ចលនាតស៊ូ​ លោក សម រង្ស៊ីថា បាន​ជំរុញ​អឺរ៉ុប​ឱ្យ​ទប់​ស្កាត់​​កុំ​ឱ្យ​កម្ពុជា​ក្លាយ​ជា​វាល​ពិឃាត​ប្រជា​ធិប​តេយ្យ

ក្រុមប្រឹក្សាជាតិតស៊ូ​របស់ លោក សម រង្ស៊ី បាន​អះ​អាង​ថា ខ្លួន​បាន​ប្រាប់​ទៅ​សហភាព​អឺរ៉ុប​បង្កើន​ការដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន ឱ្យ​ស្តារ​ប្រជាធិប​តេយ្យ​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៨ ដោយសំ​អាង​ថា បើ​មិន​ដូច្នោះ​ទេ កម្ពុជា​នឹ​ង​ក្លាយ​ជា​វាល​ពិឃាត​ប្រជា​ធិប​តេយ្យ។

តាម​វីដេ​អូ​រយៈ​ពេល​ជាង​២នាទី អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ​របស់​ លោក សម រង្ស៊ី ​គឺ​លោក គឹម សុខា បាន​និយាយ​​ថា ការ​ជំរុញ​បែប​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ជំនួប​ជាមួយ​សហគមន៍​អឺរ៉ុប កាល​ពី​ថ្ងៃទី​​២៩ ខែ​មេសា ឆ្នាំ​២០២៥នេះ។

លោកថា៖ «ពីព្រោះបើសហគមន៍​អឺរ៉ុប​មិន​ចាត់​វិធាន​ការ​ឲ្យ​បាន​លឿន​ និង​ទាន់​ពេល​ទេ​ នោះ​ស្ថាន​ភាព​កម្ពុជា​គឺ​ខ្ញុំ​ប្រៀប​ធៀប​វា​ដូច​ជា killing field (វាលពិឃាត)​សម្លាប់​ប្រជាធិប​តេយ្យ​នៅ​ប្រទេស​កម្ពុជា​ សហគមន៍​អឺរ៉ុ​ប​មាន​ការ​ចាប់អារម្មណ៍​ ហើយ​គេ​បាន​ឆ្លើយ​ថា​គេ​នឹង​ពិចារណា ហើយ​នៅ​ជាមួយ​អ្នក​ប្រជា​ធិប​តេយ្យ​កម្ពុជា​ជានិច្ច ហើយ​គេ​បាន​បញ្ជាក់ថា​គេ​នឹង​តស៊ូ​ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចង់​បាន​ប្រជាធិ​ប​តេយ្យ»។

ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក សុខ ឥសាន និយាយ​ថា ស្ថានភា​ព​នយោយ​បាយ​នៅ​កម្ពុជា មិន​ដូច លោក​ គឹម សុខ លើក​ឡើង​នោះ​ទេ។

លោកថា៖ «អារឿង​បោះឆ្នោត​ឆ្នាំ​២០២៧​នេះ​ ជា​រឿង​​ដោយ​ឡែក​ មិន​ពាក់​ព័ន្ធ​រឿង​ឃាតកម្ម​ លិម គិម​យ៉ា ទេ​ហើយ​មូល​ហេតុ​អី​បាន​ពាក់​ព័ន្ធ​រឿង​បោះ​ឆ្នោត​ ហើយ​ទៅ​យក​អារឿង​ឱ្យ​ចាប់​ខ្លួន​នែក​ឃាតករ​ពីរ​នាក់​ឲ្យ​ទៅ​តុលាការ​ថៃ​ អាហ្នឹង​វាជា​រឿង​សមត្ថ​កិច្ច​របស់​តុលាការ​ថៃ យើង​អត់​មាន​លូក​ដៃ​ទេ​ ទោះ​បី​ថា​ឃាតករ​ហ្នឹង​វា​មាន​ពាក់​ព័ន្ធ​ជាមួយ​ជន​ជាតិ​ខ្មែរ​ ក៏ប៉ុន្តែ​អារឿង​ឃាតកម្ម​ហ្នឹង វា​កើត​ឡើង​នៅក្នុង​ទឹក​ដី​ថៃ​ អ៊ីចឹង​វា​ជា​សមត្ថ​កិច្ច​របស់តុ​លាការ​ និង​សមត្ថ​​កិច្ច​របស់​ថៃ ឱ្យ​គាត់មើល​​គាត់​​មិ​នបា​ច់​និយាយ​រឿង​បែប​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា​ទេ ឥឡូវ​កំពុង​ដំណើរ​ការ​ល្អ​ហើយ ដូច្នេះ​ឲ្យ​គាត់​ស្នើ ​លោក ត្រាំ មើល​ប្រជាធិប​តេយ្យ​នៅ​អាមេរិក​វិញ»។

ដោយឡែក ប្រធានសមាគមការពារសិទ្ធិ​មនុស្ស​អាដហុក លោក នី សុខា យល់​ឃើញ​ថា បច្ចុប្បន្ន​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា មាន​ការ​ធ្លាក់​ចុះ​ខ្លាំង ក្រោយគណបក្ស​ប្រឆាំង​ត្រូវ​រំលាយ ចាប់ពី​​ឆ្នាំ​២០១៧​មក។

លោក​គូស​បញ្ជាក់​ថា​ បើ​មេដឹកនាំ​បក្ស​កាន់​អំណាច​កម្ពុជា មិន​ងាក​មក​ស្ដារ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ឱ្យ​ល្អ​ប្រ​សើរ​វិញ​ទេ នោះ​វា​នឹង​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ទាំង​សេដ្ឋ​កិច្ច និង​ជីវភាព​របស់​ពលរដ្ឋ។

លោកថា៖ «គឺថាកម្ពុជាត្រូវតែដើរលើគន្លងនូវលទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ហើយ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ ដូច្នេះ​ប្រសិន​បើ​យើង​ដើរ​​មិ​នស្រប​ទៅ​នឹង​គន្លង​ទាំង​អស់​ហ្នឹង​ទេ នោះ​វា​ធ្វើ​ឲ្យ​ជះ​ឥទ្ធិពល​ទៅ​ដល់​ការ​អភិវឌ្ឍ​ប្រទេស ​ប៉ះពាល់​ទៅ​ដល់​ពិសេស​គឺ​ប្រជា​ពលរដ្ឋ​ អ្នក​ដែល​ក្រី​ក្រ​រហូត​ទៅ​ដល់​មាន​ការ​កាត់​ហើយ​នូវ​ពន្ធ​អនុ​គ្រោះ EBA ហ្នឹង​២០​ភាគរយ​ថែម​ទៅ​ទៀត​ផង»។

ការដឹកនាំរបស់មេដឹកនំាបក្សកាន់អំណាច លោក ហ៊ុន សែន ជាង​៤ទសវត្សរ៍​ទៅ​នេះ រង​ការ​ស្តីបន្ទោស​ពី​សហគម​ន៍​អន្តរ​ជាតិ ជុំវិញ​ការ​ប្រកួត​អំណាច​ខ្វះ​សុ​ចរិត​ភាព រំលោភ​សិទ្ធិ​មនុស្ស​ជាប្រព័ន្ធ ប្រើ​យុទ្ធ​សាស្ត្រក​ម្ទេច​ក្រុម​អ្នក​រិះ​គន់ ប្រើ​ប្រព័ន្ធ​ច្បាប់​ជា​ឧបករណ៍ យក​ចៅ​ក្រម និងប្រធាន​តុលាការ​កំពូល ជា​សមាជិក​បក្ស ក្រោម​ការ​ត្រួត​ត្រារ​បស់​ខ្លួន ទោះ​រដ្ឋ​ធម្ម​នុញ្ញ​ចែង​ថា កម្ពុជា​អនុវត្ត​របប​ប្រជាធិ​ប​តេយ្យ សេរីពហុ​បក្ស​ក្តី។

បញ្ហានេះ អ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិ ធ្លាប់និយាយថា តុលាការ​​ត្រូវបានបក្សប្រជាជន​ប្រើជា​ប្រព័ន្ធ ដើម្បី​កំចាត់​​សំឡេង​ជំទាស់ បំពាន​លើ​គោល​ការណ៍​សិទ្ធិ​មនុស្ស​ជា​សកល និង​រដ្ឋ​ធម្មនុញ្ញ។

ជុំវិញ​បញ្ហា​នេះ កាលពីដើមខែតុលា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំ​ក្រុម​ប្រឹក្សាសិ​ទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជា​ជាតិ​លើក​ទី​៥៧ អ្នក​រាយ​ការណ៍​ពិសេស​ស្តីពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក វិធិត មុនថាប៊ន បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​បង្ក្រាប​លើ​ក្រុម​អ្នក​ប្រឆាំង និងរៀប​ចំ​ការ​បោះ​ឆ្នោត​ដោ​យ​សេរី ត្រឹម​ត្រូវ និង​យុត្តិ​ធម៌​តាម​គន្លង​​ប្រជា​ធិប​តេយ្យ ។

លោក វិធិត មុនថាប៊ន បានរិះគន់ចំៗថា ការផ្ទេរអំណាចនៅកម្ពុ​ជា​នៅ​ឆ្នាំ​២០២៣ ធ្វើ​ឡើង​តែនៅ​ក្នុង​ក្រុម​គ្រួសារ ដែល​ថា​នេះ គឺ​ជា​ការ​បន្ត​ក្តោប​ក្តាប់​អំណាច ដោយ​គ្មាន​លក្ខ​ណៈ​ប្រជា​ធិបតេយ្យ​និង​តម្លា​ភាព។

បញ្ហានេះ បន្សល់ទុកជនរងគ្រោះរាប់លាននាក់  រួមទាំងអ្នករងគ្រោះ​រាប់​ម៉ឺន​នាក់ ចាញ់​បោកក្រុម​ឧកញ៉ា​ស្និទ្ធ​នឹង​មេដឹក​នាំ ហើយ​ថា បន្ទាត់​នយោបាយ​នេះ ពលរដ្ឋ​ច្រើន​លាន​នាក់​ទៀត នឹង​បន្ត​រង​គ្រោះ បើ​កម្ពុជា​គ្មាន​មេដឹកនាំ ចេញ​ពី​ការ​បោះ​ឆ្នោត​ត្រឹម​ត្រូវ និង​យុត្តិធម៌​ទេ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ