ម៉ុងហ្គាបេ​រក​ឃើញ​ពី​ហានិ​ភ័យ​ធន​ធាន​រ៉ៃ​និង​​ព្រៃ​ឈើ​នៅខេត្ត​ក្រចេះ​ក្រោម​គម្រោង​ផ្តល់​ដី​៩៩​ហិកតា

កាសែត​បរទេស​មួយ​ឈ្មោះ​ម៉ុង​ហ្គាបេ បាន​ចេញ​ផ្សាយ​ដោយ​អះ​អាង​ថា ធន​ធាន​រ៉ៃ និង​ព្រៃឈើ​កម្រ​របស់​កម្ពុជា នឹង​​​​ត្រូវ​​បាត់​បង់​បន្ថែម​ទៀត ក្រោម​គម្រោង​ផ្តល់​ដី​​៩៩​ហិកតា រយៈ​ពេល​៥០​ឆ្នាំ ឱ្យ​​ទៅ​ក្រុម​ហ៊ុន​ឯកជន KP Cement ដែល​​រដ្ឋាភិបាល​ថា ដើម្បី​ផលិត​ស៊ីម៉ងត៍ ក្នុង​ខេត្ត​ជាប់​ព្រំដែន​មួយ​នេះ។

កាសែត​ម៉ុង​ហ្គាប៉េ កាល​ពី​ថ្ងៃទី​២៩ ខែ​មេសា ចុះ​ផ្សាយ​ពី​ការ​ស៊ើប​អង្កេត​លើ​ក្រុម​ហ៊ុន KP Cement បាន​រក​ឃើញ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ នៅ​ឯអណ្តូង​រ៉ែ​របស់​ក្រុម​ហ៊ុន​ដើម្បី​យក​ថ្ម​កំបោរ និង​ថ្ម​ម៉ាប ធ្វើ​ស៊ីម៉ងត៍ បង្ក​ផល​ប៉ះពាល់​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​រប​ស់​ព្រៃឡង់។

ប្រភពបន្តថា អំឡុងខែ​វិច្ឆិកា ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាម​ពល​កម្ពុជា លោក កែវ រតនៈ បាន​ផ្តល់​ក្តី​សង្ឃឹម​ដល់​អ្នក​អភិរក្ស​ដោយ​សន្យា​ថា នឹង​ហាម​ឃាត់​អាជ្ញា​ប័ណ្ណ​រុក​រ​ក​រ៉ែ​ថ្មី និង​ទប់​ស្កាត់​ការ​ពង្រីក​ប្រតិ​បត្តិ​ការ​រុក​រក​រ៉ែ​ក្នុង​តំបន់​ព្រៃឡង់។

ប្រភពដដែលបញ្ជាក់ថា ទោះ​យ៉ាង​​ណា ការ​​កា​ប់​​ទន្ទ្រាន​​ព្រៃ​​ការពារ​​ដើ​ម្បី​​បើក​​ផ្លូវ​ឲ្យ​​រោង​ចក្រ​​ស៊ីម៉ង់ត៍ KP Cement ​​ថ្មី​នេះ ហាក់​​ផ្ទុយ​​នឹង​ស្មារតី​​​នៃ​​ការ​​អន្តរាគមន៍​​របស់​រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ ​លោក រតនៈ។

ប្រភពអះអាងថា ការជួល​រយៈ​ពេល​៥០​ឆ្នាំ​លើ​ដីទំហំ​៩៩​ហិកតា​ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់​ខេត្តក្រចេះ ឱ្យ​ក្រុម​ហ៊ុន KP Cement កាល​ពី​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២៥ អាច​​បង្ក​ផល​ប៉ះ​ពាល់​ដល់​ព្រៃ​ឡង់។

ប្រភពបន្តថា តាម​រូបភាព​ពី​ផ្កាយ​រណប​បង្ហាញ​ថា ដី​ដែល​រោង​ចក្រ​គ្រោង​នឹង​សាង​សង់​នោះ ត្រូវ​បានកាប់​ឆ្ការ​ព្រៃ​ឈើ​យ៉ាង​សន្ធឹក​សន្ធាប់​នៅ​ចន្លោះ​ខែ​ធ្នូ ឆ្នាំ​២០២៤ ដល់​ខែ​មីនា ឆ្នាំ​២០២៥។

ការរកឃើញរបស់កាសែតម៉ុងហ្គាបេ​នេះ ក្រោយ​ពី​បែក​ធ្លាយ​អនុ​ក្រឹត្យ​មួយ ចុះ​​​ថ្ងៃ​​​ទី​​១៣ ខែ​​មករា ឆ្នាំ​២០២៥ ដែល​​ត្រូវ​​បាន​​​គេ​​បង្ហោះ​លើ​​បណ្តាញ​​សង្គម ដែល​​អនុក្រឹ​ត្យ​​នោះ រដ្ឋាភិបាល​ លោក ហ៊ុន ម៉ា​ណែត បាន​​កាត់​​ផ្ទៃ​ដី​ទំហំ​៩៩​​ហិកតា ស្ថិត​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ ព្រៃ​ឡង់ នៅ​ភូ​មិសា​ស្ត្រឃុំ​​បឹង​​ចារ ស្រុក​សំបូរ ខេត្ត​​ក្រចេះ ឱ្យ​ក្រុម​​ហ៊ុន ខេភី ស៊ីមេន អ៊ិន​​ដាស​ស្ទ្រី សម្រាប់​​វិនិយោគ​ធ្វើ​ជា​​រោង​​ចក្រ​ផលិត​​ស៊ីម៉ងត៍។

ក្នុងអនុក្រឹត្យនោះ សរសេរថា តំបន់ប្រើប្រាស់ដោយ​​ចីរភាព មាន​ផ្ទៃ​ដី​ទំហំ​ជិត ​១០០​ហិកតា​​នេះ ​ជា​​ទ្រព្យសម្បត្តិ​​សាធារណៈ​របស់​​រដ្ឋ នឹង​ធ្វើ​អនុប្ប​យោគ​មក​ជា​ទ្រព្យ​សម្បត្តិ​ឯក​ជន​របស់​រដ្ឋ ក្រោម​លក្ខ​ខណ្ឌ​ជួល​ក្នុង​រយៈ​ពេល​មិន​លើស​ពី ៥០​ឆ្នាំ ឱ្យ​ក្រុម​ហ៊ុន K.P Cement Industry Co.,Ltd. សម្រាប់​វិនិយោគ​លើគម្រោង​បង្កើត​រោង​ចក្រ​ផលិត​ស៊ីម៉ងត៍។

VOD មិនទាន់អាចទាក់ទងតំណាងក្រុមហ៊ុន KP Cemet.Co LTD. ដើម្បី​សុំប្រ​តិកម្ម​ជុំវិញ​ការ​ចុះ​ផ្សាយ​នេះ​បាន​នៅ​ឡើយ​ទេ​ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។ ចំណែក អភិបាល​ខេត្ត​ក្រចេះ លោក វ៉ា ថន និង​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា មិន​អាច​ទាក់​ទង​ដើម្បី​ការ​បញ្ជាក់​បន្ថែម​ជុំវិញ​បញ្ហា​នេះ បាន​នៅឡើយ​ដែរ។

ជុំវិញបញ្ហា តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក​ សួន សូរីដា​ ប្រាប់VOD​នៅ​ថ្ងៃ​ទី​៣០ខែ​មេសា​នេះ​ថា ការ​រក​ឃើញ​របស់​​​ម៉ុង​ហ្គាបេ ឆ្លុះ​បញ្ចាំង​ថា រដ្ឋាភិបាល​កំពុង​បណ្តោយ​ឱ្យ​ក្រុម​ហ៊ុន​បំផ្លាញ​ព្រៃ​ឈើ​កម្ពុជា។

លោក​បន្តថា ការបណ្តោយឱ្យក្រុមហ៊ុនឯកជន​ ហ៊ាន​គឃ្លើន​បំផ្លាញ​ធន​ធាន​​ធម្មជាតិ​របស់​កម្ពុជា គឺ​ឆ្លុះបញ្ចាំង​ពី​ការ​គ្មាន​ទំនួល​ខុស​ត្រូវ និង​អសមត្ថភាព​របស់​មេដឹក​នាំ​ក្នុង​ការ​ការ​ពារ​ព្រៃ​ឈើ​របស់​ដូនតា។

លោកថា៖ «រដ្ឋាភិបាលកម្ពុជាដឹកនាំ​ដោយគណបក្សប្រជាជន បាន​សម្រេច​ផ្តល់​ដី​សម្បទាន​ឲ្យ​ក្រុម​ហ៊ុន​ឯកជន​ មក​​ធ្វើរោង​ចក្រ​ស៊ីម៉ង់ត៍​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ អាហ្នឹង​គឺ​ប្រជាពលរដ្ឋ​ខ្មែរ​យល់​ថា ​ព្រៃឡង់​នឹង​ខ្ទេច​ខ្ទី​តែ​ម្ដង​ ហើយ​កាល​ណា​ដើមឈើ​បា​ត់​ប​ង់ប្រទេស​កម្ពុជា​នឹង​អាច​ក្លាយ​ទៅ​ជា​វាល​រហោ​ឋា​ន​ និង​មាន​វិបត្តិ​ធម្មជាតិ​កើត​ឡើង​តាម​រយៈ​ការ​រីង​ស្ងួត មានទឹក​ជំនន់​ខ្លាំង​ក្លា​ អាហ្នឹង​គឺ​ខ្ញុំ​គិត​ថា​វិនាស​កម្ម​ជា​ច្រើន ​ដែល​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​រង​នូ​វ​គ្រោះ​មហន្ត​រាយ​ពីការ​បាត់​បង់​ព្រៃឈើ​នេះ»។

សម្រាប់​លោក សូរីដា យល់​ថា ការ​កាត់​ឆ្វៀល​ដី​ទំហំ​ជិត​​១០០​ហិកតា​ ឱ្យ​​ក្រុម​​ហ៊ុន​​ឯកជន​​ក្នុង​តំបន់​​ព្រៃ​​ការ​​ពារ​​ព្រៃ​ឡ​ង់​​នេះ នឹង​​​ធ្វើ​​​ឱ្យ​​តំបន់​​ការ​​ពារ​​ព្រៃ​ឡង់ រ​ង​​ការ​​បំផ្លាញ​យ៉ាង​​គំហុក បង្កផល​ប៉ះ​ពាល់​ដល់​បរិស្ថាន​កាន់តែ​ខ្លាំង។

លោកចោទជាសំណួរថា តើការផ្តល់ដី៩៩ហិកតារយៈ​ពេល៥០ឆ្នាំ ឱ្យ​ក្រុម​ហ៊ុន​ផលិត​ស៊ីម៉ុងត៍នោះ រដ្ឋាភិបាល​អាច​ធានា​​បាន​ទេ​ថា ពិត​ជាមិ​ន​មាន​ការ​បំផ្លិត​បំផ្លាញ​ព្រៃឈើ និង​រុក​រក​រ៉ែ​ខុសច្បាប់​នៅ​ទី​នោះ។

លោកថា៖ «តាមពិតទៅមិនចាំបាច់ទៅដល់​៥០ឆ្នាំផង តែ​ក្នុងរយៈ​ពេល​៥ឆ្នាំ គឺ​វា​អាច​ខ្ទេច​បាន​ហើយ បើ​សិន​ជា​គេ​មានចេត​នា​ចង់​បាន​នូវ​ព្រៃ​ឈើ​របស់​ខ្មែរ​យើង គឺ​តែ​៥ឆ្នាំ​ហ្នឹង​ គឺ​ហិន​ហោច​ហើយ ចុះ​ទំរាំ​៥​០​ឆ្នាំ​គិ​ត​​ថា តំបន់​ហ្នឹង​ ក្លាយ​ទៅ​ជាតំបន់​វាល​មួយ​សម្រាប់​ការ​តាំង​ទីលំនៅ​របស់​រោង​ចក្រ​ស៊ីម៉ងត៍ ហើយ​ប្រ​សិន​​ជា​រោង​ចក្រ​ស៊ីម៉ងត៍​ពិត​មែន ហេតុ​អី​បាន​ត្រូវដាក់​ទីតាំង​ក្នុង​ព្រៃឡង់​ទៅ​វិញ។ ធម្មតារោ​ង​ចក្រ​ស៊ីម៉ង់ត៍​ វា​​ត្រូវ​ធ្វើលើ​ដី​ក្បែរ​មនុស្ស​ក្បែរ ឬ​ក្បែរ​ភូមិ ដើម្បី​ជា​កម្លាំង​ពលកម្មសម្រាប់​ធ្វើ​ការ​ងារ​ក្នុង​រោង​ចក្រ​ ប៉ុន្តែ​ហេ​តុ​​​អី​យក​ទៅ​ដាក់​នៅ​ក្នុង​ព្រៃ​ដាច់​ស្រយាល​​ទៅ​វិញ ឬ​មាន​បំណង់​ចង់​បំផ្លាញ​ព្រៃ និង​រក​រ៉ែ»។

ដោយ​ឡែក សកម្មជនបរិស្ថាន លោក ម៉ា ចិត្រា យល់​ថា បើ​ដូចការ​រក​ឃើញ​រប​ស់​ម៉ុង​ហ្គាបេ​មែន វិនាស​​កម្ម​ព្រៃឈើ​ក្នុង​​តំបន់​ព្រៃ​ការ​ពារ​ព្រៃឡង់​ នឹង​ប្រឈម​នឹង​ការ​បាត់​បង់​មិន​ខាន។

លោកថា កន្លងមក​​លោក​សង្កេត​ឃើញ​ថា ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ទទួល​បាន​ដី​ជិត​តំបន់​ព្រៃឡង់​ ឬ​ក្នុង​តំបន់​ព្រៃឡង់​​ផ្ទាល់​ តែង​តែ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​គំហុក រហូត​ឈាន​ដល់​ការ​ធ្វើអាជីវ​កម្ម​ឈើ​ក៏​មាន។

លោកបារម្ភថា ការ​បាត់​បង់​ព្រៃឈើទាំង​អស់​នោះ វា​នឹង​បង្ក​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​​ដល់​​ធន​​ធាន​ធម្មជាតិ​ គឺ​​បំរែ​បម្រួល​​អាកាស​​ធាតុ និង​​បង្ក​​ផ​ល​ប៉ះ​​ពាល់​​ដល់​​ប្រជា​​សហគមន៍ រស់​​​នៅ​ក្នុង​​តំបន់​នោះ​​ផង​​ដែរ។

លោកថា៖ «ក្នុងនាមជាសកម្មជនបរិស្ថាន សំណូមពរ​ទៅ​ដល់​រដ្ឋាភិបាល និង​ឲ្យ​ធ្វើការ​ពិចារណា​កុំ​ចេះ​តែ​ផ្តល់​ដី​ឲ្យ​តែ​ឃើញ​ដី​ព្រៃ​ដូច​ស្រឡាញ់​ដី​ព្រៃ​ណាស់ ប៉ុន្តែ​ចុង​ក្រោយ​បែរ​ជា​នាំ​គ្នា​កាត់​សម្បទាន​ម្ដង​តិចៗ​ ឲ្យ​ក្រុម​ហ៊ុន​ឯកជន​ផ្សេងៗ អាហ្នឹង​ខ្ញុំ​គិត​ថា​ការ​អភិរក្ស​ព្រៃ​ឈើ​ផង​ យើង​វា​អត់​បាន​ល្អ​ប្រសើរ​ទេ បើ​សិន​ជា​រដ្ឋាភិបាល​នៅ​តែ​បន្ត​ការ​កាត់​​ដី​ព្រៃ​ហ្នឹង​ទៅ​ឲ្យក្រុមហ៊ុន​ដើម្បី​អភិវឌ្ឍ។ ហើយ​ខ្ញុំគិត​ថា​វា​អាច​បាន​ប្រ​យោ​ជ​ន៍​សម្រាប់​ក្រុម​ហ៊ុន ប៉ុន្តែ​យើង​ដឹង​ហើយ​​ថា​ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ​ហ្នឹង​​អាបម្រែ​បម្រួល​អាកាស​ធាតុ ដោយ​សារ​តែ​កត្តា​បាត់​បង់​ព្រៃ​ឈើ​ហ្នឹង វា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​និង​កាន់​តែ​ក្រី​ក្រ»។

ព្រៃឡង់មានផ្ទៃដីជាង ៤៣​ម៉ឺន​​​ហិកតា គ្រប​​ដណ្ដប់​​​លើ​ខេត្ត​​ចំនួន​៤ គឺ​​ខេត្ត​ព្រះ​វិហារ កំពង់​ធំ ក្រចេះ និង​ស្ទឹង​​​ត្រែង។ ព្រៃឡង់​ជា​ព្រៃធំ​​​ជា​ង​គេ​នៅ​កម្ពុជា ហើយ​​ត្រូវ​​បាន​រដ្ឋាភិបាល​កំណត់​ជា​តំបន់​ការ​ពារ នៅ​ក្នុងឆ្នាំ​២០១៦។

កាលពី​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ២០២៤  ម៉ុងហ្គាបេ (Mongabay) ធ្លាប់បង្ហាញពីការរកឃើញការបំផ្លាញព្រៃឈើ​ក្នុង​ប្រទេស​​កម្ពុជា​ទ្រង់​ទ្រាយ​ធំ​ដែល​ពាក់​ព័ន្ធ​ក្រុម​ហ៊ុន និង​ឧកញ៉ា​មួយ​ចំនួនដែល​គេ​ស្គាល់​ថា​ស្និទ្ធ​នឹង​រដ្ឋាភិបាល។

យោងតាមរបាយការណ៍ស្រាវជ្រាវ និងការវិភាគ​លើរូបភាពផ្កាយ​រណបពីបរទេស ដែលចេញផ្សាយ​ដោយ​ម៉ុងហ្គាបេ កាលពីខែមេសា​ឆ្នាំ២០២៤ ប្រទេស​កម្ពុជា​បានបាត់បង់ព្រៃឈើក្នុងឆ្នាំ២០២៣​ ប្រមាណជាង​១២ម៉ឺន​ហិកតា​(១២១ ០០០ហិកតា)។

បើតាមប្រភពនេះ ការបាត់បង់ ដោយសារតែការរកស៊ីវិនិយោគ​ ដូចជា អាជីវ​កម្ម​រ៉ែ​មាស និង​រ៉ែដែក ការ​ធ្វើទំ​នប់​វារី​អគ្គិសនី និង​ការ​កាប់​ឈើ​ខុស​ច្បាប់​ជា​ច្រើន ក្នុង​នោះ មាន​ជាង​ពាក់​កណ្តាល​ជា​ព្រៃ​ឈើ ដែល​ស្ថិត​ក្នុង​តំបន់​ការ​ពារ​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់។

របាយការណ៍ដដែល បញ្ជាក់ថា ព្រៃឈើក្នុង​តំបន់​ការ​ពារ​ដែន​ជម្រក​សត្វ​ព្រៃឡង់​ រង​ការ​កាប់បំផ្លាញ​ច្រើន​ជាង​គេ​លំដាប់​ទី១ ដែល​មាន​ទំហំ​ជាង​១ម៉ឺន​ហិកតា​(១១ ៥០០ហិកតា)។

 លំដាប់ទី២ គឺ​ព្រៃឈើក្នុងដែនជម្រកសត្វព្រៃបឹងពែរ​ ដែល​បាត់​បង់​អស់ ៧ ២៣២​ហិកតា និងលំដាប់​ទី៣ គឺ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​សំកុស ដែល​បាត់​បង់​អស់ ៦ ១២៥ ហិកតា។

ម៉ុងហ្គាបេ ដែល​ជា​កាសែតអនឡាញរបស់អាមេរិក ផ្តោត​លើ​បញ្ហា​បរិស្ថាន​ បាន​អះ​អាង​ទៀតថា ការ​បាត់​បង់​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​ក្នុង​ឆ្នាំ​២០២៣ គឺ​ដោយ​សារ​ការ​ពង្រីក​អណ្តូង​រ៉ែ​មាសគ្រប់​គ្រង​ដោយ​ចិន និង​ការ​បើក​អណ្តូង​រ៉ែ​ដែក ​ដែ​លជា​កម្ម​សិទ្ធិ​របស់​ឈ្មួញ​ឈើ​អ្នក​ឧកញ៉ា ទ្រី ភាព។

តាមម៉ុងហ្គាបេ​ដដែល ក្រុមហ៊ុនដាំដើម​ឈើ Think Biotech និង​ក្រុម​ហ៊ុន Angkor Plywood ក៏មាន​ចំណែក​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់​ដែរ។

 រីឯការរិចរិលព្រៃឈើក្នុងដែនជម្រកសត្វព្រៃបឹងពែរ ក្នុងឆ្នាំ២០២៣ គឺ​ដោយ​សារ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ លោក អ៊ុក គឹម​សាន អភិបាល​រង​ខេត្ត​ព្រះ​វិហារ សម្រាប់​បើក​រោង​ចក្រកែ​ច្នៃ​ស្វាយ​ចន្ទី​ ឈ្មោះ សានតាណា អាហ្គ្រោ (Santana Agro Factory)។ តែការពិ​ត​ជាក់​ស្តែង រោង​ចក្រ​នេះ ដំណើរ​ការ​ដើម្បី​បិទ​បាំង​ការ​កាប់​ព្រៃឈើ​ខុស​ច្បាប់​ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ