អង្គការសិទ្ធិមនុស្សធ្វើ​យុទ្ធនាការ​ទាមទារឱ្យដោះលែងសកម្ម​ជន​បរិស្ថាន​មាតាធម្មជាតិ

ក្រុមអង្គការសង្គមស៊ីវិល​ក្នុងស្រុក ធ្វើ​យុទ្ធនា​ការ​លើ​បណ្តាញ​សង្គម ទាម​​ទា​​​រឱ្យទ​ម្លាក់​បទ​ចោទ លើ​សកម្ម​ជន​បរិស្ថាន​​ចំនួន​៥នាក់ ខណៈ​តុលាការ​កំពូល​គ្រោង​ប្រកាស​សំ​ណុំ​​រឿ​ង​សុំ​នៅ​ក្រៅ​ឃុំ នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ ដោ​យ​សំអាង​ថា ភាព​សកម្ម​ការ​ពារ​ធន​ធាន​ធម្មជាតិ មិន​មែន​ជា​បទ​ល្មើស ។

ក្រុម​អង្គការទាំងនោះ មាន​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដ​ហុក និង​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការ​ងារ និង​សិទ្ធិ​មនុស្ស ជាដើម។

ពួកគេ បាន​បង្ហោះ​រូប​ថត​សកម្ម​ជន​ទាំង​នោះ រួម​ទាំង​ភ្ជាប់​សារ​រំឭក​ថា គិត​ត្រឹម​ថ្ងៃទី​២៨ ខែ​មេសា​នេះ គឺ​មាន​ចំនួន​៣០០​ថ្ងៃ​ហើយ ពោល​គឺ​១០​ខែ ដែល​សកម្មជ​ន​ការ​ពារ​បរិ​ស្ថាន និង​សិទ្ធិ​មនុស្ស​ចំនួន​៥នាក់ នៃ​ក្រុម​មាតា​ធម្មជាតិ​បាន​ជាប់​ឃុំ ។

ហេតុផល​នេះ ពួក​គេ​​​ស្នើ​​ជាថ្មី​ម្ដង​ទៀត សូ​​មឱ្យ​​ដោះ​លែង​​សកម្ម​ជន​​ទាំង​​៥នាក់ និង​​អ្នក​ការ​​ពារ​សិទ្ធិ​​ម​នុស្ស​ផ្សេង​​ទៀត ឱ្យ​មាន​​សេរីភាព​​វិញ និង​ឱ្យ​ពួក​គេ​​រួច​ផុត​ពី​បទ​ចោទ​ប្រកាន់។ ពួកគេ​ថា​ សកម្ម​ភាព​ការ​ពារ​សិទ្ធិ​​មនុស្ស និង​បរិស្ថាន មិន​មែន​ជា​បទ​ល្មើស​ទេ។

តុលាការកំពូល នឹង​​ប្រកាសសំណុំរឿងសុំ​នៅ​ក្រៅ​​ឃុំ​របស់​​សកម្ម​ជន​​​​បរិស្ថាន​​​ទាំង​៥រូប​នេះ នៅថ្ងៃ​ទី​៣០ ខែ​​មេសា​ស្អែក​នេះ។ សកម្មជន​បរិស្ថាន​មាតា​ធម្មជាតិ​ទាំង​៥​នាក់​នោះ ​មាន កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ា​វុត កញ្ញា ភួន កែ​វ​រស្មី លោក ថុន រដ្ឋា និង លោក យីម លាងហ៊ី ។

ពួកគេត្រូវចាប់ខ្លួន កាល​ពី​ថ្ងៃទី​២ ខែ​​កក្កដា ឆ្នាំ​​២០២៤ ក្រោម​អំណាច​សាល​ក្រម​សាលា​ដំបូង​រា​ជ​ធានី​ភ្នំពេញ ដែល​បាន​ចោទពី​​បទ “រួម​​គំនិត​​ក្បត់” ​​​​ដាក់​​ពន្ធនាគា​​រ ​ពី​ ៦ឆ្នាំ ទៅ ៨ឆ្នាំ ជុំវិញ​​ភា​ព​​សកម្ម​​ការ​​ពារ​ធនធាន​ធម្ម​ជាតិរបស់ពួកកេ។

យ៉ាងណា កាលពីថ្ងៃទី២៣​ខែមេសា អំឡុង​ពេលសកម្មជន​ទាំង​នោះ ចូល​ការ​ពារ​ក្តី​នៅ​តុលាការ​កំពូល​ប្រឆាំង​សាល​ក្រម​ចោទ​ប្រកាន់​របស់​សាលា​ដំបូង ហើយ​សុំ​នៅ​ក្រៅ​ឃុំ​នោះ ក្រុ​ម​អ្នក​ឃ្លាំ​មើល​បាន​និយាយ​ថា ការ​បន្ត​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន ជា​ការ​បើក​ដៃ​ឱ្យ​មន្ត្រី​ខិល​ខូច បំផ្លិច​បំផ្លាញ​ធន​​ធា​​ន​ធម្ម​ជាតិ។

លើ​សពីនេះ ក្រោយការចាប់ខ្លួន អង្គការ​លីកាដូ​ ចាត់​​ទុក​​ការ​​ចាប់​​ខ្លួន និង​​​​ការ​ចោទ​​ប្រកាន់ ​យុវជន​​មាតា​​ធម្មជាតិ​​ទាំង​​៥​រូ​​ប​​នេះ ជា​ភាព​អាម៉ាស​​របស់​​ប្រព័ន្ធ​​យុត្តិ​ធម៌ ដែល​ចាំបាច់​ត្រូវ​ស្តារ​ឡើង​វិញ ដើម្បី​ធានា​យុត្តិ​ធម៌​សង្គម និង​មុខ​​មាត់​​កម្ពុជា​លើ​ឆាក​អន្តរ​ជាតិ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ