ពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញ បានអះអាងថា ពួកគេមានការភ្ញាក់ផ្អើល ដោយប្រទះឃើញ ក្រដាសប្រាក់ប្រភេទ ១០០០រៀល សរសេរសារថា «អំណាចតពូជគ្រួសារហ៊ុន ខ្មែរថ្ងូរ តជំនាន់» ដែលការអះអាងនេះដូចគ្នាទៅនឹងការអំពាវនាវរបស់អាខោនហ្វេសប៊ុកមួយឈ្មោះថា«ដើម្បីយុត្តិធម៌»។
អាខោនហ្វេសប៊ុកឈ្មោះថា ដើម្បីយុត្តិធម៌ កាលពីថ្ងៃទី២៧ ខែមេសានេះ បានបង្ហោះសារដាក់ចំណងជើងថា «យុទ្ធនាការប្រឆាំង អំណាចផ្តាច់ការគ្រួសារហ៊ុន»។
ប្រភពនិយាយក្នុងសម្តីដើមថា ចលនាតស៊ូ សូមអំពាវនាវទៅដល់ប្រជាពលរដ្ឋរស់នៅក្នុងប្រទេស និងក្រៅប្រទេស សូមចូលរួមធ្វើយុទ្ធនាការចែកចាយក្រដាស់ប្រាក់រៀលផ្សេងៗ ដែលមានសរសេរអក្សរ «អំណាចហ៊ុនតត្រកូល ខ្មែរថ្ងូរ តជំនាន់» ដូចរូបភាពខាងក្រោម ដើម្បីបង្ហាញឆន្ទៈចង់បានប្រជាធិបតេយ្យ ប្រឆាំងការកាន់អំណាចផ្តាច់ការគ្រួសារហ៊ុន ។
ការលេចចេញនូវយុទ្ធនាការក្រដាសប្រាក់ ១០០០រៀលនេះ ស្របពេលដែលអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបង្ហាញការឈឺចាប់ទៅនឹងប្រព័ន្ធតុលាការកម្ពុជា ដែលត្រូវគេដឹងថា ស្ថិតក្រោមបញ្ជាគ្រួសារហ៊ុន ដែលបានយាយីមេដឹកនាំគណបក្សប្រឆាំងជាហូរហែរច្រើនឆ្នាំទៅនេះ រួមទាំងចេញដីការឹបអូសផ្ទះទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ជុំវិញការដែលលោក រ៉ុង ឈុន និយាយរឿងព្រំដែន។
វិធានប្រកាសរឹបអូសផ្ទះ លោក រ៉ុង ឈុន ទាំងបង្ខំ តុលាការអះអាងថា ដើម្បីយកលុយសងជំងឺចិត្ត គណៈកម្មាធិការចម្រុះព្រំដែនរបស់រដ្ឋាភិបាល ដែលតុលាការបង្គាប់ឱ្យបង់ប្រមាណជា១០ម៉ឺនដុល្លារ។
ជុំវិញបញ្ហានេះ VOD មិនទាន់អាចទាក់ទងប្រធានចលនាជាតិតស៊ូ លោក សម រង្ស៊ី ដើម្បីសុំការបញ្ជាក់បន្ថែមជុំវិញរឿងនេះ បាននៅឡើយទេ។
យ៉ាងណា មន្រ្តីស្និទនឹងលោក សម រង្ស៊ី គឺ លោក ម៉ែន សុថាវរិន្ទ្រ និយាយប្រាប់VODនៅថ្ងៃទី២៨ ខែមេសានេះថា យុទ្ធនាការនេះ ចលនាតស៊ូរបស់លោក សម រង្ស៊ី មិនបានដឹងរឿងនេះទេ។
ផ្ទុយទៅវិញ លោកយល់ថា យុទ្ធនាការនេះ ប្រហែលមានក្រុមចលនាអ្នកតស៊ូក្នុងស្រុក ដែលជាអ្នកនិយមប្រជាធិបតេយ្យ ស្អប់របបដឹកនាំផ្តាច់ការរបស់គ្រួសារហ៊ុន ជាអ្នកធ្វើយុទ្ធនាការនេះ ។
លោកថា៖ «ប្រហែលជាមានក្រុមចលនាតស៊ូគេនៅក្នុងប្រទេសទាំងស្រុងផ្សេងទៀត អ្នកប្រជាធិបតេយ្យផ្សេងទៀត គេជាអ្នកធ្វើអ៊ីចឹងហើយមើលទៅ!។ គេមានប្រជាពលរដ្ឋខ្មែរច្រើនណាស់ ដែលគេមិនពេញចិត្តជាមួយរាជរដ្ឋាភិបាលដឹកនាំដោយ លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន អ៊ីចឹងមានក្រុមចលនាមិនមែនមានតែចលនារបស់លោកសម រង្ស៊ី ទេ គឺមានអ្នកនៅក្នុងស្រុកច្រើនទៀត ជាពិសេសប្រហែលជាក្រុមអ្នកតស៊ូខាងប្រជាជនផងក៏មិនដឹង ដែលគេស្អប់ជនជាតិចិន គេចង់បានលោកសេរី»។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ សាន ឱ្យVODដឹងថា រដ្ឋាភិបាលមិនព្រួយបារម្ភពីយុទ្ធនាការផ្សព្វផ្សាយក្រដាស់ប្រាក់នេះទេ ដោយថា នេះជាទម្លាប់របស់ក្រុមអ្នកប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ។
លោកថា៖ «ខ្ញុំអត់ឆ្លើយជាមួយក្រុមខុសច្បាប់ ព្រោះក្រុមចលនាជាតិតស៊ូ វាជាក្រុមជ្រុលនិយមខុសច្បាប់នៅក្រៅប្រទេស បើឆ្លើយទៅក៏អត់បានការអ្វីដែរ។ ពួកហ្នឹងធ្វើនយោយបាយសម្លាប់ខ្លួនឯង តែពីដើមមក មេដឹកនាំរបស់គេគឺទណ្ឌិត សម រង្ស៊ី ក្បត់ជាតិ វាគ្មានអ្វីប្លែកនោះទេ»។
ដោយឡែក ប្រធានប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ថា យុទ្ធនាការលើក្រដាស់ប្រាក់នេះ អាចជាការបង្ហាញការមិនពេញចិត្ត ចំពោះការដឹកនាំផ្តាច់ការរបស់មេដឹកនាំគ្រួសារហ៊ុនផងដែរ។
លោកបន្តថា យុទ្ធនាការនេះជោគជ័យ វាទាល់តែចរន្តបក្សប្រឆាំងរឹងមាំ ចេះសាមគ្គីគ្នា មិនបោះបង់ចោលពលរដ្ឋដែលហ៊ានលះបង់ពេលវេលា និងអាយុជីវិត ដើម្បីការផ្លាស់ប្តូររបបដឹកនាំ។
លោកថា៖ «មូលហេតុដែលពលរដ្ឋបញ្ចេញសារអស់ហ្នឹងទៅកាន់រដ្ឋាភិបាល ដោយសារអី ដោយសារប្រជាពលរដ្ឋហ្នឹងអស់សង្ឃឹមលើប្រព័ន្ធតុលាការ អស់សង្ឃឹមទៅលើប្រព័ន្ធផ្តល់យុត្តិធម៌សង្គម ពីព្រោះអាជ្ញាធររដ្ឋ ហើយអាជ្ញាធររដ្ឋខ្លួនឯងហ្នឹងប្រព្រឹត្តបទឧក្រិដ្ឋកម្ម បទឆក់ប្លន់ដីធ្លី បទរំលោភបំពានលើសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋជាដើម។ល។ ហើយធ្វើឱ្យប្រជាពលរដ្ឋហ្នឹងតែចេះរងគ្រោះទៅៗ ដោះស្រាយគ្មានបានយុត្តិធម៌ជូនប្រជាពលរដ្ឋ ទើបគាត់បញ្ចេញសារបែបនេះទៅ»។
យ៉ាងនេះក្តី ក្រោមការដឹកនាំរបស់គ្រួសារហ៊ុន ដែលបានវាយបំបែកកញ្ចក់សង្គម រួមទាំងវិធានរំលាយគណបក្សសង្គ្រោះជាតិចេញពីឆាកនយោបាយជិត១០ឆ្នាំទៅនេះ ធ្វើឱ្យគេមើលឃើញថា កម្ពុជាបានក្លាយជាជម្រកពួកឧក្រិដ្ឋជនចាប់ជំរិត បង្ខាំងមនុស្ស ឆបោក និងគ្រឿងញៀនជាដើម ។
បរិបទនេះ បានបន្សល់ទុកជនរងគ្រោះច្រើនលាននាក់ មិនត្រូវបានការពារដោយប្រព័ន្ធច្បាប់ ដូចជា ក្រុមអ្នកចាញ់បោកក្រុមឧកញ៉ា ហ៊ី គឹមហុង ឡេង ចាន់ណា និងឧកញ៉ា ឡេង ណាវ៉ាត្រា ជាដើម ដែលពួកគេត្រូវជនរងគ្រោះអះអាងថាជាមនុស្សស្និទ្ធនឹងមេដឹកនាំកំពូលរបស់បក្សកាន់អំណាច ។
បញ្ហានេះ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ អង្គការសហប្រជាជាតិទទួលបន្ទុកប្រឆាំងគ្រឿងញៀន និងបទឧក្រិដ្ឋកម្ម ហៅកាត់(UNODC) ចេញផ្សាយរបាយការណ៍ថ្មីមួយ រកឃើញថា កម្ពុជាជាមជ្ឈមណ្ឌលឆបោកអនឡាញធំជាងគេនៅតំបន់អាស៊ាន ប្រព្រឹត្តិបទឧក្រិដ្ឋជួញដូរមនុស្ស និងលាងលុយ បង្កការគំរាមកំហែងដល់ប្រទេសក្នុងតំបន់ និងពិភពលោក។
អង្គការតម្លាភាពអន្តរជាតិ បានចេញរបាយការណ៍ថ្មីមួយ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រកឃើញថា អំពើពុករលួយនៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤ មានស្ថានភាពអាក្រក់ជាងឆ្នាំមុន ដែលទាមទារឱ្យកម្ពុជាដោះស្រាយបញ្ហានេះជាប្រព័ន្ធ និងទ្រង់ទ្រាយធំ។
បើតាមរបាយការណ៍នោះ កម្ពុជា មានអំពើពុករលួយខ្ពស់ជាប់គ្នាជិត១ទសវត្សរ៍ បើធៀបនឹងប្រទេស ១៨០ ដែលអង្គការនោះបានសិក្សា។
ប្រទេសដែលមិនអាចរើខ្លួនពីអំពើពុករលួយញាំញីបាន បញ្ហាចម្បងមួយ គឺឥទ្ធិពលនយោបាយជ្រៀតជ្រែតប្រព័ន្ធយុត្តិធម៌។
អង្គការតម្លាភាពអន្តរជាតិ គូសបញ្ជាក់ថា ជាដំណោះស្រាយ ត្រូវបើកលំហសេរីភាពបញ្ចេញមតិ និងរៀបចំការបោះឆ្នោតឱ្យមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌៕









