តុលាការ​កំពូល​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​សកម្ម​ជន​​​ចលនា​មាតា​ធម្មជាតិ​៥រូប​ដូច​សាលា​ដំបូង

តុលាការ​កំពូល នៅ​ថ្ងៃពុធ​នេះ បាន​ប្រកាស​ច្រាន​ចោល​សំណើរ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្ម​ជន​មាតា​ធម្មជាតិ​៥រូប ដោយ​​បង្គាប់​ឱ្យ​ឃុំ​ខ្លួន ដូច​សាលា​ដំបូង ក្រោម​ហេតុ​ផល បារម្ភ​ពី​ចលាចល​សង្គម ដែល​ការណ៍នេះ​ រ​ង​​កា​​​​​រ​រិះ​​​គន់​ថា សេចក្តី​សម្រេច​នេះ ជា​ការ​យាយី​សេរីភាព​បញ្ចេញ​មតិ ផ្ទុយ​នឹង​រដ្ឋ​ធម្ម​នុញ្ញ និង​ក​តិកា​​សញ្ញា​អន្តរ​ជាតិ ស្តីពី​សិទ្ធិ​ពលរដ្ឋ។

កាលពីថ្ងៃទី​២៣ ខែមេសា ឆ្នាំ២០២៥ តុលាការ​​កំពូល បាន​​បើក​សវនាការ​​លើ​សំណុំ​រឿង​​សុំ​នៅ​​ក្រៅ​​ឃុំបណ្តោះ​អាសន្ន ​របស់​​​សកម្មជន​ចលនា​មាតា​ធម្មជាតិ​៥រូប រួ​ម​​​​​មាន កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ា​វុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា និង លោក យីម លាងហ៊ី ដែល​បច្ចុប្បន្ន​​ពួក​គេ​កំពុង​ជាប់​ឃុំនៅ​​ក្នុងពន្ធនាគារ​ផ្សេង​ៗ​គ្នា​​។

អ្នកស្រី ប៉ាត់ រស្មី ភរិយា​លោក ថុន រដ្ឋា បាន​​ឱ្យ​ដឹងថ្ងៃទី​៣០​ ខែ​មេសា​នេះ​ថា  តុលាការ​កំពូល​នេះ មិនឱ្យ​សកម្មជន​បរិស្ថាន​ទាំង​នោះ​បា​ន​នៅ​ក្រៅ​ឃុំ តាម​ការ​ស្នើ​សុំ​ទេ ដោយ​លើក​ហេតុ​​ផល​​ថា តុលាការ​ខ្លាចពួក​គាត់​ទាំង​នោះ ​បង្ក​​ចលាចល​​ផ្សេង​ៗ​ ប៉ះ​ពាល់​ដល់​សណ្តាប់​ធ្នាប់​​​សាធារណៈ។

ប៉ុន្តែ សម្រាប់អ្នកស្រីវិញគិត​ថា អ្នក​ដែលរង​​ការ​ចោទ​ប្រកាន់​រួម​ទាំង​ប្តី​អ្នក​ស្រី​លោក ថុន រដ្ឋា ផង​នោះ​មិន​បាន​ធ្វើ​អ្វី​ខុស​ដូច​ការ​ចោទ​ទេ តែ​ផ្ទុយ​ទៅ​វិញ​ពួក​គេ មាន​ភាព​សកម្មការ​​ពារ​ធនធាន​ធម្មជាតិ ។​

អ្នកស្រីថា៖ «ក្នុងនាម​ខ្ញុំជាភរិយា ខ្ញុំមានការ​សោកស្តាយមែនទែន ដែល​​តុលាការ​មិន​អនុញ្ញាត​​​​ឱ្យ​គាត់​​នៅ​ក្រៅ​ឃុំ[…] យើងឃើញស្រាប់ហើយថា សកម្ម​ភាព​​កន្លងមក គឺ​គាត់ធ្វើ​ការ​ងារ​តែ​ការ​ពារ​​ធន​ធាន​ធម្មជាតិ​ និងលាត​ត្រដាងនូវ​អំពើពុករលួយមួយចំនួន ដែលមន្ត្រី​ឬក៏អ្នក​​​ពាក់​ព័ន្ធដែល​​បំផ្លាញ​ធនធាន​ធម្មជាតិហ្នឹង គឺ​គាត់លាត​ត្រដាង ហើយ​គាត់​អត់មានកំហុស​​​អី​ទេ តែបែរជាតុលាការមិនអនុញ្ញាតឱ្យគាត់​នៅក្រៅឃុំ»។

អ្នកស្រីបន្តថា ក្រោយ​ពេល​ដែលស្វាមីរបស់​គាត់​ជាប់​ពន្ធនាគារ គ្រួសារ​​គាត់​ជួប​​ការ​លំបាក​ខ្លាំង​​ក្នុង​​ជីវភាព​ ហើយ​ក៏​ចំណាយ​​ច្រើន​​​ក្នុង​ការ​​ទៅសួរ​សុខ​ទុក្ខ​​ផង​​ដែរ ដោយ​សារ​​​តែ​​ពួក​គាត់​ត្រូវ​​បាន​​បញ្ជូន​ទៅ​ឃុំ​​ខ្លួ​ន​​​​នៅ​ពន្ធនាគារ​​តាម​​​បណ្តា​ខេត្ត​ផ្សេងៗ​គ្នា​​ ដែល​ឆ្ងាយ​ពី​ផ្ទះ។

សកម្មជន​ចលនាមាតាធម្មជាតិ​​ទាំង៥រូបនេះ ត្រូវចាប់ខ្លួន​កាល​​​ពី​​ថ្ងៃ​ទី​២ ខែ​​​កក្កដា ឆ្នាំ​​​២០២៤ ក្រោម​​អំណាច​​សាល​​ក្រម​​សាលា​ដំបូង​​រា​ជ​ធានី​​ភ្នំពេញ ដែល​បា​ន​​ចោទ​ពី​​​បទ “រួម​​​គំនិត​​​ក្បត់” ​​​​ដាក់​​ពន្ធនាគា​​រ ​ពី​ ៦ឆ្នាំ ទៅ ៨ឆ្នាំ ជុំវិញ​​ភាព​​​សកម្ម​​ការ​​ពារ​ធនធាន​ធម្ម​ជាតិរបស់ពួកគេ។

​ការ​ចាប់​ខ្លួន​នេះ ជំរុញ​ឱ្យ​មាន​ការរិះគន់​យ៉ាង​កង​រំពង ពី​បណ្តា​ប្រទេស​ប្រជា​ធិប​តេយ្យ​ជឿនលឿន ដែល​គេ​ចាត់​ទុក​ថា វិធាន​នេះ បាន​បំពាន​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា និង​កតិកា​សញ្ញា​អន្តរ​ជាតិ ស្តីពី​ពលរដ្ឋ ក្រោម​ឥទ្ធិពល​ន​យោបា​យ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច ដែល​រង​ការ​រិះ​គន់​ថារំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ។

ដោយ​ឡែក ម្តាយ​របស់​លោក លី ចាន់ដារ៉ា​វុត ក៏​​បា​ន​បង្ហាញ​កា​​រសោក​​ស្តាយ​​លើ​ការ​កាត់​សេចក្តី របស់​តុលាការ​កំពូល​នេះដែរ។

អ្នកស្រីថា៖ «មុនដំបូងគិតថា រំភើបចិត្តនឹង​មាន​ការ​ដោះលែងពួកគាត់ត្រឡប់​​ម​ក​​វិញ​ តែ​​ឥ​លូវ​​លទ្ធផល​​គឺ​អត់​ទេ មានអារម្មណ៍ថាសោក​ស្តាយ ហើយនិង​ខកចិត្ត»។

VOD មិនអាចសុំការបញ្ជាក់បន្ថែម​ករណីនេះ​ពីអ្នកនាំពាក្យ​តុលាការ​កំពូល​ អ្នកស្រី ម៉ៅ ធីតា បាន​ទេ។

សម្រាប់យុវជនមាតាធម្មជាតិ កញ្ញា ស៊ុន រដ្ឋា ហៅ​ការ​បដិសេធ​សំណើរ​សុំ​នៅ​ក្រៅ​ឃុំ​រប​ស់​ច​លនា​​មា​​តា​ធម្មជាតិ​នេះ ជា​រឿង​អយុត្តិធម៌​បំផុត ដោយ​​សំអាង​ថា ពួ​​ក​​គេទាំ​​​ង​៥នា​​ក់​នោះ ​មិន​បាន​​ធ្វើអ្វី​​ខុស​​ទា​​ល់​តែសោះ។

កញ្ញាថា៖ «តាមពិតគឺអយុត្តិធម៌តាំងពីថ្ងៃ​ដំបូង​ដែល​គេ​ចាប់​ដោយ​ហិង្សា​ ទៅ​លើ​សកម្ម​ជន​មាតា​ធម្មជាតិ ​អយុត្តិធ​ម៌​តាំង​ពី​ថ្ងៃ​ដែល​គេ​ចោទ​ប្រកាន់​ពួក​យើង​ទៅ​លើ​បទ​ចោទ​ធ្ងន់​ធ្ងរ​ម្ល៉េះ ហើយ​យើង​ក៏​ប៉ុន្តែ​សង្ឃឹម​ថា​យើង​នឹង​ទទួល​បាន​យុត្តិ​ធម៌​ពី​តុលាការ ឬ​ក៏​ប្រព័ន្ធ​អនុ​វត្ត​ច្បាប់​ទាំង​​អស់​ហ្នឹង​ដែរ តែ​អី​ដែល​យើង​សង្ឃឹម ហើយ​នឹង​យើង​ជឿ​ជាក់ គឺ​យើង​មើល​ឃើញ​ថា ទោះ​បី​ជា​តុលាការចោ​ទ​យក​ទៅ​កាត់​ទោស​យើង​ ធ្វើ​ដល់​ពី​ ៦ឆ្នាំរ​​ហូត​ដល់​ ៨ឆ្នាំ ពិត​មែន ប៉ុន្តែ​កម្លាំង​គាំទ្រ​របស់​ប្រជា​ជន​ សារ​លើក​ទឹក​ចិត្ត​របស់​យុវជន​របស់​ប្រជា​ជន​ខ្មែរ មិន​ថា​នៅ​ក្នុង​ស្រុក​ឬ​ក៏​នៅ​ក្រៅ​ស្រុក​ទេ គឺ​យើង​តែង​តែ​ទទួល​បាន​ជា​ហូរហែរ​អត់​ដាច់​ទេ»។

យ៉ាងណា កញ្ញាគិតថា ការដែលពលរដ្ឋទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស រួម​ទាំង​សហគ​មន៍អន្តរ​ជា​​តិផ​ង​​ផ្ញើ​សារ​គាំទ្រ​​ចលនា​មាតា​ធម្ម​ជាតិ នោះ​ជា​ភស្តុតាង​បញ្ជាក់​ច្បាស់​ថា ក្រុម​ការ​ងារមាតា​ធម្ម​ជាតិ​មិន​ធ្វើ​ខុ​ស ​ដូច​ការ​ចោទ​របស់​អាជ្ញាធរ និង​តុលាការ​គ្រប់​ជាន់​ថ្នាក់​នេះ​ទេ។

កញ្ញាថា៖ «ប្រសិនបើពួកគាត់ប្រព្រឹត្តអំពើខុសពិតមែន ខុស​នឹង​ច្បាប់​ពិត​មែន តើ​មាន​ប្រជា​ជន​ណា​ដែល​មក​គាំទ្រ​​ពួកគាត់​ ហើយ​យើង​ក៏​ជឿជាក់​ដែរ​ថា​ថ្ងៃ​ណា​មួយ​សំឡេង​របស់​ពួក​យើង​​ នឹង​ជំរុញ​ឲ្យ​ប្រព័ន្ធ​តុលាការ​មាន​ការ​អនុវត្ត​ច្បាប់​ដោយ​យុត្តិ​ធម៌​និង​ត្រឹម​ត្រូវ​ត្រលប់​​មក​វិញ»។

សម្រាប់ នាយកទទួ​លបន្ទុកកិច្ចការទូទៅនៃអង្គការ​សិទ្ធិ​មនុស្សលីកាដូ លោក អំ សំអាត ដែល​តាម​ដានរឿងនេះ​ មាន​​​ប្រសាសន៍​​​ថា តុលាការ​កំពូល​​បានសម្រេច​បដិសេធ​ការ​​ស្នើសុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្ម​ជន​មាតា​ធម្មជាតិ​ទាំង​​៥រូប​ ក្រោម​ហេតុ​ផល​ចំនួន​៤ ក្នុង​នោះ​មាន ទី១ ​រក្សា​​ជនជាប់​ចោទ​​(ក្នុង​ពន្ធនាគារ​​)​​​ដើម្បី​​​ដំណើរ​​ការ​​​នីតិវិធី​នៅតុលាការ ទី២ ជនជាប់ចោទត្រូវ​បានចោទប្រកាន់ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ ទី៣ ការលើកឡើង​ពីការព្រួយបារម្ភរឿង​សុខភាពរបស់ជនជាប់ចោទ​មិន​អាច​ជឿជាក់​បាន និង​ទី៤ សេចក្តីសម្រេច​របស់​សាលាឧទ្ធរណ៍គឺត្រឹមត្រូវ​ហើយ។  ​

យ៉ាងណា លោក​ អំ សំអាត បង្ហាញការ​សោក​ស្តាយ​ចំពោះការ​​សម្រេច​នេះ ខណៈលោក​ថា ការ​​​ចោទ​​ប្រកាន់​ និង​ផ្តន្ទាទោស​​ទៅលើ​​សកម្ម​ជនចលនាមាតាធម្មជាតិ និង​សកម្មជន​ផ្សេ​ង​​ទៀត​ បាន​រង​នូវកា​ររិះគន់​​ជាច្រើនពី​សហគមន៍អន្តរ​ជាតិ ក្នុងនោះ​ ក្រុមប្រឹក្សា​សិទ្ធិ​មនុស្សនៃ​អង្គ​កា​រ​​​សហប្រជាជាតិ ធ្លាប់បានលើកឡើងថា ការ​ចាប់ខ្លួនសកម្ម​ជន​ទាំង​នោះ ជាការ​បំពាន​ទៅ​លើ​​សេរីភាព​ជាមូលដ្ឋាន​ និង​សិទ្ធិបញ្ចេញមតិរបស់ពួកគេ ហើយគេ​​ទាមទារឱ្យ​មានការ​ដោះ​លែង​ពួកគេ​ឱ្យ​មានសេរីភាពវិញ។

លោកថ្លែងថា៖ «​​ព្រោះ​យុវជនដែលចូលរួមនៅក្នុងកិច្ចការ​​​ការពារបរិស្ថានហ្នឹង គឺធ្វើការ​ស្ម័គ្រចិត្ត​ ហើយ​លះបង់ច្រើន ហើយ​​យើងឃើញ​ហើយកន្លងមក សហគមន៍​អន្តរជាតិ​ក៏បាន​ផ្តល់​ពាន​​រង្វាន់​​​សម្រាប់​យុវជន​​​ការ​ពារ​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ទាំង​អស់​ហ្នឹង​​ផង​ដែរ អីចឹង​កា​​រការ​ពារ​បរិស្ថាន ធនធាន​ធម្មជាតិ និងព្រៃឈើ គឺជាទ្រព្យ​សម្បត្តិរបស់ជាតិ ជាទ្រព្យសម្បត្តិ​​រួម​​ យុវជន​​ដែល​សកម្មនៅ​ក្នុងកា​រងារ​នេះ គួរតែ​ត្រូវ​បាន​លើក​ទឹកចិត្ត ហើយ​និង​គាំទ្រ មិន​គួរ​ត្រូវបានចោទប្រកាន់ ឃុំ​ខ្លួន ឬ​​កាត់ទោស​ពួកគាត់ទេ ចឹងចំណុចទាំងនេះ គឺ​យើងឃើញថា អង្គ​ការ​​អន្តរជាតិ សហគមន៍អន្តរជាតិ ក៏ដូចជាអង្គការ​​​ដែលធ្វើការ​លើវិស័យនេះនៅក្នុងស្រុក​ គឺ​នៅ​តែទទូច​សុំ​ឱ្យ​​ពិចារណា​​​ក្នុងកា​រដោះលែង​​​យុវជន​ទាំង​៥នាក់ហ្នឹង​​ ឱ្យមានសេរីភាពវិញ ដើម្បីជា​ការមួយ​​​ឆ្លើយតបជាមួយ​​​នឹង​ការ​​​គោរព​ទៅ​លើ​​សេរីភាពជាមូលដ្ឋាន គោរព​ទៅលើ​សេរីភាព​ក្នុង​​ការ​បញ្ចេញមតិ ហើយ​​ជាការ​បន្ធូរបន្ថយភាពតាន​តឹង​នៃ​ការ​រិះគន់​ទាក់​ទង​នឹង​​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​​ផងដែរ»។

បើតាម​អត្ថបទខ្លីមួយរបស់អង្គការ​លីកាដូ ដែលចេញផ្សាយនៅថ្ងៃនេះដែរ បានលើក​ឡើ​ងថា សកម្មជន​ចលនា​មាតាធ​ម្មជាតិ បាន​ប្រឈម​មុខ​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ការ​គំរាម​កំហែង និងការ​​ចោទ​ប្រកាន់​ពី​បទ​ព្រហ្ម​ទណ្ឌ​ ចំពោះ​សកម្ម​ភាព​និយម​ផ្នែក​បរិស្ថាន ដែល​រួម​មាន​ការ​តស៊ូមតិ​ការ​ពារ​ឧទ្យាន​ជាតិ​គិរីរម្យ និង​ព្រៃឈើ​នៅ​ឧទ្យាន​ជាតិ​បូក​គោ​ក្នុង​ខេត្ត​កំពត និង​កោះ​កុងក្រៅ និង​ផ្លូវ​ទឹក​ក្នុង​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហនុ។

សកម្មជន ៣នាក់ក្នុងចំណោមអ្នកទាំង៥ គឺ​កញ្ញា កែវ​រស្មី គន្ធា និងលោក រដ្ឋា ធ្លាប់​ត្រូវ​បាន​ផ្តន្ទា​​ទោ​​ស​ពី​បទ ញុះញង់ កាលពីឆ្នាំ២០២១ ចំពោះភាពសកម្មនិយម​របស់​ពួកគេ។

ប្រភពដដែលបន្តថា ​សកម្មជនមាតាធម្មជាតិ​ទាំង​នោះ ឋិត​​ក្នុង​​ចំណោម​មនុស្ស​​ចំនួន ៧១​​នាក់ ដែល​​បច្ចុប្បន្ន​កំពុង​​​ជាប់​​ឃុំ​​ដោយ​​ការ​​ប្រើ​ប្រាស់​​សិទិ្ធ​របស់​ខ្លួន​នៅ​កម្ពុជា​ តាម​រយៈ​ការ​បញ្ចេញ​មតិ ឬ​សកម្មភាព​ការ​ពារ​សិទិ្ធ​មនុស្ស។ មនុស្ស​ទាំ​ង ៧១​នាក់ ត្រូវ​បាន​អាជ្ញាធរ​ចាត់​ថ្នាក់​ជា​ជនជាប់​ចោទ​នៃ​បទ​ល្មើស​ព្រហ្ម​ទណ្ឌ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ