អ្នកចាញ់បោកអតីតឧកញ៉ា ហ៊ី គឹមហុង អះអាងថា ពួកគេប្រមាណ៣០នាក់ បានឡោមព័ទ្ធរថយន្តក្រុមហ៊ុនឆបោកនេះ នៅជិតស្នាក់ការប៉ូលីស ខេត្តស្វាយរៀង ដើម្បីឱ្យក្រុមហ៊ុនសងលុយពួកគេ ខណៈក្រុមឧក្រិដ្ឋជនឆបោកទាំងនោះ ព្យាយាមដាក់ពាក្យប្តឹងជនរងគ្រោះថា មិនគោរពកិច្ចសន្យាទិញរថយន្តបង់រំលស់ពីក្រុមហ៊ុន។
ជនរងគ្រោះម្នាក់ លោក មុច ពិសី ប្រាប់ VOD នៅថ្ងៃទី២៥ ខែមេសានេះថា ការឃាត់ឡាននេះ នៅចំណុចម្តុំអធិការស្រុកស្វាយទាប ក្នុងខេត្តស្វាយរៀង ដែលថាមានជនរងគ្រោះប្រមាណ៣០នាក់។
ប្រភពបន្តថា សកម្មភាពនេះ ដើម្បីជំទាស់ភាគីក្រុមហ៊ុនពិភពដីមាស ប្តឹងជនរងគ្រោះម្នាក់ទៅកាន់អធិការស្រុកស្វាយទាប ចោទថាជនរងគ្រោះមិនគោរពកិច្ចសន្យាបង់រំលស់ឡានទៅឱ្យក្រុមហ៊ុន។
លោកទទួលស្គាល់ថាជនរងគ្រោះមិនបានបង់មែន ដោយសារតែគ្មានលទ្ធភាពបង់បន្ត ព្រោះក្រុមហ៊ុនពិភពដីមាស មិនបានគោរពសន្យាផ្តល់ការប្រាក់ឱ្យជនរងគ្រោះ៣ភាគរយដែរ។
លោកថា៖ «អត់ដោះស្រាយសងលុយបងប្អូន ប្រជាពលរដ្ឋហើយ បែរជាប្តឹងពលរដ្ឋជាបន្តបន្ទាប់ថែមទៀត។ ខ្ញុំបានប្រាប់បងចឹង! គាត់មានលទ្ធភាពណាបង់ថ្លៃឡានហ្នឹងទៅវិញ បើក្រុមហ៊ុនដីមាស វាអត់ផ្តល់ការប្រាក់៣ភាគរយឲ្យគាត់ប្រចាំខែដែរ។ គាត់បង់រំលស់ឡាន គឺគាត់រំពឹងលុយពីដីមាស ឱ្យយកទៅបង់តដូចគ្នា»។
បើតាមប្រភពដដែល ប្រធានទីប្រឹក្សាជាន់ខ្ពស់ប្រចាំក្រុមហ៊ុនពិភពដីមាស៣នាក់មានឈ្មោះ លោក វិន វិរៈ លោក តេន ខ្នា និងលោក ស្រ៊ុន តាក់ អង្គុយក្នុងឡានដែលពលរដ្ឋឃាត់ តែមិនមានវត្តមានអតីតឧកញ៉ា ហ៊ី គឹមហុង ទេក្នុងហេតុការណ៍នោះ។
យ៉ាងណា លោកថា ក្រោយសមត្ថកិច្ចបានចុះទៅសម្របសម្រួល ក៏ជនរងគ្រោះបានសម្រេចរំសាយសកម្មភាពនេះវិញ។
បើតាម លោក មុច ពិសី ជនរងគ្រោះចាញ់បោកអតីតឧកញ៉ា ហ៊ី គឹមហុង មានអ្នកស្លាប់កើនជាង២០នាក់ហើយ ដោយសារគ្មានលុយព្យាបាលជំងឺ និងធ្វើអត្តឃាត ក្រោមវិបត្តិបំណុលដែលលោកជំរុញឱ្យរដ្ឋាភិបាលអន្តរាគមន៍បន្ទាន់។
លោកថា៖ «អ្នកស្លាប់កើនឡើងដល់២៥នាក់ និងអ្នកធ្លាក់ខ្លួនឈឺបាត់បង់សតិអារម្មណ៍២នាក់។ ពួកខ្ញុំជាប្រជាពលរដ្ឋទ្រាំមិនបានទេបង សំណូមពរឱ្យអាជ្ញាធរសមត្ថកិច្ច ស្ថាប័នតុលាការលោក ជួយអន្តរាគមន៍ កោះហៅបុគ្គលពាក់ព័ន្ធទាំងអស់ហ្នឹងដោះស្រាយរកយុត្តិធម៌ ដល់បងប្អូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ទុកយូរអត់កើតទេ»។
អតីតឧកញ៉ា ហ៊ី គឹមហុង ត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០២៣ ពីបទឆបោកពលរដ្ឋ តែប្រមាណ ៤ខែ ក្រោយមកពោលគឺនៅខែវិច្ឆិកា ឆ្នាំ២០២៣ តុលាការដោះលែងវិញ ក្រោយសន្យារកលុយសងជនរងគ្រោះវិញ តែពេលបាននៅក្រៅឃុំ លោកបានគេចវេសមិនគោរពសន្យានោះទេ។
ក្រុមជនរងគ្រោះ អះអាងថា អតីតឧកញ៉ា ហ៊ី គឹមហុង ក៏បានប្រើល្បិចបង្កើតគណៈកម្មាធិការ ដោយគ្មានការចូលរួមពីជនរងគ្រោះ ហើយសម្រេចពន្យាពេល៣ឆ្នាំទៀត ដើម្បីរកសងលុយសងតាមលទ្ធភាព។
ការណ៍នេះ ពួកគេទាមទារឱ្យចាប់ខ្លួនជនឆបោករូបនេះ ដាក់ពន្ធនាគារវិញ និងរឹបអូសទ្រព្យសម្បត្តិសងពលរដ្ឋ ដើម្បីទប់ស្កាត់កុំឱ្យចំនួនអ្នកស្លាប់បន្តកើនឡើង ខណៈអ្នកចាញ់បោកមានសរុបចំនួន ៨០០០នាក់ បាត់បង់ថវិកាប្រមាណ ៤០០លានដុល្លារអាមេរិក។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត បារម្ភថា ការបន្តអូសបន្លាយមិនរកដំណោះស្រាយឱ្យក្រុមជនរងគ្រោះ នោះអាចបង្កទៅជាចលាចលក្នុងសង្គមដែលជាបន្ទុកកាន់តែធ្ងន់ធ្ងរសម្រាប់រដ្ឋាភិបាល។
លោកថា៖ «បញ្ហាអំពើបើទុកឱ្យរីករាលដាលបន្ត ហើយគ្មានវិធានការដើម្បីធ្វើការដោះស្រាយទៅលើបញ្ហានោះទេបញ្ហាហ្នឹងវារីកកាន់តែធំ ហើយយើងបារម្ភខ្លាចមានអំពើហិង្សាណាមួយកើតឡើងតទៀត ពីព្រោះវាទាក់ទងជាមួយនឹងភាពអស់សង្ឃឹម និងកំហឹងអីជាដើម។ ចំណុចនេះយើងជាអង្គការសង្គមស៊ីវិល នៅតែអំពាវនាវសុំឲ្យភាគីដែលពាក់ព័ន្ធទាំងក្រុមហ៊ុនទាំងប្រជាពលរដ្ឋ ជាពិសេសអាជ្ញាធរ និងរាជរដ្ឋាភិបាលគួរតែមានកិច្ចអន្តរាគមន៍ ដើម្បីបញ្ចប់រឿងនេះកុំឲ្យមានបញ្ហារីករាលដាលតទៅទៀត»។
ក្រុមហ៊ុនពិភពដីមាស ត្រូវបានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដែលមាន លោក ឃួង ស្រេង ជាប្រធានបានបង្កើតសាខាបក្សប្រចាំក្រុមហ៊ុននេះ ដែលជ្រើសតាំង លោក ហ៊ី គឹមហុង ជាប្រធាន កាលពីឆ្នាំ២០២៣។
តំណែងជាក្បាលម៉ាស៊ីនដឹកនាំសំខាន់របស់គណបក្សប្រជាជនកាន់អំណាច ប្រចាំនៅរាជធានីភ្នំពេញនេះហើយ ដែលជងរងគ្រោះចោទថា ធ្វើឱ្យពួកគេស្លាប់ជាបន្តបន្ទាប់រហូតជាង២០នាក់ដោយសារប្រព័ន្ធច្បាប់មិនហ៊ានកាត់ទោសមេឆបោករូបនេះ និងថែមទាំងប្រើប្រាស់វិធានការច្បាប់ដាក់សម្ពាធដល់ជនរងគ្រោះថែមទៀត៕