កាសែតអូស្រ្តាលី​ផ្សាយ​រឿង​លោក សេង សារី ស៊ី​ឈ្នួល​ធ្វើ​ចារកម្ម​ឱ្យ​លោក ហ៊ុន សែន

ការដែលកាសែត​អូស្រ្តាលី ចុះ​ផ្សាយ​ករណី​បណ្ឌិត សេង សារី បង្កប់​ខ្លួន​ធ្វើ​ចារកម្ម​ឱ្យ​លោក ហ៊ុន សែន ត្រូវ​បាន​គេ​មើល​​​ឃើញ​​ថា ជា​សញ្ញា​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ ពី​ប្រទេស​អូស្រ្តា​លី​ និង​ជា​សារ​ព្រមាន​​​ដ​ល់​​ចា​​រកម្ម​ផ្សេង​ទៀត ឱ្យ​ប្រញាប់​ដក​ខ្លួន​ពី​ការ​ធ្វើ​ចារកម្ម​ឱ្យ​គ្រួសារ​ហ៊ុន ដើម្បី​កុំ​ឱ្យ​មាន​វាសនា​ត្រូវ​បា​ន​លោក ហ៊ុន សែន តាម​កំទេច​ក្រោយ​អស់​តម្លៃ​ប្រើ​ប្រាស់។

ការលើកឡើង​នេះ ​ក្រោយ​កាសែត​អូស្រ្តាលី​ឈ្មោះ ឌឹសាន់ ហើ​រ៉ល បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៧​ខែ​មេសា ដាក់​ចំណង​ជើង​ថា៖ «បណ្ឌិត​ដែល​ភៀស​ខ្លួន​ពី​កម្ពុជា​បាន​យក​លុយ​ពី​របប​ដែល​ខ្លួន​រត់​គេច»។

កាសែតនោះ​បាន​រៀប​រាប់​ថា លោក សេង សារី ជា​បញ្ញា​វន្ត​ជន​ជាតិ​ខ្មែរ​សារ​ភាព​ថា ខ្លួន​បាន​ទទួល​លុយ​ពី​មេដឹកនាំ​របប​ដែល​ខ្លួន​រត់​គេច​ឈ្មោះ ហ៊ុន សែន។

ប្រភពនោះ បា​ន​ដង​ស្រង់សម្តី លោក សេង សារី ​ផ្តល់​បទ​សម្ភាសន៍​​​​​ឱ្យ​​វិទ្យុ​អាស៊ី​​សេរី កាល​ពី​អំឡុង​ខែ​​កុម្ភៈ​ថា ខ្លួន​​បាន​​ធ្វើ​ការ​​ងារ​សម្ងាត់​​នេះ​​រយៈ​​ពេល​​៤ឆ្នាំ​​ហើយ​ ដោយ​ដំបូង​​ឡើយ​​​ទទួល​ថវិកា​​​ផ្ទាល់​​​​ពី ​លោក​ ហ៊ុន សែន ​​យ៉ាង​​ហោច​​ណាស់​ ​១២ម៉ឺន​​ដុល្លារ។​​

ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សួន សូរីដា ​យល់​ថា លោក សេង សារី បាន​យក​ពី​លោក ហ៊ុន សែន ដើម្បី​តាម​កំទេច​អ្នក​ប្រជា​ធិប​តេយ្យ កុហក​ប្រទេស​អូស្រ្តាលី ក្រោម​លេស​គេច​ខ្លួន​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​លោក ហ៊ុន សែន ដែល​លោក​ថា ទម្រង់​នៃ​អំពើ​ឆបោក។ បញ្ហា​នេះ លោក​ថា លោក សេង សារី អាច​ប្រឈម​ការ​បណ្តេញចេញ ​ព្រោះតែ​លោក​សេង សារី គ្មាន​ភាព​ស្មោះ​ត្រង់​នឹង​រដ្ឋាភិបាល​អូស្រ្តាលី។

លោក សូរីដា គិត​ថា នេះ​ជា​សារ​ព្រមាន​ឱ្យ​ចារកម្ម​របស់​លោក ហ៊ុន សែន ផ្សេង​ទៀត​ប្រញាប់​ដក​ខ្លួន​ចេញ​កុំ​ឱ្យ​មាន​វាសនា​​ដូច​លោក សេង សារី នៅ​ពេល​ដែល​លែង​មាន​​តម្លៃ​ឱ្យ​លោក ហ៊ុន សែន ប្រើ​ប្រាស់​បន្ត។

លោកថា៖ «អ្នកដែលធ្វើជាចារកម្មឲ្យរដ្ឋាភិបាល​ ក្នុង​ការ​តាម​កម្ទេច​អ្នក​ប្រជា​ធិប​តេយ្យ​នៅ​ក្រៅ​ប្រ​ទេស​ហ្នឹង គួរ​តែ​មើល​គំរូ​លោក សេង សារី ដែល​រង​គ្រោះ​បែប​នេះ​ មាន​ន័យ​ថា​នៅ​ពេល​ដែល​ខ្លួន​អស់​តម្លៃ​គេ​នឹង​កម្ទេច​ខ្លួន​ហើយ។ អ៊ីចឹង​បើ​យក​ល្អ​ទេ​នៅ​ពេល​ហ្នឹង អ្នក​ដែល​ធ្វើ​ជា​ចារកម្ម​ហ្នឹង គួរ​តែ​ចេញ​មុខ​មក​សារភាព​ទៅ​ វា​អាច​នឹង​ធូរស្រា​ល​ជាង​ការ​ដែល​គេ​បញ្ចេញ ឬ​ក៏​គេ​ចាប់​បាន​ណាស់​ភស្តុ​តាង»។

សម្រាប់លោក សូរីដា នយោបាយ​ចារកម្ម​របស់ លោក ហ៊ុន​ សែន កំពុង​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ​រ​ស់​នៅ​ក្រៅ​ប្រទេស​ដែល​ពួក​ចារ​កម្ម​អាច​យក​ព័ត៌​មាន​ឱ្យ​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន និង​ធ្វើ​ឱ្យ​បរទេស​អស់​ជំនឿ​លើ​ពលរដ្ឋ​ខ្មែរ​ជាដើម។

ជាមួយគ្នានេះ អ្នកសិក្សាផ្នែកច្បាប់ និងអភិបាល​កិច្ចបែប​ប្រជា​ធិប​តេយ្យ លោក វ៉ន ចាន់ឡូត បញ្ចេញ​មតិ​លើ​ហ្វេស​ប៊ុក​របស់​ខ្លួន​ នៅថ្ងៃ​ទី​២៧ ខែមេ​សា​ថា វាមិ​ន​ងាយ​ស្រួល​ប៉ុន្មាន​ទេ​ ដែល​អ្នក​កាន់​អំណាច​ប្រើ​ប្រាស់​មនុស្ស​ឱ្យ​ធ្វើ​ចារកម្ម​ឱ្យ​ខ្លួន​ទាំង​បំពាន​ច្បាប់​អន្ដរ​ជាតិ និង​ការ​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ពី​សហគមន៍​អន្ដរ​ជាតិ​ថា​ជា​ជន​រង​គ្រោះ​ផ្នែក​នយោបាយ​ពិត​ប្រាកដ។

ករណីនេះ លោកចាត់ទុកថា ជាទម្រង់​នៃ​អំពើ​ពុក​រលួយ​ផ្នែក​នយោបា​យ​ធ្ងន់​ធ្ងរ មិន​ស្មោះ​ត្រង់​នឹង​ប្រទេស​ដែល​យល់​ព្រម​ឱ្យ​ស្នាក់​នៅ​អចិន្ដ្រៃយ៍ ដោយ​ផ្ដល់​ព័ត៌មាន​ក្លែង​ក្លាយ មិន​ត្រឹម​ត្រូវ និង​ប្រតិដ្ឋ​អង្គ​ហេតុ ជាពិសេស​អូស្ដ្រាលីជា​ប្រទេស​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​កម្ពុជា។

សម្រាប់ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយ​ថា ករណី លោក សេង សារី ជា​ការរំលោភ​លើ​កិច្ច​​សន្យា​ជន​ភៀស​ខ្លួន​នយោបាយ តាម​រយៈ​អង្គការ​សហ​ប្រជា​ជាតិ UNHCR។ លោក​ថា បញ្ហា​នេះ ប្រឈ​ម​ការ​ទទួល​​ទោស ពី​បទ​ក្លែង​បន្លំ​ឯកសារ និ​ង​បទ​ចារ​កម្ម គំរាម​កំហែង ធ្វើ​ឱ្យ​ពលរ​ដ្ឋខ្មែរ​នៅ​ក្រៅ​ប្រទេស មាន​ការ​ព្រួយ​បារ​ម្ភ​ពី​សុវត្ថិភាព។

លោកថា៖ «នៅពេលដែលអាជ្ញាធររដ្ឋាភិបាលអូស្ត្រាលី ចាត់​ការ​ទៅ​លើ​ជន​ដែល​បំពាន​ទាំង​ច្បាប់​អន្តរ​ជាតិ​ បំពាន​ទាំង​ច្បាប់​អូស្ត្រាលី​ហ្នឹង! នឹង​ប្រឈម​មុខ​បាត់​ហើយ។ ហើយ​ជា​ការ​ព្រមាន​ទៅ​ដល់​ពួក​ចារកម្ម​ទាំង​ពួក​ចារកម្ម​ធ្វើការ​នៅ​ទូត​ខ្មែរ​នៅ​ប្រចាំ​អូស្ត្រាលី ឬ​ប្រទេស​ផ្សេង​ៗ​រួមទាំ​ង​ពួក​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ទទួល​បាន សិទ្ធិ​ជ្រក​កោន​នយោ​បាយ ហើយ​ទៅ​ចុះ​ចូល​ជាមួយ​ ហ៊ុន សែន នៅ​ភ្នំពេញ​វិញ​ អាហ្នឹង​ត្រូវ​តែ​ប្រជា​ពលរដ្ឋ​ ក្នុង​សហគមន៍​ហ្នឹង អាច​រាយ​ការណ៍​ទៅ​អាជ្ញាធរ​ដូច​គ្នា​ហ្នឹង ដើម្បី​ឱ្យ​វា​ដឹង​ថា​អ្នក​ហ្នឹង វា​ក៏ប​ង្ក​ការ​ភ័យ​ខ្លាច​គំរាម​កំហែង​ដល់​សេចក្ដី​សុខ សុវត្ថិភាព​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​សហគមន៍​របស់​ប្រទេស​ខ្លួនរ​ស់​នៅ​ហ្នឹង»

VOD មិនទាន់អាចទាក់លោក សេង សារី បាន​នៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ធ្លាប់បានទម្លាយថា ទំនាក់​​​ទំ​ន​ង​​​រវាង​​លោក និង​​លោក សេង សារី មាន​ប្រមាណ​​៤ឆ្នាំ​មក​ហើយ។

នៅពីក្រោយ​នៃ​ការ​ទំនាក់​ទំនង​ក្នុង​នាម​​​​ជា​​​ឪ​ពុ​ក និង​កូន​​ធម៌​​នេះ លោក ហ៊ុន សែន ថា លោក​ផ្តល់​​លុយ​​ឱ្យ ​លោក សេង សារី ក្នុង​​១ខែ​​ស្មើ១​​​​ម៉ឺន​​ដុ​ល្លា​រ​អាមេរិក ក្នុង​រយៈ​ពេល​១២​ខែ ជា​ថ្នូរ​នឹង​ទទួល​​បាន​ផែន​ការ​សម្ងាត់ ពី​​គ​ណ​បក្ស​​ប្រ​ឆាំ​ង​នៅ​​​ទីក្រុងបា​ង​ក​ក ​​​ប្រ​ទេ​ស​​ថៃ​។ ក្រៅ​ពី​នេះ​ទៀត លោក ហ៊ុន សែន ឱ្យ​ដឹង​ថា លោ​ក​ក៏​បាន​ជួ​យ​បង់ផ្តា​ច់ផ្ទះឱ្យ​ លោក សេង សារី មួយ​ខ្ន​ង​​​ទៀត​នៅ​​ស្រុក​​ខ្មែរ​​ដែរ។ បន្ថែម​​​ពី​​លើ​​នេះ ក្នុង​នាម​ជា​ឪពុក​ធម៌ លោ​​កអះ​អាង​ថា បាន​ជួយ​​ជ្រោម​ជ្រែង និង​ឧបត្ថម្ភ​​​​​ទាំង​ផ្នែកបច្ចេកទេស និង​ថវិកា​មួយ​ចំនួន​ទៀត ក្នុង​​ពេ​ល​​អ្នក​វិភាគ​រូប​នេះ មាន​បំណង​​​ចង់​បង្កើត​​បក្ស​​ន​យោបាយ​មួយ។

ជុំវិញរឿងនេះ ក្រុមអ្នក​តស៊ូមតិកម្ពុជា ហៅកាត់​ថា (CAT) ធ្លាប់​បាន​ចេញ​សេចក្តី​វិភាគ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ រក​ឃើញ​​ថា សកម្មភាព​​​ចារកម្ម​​ប្រព្រឹត្ត​​​ដោយ​​​លោក ហ៊ុន សែន​ និង​បណ្ឌិត សេង សារី​ ជា​​អំពើ​​​ល្មើស​​​ច្បាប់ ដែល​អាច​ឈាន​​​ទៅ​ប្តឹង​រំលាយ​​បក្ស​​ប្រជាជន​​កម្ពុជាចេញ​ពី​បញ្ជី​បក្ស​ន​យោបា​យ រួមទាំងប្រឈមមុខចំពោះច្បាប់ជាតិ និងអន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ