យុទ្ធនាការ​​មួយ​​ទាម​​ទារ​ឱ្យ​វៀត​ណាម​ឈប់​គំរាម​កំហែង​ខ្មែរ​នៅ​ដែន​ដី​កម្ពុជា​ក្រោម

សមាគម​ខ្មែរកម្ពុជា​​ក្រោម ទាម​​​​ទារ​​​​ឱ្យ​​​រដ្ឋាភិបាល​​វៀត​​ណាម​​​ បញ្ឈប់​ការ​​រំលោភ​​​បំពាន​​​​សិទ្ធិ​​ម​នុ​ស្ស​​ និង​យាយី​​​​​​ទៅ​លើ​ពលរដ្ឋ​​​​ខ្មែរ​ក្រោម ព្រម​ទាំង​​ដោះ​​លែង​​​​ព្រះ​​​សង្ឃ និង​​​ពលរដ្ឋ​​ខ្មែរ​​​ក្រោម​​​ចំ​នួន​ ១៦អង្គ/នាក់​ ដែល​​​​​​កំពុ​​ង​​​​ជាប់​​​​ឃុំ ​ឱ្យមានសេរីភាពវិញ។

ការ​ទាមទារនេះ បានធ្វើឡើងតាមរយៈ​ការ​ធ្វើ​យុទ្ធនា​ការ​​សម្តែង​មតិ នៅ​ទីស្នាក់​ការ​សមាគម​​ខ្មែរ​​កម្ពុជា​​ក្រោម ដើម្បី​​សិទ្ធិ​មនុស្ស និង​​អភិ​វឌ្ឍន៍ ក្នុង​សង្កាត់​គោក​ឃ្លាំង ខណ្ឌ​​សែ​ន​​សុខ រាជ​​ធានី​​ភ្នំ​ពេញ​ និង​ការ​ដាក់​ញត្តិ​​នៅ​​ស្ថាន​ទូត​វៀត​ណាម ស្ថាន​​ទូត​​អូស្ត្រាលី សហគមន៍អឺរ៉ុប និងស្ថាន​ទូត​ស​ហរដ្ឋអាមេរិក​ប្រចាំនៅកម្ពុជា តាម​រយៈ​ក្រសួង​​ការ​​​បរទេស​​​កម្ពុជា​ នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០២៥នេះ។

អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន បា​ន​​ថ្លែ​ង​ថា ការ​​ដាក់​ញត្តិទៅ​ស្ថាន​​ទូត​​​​​​អន្តរជាតិ​​នានា​នេះ ក្នុងគោល​បំណង​​​ផ្ញើ​សារ​ទៅ​​រដ្ឋាភិបា​ល​វៀ​​​​តណាម​​ ពិចារណា​​​​ក្នុង​​ការ​​គោរព​​សិទ្ធិ​មនុស្ស បញ្ឈប់​​ការ​រំលោភ​បំពាន​​ទៅលើខ្មែរក្រោម និង​សកម្ម​​ជន​ខ្មែរ​ក្រោម​ដែល​​កំពុង​​​ជាប់​​​ឃុំ​​​ចំនួន ១៦​​អង្គ/នាក់ ក្នុង​​នោះ​​មាន​ ព្រះ​តេជ​​គុណ គឹម សំរិន្ទ, លោក ថាច់ ង៉ា និង​​​លោក ថាច់ ស្ទឹង​ដុង ដែ​​ល​​ទើប​​ត្រូវ​​បាន​​ចាប់​ខ្លួន​​នាពេ​ល​ថ្មីៗ​​​នេះ។

លោក​បន្តថា ច្បាប់របស់​វៀតណាម ដែលយកមកប្រើប្រាស់​សម្រាប់​ចាប់ខ្លួ​ន និង​​ផ្តន្ទា​​​ទោស​​​​​ទៅ​​លើ​​​ព្រះ​សង្ឃ និង​សកម្មជន​ខ្មែរ​ក្រោមទាំងនោះ​ ធ្វើឡើងដោយ​​​​​បំពាន​ទៅ​​លើ​​សិទ្ធិ​ទទួល​បា​ន​​ការ​​ជំនុំ​ជម្រះដោយ​យុត្តិធម៌។

លោកថា៖​​«ពីព្រោះថា គ្រប់សវន​ការ​ទាំងអស់​ដែល[តុលាការ​វៀតណាម​]​​បាន​​ធ្វើ​​សវន​ការ​​​​កន្ល​ង​​មក ហើយ​​​​សម្រេច​​ផ្តន្ទាទោស​សកម្មជន ព្រះសង្ឃ​ខ្មែរក្រោម​​ គឺ​ជា​សវន​ការ​​​ដែល​មិន​មាន​​មេ​​ធា​​វី​​​ការ​ពារ​ក្តី​សកម្មជន​ទាំង​អស់នោះ​ទេ​ នេះ​ជា​ការ​​បំពាន​​យ៉ាង​​ធ្ងន់​ធ្ងរ​ទៅ​លើ​គោល​​ការណ៍​នៃ​សិ​ទ្ធិទទួល​បាន​ការជំនុំជម្រះ​ដោយ​យុត្ត​ធម៌»។

ជាមួយគ្នានេះ លោក​ក៏បាន​ស្នើដល់រដ្ឋាភិបាល​​វៀតណាម ធ្វើ​វិសោធន​​កម្ម​​ច្បាប់​នៃ​ក្រម​​ព្រហ្ម​ទណ្ឌរបស់ខ្លួន​​​​ ត្រង់​មាត្រា៣៣១ ដែលវៀតណាម​​​បាន​យកមក​ផ្តន្ទាទោស​សកម្ម​​ជន​​​ខ្មែរ​ក្រោម ដោ​​យសារ​មាត្រា​នោះបានបង្កប់ន័យ​បំពាន​សិទ្ធិមនុស្ស និង​​មិន​បាន​​​អនុ​លោម​តាម​​កតិ​កា​​សញ្ញា អនុ​សញ្ញា និង​​សេចក្តី​ប្រកាស​នានា​ស្តីពី​សិទ្ធិ​​មនុស្ស​​​​​ដែល​​វៀត​​ណាម​​ ​បាន​​​ផ្តល់​​សច្ចា​ប័​ន​​នោះ​​​ទេ។

បើ​តាម លោក សឺន ជុំជួន ក្រៅពីព្រះសង្ឃ និងពលរដ្ឋ​ដែលកំពុងជាប់ឃុំទាំង ១៦​អង្គ/​រូប​​នេះ ​បច្ចុ​​ប្បន្ន​នេះ​ក៏នៅមាន​​​ពលរដ្ឋ​ខ្មែរ​ក្រោមប្រមាណ ៥ទៅ៦រូប​ទៀត ក៏​ទទួល​​​បាន​​​​​ដី​កា​​កោះ​​​​​​​​ជា​​​បន្ត​បន្ទាប់ពីនគរ​បាល​វៀតណាម​ផងដែរ។

យ៉ាងណា​ ​លោក​​មាន​សុទិដ្ឋិ​និយម​​ផង​ដែរ​ថា រដ្ឋាភិ​បាលកម្ពុជា តាម​រយៈ​ក្រសួង​ការ​បរទេស ដែ​ល​សមាគម​បានដាក់ញត្តិ​នេះ នឹង​ពាំនាំ​បញ្ហាទាំង​នេះ​ទៅ​ជជែក​​ជាមួយ​​​រដ្ឋា​ភិ​​បាល​​​វៀត​​ណា​មក្នុ​ង​​ជំ​​​នួប​ណាមួយ​​ ដើម្បី​ឱ្យ​​មាន​ដំណោះ​​ស្រាយ ​និង​មាន​​ការ​យក​​ចិត្ត​​ទុក​​ដាក់​​លើពលរដ្ឋ​ខ្មែរ​ក្រោ​ម ដូចកម្ពុជា​យកចិត្តទុកដាក់លើពលរដ្ឋ​វៀត​​ណាម​​នៅ​លើ​​​ទឹកដី​កម្ពុជា​​ តាម​ការផ្តាំ​ផ្ញើរបស់​រដ្ឋា​ភិ​បាល​វៀត​ណាម​ផងដែរ។ 

លោកថា៖ «រដ្ឋាភិបាល​វៀតណាម គេមក​កម្ពុជា​ម្តង​ៗ​គេ​ស្នើ​​ឱ្យមាន​ការ​​យក​​ចិត្ត​​ដាក់​ ផ្តាំ​​សួរ​​សុ​ខ​​​ទុក្ខ​ មើល​សុខទុក្ខរបស់​​​ពលរដ្ឋ​គេនៅកម្ពុជារាប់សែន​នាក់ មិន​មែន​រាប់​​ពាន់​​​​នាក់​​ទេ រាប់​សែន​នាក់ យ៉ាងណា​មិញ យើងនៅកម្ពុជា​ក្រោម​រាប់លាន​នាក់ អីចឹង​រដ្ឋា​​ភិ​បាល​កម្ពុជា ក៏​មាន​​ក្តី​ស​ង្ឃឹម​ និង​មាន​សុទិដ្ឋិ​​និយម​​ថា​ រដ្ឋាភិ​បាល​នឹង​ពាំ​នាំ​​បញ្ហា​​​​​​​​​​នេះ​​​​ទៅ​​ជជែក​​ជាមួយ​​រដ្ឋាភិ​បាល​​វៀត​ណា​​ម​​ដូច​គ្នា​​យ៉ាង​​អីចឹងដែរ»។

ព្រះ​តេជ​គុណ សេរី ​វឌ្ឍន​​ គង់​នៅវត្តសាមគ្គីរង្សី រាជធានីភ្នំពេញ ដែលចូលរួម​ក្នុង​​វេទិកា​​សម្តែង​​ម​តិ​​​នោះ​ដែរ មាន​​​សង្ឃ​ដីកា​​ថា​ ព្រះ​​សង្ឃ និង​​ពលរដ្ឋ​​​​ខ្មែរ​​កម្ពុជា ​ដែល​កំពុង​​​​​​រស់​​​នៅ​​ក្រោម​ការ​គ្រ​ប់គ្រ​ង​របស់​​​ប្រទេស​វៀត​​ណាម បាន​​រង​​នូវ​ការ​​ធ្វើ​​ទុក្ខ​​បុក​​ម្នេញ​​សព្វ​​​បែប​​យ៉ាង​​​​​ពី​សំណាក់​​អា​ជ្ញា​ធរ​​វៀត​​ណាម បើ​​ទោះជា​​​ពេល​​ខ្លះ​​​​​ពួកគាត់​​គ្រាន់​តែ​ធ្វើ​​សកម្ម​ភាព​បែប​​​​​សាសនា ការ​​​អប់រំ និង​​ការ​ពង្រឹង​​ទំនៀម​ទំលាប់​​ប្រពៃណី​វប្ប​ធម៌​របស់​​​ជាតិ​​សាសន៍​​​​ក៏​ដោយ​។

ព្រះ​អង្គ​មាន​​សង្ឃដីកា​ថា៖«សកម្ម​ជនខ្មែរ​កម្ពុជាក្រោម​​យើង​នៅទីនោះ គ្រាន់តែ​កាន់​​​សៀវ​ភៅ​ អំពី​សិទ្ធិ​មនុស្ស​​​របស់​​អង្គ​ការ​​សហ​ប្រជា​ជាតិ ដើម្បី​​ផ្សព្វ​ផ្សាយ ដើម្បី​បង្រៀន​​​​​ដល់​​បង​​ប្អូន​​ខ្មែរ​​កម្ពុជា​​ក្រោម​​យើង​​នៅ​ទីនោះ អីចឹង​គ្រាន់តែប៉ុណ្ណោះសោះ ក៏​រដ្ឋាភិ​បាល​​​​​[វៀតណាម​​]​​​មាន​​ការ​​​ចោទ​ប្រកាន់ មានការ​ចាប់ផ្សឹក មានកា​រ​​ចា​ប់​​ខ្លួន ​តាំង​​​​ពី​​​​​ឆ្នាំ២០២៣ ២០២៤ និង​​២០២៥​នេះ​មក​ជា​បន្ត​​​បន្ទាប់​​ សរុប​​មក​​គឺមានរហូត ៨អង្គ និង​៨រូប សរុប​មក ១៦​[អង្គ/នាក់]​»។

លោក ខឿន វិរ៉ាត់ សកម្មជន​គណបក្ស​កម្លាំងជាតិ បាន​​លើកឡើងដែរថា ពលរដ្ឋ​ខ្មែរ​កម្ពុជា​​​ក្រោម​​ រស់​នៅ​​ទឹ​ក​ដី​កម្ពុជា​​ក្រោម បាន​រង​ទុក្ខវេទនា​ជា​​យូរ​ឆ្នាំ​មកហើយ​​ ​​ក្រោម​ការ​​ជិះជាន់ និង​ការ​រំលោភសិទ្ធិ​​​​របស់​អាជ្ញាធរ​វៀតណាម​​ រហូត​ដល់មានការ​ចាប់​​ខ្លួន​ព្រះ​​​​​​សង្ឃ និង​​ពលរដ្ឋ​​ខ្មែរ​​ក្រោម​ដាក់ពន្ធនាគារថែមទៀត។

ករណីនេះ​ លោក​បាន​អំពាវ​នាវ​​ដល់​​រដ្ឋាភិបាល​កម្ពុជា និង​សហគមន៍អន្តរ​ជាតិ ជួយ​អន្តរា​គមន៍​ទៅ​រដ្ឋាភិបាល​វៀត​ណាម ឱ្យ​​ដោះ​លែង​​​​​​ពលរដ្ឋ​ខ្មែរ​ក្រោម គោរព​សិទ្ធិ​មនុស្ស ​បញ្ឈប់ការធ្វើទុក្ខ​បុក​ម្នេញ និង​ការ​គាប​សង្កត់ទៅ​​​លើ​ពល​រដ្ឋ​ខ្មែរ​ក្រោម​​។ ​

លោកថា៖ «សូម​​ឱ្យ​​អង្គ​ការ​​សហប្រ​ជា​ជាតិ​ ស្ថាប័ន​សិទ្ធិ​មនុស្ស​ សូម​​​ឱ្យ​​ថ្នាក់​​ដឹក​នាំ​​​​រាជ​​​​រដ្ឋាភិបាលកម្ពុជា តាម​រយៈ​សម្តេច​តេជោប្រធាន​​ព្រឹទ្ធ​សភា តាម​​​រយៈ​សម្តេច​នាយក​​​រដ្ឋ​មន្ត្រី សូម​លោក​​មេត្តា​​ធ្វើ​​​ចំណាត់​​ការ​​ទូត​​​ណាមួយ​​ច្បាស់លាស់ អន្តរា​គមន៍​ទៅ​​រដ្ឋាភិ​បាល​​​កុម្មុយនីស្ត​វៀតណាម​ ឱ្យ​សម្រួល​នៅ​ក្នុងការ​​​​ដោះ​លែង​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ ឱ្យ​​សម្រួល​​ក្នុងការ​ដោះលែង​ប្រជា​ពលរដ្ឋ​​ខ្មែរ​​ក្រោម​ ឱ្យ​​​​គោរព​សិទ្ធិជនជាតិ​ដើម​​ខ្មែរ​​ក្រោម​ ឱ្យ​​ដូច​​ដែល​​កម្ពុជា​គោរពសិទ្ធិ​​វៀតណាម​នៅ​លើ​ដី​​​កម្ពុជា។ ក្តី​ឈឺចាប់​ទាំង​​អស់​​នេះ យើង​អត់​ចង់​ ឱ្យ​​​​​​បង្កើត​​​​​​ទៅ​​​​ជាការគុំគួន សង​សឹក រើស​អើង​ជាតិ​សាសន៍ រវាង​វៀត​ណាម​និង​កម្ពុជាបន្ត​​​​ទៀត​ទេ​​​​ យើងចង់រស់​​នៅ​​ក្នុង​នាម​​​ជា​​ពលរដ្ឋ​មួយ​ ជា​​អ្នក​​ជិត​​ខាង​​មួយ​ ដែល​មាន​​សន្តិភាព​​អាច​រស់​នៅ​ជាមួយ​គ្នា​​បាន។ កុំ​​បង្កើត​ការ​ឈឺចាប់​​​ឱ្យ​​​ខ្មែរ​​ក្រោម​​ច្រើន​​ពេក។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា អ្នកនាំពាក្យក្រសួង​ការបរទេស​​កម្ពុជា លោក ជុំ សុន្ទរី និង​តំណាង​​​ស្ថា​ន​ទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុ​ជា​បានទេ​​នៅ​ថ្ងៃ​អង្គារ​នេះ។​​​

ការ​ធ្វើយុទ្ធនាការ​ទាមទារ​របស់ស​មា​​គម​ខ្មែរ​កម្ពុជា​ក្រោម​នេះ ធ្វើ​ឡើង​បន្ទាប់ពី​អាជ្ញា​ធរ​​​​​វៀតណាម​​ កាលពីថ្ងៃទី​២៧ ខែមិនា ឆ្នាំ​២០២៥នេះ បានចាប់ខ្លួន​ព្រះ​សង្ឃ និង​ពលរដ្ឋ​​ខ្មែរ​​ក្រោម​​ចំនួន ​​៣អង្គ/នាក់​​ទៀត នៅ​​ខេត្ត​​ព្រះ​​ត្រពាំង ទឹក​ដី​ក​ម្ពុជា​ក្រោម ក្រោម​ការ​​​​ចោទ​​​ពី​​បទ «កេង​​ចំណេញ​​លើ​​​សិទ្ធិ និង​​​លទ្ធិ​ប្រជា​ធិប​​តេយ្យ» ពាក់​ព័ន្ធ​នឹង​ការ​​​ទាម​​​ទារ​សិទ្ធិ​ជាជន​ជាតិ​ដើម​ដែល​ការ​ពារ​ដោយ​ច្បាប់​អន្តរ​ជាតិ។

ដោយ​ឡែក ​កាល​ពីថ្ងៃទី២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ តុលាការវៀតណាម ក៏​បាន​​ផ្តន្ទា​​ទោស​​ព្រះ​​​សង្ឃ​ និង​​សកម្មជន​​ខ្មែរ​ក្រោម​ចំនួន ៩​អង្គ/នាក់ ដាក់​​ពន្ធនាគារ​​​ចន្លោះ​ពី​ ២ឆ្នាំ​ ទៅ ៦​ឆ្នាំ ពី​​បទ «កេង​​ចំណេញ​​​លើ​សិទ្ធិ​​សេរីភាព និង​​លទ្ធិ​ប្រជាធិប​តេយ្យ» ។

កន្លងមក សហរដ្ឋ​​អាមេរិក ក៏​ធ្លាប់បាន​ជំរុញ​ឱ្យ​វៀត​​ណាម គោរព​សិទ្ធិ​​បុគ្គល​ក្នុង​​ការ​អនុ​វត្ត​​សេរីភាព​​​នៃ​​ការ​​បញ្ចេញ​​មតិ ការ​​បង្កើត​សមាគម ជាពិសេស​​ការ​​គោរព​​ជំនឿ​សាសនា ដែ​លមិន​អាច​រំលោភ​បំពាន​បានផងដែរ​​។

ទឹកដីកម្ពុជាក្រោម មានខេត្តចំនួន២១​ខេត្ត-ក្រុង។ ទឹកដី​កម្ពុជា​ក្រោម ធ្លាក់​ក្នុង​ដៃ​វៀត​​ណាម​​​គ្រប់​គ្រង ចាប់​តាំង​ពី​ឆ្នាំ​១៩៤៩ តាម​អំណាច​អាណានិ​គម​និយម​បារាំង។

គិតត្រឹមឆ្នាំ២០២៥​​នេះ ទឹកដីកម្ពុជាក្រោម ស្ថិតនៅក្រោមការត្រួតត្រា​របស់​វៀត​ណាម អស់​​​រយៈ​ពេល ៧៦​ឆ្នាំ​ហើយ។ នៅ​កម្ពុជា​ក្រោម វត្ត​អារាម​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​​ឃ្លាំង​វប្បធម៌ ជា​ទី​កន្លែង​ថែ​រក្សា ការ​ពារ​អត្ត​សញ្ញាណ​របស់​ខ្មែរ​​​ក្រោម​​ទាំង​មូល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ