បទវិភាគ៖ អាថ៌កំបាំង​នៅ​ពីក្រោយ​ការ​ឈ្នះ​ក្តី​លើ​ក្រុម​សំឡេង​ជំទាស់?

អស់​រយៈ​ពេល​ជាច្រើនឆ្នាំ​ម​ក​នេះ​ គេ​តែង​តែ​ប្រទះ​ឃើញ​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​ថ្កោល​ទោស លើ​វិធាន​ការប្រើ​ប្រព័ន្ធ​តុលាការ​យាយី​សំឡេង​ជំទាស់ ដែល​រាប់​ចាប់​តាំង​ពី​តវ៉ា​ដីធ្លី សកម្មជ​ន​ព្រៃ​ឈើ អ្នក​និយាយ​បញ្ហាព្រំដែន រហូត​មេដឹក​នាំ​កំពូលៗ របស់​គណបក្ស​សង្គ្រោះ​ជាតិ។

បញ្ហាចម្បងមួយ​ដែល​អាច​ជា​មូល​ហេតុ​នោះ​ គឺ​កម្លាំង​ស្នូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​គេ​ដាក់បង្កប់​នៅក្នុង​វិស័យ​យុត្តិធម៌​ចាប់​ពី​ចៅ​ក្រម ព្រះ​រាជ​អាជ្ញា រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ រហូត​ដល់​ប្រធាន​តុលាការកំពូល គឺ​លោក ជីវ កេង នៅ​ក្នុង​អាណត្តិរ​ដ្ឋាភិបាល​ថ្មី​នេះ។

ក្រៅពីនេះ ក៏​គេ​ប្រទះឃើញផងដែរ ក្បាល​ម៉ាស៊ីន​ដឹកនាំ​ក្រសួង​ការ​ពារ​ជាតិ មាន​កូន​​លោក ទៀ បាញ់ និងនៅ​ក្រសួង​​មហា​ផ្ទៃ​មាន​កូន​ លោក ស ខេង និង​លោក នេត សាវឿន ជា​ដើម ដែល​ពួក​គេ​ទាំង​អស់​នោះ ​សុទ្ធ​​សឹង​​​ជាជ​ន​បង្គោល​បស់គ​ណបក្ស​កាន់​អំណាច។

នេះពិនិត្យទៅលើបញ្ជីរាយនាមសមាជិក សមាជិកា​គណៈ​កម្មាធិការ​កណ្តាល គណបក្ស​ប្រជា​ជន​កម្ពុជា ដែល​​​មានសមាជិក​សរុប​ចំនួ​ន​៨៣៦​រូប ដែល​ក្នុង​នោះ​មាន​សមាភាព ទាំង​ចៅក្រម ព្រះរាជ​អាជ្ញា ប្រធានតុលាការ​កំពូល គឺលោក ជីវ កេង មេប៉ូលីស មេទានហា​ន និង​រដ្ឋមន្ត្រីក្រសួង​​យុត្តិធម៌ ដែល លោក ហ៊ុន សែន ជា​ប្រធាន។

ទាំង​អស់នេះ ជាសំណួរចោទសួរថា បើមានការចោទប្រកាន់​ទៅ​លើ​ក្រុម​សំឡេង​ជំទាស់ ឬ​គណបក្ស​ប្រឆាំង ដែល​ជា​តួអង្គ​ប្រកួត​អំណាច​ជាមួយ លោក ហ៊ុន សែន តើ​ចៅក្រម​កាត់​ក្តី​ឱ្យ​ភាគី​ណា​ឈ្នះ?។

សំ​ណួ​រនេះ ទំនងជាបងប្អូនអាចឆ្លើយបានដោយ​ខ្លួន​ឯង ថា​តើ​ប្រព័ន្ធ​តុលាការ​ជាស្ថាប័ន​ឯករាជ្យ ដូច​មានចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ ឬ​ជា​ចារកម្ម​បង្កប់​របស់​គណបក្ស​កាន់​អំណាច បម្រើ​ផល​ប្រយោជន៍​បុគ្គល យក​រដ្ឋ​ធម្មនុញ្ញ​ធ្វើ​ជា​ឧបករណ៍? ។

ផ្តើមចេញពីការវិភាគ ចាប់តាំងពី​​អតីត​នាយក​រដ្ឋមន្ត្រី លោក ​ហ៊ុន សែន បាន​​​ប្រើ​​ប្រព័ន្ធ​តុលាការ​​បើក​យុទ្ធនា​​ការ​​រំលាយ​គណបក្ស​​សង្គ្រោះ​ជាតិ ​និ​ង​​ចាប់​ឃុំខ្លួន​​ប្រធាន​គណបក្ស​ ​លោក ​កឹម សុខា ដែល​​​ជា​គូ​ប្រជែង​​នយោ​បាយ​​របស់​​ខ្លួន ​កាលពី​ចុង​ឆ្នាំ​២០១៧មក បាន​ធ្វើឱ្យប្រព័ន្ធ​ត្រួត​ពិនិត្យ​អំណាច​​តាម​បែប​​ប្រជាធិប​តេយ្យ​​ ត្រូវ​បាន​បំផ្លាញ​ ធ្វើ​ឱ្យ​លោក ​ហ៊ុន សែន ​អាច​​ជិះ​​សេះលែង​​ដៃ​ និង​​បន្ត​​ប្រើ​តុលាការ​ឱ្យចាប់​ឃុំ ប្រើក្រុមជើង​កាង​ឱ្យ​តាម​វ៉ៃ​ដំ​ ទៅលើ​សកម្ម​ជន​នយោបាយ​ប្រឆាំង ​និង​សកម្ម​ជន​សង្គមតាម​អំពើចិត្ត។

លើសពីនេះ​ លោក ​ហ៊ុន សែន ​និង​​ក្រុមបក្ខពួក បានបើក​ដៃ​ឱ្យ​មាន​ការ​​បំផ្លាញ​ធន​​ធាន​​ធម្ម​ជាតិ​​ឥត​ឈប់ឈរ ដូច​​ជា ចាក់ដីលុបទន្លេ ស្ទឹងបឹង​បួរ​​ កាប់​បំផ្លាញព្រៃឈើ ជីក​​យករ៉ែ និង​​បង្កើត​ក្រុម​ឧកញ៉ា​ឱ្យ​ដើរបោក​ប្រាស់​ប្រ​ជាពលរដ្ឋ​ ថែមទាំង​បើកឱ្យក្រុមឧក្រិដ្ឋជនជន​ជាតិ​ចិន​ចូល​មក​បើក​បនល្បែង​គ្រប់​ប្រភេទ​ ផលិតជួញ​ដូរគ្រឿ​ងញៀន និង​ចាប់ជម្រិត​តាម​​ប្រព័ន្ធ​អន​ឡាញ​​​ជាដើម​ ធ្វើឱ្យកម្ពុជា​​មានកេរ្តិ៍​ឈ្មោះ​​ស្អុយ​​អាសោច​​​នៅលើ​ពិភពលោក​។

ជាមួយគ្នា​នេះ ​ទិដ្ឋភាពនៃយុត្តិធម៌​សង្គម​ ត្រូវបានគេមើលឃើញថា បាន​​ធ្លាក់​ចុះ​យ៉ា​ងខ្លាំង​​​ខណៈ​​គ្រប់​រឿងក្តី​​​របស់​អ្នក​នយោបាយ​ និង​​សកម្មជន​​គណបក្ស​​ប្រឆាំង រួម​​ទាំង​​សកម្ម​ជន​សង្គម​ដែល​ហ៊ាន​បញ្ចេញមតិ​និ​យា​យ​​ការពិត ​រិះ​គន់​​​ពី​ភាព​អសកម្ម​នៅក្នុង​សង្គម​ តែង​តែត្រូ​វ​​បា​ន​​តុលាការ​​សម្រេច​​ផ្តន្ទាទោស​​ឱ្យ​ជាប់​ពន្ធនា​គារ​​យ៉ា​​ងធ្ងន់​ធ្ងរ និង​ពិន័យ​​ជាប្រាក់​យ៉ាង​ច្រើន​​រហូត​ដល់​ រាប់​លាន​ដុល្លារ បើទោះ​បីជា​សកម្មជនទាំងនោះជាជនក្រីក្ររក​មួយ​ថ្ងៃ​ដើម្បី​តែរស់មួយ​ថ្ងៃក៏​ដោយ​។

 រឿងក្តៅ​ដែល​កំពុង​ផ្ទុះការ​ចាប់​អារម្មរណ៍​ខ្លាំង ​នាពេល​ចុង​ក្រោយ​នេះ ​គឺ​ករណី​ការ​​ចេញដី​កា​​ដ៏​ភ្ញាក់​ផ្អើ​ល​កា​​ល​​​ពីថ្ងៃ​ទី​២៧ ​ខែមេសា ​ឆ្នាំ​២០២៥​ ​របស់​ចៅក្រម​ យី សុខ​វួច​ នៃ​សាលា​ដំបូង​រាជធានីភ្នំពេញ​ ដែល​​សម្រេច​ល​ក់​ដោយ​បង្ខំ​ផ្ទះទំហ៊ុំ​៤ម៉ែត្រ​គុណ​១៦ម៉ែត្រ​​របស់​​អ្នក​នយោ​បាយ​​ប្រឆាំង​​ គឺ​លោកគ្រូ រ៉ុង​ ឈុន ​ក្រោម​​ហេតុផល​ដើម្បី​​យកប្រាក់​ចំនួន​​១០ម៉ឺន​ដុល្លារ​ បង់​​សងជំងឺចិត្តទៅឲ្យគណៈ​កម្មា​ធិការ​​​កិច្ចការព្រំដែនដែល​ជាដើ​មបណ្តឹង។ ​

លោក ​រ៉ុង ឈុន ដែល​ត្រូវបាន​មជ្ឈដ្ឋាន​មួយ​ចំនួន​ប្រសិទ្ធនាម​ថា «ជានិមិត្តរូប​នៃ​យុត្តិធម៌​និង​ការ​តស៊ូ​ដើម្បី​សេរី​ភាព» ​​ធ្លាប់​បាន​ជាប់​ឃុំ​​ក្នុង​ពន្ធនាគារ​​ចំនួន​២​លើក​​ និង​ត្រូវ​​​ចាប់​​ឃុំ​​ខ្លួន​​រយៈ​ពេល​ខ្លី​​១លើក​​ ​ទាក់​ទង​នឹងការ​​បញ្ចេញ​មតិ​​ពីបញ្ហា​​ព្រំ​ដែន ​​​​បន្ទាប់​ពីលោក​បាន​ចុះទៅ​មើល​​ព្រំដែនកម្ពុជា វៀតណាម​ដោយផ្ទាល់។

 ការ​សម្រេច​លក់​​ផ្ទះ ​លោក ​រ៉ុង ឈុន ​ដោយ​​បង្ខំ​​​នេះ ធ្វើឡើង​បន្ទាប់​ពី​សាលា​ដំបូង​រាជ​ធានីភ្នំ​ពេញ កាលពី​ថ្ងៃទី​​១១ ​ខែកុម្ភៈ ​ឆ្នាំ​២០២៥​​ បានជូន​ដំណឹង​​​​ទៅ លោក រ៉ុង ឈុន និង​សកម្ម​ជន​នយោ​បាយ​២​នាក់​ទៀត ឱ្យ​​បង់​​ប្រាក់​​ចំនួន​ ៤០០​លាន​រៀល​ ប្រមាណ​​​ជា១០​ម៉ឺន​ដុល្លារ ទៅ​ឱ្យ​​គណៈ​កម្មាធិការ​កិច្ចការ​ព្រំដែន​ ពាក់​ព័ន្ធ​​នឹង​សំណុំ​រឿង​ដែល​រូប​លោក ​និងសកម្ម​ជន​នយោ​បាយ​ទាំង​២រូបនោះ ​បានទៅ​មើល​​ព្រំ​ដែន​កម្ពុជា ​វៀតណាម​ នៅ​​​ខេត្ត​ត្បូង​ឃ្មុំ កាល​ពី​អំឡុង​ឆ្នាំ​២០២១។

ក្នុង​អំឡុង​ពេល​នោះ លោក ​រ៉ុង ឈុន ​បាន​បញ្ចេញ​មតិ​ដោយ​យោង​​ទៅ​តាម​សម្តី​​របស់​​ប្រជា​ពលរដ្ឋ​​ថា ការ​បោះ​បង្គោល​ព្រំដែន​នៅ​ខេត្ត​ត្បូងឃ្មុំ បាន​ធ្វើឱ្យ​បាត់​បង់​ដីស្រែដីចម្ការ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​​ជាច្រើនហិកតា​ទៅ​វៀតណាម។

ទាក់​ទង​នឹង​បញ្ហា​ទឹកដីខ្មែរ​​នៅ​តាម​ព្រំដែន​នេះ ​វីអូឌី ​ធ្លាប់​បាន​ជួប​​សម្ភាសន៍​ផ្ទាល់​​ជាមួយ​​ប្រជា​ពលរដ្ឋ​​នៅ​តាម​ព្រំដែន​​ក្នុង​ឃុំដូង ​ស្រុករមាសហែក ​ខេត្ត​ស្វាយ​រៀង និង​ប្រជាពលរដ្ឋ​នៅ​ស្រុកពញាក្រែក ​ខេត្ត​​ត្បូង​ឃ្មុំ ពួ​ក​គាត់​បាន​និយាយ​ថា ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម ​បាន​ធ្វើឱ្យបាត់​បង់​ដីស្រែដីចម្ការ​របស់​​ប្រ​ជា​​ពលរដ្ឋខ្មែររាប់​សិបហិកតាទៅ​វៀត​ណាម​ មិន​មែនដូច លោក ​ហ៊ុន សែន​ លើកឡើងថា ការ​​បោះ​​បង្គោល​ព្រំ​ដែន​​មិនឱ្យ​បាត់ដី​សូម្បី​១​​ចំអាម​ ឬ១មីល្លីម៉ែត្រ​​​នោះ​ទេ​។

 ហេតុអ្វីក៏ការនិយាយពីបញ្ហា​ព្រំដែន ដែល​ជាបញ្ហាជាតិ​​បែរ​​ជា​ត្រូវតុលាការ​កាត់​ឱ្យជាប់​ទោស?

សម្រាប់​អ្នកជាតិ​និយមខ្មែរ វៀតណាម​គឺ​ជាចោរប្រវត្តិសាស្ត្រ ដែល​​តែ​ង​​តែ​ប្រើ​គ្រប់​​មធ្យោ​បាយ​​រំលោភ​​បំ​ពាន​​​ឈ្លា​ន​ពាន​​ទឹក​ដីខ្មែ​រ​ឥត​ឈប់​ឈរ​តជំនាន់​មក​​ហើយ ថែម​ទាំង​នៅ​តែ​​ចិញ្ចឹមចិត្ត​ចង់​​ត្រួតត្រាប្រទេស​កម្ពុជា ​ដូ​ច​​ប្រទេស​ឡាវ​​ផង​ដែរ​​ តាម​រយៈ​ដំណើរ​ឆ្ពោះ​មក​ទិស​ខាង​លិចនៃផែនការ​​របស់ លោក ហូ ជីមិញ បើ​​ទោះ​បីជាជាតិសាសន៍​ដែល​មាន​ដើមកំណើត​ ជាជនជាតិភាគតិច​នៅ​ប៉ែកខាងត្បូង​​ប្រទេសចិន​មួយ​នេះ បាន​​ច្បាមយកប្រទេស​ចំប៉ា និង​​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ដែល​​មាន​​២១​ខេត្ត​ក្រុង​​រួច​មក​ហើយ​ក៏​​ដោយ។ ហេតុដូច្នេះ​ហើយ​ទើប​អ្នក​ជាតិ​និយមខ្មែរ​ តែង​​​តែ​បញ្ចេញប្រ​តិកម្ម​ខ្លាំងៗ​ ចំពោះ​​ហេតុ​ការណ៍​​ដែល​​ពាក់​ព័ន្ធ​នឹង​វៀត​​ណាម។

ចំពោះករណី លោក ​រ៉ុង ឈុន ​វិញ ប្រសិន​​​បើ​ការ​​លើក​ឡើង​​​របស់​​គាត់ ដែល​សំអាង​​ទៅ​លើ​សម្តី​របស់​ប្រជាពលរដ្ឋ​​ទាក់​ទង​នឹង​បញ្ហា​ការ​បាត់​បង់ទឹកដីនៅ​តាម​ព្រំ​ដែន ​វា​ប្រាសចាក​ពីការ​ពិត ​​រដ្ឋាភិបាល​​ជាពិសេស​គណៈ​​កម្មាការ​ព្រំដែន ​ត្រូវ​បង្ហាញ​ការ​ពិត​ពន្យល់​ប្រាប់​ លោក ​រ៉ុង ឈុន ​និ​ង​​ប្រជា​ពលរដ្ឋ​ ថា​​តើ​​មិន​​ពិត​​ត្រង់​ចំណុច​ណា?​ មាន​​​អ្វី​​​ជា​សំអាង? មិន​​មែន​​ត្រូវ​​ប្តឹង​​ចាប់​​ដាក់​​គុក​ ហើយ​​​ទាម​​ទារ​​ប្រាក់​សំណង​ច្រើន​សន្ធឹក​សន្ធាប់​​​រហូត​ដល់​១០ម៉ឺន​ដុល្លារ​បែប​នេះនោះទេ ពីព្រោះ​បើ​​យោង​តាម​រដ្ឋធម្មនុញ្ញមាត្រា​៥១ ​​ចែង​ថា ប្រជាពលរដ្ឋ​​ខ្មែរ​​ជាម្ចាស់វាសនា​នៃប្រទេស​ជាតិ​របស់​ខ្លួន។ អំណាច​ទាំង​អស់ ​ជារបស់​ប្រជាពលរដ្ឋ។ ចំ​ណែកមា​ត្រា​​​​៣៥ ​ចែង​ថា សេចក្តីស្នើ​ទាំង​ឡាយ​របស់​ប្រជាពលរដ្ឋ ​ត្រូវ​បាន​​ទទួល​ការ​​ពិនិត្យ​ និង​​ដោះ​ស្រាយ​​យ៉ាង​​ហ្ម​ត់​ច​​ត់​ពីអង្គការ​រដ្ឋ។

ប៉ុន្តែ​ករណី លោក ​រ៉ុង ឈុន មិន​ត្រឹម​តែ​មិន​បាន​ទទួលការ​ពិនិត្យ និង​ដោះស្រាយ​ ​ពីអង្គការ​រដ្ឋ​ដោយ​ហ្មត់​ចត់​​ប៉ុណ្ណោះ​​​ទេ ថែម​ទាំង​អង្គការ​រដ្ឋ​បាន​ប្តឹង​ឱ្យចាប់​ដាក់​គុក​ និង​ទាម​ទារ​សំណង​រហូត​​ដល់​​ទៅ​១០ម៉ឺន​ដុល្លារ​​ថែមទៀត​ ហើយ​តុលាការ​ក៏​បាន​សម្រេច​​ទៅ​តាម​សំណើរ​របស់​ដើម​បណ្តឹងទៅ​វិញ ដែល​ការ​សម្រេចនេះហាក់​ប្រាស​ចាក​ទាំង​ស្រុង ​ពីស្មារតី​នៃរដ្ឋធម្មនុញ្ញ​ដែល​ជាច្បាប់​កំពូល​របស់​ជាតិ។​

ការ​សម្រេច​ផ្តន្ទា​ទោស​យ៉ាងធ្ងន់ធ្ងរ​ហួសហេតុ​របស់​តុលាការ ​ទៅ​លើអ្នក​ដែល​ហ៊ាន​ចេញ​មុខ​​​និយាយ​​ពី​​ការ​ឈ្លាន​ពាន​​ទឹក​ដី​ពីសំណាក់​វៀតណាម​​ដូច​​ជា លោក ​រ៉ុង ឈុន ​នេះ​គឺ​ជាកា​រ​​​វ៉ៃបំ​បាក់​ស្មារតី​ខ្មែរ​​ស្នេហា​ជាតិ​ ​ដែ​​ល​​​ហ៊ាននិយាយ​ពីបញ្ហា​ដែលជាអាយុជីវិត​របស់​​ជាតិ ​ជាពិសេស​បញ្ហា​ការ​បាត់បង់ទឹកដី​ទៅ​ប្រទេស​វៀតណាម។

បន្ថែមពីនេះ ​​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ ទៅលើ​​​អ្នក​នយោបាយ​ដែល​មានភាព​សកម្ម​ពី​បញ្ហា​ព្រំដែននេះ ធ្វើឱ្យ​មានការ​ចោទសួរ​ថា តើ​ជាការ​ធ្វើ​ឡើង​ដើម្បី​បំពេញ​ចិត្ត​វៀតណាម​ឬយ៉ាងណា​ ខណៈ​តែង​តែ​មានការ​លើកឡើង​​ថា គណបក្ស​ប្រជាជនកម្ពុជា​ ក្រោម​ការ​ដឹក​នាំ​ដោយគ្រួសារ​ហ៊ុន គឺ​ជា​អា​យ៉ង​របស់​វៀតណាម​ ធ្វើការ​បម្រើផល​ប្រយោជន៍​វៀតណាម។

សម្រាប់​គណបក្ស​កម្លាំង​ជាតិ ​​បាន​ចាត់ទុក​ចំណាត់ការតាម​​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​​តុលា​ការ​​​ម្តង​​ហើយ​ម្តង​​ទៀត​​មក​លើ លោក ​រ៉ុង ឈុន ​​នេះ​ថា​​ ជារឿង​នយោ​បាយ​ ជាការ​ដាក់​សម្ពាធ​ដើម្បីរំខាន​ដល់​ការ​បំពេញ​កិច្ច​ការងារ​នយោ​បាយ ​ស្របតាម​រដ្ឋធម្ម​នុញ្ញ​នៃព្រះ​រាជាណាចក្រ​កម្ពុជា​ និង​បាន​អំពាវនាវ​ដល់​រដ្ឋា​ភិបាល​ និង​តុលាការ​ឱ្យ​ទម្លាក់​ចោល​​រាល់​បទ​ចោទ​ប្រកាន់​ និង​​សំណង​លើ លោក ​រ៉ុង ឈុន​ ដើម្បីឱ្យ​លោក​មាន​សេរីភាព​ ​និង​លទ្ធភាព​បំពេញ​កាតព្វ​កិច្ច​ជូន​ជាតិ​មាតុភូមិ និង​ដើម្បី​ធានា​នូវ​បរិយាកាសនយោបាយ​ឱ្យ​បាន​កាន់​តែប្រសើរ ​មុន​ការ​ចាប់ផ្តើម​ការ​បោះ​ឆ្នោត​​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ឆ្នាំ​​២០២៧​ និង​​ការ​​បោះ​ឆ្នោត​ជ្រើស​​តាំង​តំណាង​​រាស្ត្រ​​ឆ្នាំ​​២០២៨។ នេះ​បើយោងតាម​​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ប្រឆាំងមួយនេះ ​ចុះ​ថ្ងៃទី​១២ ​ខែកុម្ភៈ ​​ឆ្នាំ​​២០២៥។

សូម​បញ្ជាក់ថា មិន​មែន​មាន​តែលោក ​រ៉ុង ឈុន ម្នាក់​​ប៉ុណ្ណោះ​​ទេ ដែល​​រង​​នូ​វ​ភាព​​អយុត្តិ​ធម៌​​​ពី​​ប្រព័ន្ធ​តុលាការ​​កម្ពុជា បច្ចុប្បន្ន​​មាន​«​អ្ន​ក​ជាប់​​ឃុំ​​​ដោយ​ប្រើសិ​ទ្ធិ​​​»​ ឬហៅ​ថា អ្នក​ទោស​​មនសិការ​យ៉ាង​​ហោច​ណាស់​​ជាង​ ​៧០​នាក់ ​កំពុង​​បន្ត​ជាប់​​ឃុំ​ ក្នុង​​នោះ មាន​​អ្នក​​នយោ​បាយ​​ប្រឆាំង​ និង​​សកម្ម​ជន​​សង្គម​ ដែល​មាន​​មតិ​មិន​ស្របនឹង​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន។ នេះ​បើ​តាម​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកា​ដូ។

អ្នកទោសមនសិការដែលកំពុងជាប់ឃុំទាំងអយុត្តិធម៌ទាំងនោះ ក៏មានលោក កឹម សុខា ប្រធាន​​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែលត្រូ​វ​បាន​រំលាយ ត្រូវ​បាន​ផ្តន្ទាទោ​ស​ឱ្យជា​ប់​ឃុំ​​​នៅ​ក្នុង​​ផ្ទះ​​២៧ឆ្នាំ លោក ថាច់ សេដ្ឋា​អនុប្រធានគណបក្ស​ភ្លើងទៀន ផ្តន្ទាទោសឱ្យ​ជាប់​ពន្ធនាគារ៣ឆ្នាំ លោក​ ស៊ុន ចន្ធី ប្រធាន​គណបក្ស​កម្លាំងជាតិ​​ត្រូវ​បាន​ផ្តន្ទា​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ២ឆ្នាំ កញ្ញា​ សេង ធារី ជា​សកម្មជននយោបាយកាន់​សញ្ជាតិ​អាមេរិកាំង ​​ត្រូវ​ផ្តន្ទា​ទោសឱ្យជាប់ពន្ធនា​គារ​៦ឆ្នាំ លោក​ ​កើត សារ៉ាយ ប្រធាន​សមាគ​ម​​សម្ព័ន្ធ​និស្សិត​បញ្ញ​វ​ន្ត​​ខ្មែរ​ត្រូវ​​ផ្តន្ទា​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​៤ឆ្នាំ និង​​លោក ​ស្រ៊ុន ស្រ៊ន សកម្មជនកិច្ច​​ព្រម​ព្រៀង​​សន្តិ​ភាព​​​ទីក្រុង​​ប៉ារិស​​​ជាដើម។ល។ ​ពួកគាត់​ត្រូវបាន​ចោទប្រកាន់ពីបទក្បត់ជាតិ​​ ​រួមគំនិត​ក្បត់ ​និង​បទ​ញុះ​​ញង់​​ជាដើម​។

 វិលទៅ​សំណួរ​ខាងដើម ថាតើហេតុអ្វីអ្នកនយោបាយ​ប្រឆាំង និងសកម្មជនដែល​ឈឺឆ្អាល​រឿង​ជាតិ​​តែង​តែចាញ់ក្តីនៅតុលាការ ?

ត្រង់ចំនុចនេះ បងប្អូនក៏អាចឆ្លើយបានដោយខ្លួនឯង​បាន​ដែរ ដោយ​ពិនិត្យ​លើ​ស្មារតី​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា ​ចែង​ថា ប្រទេសកម្ពុជា​ អនុវត្តនយោបាយ​​ប្រជាធិប​តេយ្យ​​​សេរី​ពហុ​បក្ស​ អំណាច​​ចែក​ដាច់​ពី​គ្នា រវាង​អំណាច​​នីតិ​បញ្ញត្តិ​(ព្រឹទ្ធសភា រដ្ឋសភា)​ អំណាច​​នីតិ​ប្រតិ​បត្តិ​​​(រដ្ឋាភិបាល) និង​​សាលា​​ជម្រះ​ក្តី​(តុលាការ​) និង​ពិនិត្យ​ទៅ​លើ​ទង្វើដែ​ល​ក្រសួង​ពាក់​ព័ន្ធ​បាន​អនុវ​ត្ត​ច្រើន​ឆ្នាំ​ទៅ​នេះ។

ចម្លើយមួយក្នុងចម្លើយច្រើនទៀត ដែលអ្នកតាមដាន​មើល​ឃើញ គឺ​​មិន​​មាន​​ការ​​បែង​​ចែក​​អំណាច​ដាច់ពី​គ្នា​ទេ​ ពីព្រោះ​​ចាប់​តាំង​ពីមានការ​រំលាយ​គណបក្ស​សង្រោះ​ជាតិ​​កាលពីឆ្នាំ​២០១៧មក ​គេ​ឃើញ​អតីតនា​យ​ករដ្ឋមន្ត្រីលោក ​ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ និង​ជា​ប្រធានគណបក្ស​ប្រជា​ជន​កម្ពុជា​ បាន​ត្រួតត្រានិង​បញ្ជា​ទៅលើ​គ្រប់​ស្ថាប័ន​រដ្ឋទាំង​អស់ ទាំង​រដ្ឋ​សភា​ ព្រឹទ្ធ​សភា​ និង​តុលាការ​។

លើសពីនេះ អ្នក​តាម​ដាន​នយោ​បាយ​មួយ​ចំនួន​ បាន​ផ្តល់​តំណែងក្រៅ​ផ្លូវការ​​ដល់​ ​លោក ​ហ៊ុន សែន ​ថា​ជាប្រធាន​​តុលាការ​​គ្រប់​​ជាន់​​ថ្នាក់​ ​ដោយ​​សារ​​តែ​គេ​​តែង​តែ​ឃើញ​តុលាការ​ ចេញ​សេចក្តី​សម្រេច​ក្នុងសំណុំ​​រឿង​ក្តី​​នយោ​បាយ​ទៅ​តាម​តែអ្វីដែល ​លោក​ ហ៊ុន សែន​ ចង់​បាន​ ខណៈ​​អ្នក​​ដែល​​កាន់​​កិច្ចការ​ងារ​តុលាការ​គ្រប់​ជាន់ថ្នាក់​ ចាប់​តាំង​ពី​ចៅក្រម​ព្រះរាជ​អាជ្ញា​ រហូត​ដល់​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ គឺសុទ្ធ​តែសមាជិកគណបក្ស​កាត់​អំណាច ​ដែលស្ថិ​ត​នៅក្រោម​ការ​បញ្ជា​របស់ ​លោក ​ហ៊ុន សែន​។

ឧទាហរណ៍​ជាក់​ស្តែង ​សំណុំ​រឿង​គណបក្ស​សង្គ្រោះ​ជាតិ ​​ត្រូវ​បាន​សម្រេច​​រំលាយ​​ដោយ ​លោក ​ឌិត មន្ទីរ ​ដែល​​​ជាសមាជិក​គណៈកម្មាធិការអចិន្ត្រៃយ៍​គណបក្ស​ប្រជាជនកម្ពុជា​ជាដើម។

ផ្អែកលើ​តថ​ភាព​ដូចដែល​​បាន​លើកឡើងខាងលើ​នេះ ស្មេរ​សូម​​ទាញ​សេចក្តី​សន្និ​ដ្ឋាន​​ថា គ្រប់​សំណុំ​រឿងក្តីនយោបាយ​របស់​អ្នកនយោបាយ​ប្រឆាំង គឺ​គ្មាន​ឱកាស​ឈ្នះ​​​ក្តី ឬ​ទទួល​​បាន​​​យុត្តិ​ធម៌​នោះ​ទេ ​​ពីព្រោះចៅ​ក្រម​ ​ព្រះរាជ​អាជ្ញា ដែល​​ជា​សមាជិក​​គណ​បក្ស​​កាន់​អំណាច ​ប្រាកដណាស់ គេមិន​អាច​ធ្វើការ​សម្រេចសេចក្តី​​ឱ្យអ្នកនយោបាយ​​ប្រឆាំង​ ដែល​ជាគូ​ប្រជែង​របស់​ខ្លួន​​ឈ្នះក្តី​ ដើម្បី​មាន​សិទ្ធិ​ធ្វើនយោបាយ​ពេញ​លេញ ធ្វើឱ្យ​ប៉ះពាល់​ដល់​ទៅ​ដល់​អំណាច និងផលប្រយោជន៍​របស់​គេ និង​បក្ខពួកគេ​នោះទេ។

ជ្រុងមួយនៃបញ្ហានេះ គម្រោងយុត្តិធម៌ពិភពលោក World Justice Project ឆ្នាំ២០២៤​ បាន​ចាត់​ចំណាត់​ថ្នាក់​​ប្រព័ន្ធ​យុត្តិធម៌​​​កម្ពុជា បន្តស្ថិត​នៅ​ជិតបាត​តារាង​ ពោលគឺលេខ​​ទី​១៤១ ក្នុង​ចំ​ណោម​១៤២​​ប្រទេស ​គឺ​កម្ពុជា​នៅ​លើ​តែ​ប្រទេសវេណេស៊ុយអេឡាមួយ​តែប៉ុណ្ណោះ​។

ការសិក្សានានា រកឃើញថា ប្រទេស​ដែលមានក្បាលម៉ាស៊ីន​ដឹក​នាំ​ដែល​យក​ប្រព័ន្ធ​តុលាការ និង​ប្រព័ន្ធ​សភា ធ្វើជា​ឧបករ​ណ៍​នោះ ពលរដ្ឋ​នឹង​ក្លាយ​ជា​ជន​រង​គ្រោះ ហើយ​ទីបំផុត​មេដឹកនាំ​ផ្តាច់​ការ​បែប​នេះ គេចមិន​ផុត​​ពីកម្លាំង​មហាជន​កាត់​ទោស ដូច​មេដឹក​នាំ​ផ្តាច់​ការ​មួយ​ចំនួន​លើ​ពិភព​លោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ