លោក សម រង្ស៊ី​ ចោទ​គ្រួសារ​ហ៊ុន​ថា​ពុក​រលួយ​ជា​ប្រព័ន្ធ​ទាំង​​ឪពុក កូន និង​ម្តាយ

លោក សម រង្ស៊ី បន្ត​វាយ​ប្រហារ​ លោក ហ៊ុន​ សែន ដោយ​ចោទ​ថា ពុក​រលួយ​ប្រទាក់​ប្រឡា​គ្នា​ជា​ប្រព័ន្ធ​ទាំង​ឪពុក កូន និង​ម្តាយ ដែល​ជា​ការ​គំរា​ម​គំហែង​ដល់​វិស័យ​វិនិយោគ ខណៈ​លោក ហ៊ុន សែន បន្ត​បិទ​ខ្ទប់​ជីវិត​នយោបាយ​របស់​លោក​​ជិត​១​០​ឆ្នាំ​ទៅ​នេះ តាម​រយៈ​អំណាច​តុលាការ។

ប្រធានចលនា​ជាតិ​តស៊ូ លោក សម រង្ស៊ី បង្ហោះ​សារ​លើ​ហ្វេស​ប៊ុក​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា​នេះ ដោយ​និយាយ​ថា ប្រជាជន​ខ្មែរ​កំពុង​ប្រឈម​មុខ​នឹង​ការ​លំបាក​គ្រប់​សព្វ​បែប​យ៉ាង ពី​បញ្ហា​អំពើ​ពុក​រលួយ បំណុល ចំណាក​ស្រុក អស្ថិរ​ភាព​សង្គម ម៉ាហ្វី​យ៉ា។ ទាំង​នេះ​បណ្តាល​មក​ពី​អ្នក​ដឹក​នាំ អសមត្ថ​ភាព

លោក​លើកជាឧទាហរណ៍ថា៖ «ដើម្បីធ្វើ​អាជីវកម្ម និង​វិនិយោគ​នៅ​ស្រុក​ខ្មែរ គេ​ត្រូវ​សូក​ឪ​ផង សូក​កូន​ផង ពេល​ខ្លះ​សូក​ដល់​ទាំង​ម៉ែ​ទៀត» ។

លោកថា បើយ៉ាងៗ​ហ្នឹង ច​ង់​ឱ្យ​គេ​មក​វិនិយោគ​នៅ​ស្រុក​ខ្មែរ​យ៉ាង​ម៉េច​កើត?

VODមិនអាចសុំការបញ្ជាក់ពីលោក​​ សម រង្ស៊ី ដើម្បី​ចង់​ដឹង​ថាតើ​មាន​ភស្តុ​តាង​អ្វី​ខ្លះ ដែល​ជា​មូល​ដ្ឋាន ធ្វើ​ឱ្យ​លោក​ហ៊ាន​ចោទ​ប្រកាន់​លើ​ក្រុម​គ្រួសារ​មេដឹក​នាំ​មួយ​នេះ។

យ៉ាង​ណា សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ​របស់​លោក សម រង្ស៊ី ​គឺ​លោក អ៊ុំ សំអាន ឱ្យ​VOD​ដឹងថា​ ភស្តុ​តាង​ដែល​គ្រួសារ​​ហ៊ុន​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ គឺ​ការ​ក្តោប​អំណាច​ផ្តាច់​ការ លើក​បន្តុប​គ្រួសារ​ខ្លួន​ឱ្យ​កាន់​តំណែង​កំពូលៗ​ជា​ដើម។

លោកថា ការដឹកនាំផ្តាច់ការគ្រួសារហ៊ុនច្រើន​ទសវត្សរ៍​មក​នេះ ចាក់​ស្រេះ ​ដោយ​អំពើ​ពុក​រលួយ​ច្រើន​ឆ្នាំ​ទៅ​នេះ វា​បាន​បន្សល់​ទុក​នូវ​ជន​រង​គ្រោះ​រាប់​លាន​នាក់ ក្នុង​នោះ​មាន​ទាំង​រង​គ្រោះ​ដោយ​ក្រុម​ឧកញ៉ា​ឆបោក ដែល​យុត្តិធ​ម៌​ជន​រង​គ្រោះ​ត្រូវ​បាន​គ្រួសារ​នេះ​កប់​ចោល។

លោក សំអាន ហាក់ស្តីបន្ទោសថា មេដឹកនាំផ្តាច់​ការ​គ្រួសារ​ហ៊ុន កំពុង​នាំ​នាវា​កម្ពុជា​ឆ្ពោះ​ទៅ​រក​រណ្តៅ​មរណៈ​នៃ​វិបត្តិ​សេដ្ឋ​កិច្ច​ធ្ងន់​ធ្ងរ ប​ង្ក​គ្រោះ​ថ្នាក់​វិស័យ​វិនិ​យោគ និ​ង​ជីវភា​ពពលរដ្ឋ​ច្រើន​លាន​នាក់។

លោកថា៖ «កត្តា​ដែល​ធ្វើ​ឲ្យកម្ពុជា​យើង​មាន​អំពើ​ពុក​រលួយ​ខ្ពស់ ដោយ​សារ​ការ​កាន់​អំណាច​ផ្ដាច់​ការ​ ដោយ​សារ​បក្ខ​ពួក​និយម​​គ្រួសារ​និយម​ហ្នឹង​ ក៏​មាន​អំពើពុ​ក​រលួយ​ដែរ​ កាលណា​ដឹក​​នាំ​បន្ត​ពូជ​អ៊ីចឹង​ ឧបមា​ថា ឪពុក​ជា​នាយក​រដ្ឋ​មន្ត្រី​ កូន​ជា​រដ្ឋ​មន្ត្រី អ៊ី​ចឹង​បើ​កូន​ធ្វើ​ខុស​ប្រព្រឹត្ត​អំពី​អំពើ​ពុក​រលួយ​ ឪ​ម៉េច​ហ៊ាន​កាត់​ទោស​កូន ដូច​សព្វ​ថ្ងៃ​ហ្នឹង លោក ហ៊ុន ម៉ាណែត កំពុង​កាន់​អំណាច​ផ្ដាច់​ការ​តពូជ​ហ្នឹង»។

ជុំវិញការចោទប្រកាន់នេះ​ VODមិនទាន់អាចសុំការបញ្ជាក់​ពីអ្នក​នាំ​ពាក្យ​រដ្ឋាភិ​បាល​ លោក ប៉ែន បូណា បាន​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន ធ្លាប់​ប្រាប់​VOD​ថា មេដឹក​នាំ​បក្ស​កាន់​អំណាច មិន​ខ្វល់នឹ​ង​សម្តី​របស់​អតីត​មេដឹកនាំ​ប​ក្ស​ប្រឆាំង​រូប​នេះ​ទេ។

លោកថា៖ «ខ្ញុំអត់ឆ្លើយជាមួយក្រុមខុសច្បាប់ ព្រោះ​ក្រុម​ចលនា​​ជា​តិ​​តស៊ូ​ វា​​ជា​​ក្រុម​​ជ្រុល​​និយម​​ខុស​ច្បាប់​​​នៅ​​ក្រៅ​​ប្រទេស បើ​​ឆ្លើយ​​ទៅ​​​ក៏​អត់​បាន​​ការ​​អ្វី​​ដែរ។ ពួក​ហ្នឹង​ធ្វើ​នយោយ​បាយ​សម្លាប់​ខ្លួន​ឯង តាំង​​ពី​ដើម​​មក មេដឹកនាំ​របស់គេ​គឺ​​​ទណ្ឌិត សម រង្ស៊ី ក្បត់​ជាតិ វា​គ្មាន​អ្វី​ប្លែក​នោះ​ទេ»

យ៉ាងណា អ្នកតាមដានកិច្ចការសង្គម នយោបាយ និង​សេដ្ឋ​កិច្ច​កម្ពុជា លោក ឌី គន្ធា និយាយថា​ អំពើ​ពុក​រលួយ​ចាក់​ស្រេះ ភាគ​ច្រើន​កើត​ឡើង​នៅក្នុ​ង​រប​ប​ដឹក​នាំ​មួយ ខ្វះ​សុចរិត​ភាព ក្បាល​ម៉ាស៊ីន​ដឹក​នាំ ខ្វះ​ប្រព័ន្ធ​ត្រួត​ពិនិត្យ​អំណាច​គ្នា ដែល​គេ​ហៅ​ថា​អំណាច​គ្រួសារ​និយម។

លោកថា ប្រព័ន្ធបែបនេះ កំណើន​សេដ្ឋកិច្ច​ស្ទើរទាំងអស់ ហូរ​ចូល​ទៅ​ក្រុម​គ្រួសារ​អ្នក​មាន​អំណាច​  រីឯ​ពលរដ្ឋ​ក្លាយជា​ជន​រង​គ្រោះ​ពី​អំពើ​ពុក​រលួយ។

លោកថា៖ «ជាការពិតហើយ អំពើ​ពុក​រលួយ​វា​មិន​ត្រឹម​តែ​បង្ក​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ទៅ​ដល់​អសន្ដិសុខ​ស្បៀង​ឬ​ក៏​ដោយ​ភាព​ស្រេក​ឃ្លាន​ ឬ​ក៏​បំណុល​ចំពោះប្រ​ជាពល​រដ្ឋ​ប៉ុណ្ណោះ​ទេ មាន​ន័យ​ថា​វា​នឹង​បង្ក​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​សំណុំ​សេដ្ឋ​កិច្ច​សង្គម​ជាតិ​ទាំង​មូល ឬ​យើង​អាច​និយាយ​ថា​វា​អាច​បង្កើត​ឲ្យ​ទៅ​ជា​មហា​គ្រោះ​មហន្ត​រាយ​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​ក្នុង​ប្រទេស​តែ​ម្តង»។

កសិករនៅខេត្តកំពង់ស្ពឺ អ្នកស្រី មុំ សុភី បាន​និយាយ​ថា ពួក​គាគ់​៣​ភូមិ​ចំនួន​ ១៤៧​គ្រួសារ​បាត់​បង់​ដី​ទំហំ​៤៨៣​ហិក​តា ត្រូវ​បាន​ក្រុម​ហ៊ុន​ស្ករអំ​ពៅ​របស់​ឧកញ៉ា​លី យ៉ុង​ផាត់ រំលោភ​យក​តាំង​ពី​ឆ្នាំ​២០១១​ ពោល​គឺ​ជាង​១០​ឆ្នាំ​ទៅ​នេះ គ្មាន​ស្ថាប័ន​រដ្ឋ​ណាជួ​យ​​ទប់​ស្កាត់​យក​ដី​ឱ្យ​វិញ​ទេ ទោះ​បាន​ឡើង​ទៅ​ភ្នំ​ពេញ រក​មេដឹ​ក​នាំ​ឱ្យ​ជួយ​ដោះ​ស្រាយ​ក្តី ។

អ្នកស្រីថា៖«ពេលដែលខ្ញុំបាត់ដីធ្លី ខ្ញុំ​ស្គាល់​រាជ​ធានី​ភ្នំពេញ។ ខ្ញុំ​ល្ងង់ ​ពលរដ្ឋ​ល្ងង់​ណាស់​រាល់​ថ្ងៃ​នេះ​ ល្ងង់​ដល់​ថ្នាក់​ពួក​គាត់​មិន​ដឹ​ង​ជា​ធ្វើ​អ្វី​ឲ្យ​បាន​យុត្តិ​ធម៌​មក​វិញ ចង់​ចាញ់​តម្រៃ​ ឃើញ​សង្គម​មួយ​អនុវត្ត​ច្បាប់​ធូរលុង​ចំពោះ​អ្នក​ដែល​រំលោភ​លើ​សិទ្ធិ​ពលរដ្ឋ​រឹប​អូស​ដី​ធ្លី​ហើយ បែរ​ជា​បណ្តឹង​ជន​រង​គ្រោះ​ដែល​ត្រូវ​គេ​រឹប​អូស​ដី​ធ្លី​ទៅ​វិញ​ អ៊ីចឹ​ងខ្ញុំ​សំណូម​ពរ​ទៅ​ដល់​រដ្ឋាភិបាល ​ក៏​ដូច​ជា​​ថ្នាក់​ដឹក​នាំ​គ្រប់​ជាន់​ថ្នាក់​ទាំង​អស់ កុំ​បន្ត​ការ​ឈឺចាប់និងដល់ពួកខ្ញុំទៀតអី សូមដោះស្រាយឲ្យពួកខ្ញុំមក បើ​មិន​បាន​ជួយ​ឲ្យ​ខ្ញុំ​កុំ​ធ្វើ​បាប​ខ្ញុំ​ទៀត ខ្ញុំ​សុំ​អង្វរ​ក្នុង​នាម​ខ្ញុំ​ជា​ពលរដ្ឋ​រង​គ្រោះ​ម្នាក់​ ខ្ញុំ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ណាស់ ខ្ញុំ​ក៏​ជា​មនុស្ស​រស់​នៅ​សង្គម​មួយ​ ដែល​ចង់​បាន​សង្គម​ដែល​មាន​ភាព​យុត្តិធម៌​ ហើយ​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ»។

​អង្គការតម្លាភាពអន្តរជាតិ បានចេញរបាយការណ៍ថ្មី​មួយ កាលពីថ្ងៃទី១១ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ ​រក​ឃើញ​​ថា អំពើ​​​ពុក​​រលួ​យ​​នៅ​​ក្នុ​ង​​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០២៤ មាន​ស្ថាន​ភាព​អាក្រក់ជាង​​​ឆ្នាំ​មុន ដែល​​ទាម​​ទារឱ្យកម្ពុជា​ដោះស្រាយ​​បញ្ហា​នេះ​​ជាប្រ​ព័ន្ធ និង​ទ្រង់​ទ្រាយ​ធំ។

បើតាមរបាយការណ៍នោះ កម្ពុជា មានអំពើពុករលួយខ្ពស់​ជាប់​គ្នា​ជិត​១ទសវត្សរ៍ បើ​ធៀប​នឹងប្រ​ទេស ១៨០ ដែលអង្គការ​នោះបានសិក្សា។

បើតាមប្រភពនោះ ប្រទេ​សដែលមិនអាចរើខ្លួនពីអំពើពុករលួយញាំញីបាន បញ្ហា​ចម្បង​មួយ​ គឺ​ឥទ្ធិពលន​​យោ​​បាយ ​​​ជ្រៀត​ជ្រែត​ប្រព័ន្ធ​យុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ