អ្នកឃ្លាំមើល និងសាច់ញាតិ ជំរុញដល់ក្រសួងសុខាភិបាល ចុះធ្វើអធិការកិច្ចនៅមណ្ឌលសុខភាពអូរឬស្សី១ និងមន្ទីរពេទ្យបង្អែកដីថ្មី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយមានករណីស្ត្រីម្នាក់បានស្លាប់ ដោយសារធ្លាក់ឈាមធ្ងន់ធ្ងរក្រោយសម្រាលកូនរួច ដើម្បីរកមូលហេតុពិតប្រាកដ និងកែលម្អភាពខ្វះចន្លោះនៃសេវាសុខាភិបាលនៅតាមមូលដ្ឋានឡើងវិញ បង្កើនការទុកចិត្តដល់ប្រជាពលរដ្ឋ។
ការជំរុញនេះ បានធ្វើឡើងក្រោយពីមានករណីស្ត្រីម្នាក់ ឈ្មោះ ឈួយ សុគន្ធា អាយុ ៣៣ឆ្នាំ បានទទួលមរណភាព កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ ដោយសារអាការៈធ្លាក់ឈាមធ្ងន់ធ្ងរ ក្រោយសម្រាលកូនប្រុសរួច បានប្រមាណ២០នាទី។
លោក រូ ឧត្តម ដែលជាស្វាមីរបស់ស្ត្រីរងគ្រោះឈ្មោះ ឈួយ សុគន្ធា បានប្រាប់សារព័ត៌មាន SBT ស្នេហាជាតិ កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ថា មុនពេលសម្រាល ប្រពន្ធរបស់គាត់ មានសុខភាពធម្មតា និងបានសម្រាលកូនប្រុសម្នាក់តាមធម្មជាតិទៀត នៅមណ្ឌលសុខភាពអូរឬស្សី១។
ប៉ុន្តែក្រោយពេលសម្រាលបានប្រមាណ ២០នាទី ប្រពន្ធរបស់គាត់បែរជាមានអាករៈធ្លាក់ឈាមច្រើន ហើយលោកក៏សុំឱ្យគ្រូពេទ្យជួយសង្គ្រោះ និងហៅឡានពេទ្យដឹកប្រពន្ធគាត់ទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យបង្អែកដីថ្មី។
លោកបន្តថា នៅពេលហៅរថយន្តសង្គ្រោះនោះ គឺលោកបានខលហៅចំនួន៣ដង ហើយត្រូវរងចាំប្រមាណ ៤០នាទី ទើបឡានពេទ្យមកដល់ ខណៈចម្ងាយផ្លូវពីមណ្ឌលសុខភាពអូរឬស្សី ទៅមន្ទីរពេទ្យបង្អែកដីថ្មី មានចម្ងាយមិនដល់ ១០គីឡូម៉ែត្រផងនោះ។
នៅពេលទៅដល់មន្ទីរពេទ្យបង្អែក លោកថា ក្រុមគ្រូពេទ្យមិនបានធ្វើការវះកាត់ ឬជួយបញ្ចូលឈាមសង្គ្រោះភ្លាមៗនោះទេ ដោយនៅសាកសួរប្រភេទឈាមអ្នកជំងឺ និងជួសឈាមមើលសិន ហើយការសង្គ្រោះនោះទៀតសោត លោកមិនឃើញមានឧបករណ៍ជួយសង្គ្រោះគ្រប់គ្រាន់នោះទេ គឺឃើញតែពេទ្យធ្វើចលនាបេះដូង ច្របាច់ត្រង់បរិវេណពោះ និងដាក់អុកស៊ីហ្សែនប៉ុណ្ណោះ។
លោកថា៖ «គឺអារម្មណ៍ខ្ញុំគឺអត់អស់ចិត្តទេ ខ្ញុំឆ្ងល់មានរយៈពេល២ម៉ោងកន្លះដែរ ហេតុអីក៏គាត់[គ្រូពេទ្យ]មិនបញ្ជូនទៅកន្លែងផ្សេង ទាំងដឹងថានៅហ្នឹងមើលទៅអត់សមត្ថភាពទេ អត់មានឧបករណ៍គ្រប់គ្រាន់ទេ សូម្បីតែឈាមក៏ខ្វះមុខខ្វះក្រោយដែរ ខ្ញុំហៅបងប្អូនខ្ញុំទៅជួយបូមទាំងអស់គ្នា តែទម្រាំតែគាត់ដាក់ឈាមដាក់អី គឺយូរ ល្មាក់ជិតមួយម៉ោងហើយ ហើយឈាមគាត់[ស្ត្រីរងគ្រោះ]ហូរដូចទឹកចឹង គាត់នៅម៉េចបាន ញីតែពោះ ហើយឈាមហូរមកដូចទឹកចឹង គឺអត់មានប្រសិទ្ធភាព ហើយហេតុអីគាត់មិនបញ្ជូន ហើយខ្ញុំក៏ប្រាប់គាត់ថា បងខ្ញុំសុំប្រពន្ធខ្ញុំបញ្ជូនទៅកន្លែងផ្សេងបានអត់ គាត់ថាកំពុងតែព្យាយាមជួយអស់ពីសមត្ថភាពៗ តែអត់ប្រសើរល្អទេ រហូតដល់គាត់ដាច់ខ្យល់ស្លាប់»។
ជាមួយគ្នានេះដែរ លោក រូ ឧត្តម ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំ និងក្រសួងពាក់ព័ន្ធ ជួយរកយុត្តិធម៌ដល់ភរិយារបស់គាត់ដែលបានស្លាប់នេះផងដែរ។
អនុប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី មានប្រសាសន៍នៅថ្ងៃទី២៥ ខែមេសានេះថា ករណីនេះ ក្រសួងសុខាភិបាល ដែលជាអាណាព្យាបាល គួរចុះធ្វើអធិការកិច្ចនៅទីតាំងកើតហេតុ ដើម្បីរកឱ្យឃើញពីមូលហេតុច្បាស់លាស់ ថាតើការស្លាប់នោះដោយសារការធ្លាក់ឈាមច្រើនពេក ឬក៏ដោយសារបុគ្គលិកសុខាភិបាលខ្វះការយកចិត្តទុកដាក់ ឬក៏ដោយសារសមត្ថភាព ឬក៏ខ្វះឧបករណ៍ ហើយដាក់ចេញនូវវិធានការ ព្រមទាំងធ្វើការកែលម្អឡើងវិញនូវសេវាសុខាភិបាលនៅមូលដ្ឋាន ជៀសវាងវិស័យនេះរងការរិះគន់បន្ថែមទៀត។
លោកថា៖ «ត្រូវទៅមើលថាតើការណ៍ដែលស្ត្រីឆ្លងទន្លេនេះ ហើយធ្លាក់ឈាមស្លាប់ ឬក៏ដោយប្រការអ្វីមួយស្លាប់នេះ តើវាបង្កមកពីមូលហេតុអី ត្រូវរកឱ្យឃើញ ពេលដែលមានបញ្ហាកើតឡើង ត្រូវតែមានការអធិការកិច្ចនេះជាប្រចាំ ហើយដើម្បីអី? ការរកនេះ មិនមែនជាការទៅចាប់កំហុសទេ គឺដើម្បីធ្វើឱ្យវិស័យសុខាភិបាលកាន់តែមានភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីបង្កើនការយកចិត្តទុកដាក់ឡើងវិញពីប្រជាពលរដ្ឋនៅក្នុងស្រុក»។
លោក យិន ម៉េងលី បន្តថា សេវាសុខាភិបាលដែលល្អប្រសើរ មិនត្រឹមតែមានមណ្ឌលសុខភាពនៅគ្រប់ឃុំស្រុកនោះទេ ប៉ុន្តែត្រូវមានគ្រូពេទ្យប្រចាំការដែលប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ មានឧបករណ៍បំពាក់ឱ្យបានគ្រប់គ្រាន់សម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ និងការផ្តល់សេវាប្រកបដោយគុណភាព។
លោកបន្ថែមថា ប្រសិនបើមិនមានការកែលម្អ ហើយអត្រាអ្នកស្លាប់ដោយសារសម្រាលកូន ឬបញ្ហាសុខភាពផ្សេងទៀត នៅតែមានការកើនឡើង ហើយសេវានៃការព្យាបាលមិនមានភាពល្អប្រសើរ នោះបង្ហាញពីកម្សោយនៃការផ្តល់សេវាព្យាបាល ដែលធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿ ហើយរត់ទៅរកសេវានៅប្រទេសជិតខាង។
ជុំវិញករណីនេះដែរ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ក៏បានជំរុញឱ្យក្រសួងសុខាភិបាល ចុះធ្វើអធិការកិច្ចពីមូលហេតុនេះការស្លាប់នេះដែរ ខណៈពួកគេលើកឡើងថា មន្ទីរពេទ្យបង្អែកដីថ្មីនេះ មិនសូវយកចិត្តទុកដាក់លើអ្នកជំងឺឱ្យបានដិតដល់នោះទេ ហើយក៏មានអ្នកជំងឺផ្សេងទៀតរងគ្រោះផងដែរ។
អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ បង រាម បានលើកឡើងថា៖ «សូមឱ្យក្រសួងសុខាភិបាលជួយយុត្តិធម៌ដល់ក្រុមគ្រួសាររបស់គាត់ផង ករណីនេះមិនមែនមានតែក្រុមគ្រួសារគាត់នោះទេ នៅមានក្រុមគ្រួសារអ្នកផ្សេងទៀតផងដែរ សូមឱ្យមន្ត្រីពាក់ព័ន្ធជួយដាំទឹករឿងក្នុងមន្ទីរពេទ្យបង្អែកដីថ្មីនេះផង»។
អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ទៀត ឈ្មោះ សំណាង បានលើកឡើងដែរថា៖ «មន្ទីរពេទ្យដីថ្មី មិនសូវយកចិត្តទុកដាក់ព្យាបាល និងមើលថែអ្នកជំងឺដឹកដល់ទេបង សូម្បីតែអ្នកជំងឺធម្មតាក៏គាត់មិនសូវជាខ្នះខ្នែងប៉ុន្មានដែរ ជាពិសេសនោះអ្នកមានបណ្ណ បសស និងបណ្ណក្រីក្រ»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីមន្ទីរពេទ្យបង្អែកដីថ្មី និងអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានទេនៅថ្ងៃសុក្រនេះ។
តែយ៉ាងណា មន្ទីរពេទ្យបង្អែកប៉ោយប៉ែត កាលពីថ្ងៃទី២៣ ខែមេសា បានចេញសេចក្តីបំភ្លឺព័ត៌មានដែរថា ករណីស្ត្រីវ័យ ៣៣ឆ្នាំ ដែលបានស្លាប់ក្រោយសម្រាលកូនរួចនេះ បើតាមរោគវិនិច្ឆ័យ គឺ «ធ្លាក់ឈាមធ្ងន់ធ្ងរក្រោយសម្រាល និងស្បូនទន់មិនកន្ទ្រាក់»។
ប្រភពដដែលបន្តថា មុនកើតហេតុ ស្រ្តីរងគ្រោះបានទៅសម្រាលកូននៅមណ្ឌលសុខភាពអូរឬស្សី១ ហើយបើតាមការពិនិត្យដំបូង គឺស្តី្ររូបនោះបានបែកទឹកភ្លោះនៅផ្ទះ មុនទៅដល់មណ្ឌលសុខភាព នៅម៉ោង ២:២០នាទីយល់រំលងអាធ្រាតថ្ងៃទី២១ ខែមេសា។
យ៉ាងណា បុគ្គលិកឆ្មបបានរៀបចំទទួលស្ត្រីរូបនោះឱ្យសម្រាក និងពិនិត្យស្ថានភាពសុខភាព ដល់ដំណាក់កាលនៃការឈឺពោះសម្រាលកូនតាមលក្ខណៈបច្ចេកទេសនៅម៉ោង ៥:៣៥នាទីថ្ងៃដដែលនោះ។
មន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានបន្តទៀតថា ក្រោយទម្លាក់សុក ស្ត្រីមានការធ្លាក់ឈាម ហើយឆ្មបមណ្ឌលសុខភាពក៏បានទំនាក់ទំនងហៅរថយន្តគិលានសង្គ្រោះ បញ្ជូនស្ត្រីរូបនោះទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ដោយមានការបញ្ចូលឈាមជាបន្តបន្ទាប់ និងសង្គ្រោះតាមលក្ខណៈបច្ចេកទេស ប៉ុន្តែដោយសារស្ថានភាពអ្នកជំងឺធ្ងន់ធ្ងរ ក៏មិនអាចជួយសង្គ្រោះបាន រហូតដល់អ្នកជំងឺទទួលមរណភាព នៅម៉ោង ៩កន្លះព្រឹកថ្ងៃដដែលនោះ។
កាលពីដើមខែឧសភា ឆ្នាំ២០២៤ ក៏មានករណីស្ត្រីម្នាក់ឈ្មោះ ចាន់ ស្រីនុច អាយុ ៤៤ឆ្នាំ រស់នៅសង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានស្លាប់ក្រោយសម្រាលកូនរួចផងដែរ។
ក្រុមគ្រួសារនៃសពបានអះអាងថា ការស្លាប់របស់ស្ត្រីរងគ្រោះដោយសារតែការធ្វេសប្រហែស និងការមិនយកចិត្តទុកដាក់របស់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ ប៉ុន្តែខាងមន្ទីរពេទ្យបង្អែក បានច្រានចោលការចោទនេះ ដោយថា ស្រ្តីរូបនោះស្លាប់ក្រោយសម្រាល ដោយសាតែសភាពខ្សោយថ្លើម ជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ និងខ្សោយតម្រង់នោម។
ក្រសួងសុខាភិបាលបានបង្ហាញរបាយការណ៍ក្នុងថ្ងៃទិវាជាតិ«សុខភាពមាតាទារក និងកុមារ» នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ឱ្យដឹងថា អត្រាមរណភាពទារក កុមារ និងកុមារអាយុក្រោម៥ឆ្នាំ បានថយចុះច្រើនជាងពាក់កណ្តាលធៀបនឹងឆ្នាំ២០១៤ មកត្រឹម ៨, ១២ និង១៦ ក្នុង ១ ០០០កំណើតរស់ នាឆ្នាំ២០២១-២០២២។
នេះមានន័យថា ប្រទេសកម្ពុជាសម្រេចបានរួចហើយ នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០ ក្នុងការបញ្ចប់ការស្លាប់ដែលអាចបង្ការបានរបស់ទារក កុមារក្រោម១ឆ្នាំ និងកុមារអាយុក្រោម៥ឆ្នាំ។ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះស្ទើរតែទាំងអស់ ទទួលបានការថែទាំផ្ទៃពោះមុនពេលសម្រាលកូន ៩៩នាក់ក្នុង១០០នាក់ បានរាយការណ៍បានទទួលការថែទាំពីបុគ្គលិកសុខាភិបាល ដែលបានបណ្តុះបណ្តាលក្នុងកំឡុងពេលមានផ្ទៃពោះ៕