លោក សម រង្ស៊ី ចែក​រំលែក​សារ​«អំណាច​ហ៊ុន តត្រកូល ខ្មែរ​ថ្ងូរ​តជំនាន់»​លើ​ក្រ​ដាស​ប្រាក់​រៀល

អតីតមេដឹកនាំគណបក្សប្រឆាំង​ លោក​ សម រង្ស៊ី នៅ​ថ្ងៃ​សុក្រ​នេះ បាន​ចែក​រំលែក​សារ​នៅ​លើ​ក្រដាស​ប្រាក់​រៀល​ដែល​មាន​សរ​សេរ​សារ​រិះ​គន់​គ្រួសារ​ហ៊ុន ក្នុង​ន័យ​ថា ការ​បន្ត​ដឹក​នាំ​របស់​គ្រួសារ​នេះ និង​ធ្វើ​ឱ្យ​ខ្មែរ​រងគ្រោះ​តជំនាន់ ខណៈ​បទ​ឧក្រិដ្ឋ​ច្រើន​ទម្រង់​កំពុង​រីក​រាល​ស្ទើរពេញ​ផ្ទៃ​ប្រទេស។

លោក សម រង្ស៊ី បាន​និយាយ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​ នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា​នេះ​ថា គេ​ប្រទះ​ឃើញក្រដាស​ប្រាក់​រៀល​ជា​ច្រើន​សន្លឹក​ដែល​មាន​សរសេរ​អក្សរ «អំណាច​ហ៊ុន តត្រកូល ខ្មែរ​ថ្ងូរ​តជំនាន់» ត្រូវ​បាន​​ចែ​ក​ចាយ​ទៅ​តាម​បណ្តា​ខេត្ត ស្រុក និង​ឃុំ​មួយ​ចំនួន ក្នុង​ប្រទេស​កម្ពុជា។

លោកបន្តថា ក្រដាស់ប្រាក់រៀលខ្លះទៀត ក៏មានសរសេរ​អក្សរ «ត្រូវ​រឹប​អូស​ផ្ទះ​និង​ទ្រព្យ​សម្បត្តិ​របស់​ឧកញ៉ាបោ​​កប្រាស់​មក​សង​លុយ​ពលរដ្ឋ​វិញ» «សង​ដី​និង​ផ្ទះ​ខ្ញុំ​មក» «បង្រ្កាប​បទ​ល្មើស​បង្ខាំង​មនុស្ស​ឱ្យ​ឆបោ​ក​​តាម​អន​ឡាញ»  «តែង​តាំង​ក្រុម​គ្រួសារ​របស់​អ្នក​ធំ​គ្រប់​ក្រសួង ស្ថាប័ន» «បក្សពួ​ក​និយម គ្រួសារ​និយម ពុក​​​​រលួយ​ដុះ​ស្លែ» «ផលិត​ផល​កសិកម្ម​ថោក គ្មាន​ទីផ្សារ»។

លើសពីនេះ ក៏មានសារលើកឡើងពីការ «បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ​និង​ព្រៃឈើ ទឹក​ដី​ខាង​លិច​ក៏​បាត់ ខាង​កើត​ក៏​បង់ សៀម​យក​កោះ​គុត ប្រាសាទ​តាមាន់​តូច ប្រាសាទ​តាមាន់​ធំ ប្រាសាទ​តាក្របី ឯយួន​យកកោះ​ត្រល់​និង​ទឹក​ដី​តាម​ព្រំដែន តុលាការ​តេឡេ តុលាការ​ពុក​រលួយ ពលករ​ខ្មែរ​ចំណាក​ស្រុក​គ្រប់​ប្រទេស» ជាដើម។

សម្រាប់ លោក សម រង្ស៊ី យុទ្ធនាការនេះផុសចេញពីឆន្ទៈ​ពលរដ្ឋ​ខ្មែរ ដែល​រង​ភាព​អយុត្តិ​ធម៌ ក្រោម​ការ​ដឹ​ក​នាំ​របស់​ត្រកូល​ហ៊ុន ហើយ​ថា​យុទ្ធនាការ​នេះ​មិន​មែន​រៀប​ចំ​ឡើង​ដោយ​ក្រុម​បក្ស​ប្រឆាំង​ណា​មួយ​នោះ​ទេ។

លើសពីនេះ ក៏មានហ្វេសប៊ុកជាច្រើនទៀត បាន​បង្ហោះ​សារ​ដូច​គ្នា​នេះ ចែក​ចាយ​លើ​បណ្តាញ​សង្គម​ផងដែរ ដូច​ជា​ហ្វេស​ប៊ុក​ឈ្មោះ ខេមរា​ជាតិ និង​ហ្វេស​ប៊ុក​ឈ្មោះ ដើម្បី​យុត្តិធម៌​ជាដើម។

ហ្វេសប៊ុកទាំងនោះ បាន​បង្ហោះរូប​ភាព​ក្រដាស​ប្រាក់​រៀល​ ដូចជា​ ៥០០​រៀល ១០០​០​រៀល និង​៥០០០រៀល​ មាន​សរសេរ​សារ​ថា «អំណាច​ហ៊ុន តត្រកូល ខ្មែរ​ថ្ងូរ​តជំនាន់»​នេះ​ដូច​គ្នា។

ក្រៅពីបង្ហោះរូបភាពប្រាក់រៀលមានសរសេរសារ​នេះ ខេមរាជាតិ បាន​បញ្ចេញ​យោបល់ បែប​ខឹង​គ្រួសារហ៊ុន​ក្នុង​ន័យ​ដើម​ថា៖ «លុយ​ត្រកូល​ហ៊ុន​ចែក​ដល់​រាស្ត្រ ​ជាលុយ​ដែល​ជញ្ជក់​ឈាម ​ត្រកូល​ហ៊ុន​កាន់អំណាច ៤០ឆ្នាំ រាស្រ្ត​រង​ទឹក​ភ្នែក​រហូត»។

ជាការកត់សម្គាល់ ក្នុងសប្តាហ៍នេះ ប្រជាពលរដ្ឋមួយចំនួន នៅភ្នំពេញ និង​នៅ​ខេត្ត​កំពង់​ចាម បា​នអះ​អាងប្រាប់​VO​D​ថា ពួក​គេ​មាន​ការ​ភ្ញាក់​ផ្អើល​ពេល​ឃើញ​ក្រដាស់​ប្រាក់​រៀល​មាន​សរសេរសារ​​បែប​នេះ ដែល​​មិន​ធ្លាប់​មាន។

យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះ​អាង​ថា បក្ស​កាន់​អំណាច គ្មាន​ការព្រួយ​បារម្ភ​ពី​ការ​ធ្វើ​យុទ្ធនាការ​នេះ​ទេ ដោយ​សំអាង​ថា​ពលរដ្ឋ​ជាច្រើន​បាន​បោះ​ឆ្នោត​គាំ​ទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ច្រើន​អាណត្តិ​ទៅ​នេះ ។

យ៉ាងនេះក្តី អ្នកឃ្លាំមើលបង្ហាញក្តីបារម្ភថា យុទ្ធនាការ​លើ​ក្រដាស់​ប្រាក់​រៀល​មិន​ធ្លាប់​មាន​នេះ ជា​រលក​ជនរង​គ្រោះ ទាម​ទារ​យុត្តិ​ធម៌​ពី​គ្រួសារ​ហ៊ុន ដែល​រដ្ឋាភិបាល ចាំបាច់​ត្រូវ​ស្តារ​យុត្តិធម៌​ជន​រង​គ្រោះ​ឡើង​វិញ និងវិល​ទៅ​ស្តារ​ប្រជា​ធិប​តេយ្យ ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់​អំណាច ដូច​មេដឹកនាំ​ផ្តាច់​ការ​មួយ​ចំនួន លើ​ពិភពលោក ដែល​មហា​ជន​កាត់​ទោស ដោយ​សារតែ​អំពើ​ជិះ​ជាន់ និង​កេញ​ប្រវ័ញ្ញ រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ