តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន និយាយថា យុទ្ធនាការចែកក្រដាស់ប្រាក់រៀល រាប់លានសន្លឹក ភ្ជាប់នឹងសារថា «អំណាចហ៊ុន តត្រកូល ខ្មែរថ្នូរតជំនាន់» នឹងត្រូវធ្វើនៅ២៥រាជធានីខេត្ត ក្នុងប្រទេសកម្ពុជា ដើម្បីទាមទារឱ្យស្តារប្រជាធិបតេយ្យ ។
លោក អ៊ុំ សំអាន បាននិយាយនៅលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះថា យុទ្ធនាការចែកចាយក្រដាស់ប្រាក់រៀល ចំនួនរាប់លានសន្លឹក ដែលមានសរសេរអក្សរ «អំណាចហ៊ុនតត្រកូល ខ្មែរថ្ងូរតជំនាន់» ដើម្បីប្រឆាំងការកាន់អំណាចផ្តាច់ការ តពូជរបស់ត្រកូលហ៊ុន។
លោកថា យុទ្ធនាការនេះ នឹងធ្វើឡើងគ្រប់២៥រាជធានីខេត្តហើយការចែកក្រដាស់ប្រាក់រៀលនេះគឺ Free អត់គិតថ្លៃ។
លោកគូសបញ្ជាក់ថា អ្នកធ្វើយុទ្ធនាការនិយាយថា បងប្អូនខ្មែរអាចយកក្រដាស់ប្រាក់នេះ ទៅចាយនៅគ្រប់ទីកន្លែង ក្នុងប្រទេសកម្ពុជា ហើយអ្នកធ្វើយុទ្ធនាការអំពាវនាវឱ្យពលរដ្ឋខ្មែរ ចូលរួមឱ្យបានច្រើនក្នុងយុទ្ធនាការនេះ ដើម្បីទាមទារឱ្យដោះលែងអ្នកទោសនយោបាយ គោរពសិទ្ធិមនុស្ស និងទាមទារឱ្យមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា។
លើសពីនេះ លោកថា អ្នកធ្វើយុទ្ធនាការនេះ បានចែកចាយក្រដាស់ប្រាក់រៀលមួយចំនួនរួចហើយ ហើយនឹងកំពុងចែកចាយបន្តទៀត រហូតដល់គ្រប់២៥រាជធានីខេត្តក្នុងប្រទេសកម្ពុជា។
កាលពីថ្ងៃទី២៨ ខែមេសា ពលរដ្ឋមួយចំនួននៅក្នុងរាជធានីភ្នំពេញ បានអះអាងថា ពួកគេមានការភ្ញាក់ផ្អើល ដោយប្រទះឃើញក្រដាស់ប្រាក់ ប្រភេទ១០០០រៀល មានសរសេរសារថា អំណាចហ៊ុន តត្រកូល ខ្មែរថ្ងូរតជំនាន់ ។
ការអះអាងនេះ ដូចគ្នាទៅនឹងហ្វេសប៊ុកមួយឈ្មោះ ដើម្បីយុត្តិធម៌ កាលពីថ្ងៃសៅរ៍ បានបង្ហោះសារអំពាវនាវ ឱ្យពលរដ្ឋចូលរួមធ្វើយុទ្ធនាការប្រឆាំងអំណាចផ្តាច់ការគ្រួសារហ៊ុន។
បើតាមប្រភពនោះ អះអាងក្នុងសម្តីដើមថា៖ ចលនាតស៊ូ សូមអំពាវនាវ ទៅដល់ប្រជាពលរដ្ឋរស់នៅក្នុងប្រទេស និងក្រៅប្រទេស សូមចូលរួមធ្វើយុទ្ធនាការចែកចាយក្រដាស់ប្រាក់រៀលផ្សេងៗ ដែលមានសរសេរអក្សរ «អំណាចហ៊ុន តត្រកូល ខ្មែរថ្ងូរតជំនាន់» ដូចរូបភាពខាងក្រោម ដើម្បីបង្ហាញឆន្ទៈចង់បានប្រជាធិបតេយ្យ ប្រឆាំងការកាន់អំណាចផ្តាច់ការគ្រួសារហ៊ុន ។
យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រាប់VODកាលពីថ្ងៃទី២៨ខែមេសានេះថា គណបក្សប្រជាជនមិនបារម្ភពីយុទ្ធនាការចែកក្រដាស់ប្រាក់រៀល ដែលមានសរសេរអក្សរថា អំណាចហ៊ុន តត្រកូល ខ្មែរថ្ងូរតជំនាន់នេះទេ៕