ​សារ​តែ​គាត់បាន​ចុះ​ទៅ​មើល​បង្គោល​ព្រំដែន។

លោកសង្កត់ធ្ងន់ធា ដើម្បីឆ្លើយបទនឹងវិធាននេះ យើង​ត្រូវ​តែ​រួម​គ្នា​បញ្ចប់ របប​ចោរា​ធិប​តេយ្យ របប​ផ្តាច់ការ​នេះ។

ដោយ​ឡែក តំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោក សួន សូរីដា និយាយលើហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា​នេះក្នុង​ន័យ​ដើម​ថា៖ «ក្នុងនាមពួកយើងជាអ្នករងគ្រោះនឹងអំពើអយុត្តិធម៌ដូចគ្នា ខ្ញុំពិតជាមានការឈឺចាប់ នៅពេលនេះដោយសារ លោក រ៉ុង ឈុន ត្រូវបានតុលាការចេញដីកាលក់ឡៃឡុងផ្ទះរបស់គាត់»

លោកបន្តថា មិនដូចក្រុមមួយនោះ​នៅពេល លោក កឹម សុខា ត្រូវ​បាន​ចាប់​ចោទ​ដាក់​គុក គេ​បាន​បន្ទរផ្សព្វ​ផ្សាយ​តៗគ្នា​នូវ​សកម្ម​ជន​របស់​ខ្លួន​ថា «លោក កឹម សុខា ស៊ីឈ្នួល​ជាប់​គុក​ជា​ថ្នូរ​នឹង​លុយ​រាប់​លានដុល្លារ»។

ស​ម្រាប់ លោក សូរីដា ចោទជាចំណួរថា បើ​ខ្លួន​ស្រែក​រក​យុត្តិ​ធម៌ តែ​ខ្លួន​បែរ​ជាប​ង្កើត​ភាព​អយុត្តិធម៌​ទៅកាន់​អ្នក​ដទៃ តើ​វា​មាន​ន័យ​អ្វី​ទៅ​វិញ?

អាខោនហ្វេសប៊ុកឈ្មោះថា មយូរា ទឹកកក និយាយ​ថា «ជាមេដឹក​នាំ បើ​អ្នក​បង្កើត​ការ​ឈឺចាប់​ឱ្យ​ពលរដ្ឋច្រើន​ពេក អំណាច​របស់​អ្នក​មិន​ស្ថិត​ស្ថេរ​ឡើយ»។

អាខោនហ្វេសប៊ុកម្នាក់ទៀតឈ្មោះ​ថា ប្រជាធិបតេយ្យខ្មែរ និយាយ​ថា នយោបាយ​កម្ពុជា បើមិនរួមគ្នាឲ្យចំគោល​ដៅ​ទេ គេនឹងវាយ​ក្បាល​ម្ដង​មួយៗ រហូតស្លាប់អស់។

ប្រភព​បន្ត​ថា យើង​ធ្លាប់​ដាស់​តឿន​ច្រើន​លើក​ច្រើន​សារ អ្វី​ដែល​អ្នកជាតិ​និយម​ទាំង​អស់​ត្រូវ​ធ្វើ គឺ​នាំ​គ្នាចូល​រួម​ទាម​​ទារ​សេរីភាព​ជូន លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​តាំង​ពី​ដំបូង មិន​មែន​នាំ​គ្នាបង្កើត​គណបក្ស បង្កើត​ក្រុម​នេះ​ក្រុម​នោះ ឬ​ចលនា​នេះ ចល​នា​នោះ​វា​អត់​បាន​ការ​ទេ។ បើ​ទាំង​អស់​គ្នានៅ​តែ​មានៈ ទោះ​នាំ​គ្នា​តស៊ូ​១០០​ឆ្នាំ​ទៀត ក៏​មិន​ជោគ​ជ័យ​ដែរ។

អាខោនហ្វេសប៊ុកឈ្មោះថា AngkorWatTemple និយាយ​ថា «ការ​កាត់​ទោស​លោក​គ្រូ រ៉ុង ឈុន ទារ​សំណង​លុយ​រាប់​ម៉ឺន​ដុល្លារ ដើម្បី​គំរាម​អ្នក​ផ្សេង​កុំ​ឲ្យ​ទៅ​មើល​ព្រំដែន ឯ​យួន​នាំ​រាស្រ្តគេ​ទៅ​មើលទាំង​ចាស់​ទាំង​ក្មេង»។

អាខោនហ្វេស​ប៊ុកម្នាក់ទៀត ឈ្មោះ​ថា​ ឌី គន្ធា សរ​សេរ​ថា «មិ​នថា​អ្នក​នយោបាយ​ជាជន​ជាតិ​ខ្មែ​រ​ក្តី ​ឬជនជាតិ​យួន​ក្តី ឬ​ជន​ជាតិ​ចាម​ក្តី បើ​អ្នក​ធ្វើ​នយោបាយ​ទុច្ចរិត (គំរូ​អាក្រក់) អនាគត​អ្នក​នឹង​ទទួល​បាប​កម្ម​ពិត​ៗ​!»។

ចំណែក អាខោនហ្វេសប៊ុកឈ្មោះថា ចាន់ដារ៉ា សូ បានបង្ហោះទ្រឹស្តី​លោក រ៉ុង ឈុន ថា​«ដើម្បី​ជាតិ យើងត្រូវ​តែ​លះ​បង់​ហើយ! មិន​ត្រឹម​តែ​ទ្រព្យ​សម្បតិ្ត​ទេ អាច​ដល់​អាយុ​ជីវិ​ត​ផង។ បើ​គេ​ចង់​បាន​ហើយ យក​ចុះ! បាត់​ទ្រព្យ​អាច​រក​បាន​វិញ តែ​បើ​បាត់​ជាតិ គឺ​បាត់​ហើយ»។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន សុំមិនធ្វើអត្ថាធិប្បាយ​នឹង​សំណួរ​វីអូឌី ដែល​ផ្តល់​ឱកាស​ឱ្យ​ឆ្លើយ​តប ទៅ​នឹង​ការ​ចោទ​ប្រកាន់​លើ​ប្រព័ន្ធ​យុត្តិធម៌ ជុំវិញ​ការ​ចោទ​ខាង​លើ​នេះ។

ដោយ​ឡែក ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំនៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា យល់​ថា អំពើ​ជិះ​ជាន់ ការ​រំលោភ​សិទ្ធិ​មនុស្ស វា​ជាដើ​ម​ចម​ជំរុញ​ឱ្យ​មាន​ការ​បេះ​បោរ​ទាម​ទារ​យុត្តិធម៌​នៅថ្ងៃ​ណា​មួយ បើ​ប្រព័ន្ធ​យុត្តិធម៌​មិន​បាន​ធានា និង​ការ​ពារ​សិទ្ធិ​មនុស្ស និ​ងយុត្តិធម៌​សង្គម ដូច​មាន​ចែង​ក្នុងរដ្ឋ​ធម្ម​នុញ្ញ។

លោកបន្តថា ការដឹកនាំដែលមិនឱ្យតម្លៃរាស្រ្ត និងមតិរិះ​គន់ ធ្វើអ្វី​តាម​ទំនើង​ចិត្ត​នោះ គឺ​មិន​អាច​បន្ត​ក្តោប​អំណាច​ផ្តាច់​ការ​បាន​យូរ​អង្វែង​ទេ នៅ​ពេល​ដែល​ជន​រង​គ្រោះ​អស់​ការ​អត់​ធ្មត់។

លោកថា៖ «របបនៃការដឹកនាំនៃរបប​ផ្ដាច់​ការ​ដូច​ជា​គ្រួសារ​និយម​បក្ខ​ពួក​និយម ដែល​យើង​មើល​ឃើញនៅ​ក្នុង​បណ្ដា​ប្រទេស​មួយ​ចំនួន​ហ្នឹង គឺ​ត្រូវ​បាន​ដួល​រលំ​ហើយ ដូច​ដែល​យើង​ឧទាហរណ៍​ថ្មីៗ​នេះ​ ដូច​ជាប្រទេស​ស្រីលង្កា​ជាដើម ថ្វី​ដ្បិត​ថា​ក្នុង​កាលៈ​ទេសៈ​នេះ​ វា​មាន​ភាព​រឹង​មាំ​ណាស់​​មាន​ឥទ្ធិពល​មានអំណាច​ខ្លាំង​ក្លា​ ក្នុង​ការ​បង្ក្រាប​ទៅ​​លើ​សកម្មជន​ ទៅ​លើ​ប្រជា​ពលរដ្ឋ​ដែល​ធ្វើកា​រ​បញ្ចេញ​មតិ ធ្វើ​ការ​អនុវត្ត​នូវ​សិទ្ធិ​សេរីភា​ព​របស់​ខ្លួន និង​ត្រូវ​បាន​បង្ក្រាប ប៉ុន្តែ​យូរ​និង​ឆាប់ ឬ​ក៏​ចៀស​មិន​ផុត​ទេ នឹង​អាច​ទៅ​ដល់ដំណាក់​ការ​មួយ​ដែល​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ក្រោក​ឡើង​ ធ្វើ​ការ​បះ​បោរ​ធ្វើ​ការ​ទម្លាក់​មេដឹក​នាំ​ប្រទេស យើងឃើញ​ហើយ​អ្នក​ទាំង​អស់ មេដឹក​នាំ​ប្រទេស​ទាំង​អស់​នោះ ទាំង​ក្រុម​គ្រួសារ​ស្ទើរ​តែ​គេច​ចេញ​ពី​ប្រទេសមិន​ចង់​ទាន់»។

ចាប់ពីរំលាយគណបក្សសង្គ្រោះ​ជាតិចុងឆ្នាំ២០១៧មក អ្នក​នយោបាយ​ប្រឆាំង​ដែល​មាន​សក្តានុ​ពល អ្នក​រត់​គេច​ទៅ​ក្រៅ​ប្រទេស ក្នុង​នោះ​មាន​ទាំង​លោក សម រង្ស៊ី ក្រោយ​ពី​ឡោម​ព័ន្ធ​ដោយ​បណ្តឹង​ពី​គណបក្ស​ប្រជាជន​កម្ពុជា។

លោក កឹម ​សុខា ត្រូវបា​ន​ចាប់​ដាក់​ពន្ធនាគារ និង​ដក​សិទ្ធិ​ធ្វើ​នយោបាយ​ជិ​ត​១០ឆ្នាំ​ទៅ​នេះ ខណៈ​បក្សប្រឆាំ​ងមួយ​នេះ មាន​អ្នក​បោះ​ឆ្នោត​គាំទ្រ​ជិត​ពាក់​កណ្តាល​ប្រទេស។

បន្ទាប់មកស្នាក់ការកណ្តាល​គណបក្សសង្គ្រោះជាតិ ជា​កម្មសិទ្ធិ​លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ដែលគេ​មើល​ឃើញ​ថា នៅ​ក្រោម​បង្គាប់​លោក ហ៊ុន សែន នោះ បាន​រឹប​អូស​លក់​ដោយ​បង្ខំ​ដូច​គ្នា យក​លុយ​ឱ្យ​មេបក្ស​ប្រជាជន រាប់​លាន​ដុល្លារ​ដែល​ជា​ដើម​បណ្តឹង។

បន្ថែមពីនេះ អ្នកនយោបាយប្រឆាំង ដែលនៅ​ក្រៅ​ពន្ធនាគារ ហើយ​បន្ត​ធ្វើ​នយោ​បាយ ដើម្បី​ត្រៀម​ប្រកួតជាមួយ​បក្ស​កាន់​អំណាច ដូចជា លោក សុន ឆ័យ និង​លោក ទាវ វណ្ណុល ជាដើម ប្រឈម​នឹង​ការ​ទារប្រាក់​ប្រមាណ​ជា ១លាន​​ដុល្លារ​ដូច​គ្នា ដោយ​សារ​តែ​រិះ​គន់​ទង្វើ​ខ្វះ​សុច​រិត​ភាព​នៃ​ការ​ធ្វើ​នយោបាយរបស់​គ្រួសារ​ហ៊ុន ក្នុង​នោះ​ក៏​មាន​ លោក គង់ គាំ ផង​ដែរ ត្រូវ​លោក ហ៊ុន សែន ប្តឹង​រហូត​ដក​យក​​ដី​និងផ្ទះ ដែល​ជា​អតីត​ស្នាក់​ការ​គណបក្ស​ភ្លើង​ទៀន ។

បរិបទនេះ បានជំរុញឱ្យកម្ពុជាក្លាយជាសំបុក្រពួកឧក្រិដ្ឋជន បន្សល់ទុកនូវជន​រងគ្រោះច្រើន​លាន​នាក់​ពីប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ក្នុង​នោះ​មាន​ទាំង​អ្នក​ចាញ់​បោក​ក្រុម​ឧកញ៉ា អ្នក​រួមរឹ​ត​ដោយ​វិបត្តិ​បំណុល​រាប់លាន​នាក់ និង​អ្នក​រង​គ្រោះ​ពី​ការ​រំលោភ​យក​ដី​ពី​ក្រុម​អ្នក​មាន​អំណាច​ជាដើម ដែល​ទាំង​អស់​នេះ ត្រូវ​គេមើល​ឃើញ​ថា បើមេដឹក​នាំ​គ្រួសារហ៊ុននៅតែពង្រីអយុត្តិធម៌សង្គម អាច​នឹងដល់​នាទី​ចុង​ក្រោយ បើគ្រួសារ​ហ៊ុន​មិន​ប្រញាប់​វិល​​ទៅ​ស្តារ​ប្រជា ធិប​តេយ្យ​ឡើង​វិញ​ទាន់​ពេល​ទេ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ