បទវិភាគ៖ មូលហេតុ​អ្វី​នៅ​ពីក្រោយ​ការ​លើក​តម្កើង​អ្នក​បំផ្លាញ​ធន​ធា​ន​​ធម្មជាតិ​?

សង្គមខ្មែរ​បច្ចុប្បន្ន ត្រូវបាន​បញ្ញវន្ត​​មួយ​​ចំនួន​ហៅ​ថា ជា​សម័យ​កាល ​«ឃ្លោក​លិច​អំបែង​​អណ្តែត​» ​ដោយ​​សា​រ​​​តែ​មេដឹក​នាំ​​គ្រួសារ​​ហ៊ុន​។

មេ​ដឹកនាំគ្រួសារ​ហ៊ុន ​ដែល​គេ​ដឹង​ថា ​លើក​បន្តុប​​ដោយ​វៀត​ណាម ​តែង​​​តែលើ​ក​តម្កើង ដំឡើង​​បុណ្យ​ស័ក្តិ​ ផ្តល់​​​​គោរម​ងារ​ខ្ពង់​ខ្ពស់​​ដល់​​ជន​ទុច្ចរិត​ បំផ្លាញ​​​ជាតិ​ បំផ្លាញ​​​ធម្មជាតិ។

ប៉ុន្តែបន្ទាត់ដឹកនាំ​នេះ ​បែរជាតែង​​​តែធ្វើ​ទុ​ក្ខបុ​កម្នេ​ញ​​បាញ់​សម្លាប់​ និង​​ចាប់​​ដាក់​ពន្ធនាគារ ​ចំពោះ​​អ្នក​ស្នេហា​​ជាតិ ​អ្នក​​​ហ៊ាន​​ចេញ​មុខ​​ចូល​​រួម​​ការ​ពារ​​ធនធាន​​​របស់​ជាតិ​​ទៅ​​វិញ។ ទាំង​នេះ ជា​ចម្ងល់​ដែល​ចោទ​សួរ​ថា តើមាន​មូលហេ​តុ​អ្វី​នៅ​ក្រោយ​ការ​លើក​តម្កើង​អ្នក​បំផ្លាញ​ធន​ធាន​ធម្ម​ជាតិ?

មុន​នឹង​ឈាន​ទៅ​ធ្វើការ​វិភាគ​​ស៊ីជម្រៅ​​​ទៅ​​លើ​​ប្រធានបទ​​ដែល​​បាន​​លើក​ឡើង​​ខាង​លើ ស្មេរ​​​​សូមលើក​​យក​មក​​ពន្យល់​​​​ពីនិយម​ន័យ​​នៃ​​សុភាសិត​ខ្មែរ​ «ឃ្លោកលិ​ច​អំបែង​អណ្តែត» ជាមុន​​​សិន​។

«ឃ្លោក» គឺសំដៅទៅ​លើ​បញ្ញ​វន្ត អ្នក​ចេះដឹ​ង បណ្ឌិត អ្នក​ប្រាជ្ញ។​ ចំណែ​ក​ឯ​អំបែង គឺ​​សំដៅ​ទៅ​លើ​មនុស្សឥត​វិជ្ជា ពាល ល្ងង់ វិបល្លាស​ស្មារតី​​ជាដើម​។​ តាម​ធម្មតា ឃ្លោក​ត្រូវ​​​តែ​​អណ្តែត បើកា​ល​ណា​គេ​ដាក់​ទៅ​ក្នុងទឹក។ តែ​ហេតុ​អ្វី​បែរ​ជា​លិច​ទៅ​វិញ? ចុះ​​ហេតុអ្វី​បាន​​​ជាអំ​បែង​ដែល​ជា​វត្ថុ​ធ្ងន់​បែរ​ជា​អណ្តែត?

«លិច»នៅ​ទីនេះ​ ចង់​​សំដៅ​​ថា ​បណ្ឌិត​ ​​អ្នកប្រាជ្ញ អ្នកចេះដឹង អស់ពន្លឺ អស់​រស្មី ឥត​មាន​ការ​​ផ្តល់​​តម្លៃ ផ្តល់​​ការ​​ងារ​ គោរព​រាប់​អាន​​​ពីអ្នក​ផង​។

ចំណែក​«អណ្តែត» មានន័យថា រុងរឿង ត្រចះ​​ត្រចង់ចាំង​ពន្លឺ​ មាន​គេ​ផ្តល់​​ការ​​ងារ​ ផ្តល់​គោរមងារ​ ផ្តល់​ការ​គោរព​លើក​តម្កើង​ថា​ ជា​​អ្នក​​ប្រាជ្ញ​ជាដើម។ នេះ​បើ​យោង​តាម​ការ​ពន្យល់​របស់​មជ្ឈមណ្ឌលនីតិក្រម។

មជ្ឈមណ្ឌល​ដែល​ផ្តល់​ចំណេះដឹងផ្នែកច្បាប់​នេះ បាន​លើកឡើង​ទៀតថា សុភាសិត​ «ឃ្លោក​លិច អំបែងអណ្តែត» នេះ​បាន​និយាយចំ​ ​​ឬ​បញ្ឆិត​បច្ឆៀង​ពី​ស្ថាន​ភាព​មនុស្ស​នៅ​ក្នុង​​សតវត្សរ៍​​​​បច្ចុប្បន្ន ដែល​មាន​ការ​ភ័ន្ត​ច្រឡំ​សជា​ខ្មៅ ចេះ​ជា​ល្ងង់ ច្របូក​ច្របល់​ពេញ​នគរ​ ដោយ​សារ​​សត្រូវ​​ដែល​មាន​បំណង​លេប​ទឹក​ដី​ខ្មែរ​​នោះផង ដោយ​សារ​មនុស្ស​ខ្វះ​ការ​រៀន​សូត្រ និង​ខ្វះ​​មគ្គុទេស​ក៍​ត្រឹម​ត្រូវ​មក​កាន់​ការ​ធំ​នោះ​ផង។

មនុស្សឥតវិជ្ជា​ដែល​ឡើងកាន់មុខតំណែង ជាអ្នកដឹកនាំគេចាត់ទុកជា «អំបែងអណ្តែត»។​ អ្នក​​មា​ន​​តម្រិះ​​ខ្ពង់​​ខ្ពស់​ព្រម​ទាំង​មាន​គុណ​ធម៌​​មា​ន​​ចរិយា​សម្បត្តិ​ពេញ​លេញ​ល្អ​ ត្រូវ​គេទា​ត់​​ចោល មិន​ឲ្យ​​កា​ន់​​​កិច្ច​​ការ​​សំខាន់​ៗ ចាត់​ទុក​​​ជា «ឃ្លោកលិច»។

សម័យដឹកនាំ​តាម​បែប​សុភា​សិត (ឃ្លោកលិច អំបែង​អណ្តែត) នេះ​ជា​សម័យ​ដែល​មាន​​ហានិភ័យ​បំផុត​​ចំពោះ​សង្គម​ ​និង​​ប្រទេស​ជាតិ​​ដូច​​​ជា​ស​ម័យ «កម្ពុជា​ប្រជាធិប​តេយ្យ» អ្នក​ចេះ​ដឹង​ប្រៀប​ដូច​ជា​ឃ្លោក​ត្រូវបាន​លិច រីឯ​អ្នក​ល្ងង់​​​ខ្លៅ​​​ត្រូវ​បាន​គេ​លើក​តម្កើង​ប្រៀប​ដូច​អំបែង​ត្រូវ​បាន​អណ្តែត។​ នេះ​​​បើ​​តាម​​មជ្ឈ​មណ្ឌល​នីតិ​​ក្រម។

បើ​យើង​ងាកមកមើលទិដ្ឋភាពជាក់ស្តែង​​នៅក្នុង​សង្គមកម្ពុជា​បច្ចុប្បន្ន ក្រោម​​ការ​ដឹកនាំ​របស់​ ​លោក ហ៊ុន សែន និង​​លោក​​ហ៊ុន ម៉ាណែត​​ គឺ​ត្រូវ​នឹង​សុភាសិត​ខាង​លើ​នេះ​ណាស់ ពី​ព្រោះ​​យើង​សុទ្ធ​​​តែ​​​មើល​ឃើញ​ទាំង​​អស់​គ្នា​​ហើយ​​ថា មេ​ដឹកនាំនៅ​គ្រប់​ស្ថាប័នរដ្ឋ​ត្រូវ​បាន​លើក​​បន្តុ​ប​​​ឱ្យ​​ឡើង​​កាន់​តំណែង​​តពូជ ​​តាម​​ខ្សែតាម​​បក្ខ​​តាម​ពួក ​ឈ្មួញ​ទុច្ចរិត​​ត្រូវ​បានផ្តល់​​គោរម​​ងារ​​​​​ជា​ឧកញ៉ា​ ​ជា​អ្នក​ឧកញ៉ា​ ​ជាដើម។

ពួកមន្ត្រី​មួយចំនួន ​បាន​យក​តំណែង​តួនាទី ​យក​​ស្ថា​ប័​ន​រដ្ឋ​​ធ្វើដូច​​​ជា​ក្រុម​ហ៊ុន​​ឯក​ជន​ ​សម្រាប់​​​ធ្វើមុ​ខ​​រក​ស៊ីជម្រិត​ទារ​ប្រាក់ កើបប្រមូល​យក​​ប្រាក់​​​តាម​គ្រប់​រូបភាព ​ដើម្បី​​ធ្វើ​មាន​​ធ្វើបាន​​សម្រាប់​​​តែ​ក្រុម​​គ្រួសារ​​បក្ខ​ពួកខ្លួន គប់​​គិត​គ្នា​ ការ​ពារ​​ផ​ល​ប្រយោជន៍​គ្នា​​ទៅ​វិញ​ទៅម​ក ​ដោយ​​​មិន​ខ្វល់​ពី​មហន្តរាយ​ដល់​ជាតិ​ ​និង​​ប្រជាពលរដ្ឋ​​ឡើយ​​។

ហេតុដូច្នេះហើយ​ទើប​ពួក​មន្ត្រី​ទាំងនោះ​ បាន​ក្លាយ​ទៅជាមហាសេដ្ឋី​មានទ្រព្យសម្បត្តិ​ស្តុក​ស្តម្ភ​​មហាសាល មាន​​ភូមិ​គ្រឹះ​ស្កឹមស្កៃ មានសណ្ឋាគារ​ មានខុន​ដូ មាន​​រីស៊ត​ និង​​មាន​​ដីចម្ការ​រាប់ពាន់​ហិកតា​​នៅ​តាម​បណ្តា​រាជ​ធានី ខេត្ត​ជាច្រើន ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ​រាប់លាននាក់ ក្រនោះក្រ ក្នុង​១ថ្ងៃស្ទើ​តែរក​​អាហារ​​២ពេល​ហូប​​មិនចង់​បាន ថែមទាំង​ត្រូវជំពាក់​បំណុល​​គេវ័ណ្ឌក ​ត្រូវគេរឹបអូស​យកដីធ្លីផ្ទះ​​សំបែង ​ត្រូវបង្ខំចិត្ត​​ធ្វើ​ចំណាក​ស្រុក​ទៅ​ស៊ីឈ្នួល​គេ​​​នៅ​ប្រទេស​​គេ​​ ព្រាត់​ចាក​​ឆ្ងា​យ​​​​​ពី​ក្រុមគ្រួសារ​។

និយាយ​ជារួម ចាប់តាំងពី លោក ​ហ៊ុន សែន បាន​​​ប្រើ​​ប្រព័ន្ធ​​តុលាការ​​បើក​​យុទ្ធនា​ការ​​រំលាយ​​គណបក្ស​​សង្គ្រោះ​ជាតិ ​និង​ចាប់​ឃុំខ្លួន​ប្រធាន​​គណ​បក្ស​ លោក ​កឹម សុខា ដែល​​​ជាគូ​ប្រជែង​​នយោ​បា​យ​​របស់​​ខ្លួន​​កាលពី​​ចុង​​​​​ឆ្នាំ​​២០១៧​មក បាន​ធ្វើឱ្យប្រព័ន្ធ​ត្រួត​ពិនិត្យ​អំណាច​តាម​បែប​ប្រជាធិបតេយ្យ​​ ត្រូវ​បាន​បំផ្លាញ​ ធ្វើ​ឱ្យ​ឪពុក​កូន​ទាំង​​២​នាក់នេះ​ អាច​ជិះ​សេះលែង​ដៃធ្វើ​ព្យុះធ្វើភ្លៀង ​បំផ្លាញធនធានធម្មជាតិ ​តាម​តាមអំពើ​ចិត្ត​​រប​ស់​​​ខ្លួន​ ធ្វើឱ្យកើតមានអំពើអយុត្តិ​ធម៌ក្នុង​សង្គមកាន់​តែខ្លាំង និង​ក៏ធ្វើ​ឱ្យមានគម្លាតរវាង​អ្នកមាន​និងអ្នកក្រ ក៏កាន់​​តែ​ខ្លាំង​​ផង​​ដែរ​។

កាលពី​ថ្ងៃទី៣០ ខែ​មេសា ឆ្នាំ​២០២៥ តុលាការ​កំពូល បាន​បដិសេធ​សំណើ​សុំ​ដោះ​លែង​​របស់​​សកម្មជន​បរិស្ថាន​ចំនួន​ ​៥នាក់ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ក្រោម​បទ​ចោទ «រួម​គំនិត​​ក្បត់» និង ​«ប្រមាថ​ចំពោះអង្គ​ព្រះម​ហាក្សត្រ» ដែល​​ត្រូវ​​បាន​​សាលា​ឧទ្ធរណ៍​​សម្រេច​​តម្កល់​​ទោស​ ​ទៅ​​តាម​​ការ​​សម្រេច​​របស់​​​សាលា​ដំបូង​រាជធានីភ្នំពេញ ​ឱ្យជាប់ពន្ធនាគារពី ៦ឆ្នាំ ទៅ ៨ឆ្នាំ ក្នុង​​នោះ​​មាន​ លោក លីចាន់ ដារ៉ាវុធ លោក យីម លាង​ហ៊ី កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និងលោក ថុន រដ្ឋា។

បើ​តាមអង្គការចលនា​មាតាធម្មជាតិ និងអង្គការ​លីកាដូ សកម្មជន​បរិស្ថាន​​ទាំង​នេះ​ ត្រូវ​បាន​ចោ​ទ​ប្រកាន់​ដោយ​​សារ​​តែ​​ភាព​​សកម្ម​និយម​​របស់​​ពួក​គេ​ ក្នុង​​ការ​​ចូល​​រួម​​ការ​ពារ​បរិស្ថាន​ និង​​តស៊ូម​តិ ​ជំរុញ​ឱ្យមាន​ការ​អភិរក្ស​​ធន​ធាន​​​​ធម្មជាតិ នៅ​តំបន់​​ឧទ្យាន​ជាតិ​​គិរី​រម្យ ព្រៃឈើ​​នៅ​​​ឧទ្យានជាតិបូកគោ ក្នុងខេត្តកំពត និងតវ៉ា​ទាមទារ​ឱ្យមានការ​អភិរក្ស​កោះកុងក្រៅ និង​ជំរុញ​ឱ្យមាន​​បង្ក្រាប​ទៅ​លើស​សកម្ម​ភាព​បូមខ្សាច់​​នៅ​តាម​ទន្លេ​ស្ទឹង​ព្រែក​នានា​​​ជាដើម។

បើយោង​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​នានា សកម្ម​ភាព​របស់​សកម្ម​ជន​បរិស្ថាន​ទាំង​នេះ បាន​​​ចូល​រួម​​ធ្វើកា​រ​​បម្រើ​សង្គម​ តាម​​រយៈ​​កា​រ​​ជំរុញ​​ឱ្យ​មា​ន​ការ​​​អភិរក្ស​​ធន​ធាន​ធម្ម​ជា​តិ​​របស់​​ជាតិ​ឱ្យ​​នៅ​​គង់​វង្ស ខណៈ​ធន​ធាន​​ធម្មជាតិ​​​​ទាំង​​នេះ​ ​កំពុង​ត្រូវ​បានបំផ្លិច​​បំផ្លាញ​ដោយ​ឈ្មួញ​មាន​​ប្រាក់​​មួយ​​ចំនួន​ ដូច​ជា ​អ្នក​​ឧកញ៉ាលី យ៉ុង​​ផាត់ អ្នក​ឧកញ៉ា ពុង ឃាវសែ អ្នកឧក​ញ៉ា ទ្រី ភាព អ្នក​​ឧកញ៉ា ឃុន ស៊ា​ អ្នកឧកញ៉ា ហ៊ុន តូ ក្មួយប្រុស​​លោក​ហ៊ុន សែន​ អ្នក​ឧកញ៉ា ​ឡេង ណាវាត្រា និង​លោក​​ឧកញ៉ា លឹម ប៊ុនណ្ណា ហៅឧកញ៉ា ខ្នា​ ជា​ដើម​។ល។

អ្នក​ឧកញ៉ា និង​​ឧកញ៉ា​ទាំង​នេះ ​រួម​ទាំង​​​ឧកញ៉ា​ជាច្រើន​ផ្សេង​ទៀត ​ត្រូវបានគេ​ដឹង​ឮ​ជា​ទូទៅ​​ថា ជា​ឧក្រិដ្ឋជន​​​រកស៊ីបំផ្លិចបំផ្លាញធនធានធម្មជាតិ​ មានការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ជីក​យក​រ៉ែ បូម​​ខ្សាច់ ចាក់ដី​លុប​​ទន្លេ​លុប​​បឹង ​រំលោភ​យកដីធ្លីផ្ទះ​របស់​ប្រជាពលរដ្ឋ​ ឆបោក​​ប្រមូល​យក​​​ប្រាក់ពីប្រជាពលរដ្ឋ​​ ហើយ​​មិន​ព្រម​សង់​ផ្ទះ​​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​​តាម​​កិច្ច​សន្យា​ ជួញដូរគ្រឿង​​ញៀន រកស៊ីបើកបនល្បែង ​និង​ចាប់​ជម្រិត​តាម​ប្រព័ន្ធ​អន​ឡាញ​ជាដើម​។

ប៉ុន្តែ​មេឈ្មួញ​​ដែល​រកស៊ីមិន​សុចរិត ​បំផ្លាញធនធានធម្ម​ជាតិ​ ធ្វើឱ្យ​ប៉ះពា​ល់​​យ៉ាង​ធ្ងន់​ធ្ងរ​​ដល់​​​​​ពលរដ្ឋ ​និង​សង្គម​ទាំង​​នេះ មិន​ត្រឹម​តែ​​មិ​ន​​​ដែ​ល​​ត្រូវ​បាន​​រដ្ឋាភិបាល​ ធ្វើ​ការ​​ប្តឹង​ចោទ​ប្រកាន់ប៉ុណ្ណោះ​​ទេ​ ថែម​ទាំង​ត្រូវ​លើក​តម្កើង​ទៅ​ជាសមាជិកព្រឹទ្ធសភា​ និង​ទៅជាអ្នក​ឧក​ញ៉ា និងឧកញ៉ា​យ៉ាងព្រោង​ព្រាត​ទៀតផង។

ចំណែក​អ្នក​នយោបាយ​ប្រឆាំងដែល​និយាយ​បញ្ចេញមតិ​ ពី​ភាព​អសកម្ម​នៅក្នុង​សង្គម ​​ដូច​ជា បញ្ហា​​អំពើ​ពុករលួយ បញ្ហាព្រំដែន អំពើអយុត្តិធម៌សង្គម ​បញ្ហាបំណុលវ័ណ្ឌករ​របស់​ប្រជា​ពលរដ្ឋ បញ្ហាគ្រឿងញៀន​ដែល​​​​កំពុង​​តែ​មានកា​រ​​រីក​រាល​ដាល​ ​កា​រ​រំលោភ​បំពាន​យក​ដី​ធ្លីផ្ទះ​​សំបែង​​របស់​​ប្រជា​ពលរដ្ឋ​ ​និង​​ការ​​បំផ្លិច​បំ​ផ្លា​ញ​​ធនធានធម្មជាតិ​ជាដើម​ ក៏​បាន​ទទួល​រងការ​ធ្វើទុក្ខ​បុកម្នេញ​ «​តាម​សម្លាប់ តាម​​វ៉ៃ​​តាម​កម្ទេច​ តាមកម្ចាត់ និង​​ចាប់ដាក់​គុក​» ផង​ដែរ ក្រោម​​ការ​​ចោទ​​ប្រកាន់ពី​បទក្បត់​ជាតិ រួមគំនិតក្បត់ ​និង​បទញុះញង់ជាដើម​​ ជាបទចោទ​​ដែល​សហ​រដ្ឋអាមេរិក​ សហភាពអឺរ៉ុប​ និង​អង្គការ​សហប្រជាជាតិ​​ចាត់​​ទុកថា ជារឿងនយោ​បាយ​។ តើ​អ្វី​ទៅ​ជា​បទក្បត់ជាតិ ?

សម្រាប់​បញ្ញវន្តខ្មែរ​ស្នេហាជាតិ ដែលមាន​និន្នាការ​មិនស្រប​នឹងរដ្ឋាភិបាលគ្រួសារ​ហ៊ុន បាន​​លើក​ឡើង​​ថា ការ​​​​ធ្វើ​នយោបាយ​​តាម​​រយៈ​​ការ​​ចូល​រួម​ការ​បោះ​ឆ្នោត​​តាម​​ផ្លូវ​ច្បាប់ ​​ដោយ​ប្រកាន់យក​នូវ​គោលការណ៍​​អ​ហិ​ង្សា​ របស់​​គណបក្ស​សង្គ្រោះ​ជាតិ​​ដែល​ដឹកនាំដោយ​លោក​​សម រង្ស៊ី និង​​លោកកឹម សុខា កន្លងមក​ គេមើល​មិន​ឃើញ​ធាតុផ្សំ​នៃ​បទ​ល្មើស​ណា​មួយ​​ ដែលថា​មេដឹកនាំ​គណបក្ស​ប្រឆាំងក្បត់​ជាតិនោះ​ទេ ខណៈអ្នក​​តំ​ណា​ង​រាស្ត្រ​ចំនួន ​៥៥​នាក់ ​របស់​គណបក្សនេះ​​​​តែង​តែ​ប្រើ​យន្តការ​​​រដ្ឋសភា​ ដើម្បី​ធ្វើការ​​តស៊ូមតិ​​​យ៉ាងស្វិត​ស្វាញ  ជំរុញ​ឱ្យមាន​ការ​ធ្វើកំណែទម្រង់​ការ​ដឹកនាំរដ្ឋ​ និង​​ភាព​អសកម្ម​ផ្សេងៗ​​ក្នុង​សង្គម​ ធ្វើឱ្យគណបក្ស​នេះ​​​មា​នសម្ទុះគាំទ្រកាន់​តែខ្លាំងឡើង​ពីប្រជាពលរដ្ឋ​។​

ប្រភពដដែល​ បន្តថា ការ​ធ្វើ​អំពើក្បត់ជាតិបាន វាទាល់​តែ​បុគ្គលនោះ​​គណបក្ស​នយោបាយ​​នោះ ​​មាន​អំណាច​​កា​​ន់​នៅ​ក្នុង​ដៃ ហើយ​​​ប្រើ​អំណាច​​​ទាំង​​បំពាន​​ចុះហ​ត្ថលេខាលើ​សន្ធិសញ្ញា ឬ​កិច្ច​​ព្រ​ម​ព្រៀង​​​ប្រគល់​ឲ្យ​​រដ្ឋ​​​បរទេស​ នូវ​ដែនដី​ជាតិ​ទាំងស្រុងឬមួយ​ផ្នែក ដូច​ដែល​​លោក ​ហ៊ុន សែន​ បាន​​​ចុះ​ហត្ថលេខា​​​ជាមួយ​​មេដឹក​នាំវៀ​តណាម​ កាល​ពី​​​អំឡុង​​ឆ្នាំ១​៩៨២-១៩៨៣​​ និង​​ឆ្នាំ​​១៩៨៥​ ដែល​​បាន​​ធ្វើ​ឱ្យ​កម្ពុជា​​បាត់​​បង់​​​ដី​គោក​និង​សមុទ្រ​ជាច្រើនគីឡូម៉ែត្រទៅ​វៀត​ណាម​។

​ចំណែក លោក​កឹម សុខា ​និង​​​លោកសម រង្ស៊ី រួម​ទាំង​លោក​សម សារី ដែល​ជាឪពុក​របស់​លោក មិន​​ដែល​បាន​កាន់អំណាច​​ដឹកនាំប្រទេស ​និង​ពុំដែល​ឃើញ​មានឯកសារ​​ភស្តុតាង​​ផ្លូវ​ការ​​ជាក់​លាក់​ណាមួយ ដែល​បញ្ជាក់​ថា ពួក​គាត់​​ក្ប​ត់​ជាតិ​ខ្មែរ​​​សោះ​​ឡើយ។

វិលទៅ​សំណួរ​ខាងដើម ថាតើ​ហេតុអ្វីកម្ពុជា​​ចាប់អ្នកការពារធនធានធម្មជាតិដាក់គុក ហើយ​លើក​តម្កើង​អ្នកបំផ្លាញ​​ធន​​ធាន​​ធម្មជាតិ​?

រដ្ឋធម្មនុញ្ញកម្ពុជា ​មាត្រា៥១ ​ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ជាម្ចាស់វាសនា​នៃប្រទេស​ជាតិ​​របស់​ខ្លួន បាន​ន័យ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ប្រមាណ ១៧លាននាក់​ គឺ​​​ជា​ម្ចាស់​​​នៃ​ប្រទេស​​កម្ពុជា​​ដែល​​មាន​​ផ្ទៃ​ដី ១៨១ ០៣៥គីឡូម៉ែ​ត្រ​​ក្រឡា។ ប៉ុន្តែកា​រ​ដឹកនាំ​ប្រទេស​​របស់​ ​លោក ​ហ៊ុន សែន និង​លោក ​ហ៊ុន ម៉ាណែត បច្ចុប្បន្ន គឺ​ធ្វើ​ផ្ទុយ​ពី​ស្មារតី​​នៃ​ច្បាប់កំ​ពូល​នេះ ដោយ​ធ្វើ​​​ហាក់​ដូច​​ក​ម្ពុ​ជា​ជាក​ម្មសិ​ទ្ធិ​​ផ្តាច់​មុខ​របស់​គ្រួសារ​​ខ្លួន ​​ធ្វើ​អ្វីៗ​​ទៅ​​តាម​​តែ​អំពើចិត្ត​ដើម្បី​តែ​ផល​ប្រយោជន៍​គ្រួសារ​និង​បក្ខពួកខ្លួន។​

ដោយ​សារ​តែ​ស្ថាប័ន​រដ្ឋទាំងអស់ ​និង​ស្ថាប័ន​តុលាការ​ ត្រូវបាន​គ្រប់គ្រងត្រួតត្រា​​ដោយ​​គ្រួ​សារ​​ហ៊ុន​ ទើប​អ្នកន​យោបាយ​​ប្រឆាំង​ និង​សកម្មជន​បរិស្ថាន ​​​តែង​តែត្រូវបាន​ប្តឹង ​ហើយ​​ត្រូវ​បាន​តុលាការ​​សម្រេច​​ធ្វើការ​​ផ្តន្ទាទោ​ស​​​ដាក់​ពន្ធនាគារ ​និង​ពិន័យ​ជា​ប្រាក់​​យ៉ាងច្រើន​​រហូត​​ដល់រាប់លានដុល្លារ បើ​ទោះបីជាដឹងថា អ្នកន​យោបាយ​ប្រឆាំង​​ និងសកម្មជនទាំងនោះ ​ជា​ជនក្រីក្រ​​រកមួយ​​ថ្ងៃ​រស់បាន​​តែមួយ​ថ្ងៃក៏ដោយ។

ចំណែក អ្នកឧកញ៉ា និង​ឧកញ៉ា ​​​​ដែល​​បាន​​រក​​​ស៊ី​​បំផ្លិច​​បំផ្លាញ​ធនធាន​ធម្មជាតិ​ កាប់​បំផ្លាញ​ព្រៃ​ឈើ ជីក​យក​​​រ៉ែ បូម​​ខ្សាច់ ចាក់ដី​លុប​ទន្លេ​លុប​បឹង ​រំលោភ​យកដី​ផ្ទះ​សំបែង​ ឆបោក​ប្រាក់​ប្រជា​​ពលរដ្ឋ​ ជួញដូរគ្រឿង​ញៀន បើកបន​ល្បែង ​និង​ចាប់​ជម្រិត​តាម​ប្រព័ន្ធ​អនឡាញ​ជាដើម ​ដែល​បាន​ធ្វើឱ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច​និង​ការ​រស់​នៅ​​របស់​​ប្រជាពលរដ្ឋ ​និង​​ប្រទេស​ជាតិ​ តែ​​បែរជា​រួច​​ខ្លួន​​​មិន​​ត្រូវ​​បាន​​ប្តឹង​ ​​ឬ​កាត់​​ឱ្យ​ជាប់​​គុក គឺដោយ​​សារ​​​តែ​​ពួកគេ​ទាំង​​នោះ ​គឺ​​​ជាម​នុស្ស​​របស់​គ្រួសារ​​ហ៊ុន រកប្រាក់​ដើម្បី​ចិញ្ចឹម​អំណាច​គ្រួសារ​ហ៊ុន។

អ្នក​ឃ្លាំមើលសង្គម បាន​ព្រមានថា ក្នុង​ស្ថានភាពដូចកម្ពុជា​បច្ចុប្បន្ន​ដែល​អ្នក​ដឹកនាំប្រទេស​​គប់​គិត​គ្នា​​ជា​មួយ​​​ឈ្មួញ ​រំលោភ​បំពានធ្វើ​បាប​អ្នក​​នយោបាយ​​ប្រឆាំង ​ជិះជាន់អ្នកក្រ ​រំលោភ​​ច្បាម​​យក​​ធន​ធាន​​ទ្រព្យ​​សម្ប​​ត្តិ​​​របស់​​ប្រទេស​​ជាតិ ​ដើម្បី​តែ​ធ្វើមាន​ធ្វើបាន​សម្រាប់​​​តែ​​ក្រុម​​គ្រួសារ​​បក្ខពួកខ្លួន ធ្វើ​ឱ្យមាន​​អំពើ​​អយុត្តិ​ធម៌​សង្គ​​ម​​កាន់​​តែ​ខ្លាំង ​និង​​ធ្វើ​ឱ្យ​មាន​​គម្លាត​​អ្នក​មាន ​និង​អ្នក​ក្រកា​ន់​តែ​ធំ មិន​​យូរ​ឡើយ ​ប្រជាពល​រដ្ឋ​​នឹង​​អត់​ទ្រាំលែង​​បាន​​ហើយ​​​នឹង​ងើប​​​បះ​បោរ​​ប្រឆាំង​​នឹង​​អំពើ​ទាំង​នេះ​ជាមិន​ខាន​ ដូច​ទ្រឹស្តី​របស់​កុម្មុយ​និស្ត​​មួ​យ​ឃ្លាលើក​ឡើង​​ថា «ទីណា​​មាន​ការ​​​ជិះ​ជាន់​​ ទីនោះ​តែងមានការ​រើបម្រះ» ដែល​​ជា​ភាព​សត្យា​ន័ត​​របស់ធ​ម្ម​ជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ