ក្រោយពីរដ្ឋាភិបាល អះអាងថា កម្ពុជាមិនទាន់ទទួលស្គាល់ទីតាំងបង្គោលព្រំដែនលេខ៧៣ ដែលបន្សល់ទុកពីសម័យបារាំង ដោយថា មានគេលួចរំកិលចេញពីទីតាំងចាស់ រំលោភចូលដីខ្មែរនោះ ក្រុមអ្នកមានបទពិសោធន៍ខាងព្រំដែន ជំរុញឱ្យទប់ស្កាត់ ដើម្បីជាភស្តុតាងការពារកោះគុត ដែលថៃកំពុងគ្រប់គ្រង។
តំណងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ឱ្យVODដឹងបន្ថែមនៅថ្ងៃទី២ ខែឧសភានេះថា បង្គោលព្រំដែនសម័យបារាំងលេខ៧៣ ជាបង្គោលព្រំដែនចុងក្រោយគេបង្អស់នៅចាំយាម ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
លោកបន្តថា លោក ហ៊ុន ម៉ាណែត ធ្លាប់បាននិយាយថា បង្គោលព្រំដែនលេខ៧៣នេះ មិនទាន់ឯកភាពគ្នានៅឡើយទេ ដោយសារបង្គោលព្រំដែននេះ មិនស្ថិតនៅទីតាំងចាស់ គឺមានន័យថា បង្គោលព្រំដែននេះត្រូវបានថៃលួចរំកិលចូលដីខ្មែរ។
លោកគូសបញ្ជាក់ថា បង្គោលព្រំដែននេះមានសារៈសំខាន់ណាស់ ព្រោះបើតាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ និងផែនទីឧបសម្ព័នភ្ជាប់សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ បញ្ជាក់ថា ព្រំដែនសមុទ្រកម្ពុជា-សៀម គឺចេញពីបង្គោលព្រំដែនលេខ៧៣ ឆ្ពោះទៅចំណុចខ្ពស់បំផុតនៃកោះគុត។
ដូចនេះសម្រាប់ លោក អ៊ុំ សំអាន កាលណាបង្គោលលេខ៧៣ រំកិលចូលដីកម្ពុជា វាមិនគ្រាន់តែនាំឱ្យបាត់បង់ដីគោកកម្ពុជានោះទេ តែវាថែមទាំងនាំឱ្យបាត់បង់ដែនសមុទ្រខ្មែរមួយផ្នែក និងកោះគុតដែលជាកម្មសិទ្ធិខ្មែរមួយផ្នែកទៀត ដែលលោកជំរុញឱ្យរដ្ឋាភិបាលគ្រួសារហ៊ុនត្រូវទប់ស្កាត់បញ្ហានេះ ។
លោកថា៖ «បង្គោល៧៣នេះមានសារៈសំខាន់ ដែលកាលណាបង្គោល៧៣ហ្នឹងរំកិលចូលមកក្នុងដីរបស់ខ្មែរយើង វាទៅបាត់ដីរបស់ខ្មែរយើង ហើយវាទៅបាត់ដែនសមុទ្ររបស់យើងមួយចំនួន ហើយដែលបាត់ដែនដីរបស់យើងនៅលើកោះគុតមួយចំនួនទៀត ព្រោះបង្គោល៧៣ហ្នឹង បើតាមសន្ធិសញ្ញាបារាំងសៀមឆ្នាំ១៩០៧ និងផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំងសៀមឆ្នាំ១៩០៧ហ្នឹង គឺព្រំដែនសមុទ្រត្រូវចេញពីបង្គោលលេខ៧៣ ឆ្ពោះទៅចំណុចខ្ពស់បំផុតនៃកោះគុត ដូច្នេះកាលណាបង្គោលហ្នឹង ចូលមកដីខ្មែរយើងវាបាត់ទាំងដែនដីគោក វាបាត់ទាំងដែនសមុទ្រមួយចំនួនដែលបាត់ទាំងដីគោករបស់យើង នៅលើកោះគុតដែលជាកម្មសិទ្ធិរបស់កម្ពុជាផងដែរ»។
លើសពីនេះ លោកថា លោក ហ៊ុន ម៉ាណែត ត្រូវកំណត់យកបង្គោលព្រំដែនលេខ៧៣ នាសម័យបារាំងនេះ ទៅដាក់នៅទីតាំងដើមវិញ មុននឹងឯកភាគគ្នាកំណត់ព្រំដែនថ្មី ដើម្បីការពារកោះគុត។
លោកថា៖ «មានន័យថា បង្គោល៧៣ហ្នឹង ថៃបានរំកិលចូលមកដីខ្មែរយើង បានគាស់រម្លើងរួចហើយ រំកិលចូលមកដីខ្មែរ រំលោភយកដីខ្មែរយើង មានន័យថា មិននៅទីតាំងចាស់នោះទេ ថៃបានរំកិលបង្គោលព្រំដែនលេខ៧៣ហ្នឹង រំលោភចូលដីខ្មែរយើង។ មានន័យថា កាលណាបង្គោលហ្នឹងចូលមកក្នុងដីខ្មែរយើងមួយគីឡូ គឺបាត់ដីខ្មែរមួយគីឡូដីហើយ អាដែនសមុទ្រហ្នឹងត្រូវចូលមួយគីឡូទៀត ដល់ណាចំណុចៗនៅលើកោះគុតហ្នឹង វាចូលមកមួយគីឡូទៀត ចឹងវាបាត់ទាំងដែនសមុទ្រនិងដីនៅលើកោះគុត»។
VOD មិនអាចទាក់ទងរដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនលោក ឡាំ ជា ដើម្បីសុំការពន្យល់បន្ថែមជុំវិញបញ្ហាព្រំដែននេះបាននៅឡើយទេ ដោយលោកមិនលើកទូរស័ព្ទ។ ប៉ុន្តែកន្លងទៅ លោក ហ៊ុន ម៉ាណែត ធ្លាប់អះអាងថា កោះគុតមិនទាន់ក្លាយជារបស់ថៃទាំងស្រុងទេ។
ជាការកត់សម្គាល់ កោះគុតពេលនេះ ត្រូវបានភាគីថៃគ្រប់គ្រងទាំងស្រុង និងបានកសាងហេដ្ឋារចនាសម្ព័ន្ធ ជាសំណង់រឹងស្អេកស្កះនៅទីនោះ រួមទាំងមន្ទីរពេទ្យ និងតំបន់កម្សាន្តផ្សេងទៀត គ្មានការតវ៉ាពីរដ្ឋាភិបាលគ្រួសារហ៊ុនទេ។ ចំណែកកងម្លាំងការពារព្រំដែនកម្ពុជាវិញ ក៏មិនមានដាក់ឱ្យឈរជើងនៅទីនោះសូម្បីតែម្នាក់ ។
ជុំវិញបញ្ហានេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយថា បង្គោលព្រំដែនលេខ៧៣ជាសសរស្តម្ភ ដ៏រឹងមាំ សម្រាប់ទប់ទល់មហិច្ចតាថៃ ចង់លេចត្របាក់ដែនសមុទ្រខ្មែរ រួមទាំងកោះគុត។
លោកបារម្ភថា បើបង្គោលព្រំដែនលេខ៧៣នេះ ត្រូវបានគេលួចរំកិល នោះកម្ពុជាប្រឈមបាត់បង់ដែនសមុទ្រ រួមទាំងកោះគុត ព្រោះបង្គោលនេះជាមរតករបស់បារាំង ក្នុងការកំណត់ព្រំដែនសមុទ្រកម្ពុជា-ថៃ។
លោកពន្យល់ថា តាមផែនទីឧបសម្ព័ន្ធ ខ្សែព្រំដែនសមុទ្រ កំណត់ចេញពីបង្គោលលេខ៧៣នៃឆ្នេរ ឆ្ពោះត្រង់ទៅកាន់ចំណុចខ្ពស់បំផុតនៃកោះគុត ដែលចំណុចខ្ពស់បំផុត យ៉ាងហោចណាស់ពាក់កណ្តាលនៃកោះគុតជាកម្មសិទ្ធិរបស់កម្ពុជា។
លោកថា៖ «បង្គោលលេខ៧៣ហ្នឹង គឺជាចំណុចចុងបំផុតនៃការបោះបង្គោលព្រំដែនកម្ពុជាថៃ តាមសន្ធិសញ្ញា១៩០៤និង១៩០៧ ហើយបង្គោលហ្នឹងគឺជាគ្រូបង្គោលមូលដ្ឋានគ្រឹះ នៅក្នុងការវាស់កំណត់ព្រំដែនកម្ពុជា និងព្រំដែនគោក និងព្រំដែនសមុទ្រ ព្រោះអាបង្គោល៧៣ហ្នឹង គេបោះនៅតំបន់ចាំយាមខេត្តកោះកុង និងឲ្យកំណត់ខ្សែបន្ទាត់មួយ គឺឆ្ពោះទៅលើចំណុចកោះគុតដែលជាចំណុចកំពូលភ្នំខ្ពស់ជាងគេ ជាខ្សែបន្ទាត់មូលដ្ឋានសម្រាប់វាស់វែងដែនសមុទ្រកម្ពុជាថៃអាហ្នឹងហើយបានយើងហៅថាបង្គោល៧៣ហ្នឹងវាមានសារៈសំខាន់។ ម្យ៉ាងទៀត យើងដឹងស្រាប់ហើយដែនសមុទ្រកម្ពុជាហ្នឹង គឺវាមានទំហំ៣០០០០គីឡូម៉ែត្រក្រឡា មានន័យថា ៣០០០០០គីឡូម៉ែត្រក្រឡាជាប់ជាមួយថៃ ហើយបច្ចុប្បន្នហ្នឹងថៃទាមទារយកអា ២៦០០០ហ្នឹង ដាក់ជាតំបន់ត្រួតស៊ីគ្នា»។
បញ្ហាព្រំដែននាសម័យទំនើបនេះ វាបានកក្រើកឡើងវិញអំឡុងឆ្នាំ២០០៥ ដែលពេលនោះលោក ហ៊ុន សែន បានគំរាមរំលាយរបបរាជានិយមអាស្រ័យធម្មនុញ្ញចោល បើព្រះអង្គមិនព្រមឡាយព្រះហស្តលេខាលើសន្ធិសញ្ញាបំពេញបន្ថែម តាមការចង់បានរបស់មេដឹកនាំវៀតណាម ។
សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥នេះ ត្រូវអ្នកតាមមិនចំណុះឱ្យរដ្ឋាភិបាលគ្រួសារហ៊ុនថាធ្វើឱ្យកម្ពុជាបាត់បង់ទាំងដែនដីគោក ទាំងដែនសមុទ្រ រួមទាំងប្រជុំកោះក្រចកសេះ និងកោះត្រល់ ជាដើម ធ្លាក់ក្នុងដៃវៀតណាមគ្រប់គ្រងរហូតបច្ចុប្បន្ន ។
ដោយឡែក ភាគខាងលិចវិញ ថៃបានច្បាមយកកោះគុត ស្ថិតក្នុងខេត្តកោះកុង និងប្រាសាទតាមាន់តូច ស្ថិតក្នុងខេត្តឧត្តរមានជ័យ និងបន្តច្បាមយកប្រាសាទតាក្របី ប្រាសាទតាមាន់ធំ ដែលបច្ចុប្បន្នប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ ត្រូវបានដាក់ទ័ពគ្រប់គ្រងរួមគ្នា ។
ដែលការណ៍នេះ ក្លាយជាក្តីបារម្ភថា កម្ពុជានឹងបាត់បង់ប្រាសាទបុរាណខ្មែរទាំងពីរនេះទៀត ក្រោមដៃរដ្ឋាភិបាលគ្រួសារហ៊ុន បើនៅបន្តប្រើយន្តការចរចាទ្វេភាគី ជាមួយថៃ មិនព្រមប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីទប់ស្កាត់មហិច្ឆតាបរទេសឈ្លានពាននោះ។
មាត្រា៥៥ ចែងថា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់កម្ពុជា ត្រូវលុបចោល។
ចំណែក មាត្រា៥២នៃរដ្ឋធម្មនុញ្ញ ចែងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការឯកភាពជាតិ។
ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា ៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕