ប្រាក់ឈ្នួលទាប​និង​ការ​យាយី​សហជីព​ជា​បញ្ហា​ចម្បង​នៅ​ឡើយ​ក្នុង​វិស័យ​កាត់​ដេរ

សង្គម​ស៊ីវិល សហជីព​ និង​​​កម្មករ​​ក្នុង​វិស័យ​កាត់​ដេរ សំណង់ សេវាកម្ម និង​សេដ្ឋ​កិច្ច​​​ក្រៅ​ប្រព័ន្ធ ស្នើ​​​​​រដ្ឋាភិ​​បាល និង​​​ភាគី​ពាក់​ព័ន្ធ​ កែ​លម្អ​លក្ខ​ខណ្ឌ​ការ​ងារ និង​អនុវត្ត​​សិទ្ធិ​​​ជាមូល​ដ្ឋាន​​ឱ្យ​​ល្អ​ប្រសើរ​ ព្រម​ទាំង​​​​​ផ្តល់​កិច្ច​គាំ​ពារ​​សង្គម និង​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​​គំរាម​កំហែង ការ​​រើស​អើង​​​សហជីព ​ដើម្បី​យុត្តិធម៌​សង្គម។​

ការស្នើនេះ បានធ្វើឡើងនៅក្នុងការ​​ប្រារព្ធទិវា​​ពលកម្ម​អន្តរ​ជាតិ​ខួប​លើកទី១៣៩ ក្រោម​​ប្រធាន​បទ​ «រួមគ្នា​បន្ត​អនុវត្តសេរីភាពមូលដ្ឋាន​ដើម្បីធានាយុត្តិធម៌​សង្គម» នៅសួន​ច្បារ CDC ក្នុងសង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជ​ធានីភ្នំពេញ ដែលមានការ​ចូលរួមពីសំណាក់​កម្មករ និង​​តំណាង​​​សហជីព និងសង្គម​ស៊ីវិលចំនួន ២២ស្ថាប័ន។​

អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា មាន​ប្រសាសន៍​​ក្នុង​ការ​ប្រារព្ធទិវានោះ​​ថា ទោះ​ជា​​វិស័យ​​វាយនភណ្ឌកាត់ដេរ ជាវិស័យ​​មួយដែលរដ្ឋាភិបាល​បាន​​យកចិត្ត​ទុក​​ដាក់​​ច្រើន​​​ជាង​​វិស័យ​​ផ្សេង​​ទៀត​ក៏ដោយ ប៉ុន្តែ​​សហជីព និង​កម្មករ​​ក្នុង​វិស័យ​កាត់​ដេរ នៅ​តែទ​ទួល​​រ​ង​​នូវបញ្ហា​ប្រឈម​​​ជាច្រើន។

អ្នកស្រីបន្តថា បញ្ហាទាំងនោះមាន​​ដូចជា កម្មករ​និយោជិត​នៅ​តែ​​​រង​ការ​គំរាម​កំហែង​ នៅពេល​​​ដែល​​ចង​ក្រង ឬ​​ចូល​រួមក្នុងការ​បង្កើត​សហជីព និង​​បញ្ហាប្រាក់ឈ្នួលនៅ​មានកម្រិត​ទាប​ ​​ដែលធ្វើកម្មករ​​មិន​អាច​​​​ដោះ​ស្រាយ​​ជីវភាព​ ​និង​​ធ្លាក់​ក្នុង​បំណុល​វណ្ឌក ស្រប​ពេល​ដែល​សេដ្ឋកិច្ច​កំពុង​ប្រឈម និង​គម្រោង​​ដំឡើង​​ពន្ធនាំ​ចូ​​ល​របស់​​សហរ​ដ្ឋ​អាមេរិក​ជាដើម ដែលធ្វើឱ្យ​ប៉ះពាល់ដល់ជីវភាពកម្មករ​។

អ្នកស្រីថ្លែងថា៖ «​ការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពួក​យើង ពេល​ដែល​យើង​ ​កម្មករនិយោជិតរបស់​​​យើង គាត់ចូលរួម​ចងក្រងនៅ​​​ក្នុងការ​បង្កើ​តសហជីព ត្រូវ​បាន​គេ​បញ្ឈប់ ត្រូវ​បាន​គេ​បណ្តេញ​ចេញ ​ត្រូវ​បាន​គេ​ប្រើ​ហិង្សា ត្រូវ​បានគេ​ចាប់ដាក់គុក ត្រូវបាន​គេ​ចាប់ខ្លួនអីហូរ​ហែរ ​ត្រូវ​បានគេបញ្ឈប់បណ្តេញ​​​ចេញ​អីហូរ​ហែរ​ រឿង​នេះ​កើត​ឡើង​តាំងពីដើម ដែល​ខ្ញុំអាចនិយាយ​​បាន​ថា ខ្ញុំចូល​ប្រឡូក​​ក្នុង​វិស័យនេះ​តាំង​​ពី​ឆ្នាំ​៩០ជាង ឆ្នាំ​១៩៩៣ រហូត​មកដល់​បច្ចុប្បន្ន គឺ​បញ្ហានេះ​នៅតែកើតមានដដែល»។

ក្រៅពីនោះ អ្នកស្រីថា យន្តការនៃការ​ដោះស្រាយ​ពេលមានការ​បណ្តេញចេញ ឬបញ្ឈប់កម្មនករ​និយោជិត​​ពី​ការ​ងារ ក៏មានភាពស្មុគស្មាញ និង​​យឺតយ៉ាវជាងមុន ហើយ​​ការប្រើ​ប្រាស់កិច្ច​សន្យា​ខ្លី​ពីសំណាក់​​​​​និ​យោជក ដែលកំពុង​មាន​យ៉ាងគគ្រឹកគគ្រែង​ជាងមុន​នោះ ក៏បង្កើត​ជាបញ្ហា​ប្រឈម​សម្រាប់​កម្មករ​ និងសហជីពផ​ងដែរ។

អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា មានប្រសាសន៍​ដែរ​ថា ការ​ប្រើប្រាស់​​កិច្ចសន្យា​ការងារដែលមានថេរវេលាខ្លី ពីសំណាក់និយោជក ជាការដាក់ឱ្យ​កម្មករនិយោជិក​ ជាពិសេស​ស្ត្រី ក្លាយជាទាសករ និង​មិន​ហ៊ាន​រើ​បំរាស់ទាមទារសិទ្ធិសេរីភាព​ និង​​តវ៉ា​​​នៅ​ពេល​​មាន​ការ​រំលោភ​សិទ្ធិ​ការងារ។

មួយវិញទៀត អ្នកស្រីក៏ជំរុញឱ្យរដ្ឋាភិបាល​ដក​ចេញនូវច្បាប់ស្តីពី​​សហជីព ដែល​មាន​ការ​​រឹ​ត​​​ត្បិត​​​សេរីភាព​ជាមូលដ្ឋានរបស់កម្មករ​និយោជិត និងសហជីពផងដែរ។

អ្នកស្រីថ្លែងថា៖ «​សុំឱ្យ​​រាជ​​រដ្ឋាភិបាល​សរសេរច្បាប់ សូមកុំបន្ថែមនូវអំណាចដល់អ្នកមានលុយ​ កុំបន្ថែម​ដល់ឥទ្ធិពល​អ្នកមានលុយទៀត យើងឃើញថា ច្បាប់ស្តីពីការងារ​គឺមានរសជាតិ​ល្អហើយ រសជាតិឱ្យកម្មករអាច​ចងក្រងសហជីព អាច​​បង្កើត​សហជីពបាន ចុះចង្រៃអីមកបង្កើត​ច្បាប់​សហជីព​ទៀត​ធ្វើអី ធ្វើឱ្យវិនាស​សិទ្ធិរបស់​កម្មករ​និយោជិត​ធ្វើអី​ អីចឹងសុំឱ្យ​ដកចេញ​នូវ​ឧបសគ្គទាំងឡាយណា ទាំងការ​ចុះបញ្ជី ទាំងកា​រ​បង្កើត​​​សហជីព ព្រោះ​​កម្មករមាន​សិទ្ធិតែមួយ​គត់​​ដែល​អាច​ជជែក​ជា​មួយ​ថៅកែបាន​​​ គឺសិទ្ធិ​បង្កើត​សហជីព ចឹង​សុំដកច្បាប់សហជីព​ដែលជាឧបសគ្គ​​ដ៏ធំ ស​ម្រាប់វណ្ណៈកម្មករ នៅក្នុងការ​ចងក្រង ជជែកវែក​ញែកលក្ខ​ខណ្ឌ​​​​ការ​ងារ​​ ប្រាក់ឈ្នួល សុខភាពសុវត្ថិភាពនៅកន្លែងធ្វើការ»។​

ចំណែកវិស័យសំណង់វិញ លោក សុខ គីន តំណាងសហព័ន្ធសហជីពកម្មករ​ សំណង់ និងព្រៃឈើ​កម្ពុជា មាន​ប្រសាសន៍ថា បើទោះជាកម្ពុជាមានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់នានា​យ៉ាងឆាប់រហ័ស ប៉ុន្តែ​​​លក្ខខណ្ឌ​ការ​ងារសម្រាប់​កម្មករ​​សំណង់ និង​កិច្ចគាំពារផ្នែកសង្គម ឬសុខភាព ព្រមទាំងការកំណត់ប្រាក់​​ឈ្នួល នៅមិនទាន់មានភាពល្អប្រសើរនៅឡើយ។

​​លោកថា៖ «ប្រាក់ឈ្នួល បើនិយាយពី​ស្ត្រី​​ ខ្ញុំគិតថា ​នៅមានការ​រើស​អើង​​ជា​ប្រព័ន្ធ​ មានការ​រើស​អើង មានការ​​បៀត​បៀន មាន​ការ​ប្រើ​​ប្រាស់​​អំ​ពើ​​ហិង្សា​ទៅលើស្ត្រីនៅក្នុង​វិស័យ​សំណង់ខ្លាំង​មែន​ទែន។ ប្រាក់ឈ្នួលធ្វើ​ការ​ងារ​ដូច​គ្នា តួនាទីដូចគ្នា បានផលិតផល​ប្រហាក់​ប្រហែល​គ្នា បុរស​បានមួយថ្ងៃ១៣ដុល្លារ ស្ត្រីបានតែ៧ដុល្លារទេ យើង​​មានការ​ឈឺចាប់ខ្លាំងមែន​ទែន អីចឹង​ហើយ បានជាយើងទាមទាររាជរដ្ឋាភិបាល កំណត់ប្រាក់​​ឈ្នួល​គោល​អប្បបរិមា សម្រាប់​កម្មករ​នៅក្នុងវិស័យ​សំណង់ ធ្វើម៉េចឱ្យគាត់ទទួលបាន​ប្រាក់ឈ្នួលដូច​​គ្នា នៅក្នុងកា​រងារ​ដូចគ្នា»។

សម្រាប់ផ្នែកសុខភាពនិងសុវត្ថិភាព​វិញ លោក សុខ គីន ឱ្យ​ដឹង​​​ថា ក្នុងចំណោម​កម្មករ​សំណង់ប្រមាណ ២៥​ម៉ឺននាក់ គឺមាន​តែកម្មករប្រមាណ ១០ភាគរយ​ប៉ុណ្ណោះ ដែលមានប័ណ្ណបសស (បេឡាជាតិ​របបសន្តិ​សុខ​សង្គម) ខណៈ​​​កម្មករ​សំណង់ដែល​ប្រើ​​កម្លាំងកាយក្នុងកា​របំពេញការ​​​ងារ​ ទាំងក្រោមកម្តៅថ្ងៃ ហើយនៅ​​ពេលមានគ្រោះថ្នាក់នៅកន្លែងការ​ងារ ឬមានបញ្ហាសុខភាពណាមួយ គឺពួកគាត់ត្រូវទទួលខុសត្រូវចំណាយ​​ខ្លួនឯង។

លោកថា៖ «ពេលដែល​គាត់មានគ្រោះថ្នាក់គាត់ចំណាយ​លុយខ្លួនឯង បសស អត់​Cover [អត់ចេញឱ្យ​] តើ​គាត់​មានលទ្ធភាពអី​សម្រាប់ទៅធ្វើការ​ងារ សម្រាប់ទៅព្យាបាលហ្នឹងឯង នេះ​អ្វីដែលយើងគួរតែរួមគ្នា​ដើម្បីលើក​កម្ពស់ ជំរុញ​​ឱ្យ​រាជរដ្ឋាភិបាល​កំណត់នូវ​បទដ្ឋាន​គតិយុត្ត ផ្តល់​ឱកាស​និង​ទទួល​ខុស​ត្រូវ​ពួកយើង​។ មួយទៀតគឺសុខភាពសុវត្ថិភាព ពួកយើងចង់បាន​ប្រកាស ឬក៏ច្បាប់ស្តីពីសុខភាពសុវត្ថិភាព​ ដើម្បីអនុវត្តលក្ខ​ខណ្ឌ​ការងារ ស្តង់ដា​សុខភាពសុវត្ថិ​ភាពសម្រាប់កម្មករ​សំណង់ ឡឥដ្ឋ និងផ្នែកស៊ីម៉ងដ៍សម្ភារៈសំណង់​នៅកម្ពុជា​ផង​ដែរ»។​

ក្រុមអង្គការ សមាគម​ សហជីព និងសហគមន៍ចំនួន៦២ ក៏បាន​ចេញសេចក្តីថ្លែងការណ៍រួម នៅថ្ងៃទី០១ ខែឧសភានេះដែរ ដោយ​លើកឡើ​ងថា កម្មករ​​និយោជិត ជាពិសេស កម្មការិនី​​​នៅ​តែ​​ប្រឈម​​បញ្ហា​​នៅ​​កន្លែង​ការ​​ងារ ដូចជា កិច្ច​​សន្យា​ការ​​ងារ​មាន​​ថេរ​វេលា​​ខ្លី សម្ពាធ​​​ការ​​ងារ​​ត្រូវ​បំពេញ​​តាម​​បរិមាណ​​ផលិត​​កម្ម លក្ខ​ខណ្ឌ​​ការ​ងារ​មិន​​សមរម្យ ការ​​ប្រឈម​​នឹង​បញ្ហា​សុខ​​ភាព​ ដោយ​​សារ​​ការ​​សាយ​​ភាយ​​នៃ​​សារធាតុ​​គី​មី​​នៅ​​រោង​ចក្រ កម្តៅ​ខ្លាំង អំពើ​ហិ​ង្សា​ទាក់​ទង​នឹង​យេន​ឌ័រ និង​ការ​បៀត​បៀន ការ​រើស​អើង​ពី​និយោ​ជក កង្វះ​ទារក​ដ្ឋាន​​​នៅ​កន្លែង​ការ​ងារ ព្រម​ទាំងការ​គំរាម​បញ្ឈប់​ពីការ​ងារ​ដោយ​ពុំ​ត្រឹម​ត្រូវជាដើម។

លើសពីនោះ ពួកគេ​ថា កម្មក​រ​និយោជិត និង​ថ្នាក់​ដឹក​នាំស​ហជីព​មួយ​ចំនួន នៅ​តែ​ប្រឈម​ឧបសគ្គ​ក្នុង​ការ​អនុវត្ត​​សិទ្ធិ​សេរី​ភាព​មូល​ដ្ឋាន​របស់​ខ្លួន ដូច​ជា សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ សេរីភាព​ក្នុង​ការ​បង្កើត​សហជីព និង​សិទ្ធិ​ក្នុង​ការ​ជួប​ប្រជុំ​ដោយ​សន្តិ​វិធី ទោះបី​ជា​សិទ្ធិ​សេរី​ភាពទាំង​នេះ ត្រូវ​បាន​ការ​ពារ​ដោយ​រដ្ឋ​ធម្ម​នុញ្ញ​​កម្ពុជា និង​កតិកា​សញ្ញា​អន្តរ​ជាតិ​ស្តី​ពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ក៏ដោយ។

សេចក្តីថ្លែងការណ៍រួម បញ្ជាក់ថា៖ «កម្មករ និ​ងថ្នា​ក់ដឹក​នាំ​សហជីព​រង​ការ​ចាប់​ខ្លួន និ​ង​ចោទប្រកាន់​ពី​បទ​ល្មើស​​ព្រហ្ម​ទណ្ឌ​ធ្ងន់​ធ្ងរ ឬ​ការ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ ដោយ​សារ​តែ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​មូល​ដ្ឋាន​ទាំង​នេះ និង​ភាព​សកម្ម​និយម​របស់​អ្នក​ទាំងនោះ​លើ​សិទិ្ធ​ការងារ»។

ដើម្បីនាំមក​នូវវិបុលភាព​សេដ្ឋកិច្ចរបស់ប្រទេសជាតិ និង​សុខុមាលភាព​របស់កម្មករនិយោជិត និង​ប្រជាពលរដ្ឋ​​កម្ពុជា អង្គការ​-សមាគម សហជីព និងសហគមន៍ទាំងនោះ បាន​សំណូម​ពរ​​​ឱ្យ​​រដ្ឋាភិបាលដោះស្រាយ​ ​ឬផ្តល់នូវតម្រូវការ​ជាអាទិភាព​ចំនួន ១៣ចំណុច ក្នុងនោះ ​ត្រូវ​​ស្តា​រ​ឡើង​​​វិញ​នូវ​លំហ​សេរីភា​ព​ជាមូល​​​ដ្ឋាន​របស់​ពលរដ្ឋ ជួប​ពិភាក្សា​ជាមួយ​​សមាគម​និយោជក និង​តំណាង​​ក្រុម​ហ៊ុន​អ្នក​បញ្ជា​ទិ​ញ​ធំៗ ដើម្បី​រក​វិធី​សាស្ត្រធា​នាស្ថិ​រភាព​ការ​ងារ​ជូន​កម្មករ និងការ​វិនិយោគ​នៅ​កម្ពុជា និង​សម្រប​សម្រួល​កិច្ចច​រចា​រវាង​កម្មករ សហជីព និង​និយោជក ឬ​ក្រុម​ហ៊ុន​ម៉ាក​យី​ហោ​ ក្នុង​ការ​ដោះ​ស្រាយ​ករណី​កេង​បន្លំ​ប្រាក់​ឈ្នួល និង​ការ​មិន​ផ្តល់​អត្ថប្រយោជន៍​​ផ្សេងៗ​តាម​ច្បាប់​ ​ក្នុង​អំឡុង​ពេល​នៃ​ការ​រាត​ត្បាត​ជំងឺ​កូវីដ-១៩។

ក្រៅពីនោះ ពួកគេ​ស្នើ​ឱ្យមានការ​សម្រួលនី​តិវិធី​ក្នុង​ការ​ចុះបញ្ជី​ការ​សហជីព​ឱ្យមាន​តម្លាភាព ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​សហជីព ទម្លាក់​ចោល​បទ​ព្រហ្ម​ទណ្ឌ​និង​បណ្តឹង​នានា​ប្រឆាំង​នឹងថ្នាក់​ដឹក​នាំ​សហជីព និង​សកម្ម​ជន​បរិស្ថាន​ វិនិយោគ​កញ្ចប់​ថវិកា​ជាតិ​បន្ថែម​ទៅ​លើ​ប្រព័ន្ធ​កិច្ចគាំ​ពារ​សង្គម និង​ពង្រីក​វិសាល​ភាព​គ្រប​ដណ្តប់​ឱ្យបា​ន​ពេញ​លេញ​ទៅ​ដល់​កម្មករ​នៅ​ក្នុង​វិស័យ​សំណង់ សេវាកម្ម សណ្ឋាគារ ចំណីអាហារ កសិកម្ម សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ រួម​ទាំង​យុវជន និស្សិត ព្រមទាំង​​ធ្វើ​កំណែ​ទម្រង់​រចនា​សម្ព័ន្ធ​ប្រាក់​ឈ្នួល និង​ពង្រីក​ការ​កំណត់​ប្រាក់​ឈ្នួលគោល​នៅ​ក្នុង​វិស័យ​ផ្សេង​ទៀតជាដើម។​

​​អ្នកនាំពាក្យក្រសួងការ​ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ លោក ហេង សុផាន់ណារិទ្ធ បានបដិសេធអត្ថាធិប្បាយ ដោយថា​ក្រសួងទើបតែទទួលបានញត្តិនៃការ​ស្នើ​របស់​សង្គមស៊ីវិល និង​សហជីពទាំងនោះ នៅព្រឹកមិញនេះ ដែលមិនទាន់អាចឆ្លើយតបភ្លាមៗបាន។

លោកថា៖ «ញត្តិ​នេះពួកខ្ញុំ​នឹង​យកទៅដោះស្រាយកម្រិតថ្នាក់ដឹកនាំ អីចឹងណា នៅពេលដែលពួកខ្ញុំប្រជុំគ្នារួចរាល់​មាន​លទ្ធផល​ អាហ្នឹង​ខ្ញុំអាចបំភ្លឺវិញបាន ព្រោះដោយសារព្រឹកមិញយើងទើបទទួលបានញត្តិ អត់ទាន់បានបញ្ជូនទៅថ្នាក់ដឹកនាំទេ»។

តែយ៉ាងណា លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ក៏បាន​ចេញសារលិខិត​អបអរទិវាពលកម្មអន្តរជាតិនេះផងដែរ ដោយ​​លើកឡើ​ងថា រដ្ឋាភិបាល​​នឹង​បន្ត​លើកកម្ពស់​លក្ខខណ្ឌ​ការងារ សិទ្ធិ​ការងារ សេរីភាព​អង្គការ​វិជ្ជាជីវៈ អត្ថប្រយោជន៍​​​នៃ​របបសន្តិសុខ​សង្គម អត្ថប្រយោជន៍​​​នានារបស់កម្មករ​និយោជិត និងពង្រឹង​យន្ត​ការ​​ដោះស្រាយវិវាទ​ការ​ងារ​ដែលធ្វើឱ្យ​ទំនាក់ទំនង​​វិជ្ជាជីវៈកាន់តែ​ល្អ​ប្រសើរ។

លោកបន្តថា រដ្ឋាភិបាល មិនត្រឹមតែមានគោលដៅ​ទាក់ទាញទុនវិនិយោគមក​អភិវឌ្ឍ​សេដ្ឋកិច្ច ​បង្កើត​សហគ្រាស និងការ​ងារ​ជូន​ប្រជាពលរដ្ឋ​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​មាន​មហិច្ឆតា​បង្កើត និង​ពង្រីក​ឱ្យ​មានលក្ខ​ខណ្ឌ​​​ការ​ងារ​​សមរម្យ និងជំរុញ​កំណើន​ប្រកប​ដោយ​ចីរភាព និងភាព​ធន់​រយៈពេល​យូរ​ ដើម្បីជាប្រយោជន៍​រួម​ដល់ប្រជាពលរដ្ឋ ជាពិសេស​កម្ម​ករ​និយោជិត​ផងដែរ។

បើតាមក្រុមអង្គការ​សង្គមស៊ីវិល និងសហជីព វិស័យ​ការងារ​នៅ​តែ​ជា​វិស័យ​ចម្បង​បំផុត​មួយរបស់​ប្រទេស​កម្ពុជា ដែល​ស្រូប​យក​កម្លាំង​ពលកម្ម​សរុប​ប្រមាណ ៩,២៣​លាន​នាក់ ក្នុង​នោះ ផ្នែក​វាយន​ភណ្ឌ កាត់ដេរ ផលិត​ស្បែក​ជើង និង​ផលិត​ផល​ធ្វើដំណើរ និង​កាបូប មាន​កម្មករ និយោជិត​បម្រើ​ការ​ងារ​សរុប​ជាង ៩សែននាក់ (៩២៥ ០០០​នាក់) ខណៈ​វិស័យ​សណ្ឋាគារ ទេសចរណ៍ និង​សេវា​កម្ម​ជាង ៦សែននាក់ (៦៣០ ០០០​នាក់) និងវិស័យសំណង់ប្រមាណជិត ៣សែន​នាក់។

ការ​ទទួល​បានកំណើន​ប្រាក់​ចំណូល​ខ្ពស់​របស់​ប្រទេស​កម្ពុជា គឺ​បាន​មក​ពី​ការ​ប្រឹង​ប្រែង​ធ្វើការ​ងារ​របស់​កម្មករ និយោជិត​ក្នុង​វិស័យ​ទាំង​នោះ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី កម្មករ​និយោជិ​ត​ទទួលបាន​ប្រាក់​ឈ្នួល​ទាប ហើយ​កម្មករ​ក្នុង​វិស័យ​ខ្លះ ដូច​ជា សំណង់ ទេស​ចរណ៍ សេវា​កម្ម និងសេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ជាដើម នៅ​តែ​ស្ថិត​ក្រៅ​ក្រប​ខណ្ឌ​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​កំណត់ដោយ​​រដ្ឋាភិ​បាល ដែល​នេះ​ធ្វើ​ឱ្យ​ពួក​គេ​ងាយ​ប្រឈម​នឹង​ការ​កេង​ប្រវ័ញ្ច។

ប្រភពដដែល បន្តថា វិស័យវាយ​នភណ្ឌ កាត់ដេរ ផលិត​ស្បែក​ជើង និងផលិតផលធ្វើដំណើរ និងកាបូប គឺជាវិស័យ​តែមួយគត់ដែលមានការកំណត់​ប្រាក់ឈ្នួល អប្បបរមា តែយ៉ាងណា​នេះក្តី ប្រាក់ឈ្នួលអប្បបរមា​ក្នុងវិស័យ​នេះ មាន​កម្រិត​ទាប​មិន​ឆ្លើយ​តប​ទៅ​នឹង​ការ​កើន​ឡើង យ៉ាង​​​ឆាប់​រហ័ស​នៃ​តម្លៃទំនិញ​នៅ​លើ​ទីផ្សារ​ឡើយ។

ក្នុងឆ្នាំ២០២៥ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកនេះ ត្រូវ​បាន​ដំឡើង​ត្រឹម​តែ ២០៨​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ដែលនៅមានគម្លាតខ្លាំងជាមួយនឹងរបាយការណ៍របស់សម្ព័ន្ធប្រាក់​​ឈ្នួលអាស៊ី ដែលបានបង្ហាញថា ប្រាក់ឈ្នួល សម្រាប់ជីវភាពសមរម្យនៅកម្ពុជា គឺប្រមាណ ៦៤៤.១២ ដុល្លារអាម៉េរិក ឬស្មើប្រមាណ ២.៦៤១.៨៩០. ៨៦ រៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ