បញ្ហាដ៏ចម្រូងចម្រាស់នៃរឿងក្តីរបស់ លោក រ៉ុង ឈុន ក្នុងដំណាក់កាលចុងក្រោយនេះ បានក្លាយជាចំណោទដែលស្មុគស្មាញបំផុត។ អស់ពីរឿងមួយចូលរឿងមួយ វាសនាលោក រ៉ុង ឈុន នៅពេលនេះ ត្រូវគេមើលឃើញថា ហាក់មិនខុសគ្នាពី លោក សម រង្ស៊ី និងលោក កឹម សុខា ឬមេដឹកនាំបក្សជំទាស់ដទៃទៀតប៉ុន្មានឡើយ។ អ្នកនយោបាយរូបនេះ ត្រូវរួមរឹតទៅដោយបណ្តឹងនៅក្នុងតុលាការជាបន្តបន្ទាប់។
យ៉ាងណា សេចក្តីសម្រេចចុងក្រោយនេះ របស់តុលាការទីក្រុងភ្នំពេញនេះ ត្រូវរងការរិះគន់ថា ជាការអនុវត្តដែលហួសពីបន្ទាត់នៃនីតិវិធីច្បាប់។
ផ្ទុយទៅវិញ នេះជាវិធីជួយជ្រោមជ្រែងឱ្យគណបក្សប្រជាជនកម្ពុជា កាន់តែមានឥទ្ធិពលខ្លាំងជាងមុន តាមរយៈអំណាចតុលាការនេះ។
ចៅក្រុមនៃតុលាការក្រុងភ្នំពេញ ដែលទទួលបន្ទុកការក្នុងការសម្រេច រឹបអូសទ្រព្យសម្បត្តិរបស់ទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ ត្រូវគេមើលឃើញថាជាសេនាធិការដ៏មានប្រសិទ្ធភាព ក្នុងការជួយសម្រេចបំណងឱ្យគណបក្សប្រជាជនកម្ពុជា អាចឈានទៅគ្រប់គ្រងអំណាច៥ឆ្នាំបន្តទៀត ដូចផែនការដែលបានគ្រោងទុក នៅក្រោយការបោះឆ្នោតជាតិឆ្នាំ២០២៨ខាងមុខ។
ស្របពេលមន្រ្តីរបស់រដ្ឋាភិបាល មិនតិចនាក់ឡើយ ដែលប្រព្រឹត្តអំពើល្មើសមួយចំនួន ដូចជា លុបបឹង ទន្លេ សមុទ្រ និងបង្កើតជម្លោះដីធ្លីមិនចប់មិនហើយជាមួយពលរដ្ឋ តែបែរជាត្រូវរស់នៅដោយសុខសាន្ត ហើយគ្មានទោសពៃរ៍អ្វីទាំងអស់។
កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ចៅក្រមអនុវត្តរបស់សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចលក់ដោយបង្ខំ ទីតាំងដីមួយកន្លែង ដែលជាជម្រករបស់ លោក រ៉ុង ឈុន។ ក្នុងន័យនេះ តុលាការសំអាងហេតុថា លោក រ៉ុង ឈុន និងមនុស្ស២នាក់ទៀត ដែលជាប់ចោទពីបទ «ញុះញង់» ក្នុងរឿងក្តីព្រហ្មទណ្ឌ ទាក់ទងព្រំដែនកម្ពុជាវៀតណាម ត្រូវបង់ប្រាក់ទៅម្ចាស់បំណុល ដែលជាគណៈកម្មការព្រំដែនកម្ពុជាប្រមាណ១០ម៉ឺនដុល្លារ។
នេះគឺជាដើមចម ដែលនាំឱ្យលោកស្រី យី សុខវួច ដែលជាចៅក្រមនៃតុលាការក្រុងភ្នំពេញ អនុវត្តដីការឹបអូសទ្រព្យសម្បត្តិរបស់លោក រ៉ុង ឈុន ដើម្បីលក់ដោយបង្ខំ។
បើទោះជាបែបណា មកដល់ពេលនេះ អ្វីដែលគេចង់ដឹងនោះថាតើចៅក្រមរូបនេះ មានពិសោធន៍ការងារបែបណាខ្លះ ក្នុងការសម្រេចនីតិវិធីតាមផ្លូវតុលាការ ប្រឆាំងភាគីពាក់ព័ន្ធនៅក្នុងរឿងក្តី ក្នុងពេលកន្លងទៅ និងពេលនេះ។
គ្មានប្រវត្តិលម្អិតណាមួយ ដែលបង្ហាញថា លោកស្រី យី សុខវួច ចូលបំពេញការងារ ជាចៅក្រមតាំងពីពេល ណា ហើយមូលហេតុអ្វីបានជាលោកស្រី ទទួលបានការទុកចិត្តពីមេកើយរបស់ខ្លួន អាចសម្រេចកិច្ចការធំៗ នៅក្នុងរឿងក្តី ជាពិសេសសំណុំរឿងដែលទាក់ទងនឹងនយោបាយ។
បើទោះជាគ្មានព័ត៌មានលម្អិត ស្តីពីឯកជនភាពរបស់ចៅក្រមរូបនេះយ៉ាងណាក្តី ក៏គេសង្កេតឃើញស្នាដៃមួយចំនួន ដែលលោកស្រីហាក់បានជួយសម្រេចបំណង លោក ហ៊ុន សែន ដោយប្រយោល តាមរយៈការជួយទប់សំឡេងប្រឆាំងមិនឱ្យមានសកម្មភាពរួច។
ក្រៅពីនេះ មានរបាយការណ៍សង្ខេប ដែលចេញដោយក្រសួងយុត្តិធម៌ កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ ២០២០ ដែលបានបង្ហាញពីសកម្មភាពតិចតួចរបស់ចៅក្រមលោកស្រី យី សុខវួច ក្នុងការចូលរួមបរិច្ចាគលុយ ដើម្បីទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩។
លើសពីនេះទៅទៀត មានរឿងក្តីមិនតិចឡើយ ដែលលោកស្រី យី សុខវួច កាន់ក្នុងដៃហើយអនុវត្តបានដោយជោគជ័យ ក្នុងនោះមានទាំងសំណុំរឿងអតីតមន្រ្តីគណបក្សប្រឆាំង២រូប ដែលក្រោយមកបានចុះចូលជាមួយនឹងគណបក្សប្រជាជនកម្ពុជា គឺលោក ហ៊ុន កុសល និងលោក យឹម ស៊ីណន។
ក្រៅពីនេះ សូម្បីករណីលោក សម រង្ស៊ី និងមន្រ្តីគណបក្សប្រឆាំងផ្សេងទៀត ហើយថ្មីៗនេះ សំណុំរឿងលោក រ៉ុង ឈុន ជាដើម ក៏សុទ្ធតែឆ្លងកាត់ មិនរួចពីដៃរបស់លោកស្រី យី សុខវួច នេះដូចគ្នាដែរ។
ជាការសង្កេត ចាប់ពីមានការរំលាយគណបក្សសង្គ្រោះជាតិ អំឡុងឆ្នាំ២០១៧មក មេដឹកនាំគ្រួសារហ៊ុន រងភាពអាមាស់ ពីការរិះគន់ជាបន្តបន្ទាប់ ពីសហគមន៍អន្តរជាតិប្លុកលោកសេរី ដែលគេមើលឃើញថា ប្រកួតអំណាចខ្វះសុចរិតភាព បង្កើតការបោះឆ្នោតក្លែងក្លាយ បំពានគោលការណ៍ប្រជាធិបតេយ្យ ដើម្បីបន្តក្តោបអំណាចតពូជ។
មហាអំណាចលោកសេរី ដែលនាំមុខគេដោយសហរដ្ឋមេរិក និងសហភាពអឺរ៉ុប បានប្រកាសមិនទទួលស្កាល់ការបោះឆ្នោតនៅកម្ពុជា ដោយសំអាងថា កម្ពុជា រអិលចេញពីកន្លងប្រជាធិបតេយ្យ។
លើសពីនេះ បុគ្គលឯករាជ្យរបស់អង្គការសហប្រជាជាតិ គឺអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វិធិត មុនតាប៊ន ថ្លែងនៅឯសម័យប្រជុំលើកទី៥៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ នៅដើមខែតុលា ឆ្នាំ២០២៤ បញ្ហាសំខាន់ចំនួន១០ ពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិនៅកម្ពុជា ដែលក្នុងនោះមានទាំងការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ការកែទម្រង់ប្រព័ន្ធបោះឆ្នោត និងការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
លោកបាននិយាយថា៖ «ស្មារតីនៃការបោះឆ្នោតទាមទារឱ្យបញ្ចប់ការបង្ក្រាបលើសំឡេងប្រឆាំង និងចាត់វិធានការចាំបាច់ ដើម្បីធានាឱ្យមានការបោះឆ្នោតពិតប្រាកដ ដែលមានគណបក្សជាច្រើនចូលរួម»។
បន្ថែមពីនេះ លោក មុនថាប៊ន ក៏បានរិះគន់ចំៗលើបន្ទាត់នយោបាយគ្រួសារហ៊ុនថា «ការផ្ទេរអំណាចនៅកម្ពុជានៅឆ្នាំ២០២៣ ធ្វើឡើងតែនៅក្នុងក្រុមគ្រួសារ ដែលនេះគឺជាការបន្តក្តោបក្តាប់អំណាចដោយគ្មានលក្ខណៈប្រជាធិបតេយ្យនិងតម្លាភាពទេ» រួមទាំងការប្រើប្រាស់ច្បាប់អង្គការ ដើម្បីរឹតត្បិតសិទ្ធិសេរីភាពអង្គការសង្គមស៊ីវិល។
លើសពីនេះ ក្រោមអំណាចគ្រួសារហ៊ុន កម្លាំងស្នូលរបស់បក្ស ត្រូវបានគេបង្កាប់នៅក្នុងវិស័យយុត្តិធម៌ចាប់ពីចៅក្រម ព្រះរាជអាជ្ញា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រហូតប្រធានតុលាការកំពូល គឺលោក ជីវ កេង។
នេះបើគេពិនិត្យទៅលើបញ្ជីរាយនាមសមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជន ដែលមានចំនួនជាង ៨០០នាក់ ដែលលោក ហ៊ុន សែន ជាប្រធាន។
ទាំងអស់នេះសួរថា បើមានក្តីក្តាំរឿងនយោបាយ តើចៅក្រមកាត់ឱ្យភាគីណាឈ្នះ បើគណបក្សប្រឆាំងជាតួអង្គ ត្រូវឡើងមកប្រកួតជាមួយគ្រួសារហ៊ុន ដើម្បីយកកៅអីនាយករដ្ឋមន្ត្រីនោះ។
សម្រាប់ អ្នកវិភាគនយោបាយ លោក ប៉ោ មករា យល់ឃើញថា របៀបនៃការធ្វើនយោបាយនៅកម្ពុជា ជាទម្រង់ចង់ចាញ់ឈ្នះ ដែលថា បរិបទបែបនេះ វាបានដុះស្លែទៅហើយនៅកម្ពុជា។
លោកបន្តថា គេពិតជាពិបាកនឹងកែប្រែណាស់ ប្រសិនបើអ្នកនយោបាយតជំនាន់ មិនហ៊ានប្តូរទម្លាប់នៃការធ្វើនយោបាយ តាមបែបក្តិចត្រួយគ្នាបែបនេះ។
បើតាមលោក ប៉ោ មករា លោកទទួលស្គាល់ថា អ្វីដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត មានសុទិដ្ឋិនិយមដែលចង់ជំរុញឱ្យមាននយោបាយបែបចាស់ទុំនេះ តែលោកនៅតែមើលមិនឃើញថា ការអនុវត្តជាក់ស្តែង គ្រប់ភាគីនៅក្នុងនយោបាយ ជាពិសេសអ្នកនយោបាយមកពីបក្សជំទាស់ ទទួលបានយុត្តិធម៌ ក្នុងការអនុវត្តកម្មវិធីនយោបាយទាំងថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ។
លោកថា៖ «យើងឃើញហើយថាកន្លងមកហ្នឹង ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនធ្លាប់បានសរសើរក៏បានលើកឡើងពីបញ្ហានយោបាយនៅកម្ពុជា និងថាជានយោបាយដែលមានភាពចាស់ទុំ ហើយអញ្ចឹងនៅពេលដែលមានការរឹបអូសទ្រព្យសម្បត្តិអ្នកនយោបាយ ទ្រព្យសម្បត្តិធ្វើការងារសង្គមបែបនេះទេអត់បានឆ្លុះបញ្ចាំងពីហៅថានយោបាយចាស់ទុំនិងនៅឡើយទេ »។
ក្រោយការសម្រេចរបស់តុលាការ ក្នុងការលក់ដោយបង្ខំ លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយអះអាងថា លោកនឹងបោះតង់នៅទីសាធារណៈ នៅក្រោយពេលដី និងជម្រករបស់លោក ត្រូវបានរឹបអូសលក់ឡៃឡុង បន្ទាប់ពីលោកចាញ់ក្តីនៅតុលាការ។
លោកបន្តថា៖ «ក្រោយគេរឹបអូសផ្ទះខ្ញុំ ខ្ញុំនឹងបោះតង់ដេកតាមចិញ្ចើមថ្នល់ »។
តាមរយៈដីការបស់ចៅក្រមអនុវត្ត នៃតុលាការក្រុងភ្នំពេញ គឺលោកស្រី យី សុខវួច បានសម្រេចរឹបអូសដោយបង្ខំនូវអចលនទ្រព្យរបស់ លោក រ៉ុង ឈុន ដែលមានទីតាំងស្ថិតនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
យ៉ាងណា ដីកាសម្រេចដែលចេញដោយលោកស្រីចៅក្រមនេះ ត្រូវរងការរិះគន់ថា មន្រ្តីតុលាការ គឺជាភ្នែកជាច្រមុះ ដ៏មានឥទ្ធិពលរបស់គណបក្សកាន់អំណាច។
ជានីតិវិធី រឿងក្តី លោក រ៉ុង ឈុន នេះមុននឹងដល់ដៃលោកស្រី យី សុខវួច ដែលជាអ្នកធ្វើសេចក្តីសម្រេចចិត្តចុងក្រោយ គឺត្រូវឆ្លងកាត់ដំណាក់កាល នៃការជួយចាត់ចែងគ្នាជាច្រើនដំណាក់កាល តាំងពីព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរ មុននឹងឈានដល់លទ្ធផលចុងក្រោយនេះ។
យ៉ាងណា អ្នកវិភាគនយោបាយ ចាត់ទុកថា សំណុំរឿងនេះ បើទោះជាត្រូវឆ្លងកាត់នីតិវិធីច្រើនបែបនេះក្តី ប្រសិនបើចៅក្រមជំនុំជម្រះមានមនសិកា ហើយតម្កល់រឿងក្តីដោយមិនលម្អៀងទៅដោយឆន្ទាកតិទាំង៤ ប្រាកដណាស់ លោក រ៉ុង ឈុន នឹងមិនទទួលភាពអយុត្តិធម៌ដូចនៅពេលនេះទេ។
VOD មិនអាចសុំការប្រតិកម្មបានភ្លាមៗទេ ពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងមន្រ្តីនាំពាក្យតុលាការក្រុងភ្នំពេញ ដោយទូរស័ព្ទមិនអាចទាក់ទងបាន។
ចំណែក លោក ប៉ោ មករា អ្នកជំនាញផ្នែកគោលនយោបាយ យល់ឃើញថា ប្រសិនបើមន្រ្តីអនុវត្តច្បាប់ នៅតែមិនអាចផ្តល់ភាពយុត្តិធម៌ដែលគ្រប់គ្នាមើលឃើញដូចគ្នាថា សំណុំរឿងនេះគួរទទួលបានការជំនុំជម្រះដោយមិនលម្អៀង វានឹងបង្កើនការឈឺចាប់ ហើយចុងក្រោយនឹងបង្កទៅជាគំនុំសងសឹកគ្នាមិនចេះចប់។នេះគឺជាគ្រោះថ្នាក់សម្រាប់ជាតិដ៏ធំសម្រាប់កម្ពុជា នៅថ្ងៃខាងមុខ។
បើតាមអ្នកវិភាគនយោបាយរូបនេះ អ្វីដែលរដ្ឋាភិបាលត្រូវធ្វើគឺត្រូវកែទម្លាប់នៃការធ្វើនយោបាយចង់ចាញ់ចង់ឈ្នះ និងគំនុំគំគួន ដោយជំនួសមកវិញបើកឱ្យមានលំហនយោបាយស្មើភាពគ្នា។
ជាងនេះទៀត ជំរុញឱ្យមានវប្បធម៌សន្ទនា ដែលជាយន្តការដ៏ល្អ ហើយយុទ្ធសាស្រ្តនេះអ្នកដែលចំណេញគឺរដ្ឋាភិបាល និងពលរដ្ឋ និងបើកឱ្យមានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
គ្រប់គណបក្សនយោបាយ អាចអនុវត្តសិទ្ធិរបស់ពួកគេដោយគ្មានការភ័យខ្លាច និងមិនស្ថិតក្រោមសម្ពាធនយោបាយ។
លោកថា៖ «វាមានតែបង្កើនភាពការឈឺចាប់ដល់គូបដិបក្សខ្លួនឯង និងបង្កើនការឈឺចាប់របស់ខ្មែរគ្នាឯងហ្នឹងហើយវាធ្វើឱ្យខ្មែរនៅកាន់តែបែកបាក់គ្នា វាធ្វើឲ្យតែខ្មែរនិងមិនមានការទុកចិត្តគ្នាចំពោះបញ្ហានយោបាយដែលតាមតិចគ្នា នយោបាយដែលជាន់ពន្លិចគ្នា នយោបាយដែលធ្វើឱ្យខ្មែរហ្នឹងបែកបាក់សាមគ្គីកាន់តែធំឡើង »។
សម្រាប់ លោក រ៉ុង ឈុន នៅតែប្រកាន់ជំហរនយោបាយ មិនងាករេ បើទោះជាត្រូវជួបឧបសគ្គដូចពេលនេះក្តី។ យ៉ាងណា ប្រព័ន្ធដឹកនាំដែលប្រើប្រព័ន្ធតុលាការធ្វើជាឧបករណ៍ ដើម្បីក្តោបអំណាចត្រូវបានគេមើលឃើញថា ជាការបំពានរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ បង្កមហន្តរាយដល់ជាតិ រួមទាំងបូរណភាពទឹកដី៕









