ប្រព័ន្ធយុត្តិធម៌គ្រួសារហ៊ុន រងការិះគន់ថា ហាក់សកម្មបង្រ្កាបទៅលើអ្នកគិតគូពីបញ្ហាព្រំដែនតែការពារក្រុមឧកញ៉ាឆបោកស្និទ្ធិមេដឹកនាំ ខណៈវិបត្តិបំណុលបន្តសម្លាប់អ្នកចាញ់បោកក្រុមឧកញ៉ាជាបន្តបន្ទាប់ គ្មានការអើពើពីរដ្ឋាភិបាល។
ការរិះគន់នេះ ចំពេលតុលាការប្រកាសដាក់លក់ផ្ទះទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ដោយបង្ខំ ពាក់ព័ន្ធសំណុំរឿងព្រំដែនដែលតុលាការបង្គាប់ឱ្យបង់លុយ៤០០លានរៀល ឬស្មើ១០ម៉ឺនដុល្លារ ឱ្យទៅគណៈកម្មាធិការព្រំដែន។
ប៉ុន្តែ ទ្រព្យឧកញ៉ាឆបោករកស៊ីគម្រោងអចលនទ្រព្យ ដូចជា ឧកញ៉ា ឡេង ណាវ៉ាត្រា អតីតឧកញ៉ា ជា សារ៉ន ក្រុមហ៊ុនភូមិខ្មែរគ្រុបនៅខេត្តស្វាយរៀង អតីតឧកញ៉ា ហ៊ី គឹមហុង និងអតីតឧកញ៉ា ឡេង ចាន់ណា ជាដើម គ្មានការរឹបអូសសងជនរងគ្រោះទេ។
ជនរងគ្រោះចាញ់បោកអតីតឧកញ៉ា ឡេង ចាន់ណា លោក យា សំអេង រិះគន់ប្រព័ន្ធយុត្តិធម៌កម្ពុជាថា នៅក្រោមឥទ្ធិពលអ្នកមានអំណាច និងការពារតែឧកញ៉ាឆបោកប៉ុណ្ណោះ។
បើតាមលោក សំអេង រឿងក្តីអតីតឧកញ៉ា ឡេង ចាន់ណា ដែលមានអ្នកចាញ់បោក ៧០០០គ្រួសារ គិតជាទឹកប្រាក់ជាង ៣០០លានដុល្លារអាមេរិកនោះ ជាង១ឆ្នាំហើយគ្មានដំណោះស្រាយទេ។
វិបត្តិនេះ ជំរុញឱ្យលោកបង្ខំចិត្តស៊ីឈ្នួលធ្វើជាកម្មករដកដំឡូងនៅប្រទេសវៀតណាម ក្រោយចាញ់បោកក្រុមហ៊ុននេះជាង ២ម៉ឺនដុល្លារ ជាកម្ចីធនាគារ។
លោកថា៖ «ខ្ញុំយល់ឃើញថា ប្រព័ន្ធតុលាការនៅស្រុកយើងឥឡូវមានភាពលម្អៀង ដូចថាគេធ្វើប្រកាន់និន្នាការម៉េចទេបង។ ប្រជាពលរដ្ឋខ្លះដែលគាត់កំពុងតែវេទនា សឹងតែដាច់ខ្យល់ តទៅមុខទៀត ប្រហែលជាគាត់ ដាច់ខ្យល់ ហើយមើលទៅ ផ្ទះដែលត្រូវគេជិត អូសរឹប ប្រហែលជាគេ អូសរឹប យកអស់ហើយ បើតមុខទៀត ពន្យាៗចឹងរហូតបង»។
ដោយឡែក ជនរងគ្រោះចាញ់បោកអតីតឧកញ៉ា ហ៊ី គឹមហុង គឺលោក ប៊ុន ធឿន វិញ និយាយថា ទោះបីមានជនរងគ្រោះស្លាប់ជាបន្តបន្ទាប់ ហើយអ្នកចាញ់បោកផ្ទុះការតវ៉ាជាច្រើនដងក្តី តែជិត២ឆ្នាំគ្មានដំណោះស្រាយនោះទេ។
បើតាមជនរងគ្រោះ បញ្ជាក់ថា មកទល់ពេលនេះ មានអ្នកស្លាប់ជាង២០នាក់ហើយ ក្រោមវិបត្តិបំណុល។
លោកថា៖ «ស្លាប់ ចូល២៥ហើយលោកគ្រូ!២៥នាក់។ បារម្ភរឿងថា ទី១ គាត់អ្នកស្លាប់ហ្នឹងគាត់ចេះតែស្លាប់ដោយសារឈឺរ៉ាំរ៉ៃទៅ គាត់អត់មានលុយមើល!គាត់ស្លាប់បន្តៗចឹងទៅ។ ហើយមួយទៀតបារម្ភរឿងថា បើច្បាប់អត់ជួយពន្លឿនការដោះស្រាយឲ្យពលរដ្ឋរឹបអូសទ្រព្យសម្បត្តិ ហ៊ី គឹមហុង ហ្នឹងទេ មានន័យថា ប្រជាពលរដ្ឋប្រឈមនឹងស្លាប់ ក៏ប្រឈមនឹងបាត់បង់ទាំងទ្រព្យសម្បត្តិប្រជាពលរដ្ឋ បើច្បាប់នៅពន្យារពេលអូសបន្លាយយូរបន្តទៅទៀត»។
កាលពីថ្ងៃទី២៤ ខែមេសានេះ លោក រ៉ុង ឈុន បានបង្ហោះដីការបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានប្រកាសលក់ដោយបង្ខំ នូវអចលនវត្ថុរបស់លោក ស្ថិតនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
វិធានរឹបអូសផ្ទះ លោក រ៉ុង ឈុន នេះ ត្រូវបានចៅក្រមបញ្ជាក់ថា ដើម្បីយកលុយសងជំងឺចិត្ត គណៈកម្មាធិការចម្រុះព្រំដែនរបស់រដ្ឋាភិបាល ដែលតុលាការបង្គាប់ឱ្យបង់ ប្រមាណជា១០ម៉ឺនដុល្លារ ពាក់ព័ន្ធការរិះគន់បញ្ហាព្រំដែននៅខេត្តត្បូងឃ្មុំ។
កន្លងទៅ លោក រ៉ុង ឈុន បានសម្រេចបង់ប្រាក់ជំងឺចិត្ត ទៅឱ្យគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន របស់រដ្ឋាភិបាល ដែលជាដើមបណ្តឹងចំនួនជាង ២០លានរៀលសិន តាមលទ្ធភាពដែលខ្លួនប្រមែប្រមូលបានពីអ្នកគាំទ្រ ក្នុងចំណោមទឹកប្រាក់ ៤០០លានរៀល ដែលតុលាការបានបង្គាប់ ប៉ុន្តែខាងស្ថាប័នតុលាការពុំមានការឆ្លើយតប។
សំណុំរឿងចោទប្រកាន់ លោក រ៉ុង ឈុន និងសកម្មជន២នាក់ទៀត ត្រូវតុលាការចោទពីបទ «ញុះញង់» ពាក់ព័ន្ធនឹងការអត្ថាធិប្បាយកាលពីឆ្នាំ២០២០ អំពីការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ចូលដីស្រែពលរដ្ឋខ្មែរច្រើនគ្រួសារ នៅខេត្តត្បូងឃ្មុំ ។
សម្រាប់ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ចោទសួរថា តើពលរដ្ឋគាំទ្រឱ្យតុលាការរឹបអូសផ្ទះលោក រ៉ុង ឈុន ទៅសងជំងឺចិត្តវៀតណាម ឬរឹបអូសផ្ទះឧកញ៉ា ឡេង ណាវ៉ាត់ត្រា អតីតឧកញ៉ា ឡេង ចាន់ណា លោក ហ៊ី គឹមហុង និងលោក ជា សារ៉ន ទៅសងជនរងគ្រោះដោយសារការចាញ់បោកឧកញ៉ាទាំងនោះ?
លោក សំអាន សង្កត់ធ្ងន់ថា លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត ប្លន់យកផ្ទះលោក សម រង្ស៊ី ស្នាក់ការគណបក្សសង្គ្រោះជាតិ ផ្ទះលោក គង់ គាំ និងបន្តប្លន់ផ្ទះលោក រ៉ុង ឈុន ទៀត។
លោកថា៖ «បែរជាមកបង្ក្រាបអ្នកស្នេហាជាតិ អ្នកដែលការពារទឹកដីដូច រ៉ុង ឈុន នេះ ដែលគ្រាន់តែទៅមើលបង្គោលព្រំដែនត្រូវបានតុលាការរឹបអូសផ្ទះសម្បែងរបស់គាត់ទៅវិញ អាហ្នឹងជារឿងអយុត្តិធម៌ណាស់។ ប្រជាពលរដ្ឋគេមើលឃើញនឹងភ្នែកអ៊ីចឹងត្រកូលហ៊ុន អាចប្រឈមមុខនឹងប្រជាពលរដ្ឋដែលរងទុក្ខ ដោយសារតែត្រកូលហ៊ុន បណ្ដោយឲ្យឧកញ៉ាទាំងអស់ហ្នឹង ដើរបោកគេហើយអត់ ស្វែងរកយុត្តិធម៌សម្រាប់ពួកគាត់អ៊ីចឹងអាចត្រូវប្រជាពលរដ្ឋធ្វើបាតុកម្មទម្លាក់នៅពេលខាងមុខ ហើយអាចកាន់តំណែងមិនបានយូរទៀតទេ អាចដល់ថ្ងៃអង្សារបស់ត្រកូលហ៊ុនហើយ។ នៅពេលដែលការពារដោយឧកញ៉ាឆបោកការពារឧក្រិដ្ឋជន បែរជាមិនការពារអ្នកស្នេហាជាតិការពារទឹកដីដូចលោក រ៉ុង ឈុន »។
បើតាមលោក សំអាន លោក ហ៊ុន សែន ប្លន់ផ្ទះលោក រ៉ុង ឈុន ធ្វើតាមបញ្ជារបស់វៀតណាម ព្រោះវៀតណាមខឹងលោក រ៉ុង ឈុន ទៅតវ៉ាពីបង្គោលព្រំដែនដែលវៀតណាមបោះរំលោភចូលដីខ្មែរ។ បើតាមលោក សំអាន វៀតណាមច្បាមយកកោះត្រល់ រីឯប្រទេសថៃបានបំពានយកកោះគុត រីឯលោក ហ៊ុន សែន បានផ្ទះលោក រ៉ុង ឈុន។
ជុំរិញរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងការពារប្រព័ន្ធតុលាការថា មិនបានទុករឿងឧកញ៉ាឆបោកចោលទេ គឺកំពុងដំណើរការនីតិវិធីច្បាប់ ហើយថា ករណីលោក រ៉ុង ឈុន នេះជារឿងដាច់ដោយឡែកពីរឿងឧកញ៉ាឆបោក ដែលមិនគួរត្រូវបានយកមិនភ្ជាប់គ្នាបែបនេះឡើយ។
លោកថា៖ «អាហ្នឹងគ្រាន់តែសំនួរផ្ទុចផ្ទាល់ទេ ប៉ុន្តែតុលាការយុត្តិធម៌តាមករណីនីមួយៗ។ រឿងលោក រ៉ុង ឈុន ជារឿងរបស់លោក រ៉ុង ឈុន។ រឿង ឧកញ៉ា ដែលបោកប្រាស់គេហ្នឹង កំពុងដំណើរការតាមនីតិវិធី គេមិនបណ្តែតបណ្តោយទេ។ ដូច្នេះរឿងឧកញ៉ាបោកគេ អាហ្នឹងជារឿងឧកញ៉ាបោកគេ ដោយឡែក រឿង រ៉ុង ឈុន ដំណើរការតាមនីតិវិធីដោយឡែក។ អាហ្នឹងរឿងដោយឡែកពីគ្នា យើងមិនអាចយកមកច្របូកច្របល់ជាមួយគ្នាបានទេ»។
ជាការកត់សម្គាល់ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានអ្នករងគ្រោះយ៉ាងតិច ៣ម៉ឺននាក់ ចាញ់បោកគម្រោងអចនលទ្រព្យ រួមមានដូចជា អតីតឧកញ៉ា ជា សារ៉ន ហ៊ី គឹមហុង ឡេង ចាន់ណា ឧកញ៉ា ឡេង ណាវ៉ាត្រា ក្រុមហ៊ុនCIC និងក្រុមហ៊ុនភូមិខ្មែរគ្រុបនៅខេត្តស្វាយរៀង ជាដើម។
បើទោះបីឧក្រិដ្ឋជនឆបោកខ្លះ កំពុងជាប់ពន្ធនាគារក្តី តែគ្មានវិធានរឹបអូសទ្រព្យ ដើម្បីសងសំណងដល់ជនរងគ្រោះ ដើម្បីដោះស្រាយបំណុលវិញទេ និងខ្លះទៀត រស់នៅក្រៅសំណាញ់ច្បាប់ ដូចជា អតីតឧកញ៉ា ហ៊ី គឹមហុង និងឧកញ៉ា ឡេង ណាវ៉ាត្រា ជាដើម។
ជាការកត់សម្គាល់ ការរាលដាននៃអំពើឆបោកនេះ ក្រោយកម្ពុជាបាត់បង់ប្រព័ន្ធត្រួតពិនិត្យអំណាចតាមបែបប្រជាធិបតេយ្យច្រើនឆ្នាំទៅនេះ។
បរិបទនេះ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ប្រើដៃតុលាការរំលាយបក្សសង្រ្គោះជាតិ បិទខ្ទប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ចាប់ខ្លួនសកម្មជនសង្គម ដែលជាកញ្ចក់សង្គម ធ្វើឱ្យកម្ពុជាធ្លាក់ក្នុងការដឹកនាំបែបគ្រួសារនិយម ហើយពលរដ្ឋក្លាយជាជនរងគ្រោះនៃអំពើពុករលួយ៕









