សង្គមស៊ីវិលថ្កោល​ទោស​និទណ្ឌ​ភាព​ឃាត​កម្ម លោក ឈុត វុទ្ធី ក្រោម​អំណាច​​គ្រួសា​រ​ហ៊ុន

ក្រុមអង្គការសង្គមស៊ីវិល សហជីព ថ្កោល​ទោស​​ចំពោះ​និទណ្ឌ​ភាព​​នៃ​ឧក្រិដ្ឋ​កម្ម​​ប្រឆាំង​​សកម្ម​​ជន​​បរិស្ថាន លោក ឈុត វុទ្ធី និង​​សកម្ម​ជន​ផ្សេង​ទៀត ដែល​​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​​នៅ​ក្នុង​ប្រទេស​​កម្ពុជា និង​អំពាវ​នាវ​​ឱ្យ​អាជ្ញាធរ​​រដ្ឋ​ចាត់​វិធាន​ការ​​ស៊ើប​អង្កេត​ដោយ​​ឯករាជ្យ​​ និង​​រក​ជន​ល្មើស​​ពិត​ប្រាកដ​​មក​​ផ្តន្ទា​ទោស ដើម្បី​​បញ្ចប់​វប្បធម៌​​និទណ្ឌ​​ភាព និង​​ធានា​ឱ្យ​​មាន​​​យុត្តិ​ធម៌​សង្គម។ 

ការ​ថ្កោល​ទោស​​ និងកា​រអំពាវនាវនេះ បានធ្វើឡើង​​ស្រ​ប​ពេល​​ដែល​សង្គម​​ស៊ីវិល សហជីព និងក្រុវ​យុវជន​ប្រមាណ ៣០នាក់ បាន​ជួប​ជុំ​​នៅ​សហភាពផ្ទះសាមគ្គី ដើម្បីរំលឹក​ខួប១៣ឆ្នាំ នៃឃាតកម្ម​លើ​សកម្មជន​បរិស្ថាន លោក ឈុត វុទ្ធី កាលពីថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២៥។

លោក ឈុត​ វុទ្ធី ​ជាសកម្មជន​ដែលគ្មានការ​ភ័យខ្លាចម្នាក់​ ត្រូវ​បាន​​គេ​បាញ់​សម្លាប់​កាល​​​ពី​​​ថ្ងៃ​ទី​​២៦ ខែ​​មេសា ឆ្នាំ​២០១២ ខណៈ​​ពេ​​លដែ​​ល​​លោ​ក​កំពុង​ចុះ​ស៊ើប​​អង្កេត និង​ថត​​រូប​​សកម្ម​ភាព​បទ​ល្មើស​​ព្រៃ​ឈើ​ខុស​ច្បាប់​​នៅ​តំបន់​ជួរភ្នំ​​ក្រវាញ ​ជាមួយ​អ្នក​សារ​ព័ត៌មាន​២នាក់ នៅ​ក្នុង​ខេត្ត​កោះ​កុង ។ មន្រ្តីអាវុធហត្ថម្នាក់ឈ្មោះ អ៊ីន រតនា ក៏ត្រូវបានប្រទះ​ឃើញ​​ថា ត្រូវបានបាញ់សម្លាប់នៅថ្ងៃតែមួយដដែលនោះ ហើយមន្ត្រីនោះត្រូវបានចោទប្រកាន់ថាជាអ្នកសម្លាប់​​លោក វុទ្ធី ហើយក្រោយពេលមន្ត្រីនោះបាញ់លោក វុទ្ធី មួយ​គ្រាប់ ហើយមួយគ្រាប់ទៀត​នោះ គ្រាប់​​កាំ​ភ្លើង​​បាន​ផ្លា​ត​​​ត្រូវ​​មន្ត្រី​អវុធហត្ថ​រូប​នោះ​វិញ​បណ្តាល​ឱ្យ​​ស្លាប់​​នៅ​កន្លែង​កើត​ហេតុ​​ដែរ។

ក្រោយមក សមត្ថកិច្ច​ក៏បាន​ចេញរបាយការណ៍ថ្មីមួយទៀត ថាក្រោយ​ពីមន្ត្រីអាវុធហត្ថ​​​ឈ្មោះ អ៊ីន រតនា បានបាញ់សម្លាប់​​លោក ឈុត វុទ្ធី រួច ក្រោយមាន​ជម្លោះរួច ក៏មាន​សន្តិសុខ​រោង​ចក្រ​វល្លិ៍​រមៀត ឈ្មោះ រ៉ាន់ បូរ័ត្ន នៅទីតាំងក្រុម​​ហ៊ុន Timber Green ចេញ​មក​ឃាត់​ ហើយ​ប្រតាយ​ប្រតប់ហើយក៏កាំភ្លើង​រេល​​កៃត្រូវប៉េអឹម​នោះស្លាប់ទៅ។

របាយការណ៍ស៊ើប​អង្កេត​​នេះ ក៏ត្រូវបាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល មិន​អាច​ជឿ​បាន​ដែរ ដោយ​សារ​​កាំភ្លើង​​ដែល​ប្រើក្នុង​ការ​បាញ់​ប្រហារ​​នោះ គឺជាកាំភ្លើង​អាកាកាណុង​វែង មិន​មែន​ជា​កាំភ្លើង​ខ្លី។ 

នាយក​ទទួលបន្ទុកកិច្ច​ការ​ទូទៅនៃ​អង្គការ​កា​រពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត បាន​​លើក​ឡើង​ក្នុង​ពិធីរំលឹក​ខួប​​សព​លោក ឈុត វុទ្ធី ​​​ថា របាយការណ៍ស៊ើបអង្កេត​​ទាំង​​​២​លើក​របស់សមត្ថកិច្ច​​​​ នាពេលកន្លងមក គឺ​​នៅមានភាពស្រពិចស្រពិល និង​មន្ទិល​សង្ស័យ​ច្រើន និង​មិនអាច​ទទួលយកបាន​នោះទេ។ ករណីនេះ លោក​ថា បញ្ហាវប្បធម៌និទណ្ឌ​ភាព​​លើ​ឃាត​កម្ម​លើ​លោក ឈុត វុទ្ធី នៅ​តែ​បន្ត​កើ​តមាន ដូច្នេះ​ក្នុងនាមអង្គការ​​​សង្គមស៊ីវិល នៅ​តែបន្តទាមទារឱ្យ​រដ្ឋាភិបាល ធ្វើការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ និង​រក​យុត្តិធម៌ពិតប្រាក​ជូន​សពលោក ឈុត វុទ្ធី។ 

 លោកថា៖ «ចឹង​ហើយ​បាន​អង្គការ​សង្គមស៊ីវិល ដែល​យើង​​នៅតែ​ទាម​ទារ ដើម្បី​ស្វែង​រក​យុត្តិធម៌ពិតប្រាក​ជូន​លោក ឈុត វុទ្ធី​ មក​ដល់ពេលនេះ យើងចាត់ទុកថា និទណ្ឌភាព​ នៅតែបន្ត យុត្តិធម៌​ពេញ​លេញ​​សម្រាប់​​លោក ឈុត វុទ្ធី នៅ​មិនទាន់កើត​មាន​នៅឡើយទេ»។

ស្របពេលគ្នានេះ​ដែរ អង្គការ​លីកាដូ ក៏បានចេញ​អត្ថបទខ្លីមួយដែរថា ខួប១៣ឆ្នាំនៃការ​ស្លាប់​របស់​ លោក ឈុត វុទ្ធី សកម្មជន​​បរិស្ថាន​ជា​ច្រើន​​នាក់ នៅតែ​បន្ត​រង​​ការ​​គំរាម​កំហែង។ 

ប្រភពដដែលបន្តថា កាលពីខែកក្កដា ឆ្នាំ​មុន សកម្មជន​​បរិស្ថាន​នៃ​ចលនា​មាតា​​ធម្មជាតិ ៥នាក់ ត្រូវ​បាន​​ចាប់ខ្លួន​​យ៉ាង​ហិង្សា បន្ទាប់​ពី​ប្រកាស​​សាល​ក្រម និង​ពួក​គេ​​ត្រូវ​បាន​​បញ្ជូន​ទៅ​ពន្ធនាគារ​​ផ្សេង​ៗ​គ្នា ដោយ​ផ្តន្ទា​ទោស​ជាប់​ពន្ធពី ៦ឆ្នាំ ទៅ៨ឆ្នាំ ដោយ​សារ​​ភាព​សកម្ម​​និយម​​របស់​ពួក​គេ​​ក្នុង​កិច្ច​​ការ​​ពារ​​បរិស្ថាន និងធនធានធម្មជាតិ។

នៅឆ្នាំមុន​ដដែល យ៉ាងហោចណាស់​ សកម្មជន និងអ្នកសារព័ត៌មាន ៨នាក់ ត្រូវ​បាន​ចាប់ខ្លួន ក្រោយពេល​អ្នក​ទាំងនោះ​ស៊ើបអង្កេត និងបញ្ចេញមតិ​ចំពោះ​ការ​កាប់​បំផ្លាញព្រៃឈើខុស​ច្បាប់​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ។    

ចំណែក ​​អង្គការសង់ត្រាល់ ក៏បាន​បង្ហោះសារ​លើបណ្តាញ​សង្គម​ហ្វេសប៊ុក ថ្កោលទោស​ចំពោះ​និទណ្ឌ​ភាព​នៃឧក្រិដ្ឋ​កម្ម​ប្រឆាំង​សកម្មជន​បរិស្ថាន លោក ឈុត វុទ្ធី ក្នុងខួប១៣ឆ្នាំ​នៃ​ការស្លាប់របស់គាត់ និង​ឧក្រិដ្ឋ​កម្ម​​ទៅ​លើ​សកម្ម​ជន​សិទ្ធិ​មនុស្ស សកម្ម​ជន​ការ​ពារ​បរិស្ថាន អ្នក​សារ​ព័ត៍​មា​ន និង​​សកម្ម​ជន​សហ​ជីព ដែលបានប្រព្រឹត្ត​នៅកម្ពុជា និង​​អំពាវនាវឱ្យអាជ្ញាធររដ្ឋចាត់វិធានការជាក់ស្តែង ដើម្បីធានាថាការស៊ើបអង្កេតប្រកប​​ដោយប្រសិទ្ធភាព ឯករាជ្យ និងតម្លាភាព​លើឧក្រិដ្ឋកម្ម​ប្រឆាំងអ្នកទាំងអស់នោះ។

អង្គការ​នេះបញ្ជាក់ថា៖ «ត្រូ​វ​ស្វែករកជនល្មើសមក​បាន​ផ្តន្ទាទោស ដើម្បីធានា​ឱ្យ​មា​ន​កា​រ​ជឿទុ​ក​ចិត្ត​លើប្រព័ន្ធយុត្តិ​ធម៍ និង​នាំ​ឱ្យ​​​​មាន​យុត្តិ​ធម៌សង្គម»។

លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការ​សង់ត្រាល់ មានប្រសាសន៍​ថា បញ្ហា​និទណ្ឌភាព​​​ទៅលើ​ឧក្រិដ្ឋកម្ម​​ប្រឆាំង​នឹង​សកម្មជន​បរិស្ថាន លោក ឈុត វុទ្ធី និងសកម្មជន​នានា នឹងប៉ះពាល់​ទៅ​​ដល់​ការ​លើក​កម្ពស់​កា​រគោរព​ច្បាប់ និងនីតិរដ្ឋនៅកម្ពុជា។ 

លោកថា៖ «អីចឹង​វប្បធម៌និទណ្ឌ​ភាព​​នេះ​ វាជា​ឧសគ្គធំ់​សម្រាប់សង្គម​​យើង ជាពិសេស​គឺ​ការ​ជំរុញហើយ​និង​ការ​លើក​កម្ពស់​និតិ​រដ្ឋ​​ ហើយ​អាហ្នឹង​​វា គឺ​ជាឧបសគ្គ​ធំ​សម្រាប់​សង្គម​ ព្រោះ​​អី​វា​មានឥទ្ធិពល​ជះទៅ​ដល់​​ដំណើរការ​​នៃ​ការលើក​កម្ពស់​​ការ​គោរព​​ច្បាប់​ ការ​លើក​​កម្ពស់នូវយុត្តិធម៌​សង្គម។ ខ្ញុំ​ចង់​ចាំនូវ​អ្វី​ដែលលោក ជា វិជ្ជា ដែលគាត់លើក​ពេល​នៅរស់​ គាត់់​បានលើកឡើងថា យុត្តិធម៌សង្គម គឺ​ជា​មូល​​​ដ្ឋានគ្រឹះនៃសន្តិភាព អីចឹង​​សុខដុមរមនា​នៃ​សង្គម​មួយ​ ការលើក​កម្ពស់ឱ្យ​មានការ​គោរពសិទ្ធិ ការ​លើក​កម្ពស់​ឱ្យមានសុខដុមរមនានៅក្នុង​សង្គម​មួយ គឺយុត្តិធម៌នេះសំខាន់ណាស់ ហើយ​យុត្តិធម៌កាន់​តែ​សំខាន់​ទៀត នៅពេល​ដែលជន​ដែលប្រព្រឹត្តបទឧក្រិដ្ឋ​ហ្នឹង​ ត្រូវ​​យក​​មក​​ផ្តន្ទាទោសចំពោះ​មុខ​ច្បាប់»។ 

ករណីនេះ លោក ឃុន ថារ៉ូ ក៏បានជំរុញដល់រដ្ឋាភិបាល ធ្វើកា​រ​ស៊ើបអង្កេត​​​ឱ្យ​បាន​ជាក់លាក់ និងស្វែង​​​រក​អ្នកប្រព្រឹត្ត​យក​មក​ផ្តន្ទាទោស​​តាម​ច្បាប់​​ ដើម្បីផ្តល់យុត្តិធម៌ដល់​ជនរងគ្រោះ និងគ្រួសារជន​រងគ្រោះ​ និង​​បញ្ចប់នូវវប្បធម៌និទណ្ឌ​ភាព​​នៅកម្ពុជា ផ្តល់​នូវជំនឿទុកចិត្តពី​ប្រជាពលរដ្ឋទៅលើប្រព័ន្ធ​យុត្តិធម៌។ 

ជាមួយគ្នានេះដែរ​​ លោក ថារ៉ូ បាន​​ចាត់ទុកសកម្មភាពការ​ពារបរិស្ថាន និងធនធានធម្មជាតិ​របស់ លោក ឈុត វុទ្ធី កាល​ពី​លោក​នៅមានជីវិត រហូត​ដល់មានការបាញ់សម្លាប់គាត់ទាំងអយុត្តិធម៌​នេះ ថាជាវីរៈភាព​​មួយដែល​មិនអាចបំភ្លេច​បាន សម្រាប់​យុវជនជំនាន់ក្រោយ។ 

ចំណែក លោក ឆឺយ ឧត្តម​រស្មី ដែលជាកូនប្រុស​របស់​ លោក ឈុត​ វុទ្ធី ក៏បាន​បង្ហោះសារ​នៅលើបណ្តាញ​សង្គម​ហ្វេស​ប៊ុក​​របស់ខ្លួន កាលពីថ្ងៃទី២៥ ខែមេសា​ដែរថា៖ «ខួបមរណភាព​១៣​ឆ្នាំ លោក​ឪពុក យុត្តិធម៌នៅ​ឆ្ងាយ​សែនឆ្ងាយដូចជើងមេឃ»។

វីអូឌី មិនអាចសុំការ​អត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព និងលោក ជិន ម៉ាលីន បានទេ នៅថ្ងៃទី២៨​ ខែមេសា ឆ្នាំ២០២៥នេះ។

តែយ៉ាងណា លោក ជិន ម៉ាលីន ធ្លាប់បាន​ប្រាប់អ្នកសារព័ត៌មាន​ថា សំណុំរឿង​ លោក ឈុត វុទ្ធី ត្រូវបាន​បិ​ទ​បញ្ចប់​ហើយ ហើយអ្នកដែលជា​ជន​ដៃដល់ក៏​ត្រូវ​បាន​ផ្តន្ទាទោស​រួចហើយដែរ។

ជុំវិញសំណុំរឿងឃាតកម្មលើលោក ឈុត វុទ្ធី នេះ ក្រៅពីតុលាការ​កាត់ទោស​ឈ្មោះ រ៉ាន បូរ័ត្ន ពីបទ «មនុ​ស្ស​​​​​ឃា​ត​ដោយ​​អចេតនា»នោះ មិនមានជនណា​ផ្សេង​ទៀត​ត្រូវ​បាន​ស៊ើប​អង្កេត និងនាំយក​មក​ទទួលខុ​ស​​ត្រូ​​វ​ចំពោះមុខច្បាប់ឡើយ ហើយសំណុំរឿង​បាញ់​ប្រហារនេះ ក៏ត្រូវ​បាន​បិទបញ្ចប់តាំងពីចុង​ឆ្នាំ២​០១២មក។

បញ្ហានេះ អ្នក​តាម​ដាន​សង្គម ចាត់ទុក​ថា រឿងក្តីរបស់ លោក ឈុត វុទ្ធី មិន​ខុសពី​រឿងក្តីរបស់​សកម្មជន​​ផ្សេង​​ទៀត ដូច​ជា លោក ជា វិជ្ជា លោក​បណ្ឌិត កែម ឡី ជាដើម​ ព្រោះ​រាល់ពេលមានអំពើ​​ល្មើស​កើត​​ឡើង ជាពិសេស​ទៅលើ​អ្នកធ្វើ​ការ​​ងារ​​សង្គម និង​អ្នក​តស៊ូ​មតិ​ មិន​​ដែល​​ឃើញ​មាន​​ពន្លឺ​យុត្តិធម៌​ម្តង​​ណា​​ឡើយ​ ហើ​យកា​រ​ស្លាប់​របស់ពួក​គេ​សុទ្ធ​សឹង​តែ​ពាក់ព័ន្ធ​នឹង​ការ​រិះគន់ និង​កា​រឆ្លុះបញ្ចាំង​​ពី​ការអនុវត្ត​​គោល​​នយោបាយ ​ដែ​ល​មាន​ភាព​អសកម្ម​​របស់​រដ្ឋាភិ​បាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ