ខណៈមានការរិះគន់ពីដំណើរមេដឹកនាំកម្ពុជាលោក ហ៊ុន សែន ទៅកាន់ក្រុងហូជីវិញ ក្នុងខួប៥០ឆ្នាំនៃឯកភាពទឹកដីរបស់វៀតណាម រួមទាំងវត្តមានកងយោធពលខេមរភូមិន្ទកម្ពុជាផងនោះ ក្រសួងការពារជាតិ អះអាងថា នេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាពតំបន់និងពិភពលោក។
យ៉ាងណា អ្នកឃ្លាំមើលបញ្ហាព្រំដែន ពីបក្សប្រឆាំងវិញ បានរំឭកថា ខួប៥០ឆ្នាំនៃឯកភាពទឹកដីរបស់វៀតណាមនេះ បានពីការជួយរបស់កម្ពុជានាសម័យសង្គមរាស្ត្រនិយម តែថា ប្រទេសជិតខាងមួយនេះ បែរជាងាកមកលេបត្របាក់ទឹកដីកម្ពុជាទៅវិញ។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានលើកឡើងលើហ្វេសប៊ុកលោកនៅថ្ងៃទី៣០ខែមេសានេះថា ដើម្បីចូលរួមអបអរសាទរពិធីខួបលើកទី៥០ឆ្នាំ នៃថ្ងៃរំដោះភាគខាងត្បូងវៀតណាម ឯកភាពទឹកដីនៃសាធារណរដ្នសង្គមនិយមវៀតណាម (៣០មេសាឆ្នាំ១៩៧៥-៣០មេសាឆ្នាំ២០២៥) ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្នាននៃកងយោធពលខេមរភូមិន្ទ បានបញ្ជូនកងទ័ពចូលរួមក្នុងពិធីដង្ហែក្បូនព្យូហយាត្រាថ្នាក់ជាតិដ៏មហិមារនៅទីក្រុងហូជីមិញ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ក្រសួងការពារជាតិប្រទេសវៀតណាម។
លោកគូសបញ្ជាក់ថា ការចូលរួមព្រឹត្តិការណ៍នេះ ជាកិត្តិយសដ៍ធំធេងរបស់ប្រជាជនកម្ពុជា ព្រមទាំងបញ្ជាក់អំពីចំណងទំនាក់ទំនងរវាងកម្ពុជា-វៀតណាម សហប្រតិបត្តិការគ្រប់ជ្រង់ជ្រោយ ស្អិតរមួតយូរអង្វែង និងរួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សាសន្តិភាព ស្ថេរភាពក្នុងតំបន់ និងទូទាំងពិភពលោក។
លើសពីនេះ កាលពីថ្ងៃទី២៩ ខែមេសា លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅទីក្រុងហូជីមិញ ដើម្បីចូលរួមខួបទី៥០ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាមនេះដែរ។
ដំណើរទៅលើកនេះ លោក ហ៊ុន សែន ដែលវៀតណាមលើកបន្តុបឱ្យកាន់អំណាច អំឡុងឆ្នាំ១៩៧៩មកនោះ ក៏មានគម្រោងជួបដាច់ដោយឡែក ជាមួយមេដឹកនាំកំពូលៗ របស់វៀតណាមមួយចំនួនផងដែរ។
ដោយឡែក តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានបង្ហាញការចាប់អារម្មណ៍ផ្សេងពីនេះ ជុំវិញខួប៥០ឆ្នាំនៃថ្ងៃរំដោះភាគខាងត្បូងប្រទេសវៀតណាមនេះ។
លោកថា សមិទ្ធផលប្រវត្តិសាស្ត្ររបស់វៀតណាម កាលពី៥០ឆ្នាំមុននោះ មួយផ្នែកធំបានពីកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច នរោត្តម សីហនុ ដែលវៀតណាមត្រូវដឹងគុណកម្ពុជា និងត្រូវធ្វើរូបសំណាកផ្សេងៗ ទុកជាប្រវត្តិសាស្ត្រ សម្រាប់ការដឹងគុណពលរដ្ឋខ្មែរ។
សម្រាប់ លោក អ៊ុំ សំអាន កម្ពុជាតាមរយៈសម្តេច នរោត្តម សីហនុ បានឱ្យទ័ពយៀកកុងបោះទីតាំងលើទឹកដីខ្មែរ ដើម្បីច្បាំងជាមួយអាមេរិកាំង និងវៀតណាមខាងត្បូង ហើយបានអនុញ្ញាតឱ្យវៀតណាមខាងជើងប្រើប្រាស់ផ្លូវហូជីមិញ(ផ្លូវក្នុងទឹកដីប្រទេសកម្ពុជា)។
លើសពីនេះ វៀតណាមបានដឹកសព្វាវុធពីប្រទេសចិនទៅឱ្យទ័ពយៀកកុង ដោយឆ្លងកាត់កំពង់ផែនៅកំពង់សោម។ ហេតុនេះ ខួបទី៥០ នៃការបង្រួបបង្រួមជាតិវៀតណាមនេះ វៀតណាមត្រូវតែដឹងគុណកម្ពុជា និងត្រូវធ្វើស្តូបដឹងគុណខ្មែរគ្រប់ខេត្តនៅវៀតណាម ដូចដែលវៀតណាមតម្រូវឱ្យកម្ពុជាធ្វើស្តូបយួនគ្រប់២៥រាជធានីខេត្តដើម្បីដឹងគុណវៀតណាម។
លើសពីនេះ វៀតណាម ត្រូវឈប់រំលោភយកទឹកដីកម្ពុជា នៅតាមជាយដែន និងត្រូវទទួលយកជនជាតិវៀតណាមរាប់សែននាក់ ដែលកំពុងរស់នៅកម្ពុជាត្រឡប់ទៅវិញ។
ក្រៅពីនេះ លោកថា កន្លងមក វៀតណាមតែងតែរំឭកឱ្យកម្ពុជាដឹងគុណខ្លួនតាមរយៈថ្ងៃ៧មករា ហើយតម្រូវឱ្យកម្ពុជាកាត់ទឹកដីឱ្យវៀតណាម តាមរយៈសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលយកតាមសន្ធិសញ្ញាព្រំដែនខុសច្បាប់ឆ្នាំ១៩៨៥ សម័យវៀតណាមត្រួតត្រាកម្ពុជា៕