ពលរដ្ឋថាសារ«អំណាចហ៊ុន តត្រកូល ខ្មែរថ្ងូរត​ជំនាន់​ »លើ​ក្រដាស​ប្រាក់​ឃើញ​នៅ​ខេត្ត​កំពង់​ចាម

ពលរដ្ឋនៅខេត្តកំពង់ចាមមួយចំនួន បាន​អះអាង​មក​ថា ពួក​គេ​បាន​ប្រទះ​ឃើញ​ក្រដាស​ប្រាក់​ប្រភេទ៥០០០​រៀល មាន​សរ​សេរ​អក្សរ​ថា «អំណាច​ហ៊ុន តត្រកូល ខ្មែរ​ថ្ងូរត​ជំនាន់» ខណៈ​ចរន្ត​ដូច​គ្នា​នេះ គេប្រទះ​ឃើញ​មាន​ការ​ធ្វើ​យុទ្ធនា​​ការ​លើ​បណ្តាញ​សង្គម ក្នុង​ន័យ​ប្រឆាំង​នឹង​អំណាច​គ្រួសារ​ហ៊ុន​ដូច​គ្នា។

បញ្ហានេះ ត្រូវបានអ្នកឃ្លាំមើលយល់ថា សញ្ញា​នេះ អាច​ជា​ប្រតិកម្ម​ឆ្លើយ​តប​របស់​ជន​រង​គ្រោះ ដែល​រដ្ឋាភិបាល​ត្រូវ​កែ​លម្អ​ប្រព័ន្ធ​យុត្តិធម៌ ដើម្បី​ធានា​យុត្តិ​ធម៌​ជន​រ​ង​គ្រោះ ដែល​បាន​បន្សល់​ទុក​យូរ​ឆ្នាំ ទើប​អាចរំលត់​កំហឹង​មហាជន​បាន។

ពលរដ្ឋនៅខេត្តកំពង់ចាម សុំមិន​ឱ្យបញ្ចេញ​អត្ត​សញ្ញាណ បាន​ឱ្យ​VOD​ដឹង​នៅ​ថ្ងៃទី​១ ខែ​ឧសភា​នេះ​ថា ពួក​គេ​ប្រទះ​ឃើញ​ក្រដាស់​ប្រាក់​ប្រភេទ​៥០០​០រៀ​ល សរសេរ​អក្សរ​ថា​«អំណាច​ហ៊ុន​ តត្រកូល ខ្មែរ​ថ្ងូរតជំនាន់» ចរាចរ​លើ​ទីផ្សារ​ក្នុង​ខេត្តកំពង់​ចាម។

ប្រហាក់ប្រហែលនេះ​ដែរ ហ្វេសប៊ុក​ឈ្មោះ «ដើម្បី​យុត្តិធម៌» ក៏​បាន​បន្ត​ផ្សព្វ​ផ្សាយ​ក្រដាស​ប្រាក់​៥០០រៀល​និង​១០០០​រៀល និង​រំលេច​សារ​សំឡេង​ដូច​គ្នា​នឹង​សារ​លើ​ក្រដាស​ប្រាក់​នេះ។

សារសំឡេង «…អំណាច​ហ៊ុនតត្រកូល ខ្មែរថ្ងូរតជំនាន់អំណាច​ហ៊ុនតត្រកូល ខ្មែរថ្ងូរតជំនាន់»។

ដូចគ្នានេះដែរ លោក អ៊ុំ សំអាន តំណារាស្រ្តបក្សប្រឆាំង ក៏​បាន​បង្ហោះ​សារ​លើ​ហ្វេស​ប៊ុក​របស់លោក​នៅ​ថ្ងៃទី​១ខែ​ឧសភា​នេះ ពី​សារ​ដែល​គេស​រសេរ​លើ​ក្រដាស​ប្រាក់​ ប្រឆាំងនឹ​ង​អំណាចគ្រួសារ​ហ៊ុន​នេះ​ដែរ ។

លោកលើកឡើង​ថា គេប្រទះ​ឃើញ​ក្រដាស់​ប្រាក់​រៀល​ជា​ច្រើន​សន្លឹក ដែល​សរ​សេរ​អក្សរ «អំណាច​ហ៊ុន​តត្រកូល ខ្មែរ​ថ្ងូរតជំនាន់» បាន​ចែក​ចាយ​ទៅ​តាម​ខេត្ត​មួយ​ចំនួន និង​តាម​ឃុំ​ស្រុកមួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ។

លោកថា យុទ្ធនាការប្រឆាំងអំណាច​ផ្តាច់ការតពូជ​ត្រកូល​ហ៊ុន​នេះ ប្រហែល​ជា​គ្មាន​ការ​រៀប​ចំដោយ​ក្រុម​ណាមួយ​នោះ​ទេ វា​អាច​កើត​ឡើង ដោយ​ការ​ឈឺចាប់ និង​ការ​រឹតត្បិត​សិទ្ធិ​សេរី​ភាពបញ្ចេញ​មតិ​ពលរដ្ឋ។

សម្រាប់ លោក អ៊ុំ សំអាន ថា ក្រដាសប្រាក់រៀល​ខ្លះ ក៏​មាន​សរ​សេរ​អក្សរ​«ដោះលែង​អ្នក​ទោសមន​សិកា ស្តារ​ប្រជាធិប​តេយ្យ គោរព​សិទ្ធិ​មនុស្ស និង​ទាម​ទារ​ឱ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅ​កម្ពុជា។

លោកបន្តថា ក្រដាស់​ប្រាក់​រៀល​ខ្លះ​ទៀត ​ក៏​មាន​សរសេរ​អក្សរ «ត្រូវ​រឹប​អូស​ផ្ទះ​និង​ទ្រព្យ​សម្បត្តិរបស់​ឧកញ៉ា​បោក​ប្រាស់ មក​សង​លុយ​ពលរដ្ឋ​វិញ» «សង​ដី​និង​ផ្ទះ​ខ្ញុំ​មក» «បង្រ្កាប​បទ​ល្មើសបង្ខាំង​មនុស្ស​ឱ្យ​ឆបោក​តាម​អន​ឡាញ» «តែង​តាំង​ក្រុម​គ្រួសារ​របស់​អ្នក​ធំ​គ្រប់​ក្រសួង​ស្ថាប័ន» «បក្ស​ពួក​និយម គ្រួសារ​និយម ពុក​រលួយ​ដុះ​ស្លែ» «ផលិត​ផល​កសិកម្ម​ថោក គ្មាន​ទីផ្សារ» «បំផ្លិច​បំផ្លាញ​ធន​ធាន​ធម្មជាតិ​និង​ព្រៃ​ឈើ» «ទឹក​ដី​ខាង​ក៏​បាត់ ខាង​កើត​ក៏​បង់» «សៀម​យក​កោះគុត ប្រាសាទ​តាមាន់​តូច ប្រាសាទ​តាមាន់​ធំ ប្រាសាទ​តាក្របី ឯ​យួន​យក​កោះ​ត្រល់​និង​ទឹក​ដីតាម​ព្រំដែន» «តុលាការ​តេឡេ តុលាការ​ពុក​រលួយ» «ពលករ​ខ្មែរ​ចំណាក​ស្រុក​គ្រប់​ប្រទេស»។

ប៉ុន្មានថ្ងៃមុននេះ ពលរដ្ឋមួយចំនួននៅក្នុងរាជធានីភ្នំពេញ បាន​ប្រាប់​VOD​ថា ពួក​គេ​ប្រទះឃើញ​ក្រដាស​ប្រាក់​ប្រភេទ​១០០០​រៀល​មាន​សរសេរ​សារ​បែប​នេះ​ដែរ។

លោក អ៊ុំ សំអាន ក៏ធ្លាប់អះអាងដែរ​ថា យុទ្ធនាការ​ចែក​ក្រដាស​ប្រាក់​ដែល​មាន​សារ​ថា អំណាចហ៊ុន តត្រកូល ខ្មែរ​ថ្ងូរតជំនាន់​នេះ នឹង​ចែក​ចាយ​ទូទាំងប្រទេស​ដោយ​ឥត​គិត​ថ្លៃ នូវ​អ្វី​ដែល​លោក​ថា ដើម្បី​ជំរុញ​ឱ្យ​បន្ទាត់​នយោបាយ​គ្រួសារ​ហ៊ុន វិល​ទៅ​ស្តារ​ប្រជាធិប​តេយ្យ ធានា​ការគោរព​សិទ្ធិ​មនុស្ស ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ។

ជុំវិញបញ្ហានេះ សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ប្រាប់​VOD​នៅ​ថ្ងៃ​ទី១ ខែឧសភា​នេះ​ថា ការ​ធ្វើ​យុទ្ធនាកា​រ​ណាមួ​យ​ដោយ​អហិង្សា ជា​សិទ្ធិ​បញ្ចេញ​មតិ នៅ​ពេល​ពួកគេច​ង់​បង្ហាញ​ពី​ទុក្ខ​លំបាក​របស់​ពួក​គេ ឱ្យ​រដ្ឋាភិបាល​ពិចារណា​ដោះ​ស្រាយ ។

លោក​ថា ជាច្បាប់ធម្មជាតិកាលណាមានអំពើជិះ​ជាន់ កេង​ប្រវ័ញ្ញ ធ្វើ​ទុក្ខ​បុក​ម្នេញ ឬ​ចាប់​ចងពលរដ្ឋ​តាម​ទំនើង​ចិត្ត បង្ក​ភាព​អយុត្តិធម៌​សង្គម​កាន់​តែ​ច្រើន នោះ​យុទ្ធនា​ការ​នានា ដើម្បីទាម​ទារ​យុត្តិ​ធម៌ នោះ​តែង​តែ​កើត​មាន​ក្នុង​សង្គម​នោះ។

សម្រាប់លោក ច័ន្ទរ័ត្ន​ ដើម្បីកុំឱ្យមានចរន្តនៃយុទ្ធនាការ​ទាំង​នោះ កើត​មាន​ឡើង​កាន់​តែ​ធំ មេដឹក​នាំ​ត្រូវ​បន្ទន់​ឥរិយា​បទ កែ​ប្រែ​ការ​ដឹកនាំ​របស់​ខ្លួន បញ្ឈប់​ការ​ធ្វើ​បាប​ឬ​ជិះ​ជាន់​ទៅ​លើពលរដ្ឋ​ខ្លួន។

លោកថា៖ «ធម្មតាទេ កាលណាអ្នកដែលពិបាក​រស់នៅ​ក្នុង​សង្គម​នោះ មា​ន​ការ​ប៉ះ​ទង្គិច​ច្រើន​គឺ​កខ្វក់​យុត្តិធម៌​ឬ​ក៏​រង​នូវភាព​ក្រីក្រ​ហ្នឹង​ពេក ហើយ​គម្លាត​នៃ​អ្នក​មាន​អ្នក​ក្រ​នោះ​វា​ធំ​ពេក​អាច​នឹង​បង្ក​ឲ្យ​មាន​ហានិភ័យ វិបត្តិ​សង្គម​ហ្នឹង គឺ​ចៀស​មិនរួច​ទេ​នៅ​ក្នុង​សង្គម​ណា​ក៏​ដោយ ប៉ុន្តែ​ខ្ញុំ​រំពឹង​ថា​វា​មិន​មាន​លក្ខណៈ​បែប​ហ្នឹង​ទៅ​ចុះ»។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះ​អាង​ថា រដ្ឋាភិបាល​​ដឹក​នាំ​ដោយ​​បក្ស​ប្រជាជន​កម្ពុជា គ្មាន​ញញើត ឬ​ព្រួយ​បារម្ភ​ពី​យុទ្ធនាកា​រ​ចែក​ចាយ​ក្រដាសប្រាក់​រៀល​នេះ​ទេ។

លោកបន្តថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​បក្ស​ប្រជាជន នឹង​មិន​ធ្វើ​តាម​ការ​ទាម​ទារ​របស់​គណបក្សប្រឆាំង​ទេ។

លោកថា៖ «អត់មានកែប្រែអីទេ គឺថាកែប្រែបាន លុះត្រា​តែអស់​លោក​កុំ​ប្រព្រឹត្ត​ល្មើស​ច្បាប់​តែ​ប៉ុណ្ណឹង​ទេ បើ​នៅ​តែប្រព្រឹត្ត​ល្មើស​ច្បាប់​នៅ​តែ​ចាប់ នៅ​តែ​ដាក់​គុក​អីចឹង ហើយ​កុំ​ស្រែក​អំពាវ​នាវ ​កុំ​បោះ​ប្រាក់​អី​តាម​ក្រដាស ហើយ​យក​ក្រដាស​១លាន​១សែន​ក្រដាស​មក​សរ​សេរ​លើ​ហ្នឹង​ ក៏វា​អត់​ប្រយោជន៍​ដែរ បើអ​ស់​លោក​នៅ​តែ​ធ្វើ​សកម្មភាព​បំពាន​ច្បាប់នោះ»។

យ៉ាងនេះ​ក្តី​ ក្រោមការដឹកនាំរបស់គ្រួសារហ៊ុន ដែល​​បា​ន​វាយ​បំបែក​កញ្ចក់​​សង្គម រួម​​ទាំង​​វិធាន​រំលាយ​​គណបក្សស​ង្គ្រោះ​​ជាតិ​​ចេញ​​​ពី​ឆាក​​នយោបាយ​ជិត​​១០​ឆ្នាំទៅ​នេះ ធ្វើ​​ឱ្យ​គេ​មើល​ឃើញ​ថា កម្ពុជា​​បា​ន​​ក្លាយ​​ជា​ជម្រក​​ពួកឧក្រិដ្ឋ​​ជន​​​ចាប់​​ជំរិត បង្ខាំង​​មនុស្ស ឆបោក និង​​គ្រឿង​​ញៀន​​ជាដើម ។

បរិបទនេះ បានបន្សល់ទុកជនរងគ្រោះច្រើន​លាន​នាក់ មិនត្រូវបាន​​ការពារដោយ​ប្រព័ន្ធ​​ច្បាប់ រួម​ទំាង​ជន​រង​គ្រោះ​ចាញ់បោក​ក្រុម​ឧកញ៉ា ដូចជា អតីត​​ឧកញ៉ា ហ៊ី គឹម​ហុង ឡេង ចាន់ណា និង​​ឧកញ៉ា ឡេង ណាវ៉ាត្រា ជាដើម ដែល​យុត្តិធម៌ជនរងគ្រោះត្រូ​វ​បាន​កប់​ចោល​ច្រើន​ឆ្នាំ​ទៅនេះ ធ្វើឱ្យ​ជ​ន​រង​គ្រោះខ្លះ​ស្លាប់​ជាប​ន្ត​បន្ទាប់  ដោយ​សារ​វិបត្តិ​បំណុល  គ្មាន​លុយ​ព្យាបាល​ជំងឺ។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា និយាយ​ថា សង្គម​មួយ​ដែល​បន្សល់​ទុក​នូវ​ជន​រង​គ្រោះ​កាន់​តែ​ច្រើន វា​ប្រាដក​ជាមា​ន​ចរន្ត​ងើប​តវ៉ា តាម​ទម្រង់​ផ្សេងៗ ដើម្បី​ទាម​ទារ​យុត្តិធម៌ ។

លើសពី​នេះ ប្រទេស​ខ្លះ ភាព​ឈឺចាប់​របស់​ប្រជា​ពលរដ្ឋ ដែល​ជា​ជន​រង​គ្រោះ​ពី​អំពើ​អយុត្តិ​ធម៌ ឈាន​ទៅ​បណ្តេញ​មេដឹកនាំ​ចេញ​ពី​អំណាច​ទំាង​បង្ខំ​ក៏​មាន។

យ៉ាងណា សម្រាប់ លោក នី សុខា ចង់​ឃើញ​មេដឹកនាំ​កម្ពុជា គួរ​ពិនិត្យ​ឡើង​វិ​ញ​នូវ​ភាពអវិជ្ជ​មាន​របស់​​ខ្លួន ហើយ​ផ្សះ​ផ្សា​ជាតិ ស្តារ​សិទ្ធិ​មនុស្ស ប្រជាធិប​តេយ្យ ដើម្បី​ធានា​នូវ​សុខ​សន្តិ​ភាពពិត​ប្រាកដ​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំង​មូល ។

លោកថា៖ «សេរីភាពបញ្ចេញមតិ គឺជាមូលដ្ឋាន​គ្រឹះ​នៅ​ក្នុង​សង្គម​ប្រជា​ធិប​តេយ្យហ្នឹង ហើយ​គឺ​ជា​គ្រឹះ​មាន​ន័យ​ថា ជាគ្រឹះ​ហ្នឹង​មាន​ន័យ​សំខាន់​ណាស់ បើ​សិន​ជា​គ្មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ទេ យើង​មិន​អាច​និយាយ​ពី​ប្រជា​ធិប​តេយ្យ​បាន​ទេ ពីព្រោះថា​សេរីភាព​បញ្ចេញ​មតិ​នេះ​ គឺ​ជា​សេរីភាព​មួយ​ដែល​ជា​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ដែល​ជា​មូល​ដ្ឋាន​​របស់ប្រជា​ពលរដ្ឋ​ក្នុង​ការ​សម្តែង​នូ​វឆន្ទៈ សម្តែង​នូវ​មនោស​ញ្ចេត​នា​ សម្ដែង​ការ​យល់​ឃើញ​ដើម្បី​ជា​មធ្យោ​បាយ​ ដើម្បី​ផ្តល់​ទៅឲ្យ​រដ្ឋាភិបាល​បាន​ដឹង​អំពី​អ្វី​ដែល​ជា​សេច​ក្ដី​ត្រូវ​ការ​រប​ស់​ប្រជា​ពលរដ្ឋ អ៊ីចឹង​អាហ្នឹង​ជា​រឿង​សំខាន់​បំផុត»។

អង្គការតម្លាភាពអន្តរជាតិ បានចេញរបាយការណ៍​ថ្មីមួយ កាលពីថ្ងៃ​ទី១១ ខែកុម្ភៈ ឆ្នាំ​​២០២៥​នេះ ​រក​ឃើញ​ថា អំពើ​ពុក​​រលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​​ឆ្នាំ​២០២៤ មាន​ស្ថា​ន​ភាព​​អាក្រក់ជាង​​​​​ឆ្នាំ​មុន ដែល​​ទាម​​ទារឱ្យកម្ពុជា​ដោះស្រាយ​​​​បញ្ហា​​នេះ​​ជាប្រ​ព័ន្ធ និង​ទ្រង់​ទ្រាយ​ធំ។

ដោយឡែក គម្រោងយុត្តិធម៌ពិភពលោក World Justice Project ឆ្នាំ២០២៤​ បាន​​ចាត់​ចំណាត់​ថ្នាក់​​ប្រព័ន្ធ​យុត្តិធម៌​​​កម្ពុជា បន្តស្ថិតនៅ​ជិតបាតតារាង​ ពោលគឺលេខ​​ទី​១៤១ ក្នុង​ចំណោម១៤២​ប្រទេស ​គឺ​កម្ពុជា​នៅ​លើ​តែ​ប្រទេស​វេណេស៊ុយ​អេឡា​មួយ​តែប៉ុណ្ណោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ