ក្រុមអ្នកឃ្លាំមើល ហៅការអះអាងរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុងជំនួបជាមួយអ្នកសារព័ត៌មាន ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ខែឧសភានោះថា ជាសារបិទបាំងការធ្វើនយោបាយសម្លាប់ប្រជាធិបតេយ្យ ដើម្បីក្រាញអំណាចតពូជតាមគន្លងឪពុក ក្បត់នឹងស្មារតីរដ្ឋធម្មនុញ្ញ។
ពួកគេថា សារនេះ ក៏ឆ្លុះបញ្ចាំងផងដែរថា គ្រួសារហ៊ុន គ្មានថ្ងៃទទួលយកការពិត ដើម្បីកែលម្អសង្គម តបតាមស្មារតីរដ្ឋធម្មនុញ្ញ ដើម្បីធានាយុត្តិធម៌ជនរងគ្រោះ ដែលរងគ្រោះពីការសម្លាប់ប្រព័ន្ធប្រជាធិបតេយ្យនោះទេ។
លើសពីនេះ ក៏ស្តែងចេញពីទង្វើខ្វះការទទួលខុសត្រូវរបស់មេដឹកនាំ ដែលកើតចេញពីការបោះឆ្នោតមិនត្រឹមត្រូវ ហើយទីបំផុតនឹងធ្វើឱ្យប្រទេសជាតិ ជួបគ្រោះមហន្តរាយ ដោយសារតែមេដឹកនាំឱបក្រសោបពួកឧក្រិដ្ឋជន ហើយចាត់ទុកពលរដ្ឋដែលរិះគន់ដើម្បីស្ថាបនា ជាចំណាប់ខ្មាំងនយោបាយ។
លោក ហ៊ុន ម៉ាណែត ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅក្នុងស្រុក ក្រោមការរៀបចំរបស់ក្រសួងព័ត៌មាន ដែលជាសេនាធិការរបស់ខ្លួន ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោកថា អ្នកសារព័ត៌មានអាជីព គឺជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងមានប្រសិទ្ធភាព ក្នុងសង្គមដែលជាមូលដ្ឋាននៃការកសាង«សច្ចភាពប្រវត្តិសាស្ត្រ» និងជួយឱ្យពលរដ្ឋចៀសផុតពីការបំភ័ន្តការបំភ្លៃ និងការបំផ្លើសដោយជនអគតិមួយចំនួន។
លោកបន្តថា ក្នុងសង្គមប្រជាធិបតេយ្យ សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ គឺជាអំណាចទី៤ បន្ទាប់ពីអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។
លោក ហ៊ុន ម៉ាណែត ចាត់ទុកសារព័ត៌មានគឺជាមែកធាងនៃប្រព័ន្ធគ្រប់គ្រងរដ្ឋ ដើរតួនាទីយ៉ាងសំខាន់ក្នុងការបើកឱកាសឱ្យពលរដ្ឋលើកបង្ហាញភាពអសកម្ម ឬភាពខ្វះចម្លោះនៃការដឹកនាំរបស់រដ្ឋាភិបាល។
លោកថា៖ «រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ គឺជាមែកធាងនៃប្រព័ន្ធគ្រប់គ្រងរដ្ឋ ដែលមានតួនាទីក្នុងការផ្សព្វផ្សាយនូវសកម្មភាព និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលជូនសាធារណជន ហើយនាំយកបញ្ហាសង្គមទុកដាក់ជូនរាជរដ្ឋាភិបាល ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាលើកស្ទួយនិងគោរពសិទ្ធសេរីភាពសារព័ត៌មានដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីរបបសារព័ត៌មាន»។
យ៉ាងណា តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន យល់ឃើញផ្សេងពីនេះ ដោយលោកប្រាប់VODនៅថ្ងៃទី៥ ខែឧសភានេះថា សារលោក ហ៊ុន ម៉ាណែត គ្រាន់ជាលេសបិទបាំងទង្វើទុច្ចរិតខ្លួន និងឪពុកលោក ដែលបានបំផ្លាញប្រជាធិបតេយ្យ រំលោភសិទ្ធិមនុស្ស និងកម្ចាត់សារព័ត៌មានឯករាជ្យ ដូចដែលបានធ្វើចាប់តាំងពីចុងឆ្នាំ២០១៧រហូតមក។
លោកបន្តថា សារនេះមិនខុសពីឪពុករបស់លោក គឺលោក ហ៊ុន សែន ទេ។ បើតាមលោក អ៊ុំ សំអាន បើកាលណាមេដឹកនាំគ្រួសារហ៊ុន និយាយថា ខ្លួនឱ្យតម្លៃសារព័ត៌មាន សិទ្ធិនេះនឹងត្រូវរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ដូចករណីដែលលោក ហ៊ុន សែន ធ្លាប់សន្យាថា នឹងកាត់កចោលបើទប់ស្កាត់បទល្មើសព្រៃឈើមិនបាន តែបទល្មើសព្រៃឈើទ្រង់ទ្រាយធំនៅតែបន្តបំផ្លាញជិត១០ឆ្នាំទៅនេះ។
ដូចគ្នានឹងការអះអាងថា ការពាររដ្ឋធម្មនុញ្ញ និងប្រជាធិបតេយ្យ តែគ្រួសារហ៊ុនបានបំពានច្បាប់កំពូលនេះ តាមរយៈត្រួតត្រាតុលាការ និងរដ្ឋសភាជាដើម ដែលបន្សល់ទុកជនរងគ្រោះច្រើនលាននាក់ ទាំងអ្នកជាប់បំណុល និងអ្នកចាញ់បោកក្រុមឧកញ៉ា ទាំងគ្មានការការពារពីប្រព័ន្ធច្បាប់។
ម្យ៉ាងវិញទៀត លោកអះអាងថា មេដឹកនាំគ្រួសារហ៊ុន ខ្លាចបំផុតសារព័ត៌មានឯករាជ្យ ដែលគាស់កកាយពីទង្វើផ្តាច់ការ ឃោឃៅ ប្រព្រឹត្តិអំពើពុករលួយ បក្ខពួកនិយម ដោយថាបន្ទាត់នយោបាយគ្រួសារហ៊ុន បានដើរលើផ្លូវខុសចាប់តាំងពីឆ្នាំ២០១៧ រំលាយគណបក្សសង្គ្រោះជាតិបំពានឆន្ទៈពលរដ្ឋជាងពាក់កណ្តាលប្រទេស ហើយរៀបចំការបោះឆ្នោតក្លែងក្លាយ ច្រើនអាណត្តិទីនេះ តែអួតប្រាប់ពលរដ្ឋថា ខ្លួនកំពុងអនុវត្តគោលការណ៍ប្រជាធិបតេយ្យ។
លោកថា៖ «មិនឆ្លុះបញ្ចាំងពីការពិតនោះទេ យើងឃើញហើយសារព័ត៌មានឯករាជ្យនៅប្រទេសកម្ពុជា ដូចជា វីអូឌីអាស៊ីសេរី ខេមបូឌាដេលី ត្រូវបានគេបិទ ត្រូវបានគេបណ្ដេញចេញ ធ្វើទុក្ខបុកម្នេញមិនឲ្យដំណើរការនៅក្នុងស្រុកបានផងហ្នឹង មានតែវិទ្យុនិងកាសែតមួយចំនួន ដែលគាំទ្ររដ្ឋាភិបាលតែប៉ុណ្ណោះឯង ដែលអាចឈរជើងនៅស្រុកខ្មែរ ដូច្នេះអ្វីដែលគាត់និយាយហ្នឹង គ្រាន់តែនិយាយដើម្បីកុហកបោកប្រាស់ប្រជាពលរដ្ឋតែប៉ុណ្ណោះឯង មិនមែនជាការពិតនោះទេ»។
បន្ថែមពីនេះ ប្រធានស្ថាប័នVOD លោក ប៉ា ងួនទៀង និយាយថា សាររបស់លោក ហ៊ុន ម៉ាណែត នេះមិនឆ្លុះបញ្ចាំងពីការបន្តអនុវត្តតាមគន្លងឪពុក ធ្វើនយោបាយបំភ័ន្តភ្នែករាស្រ្ត សម្លាប់ប្រជាធិបតេយ្យ។
លោកថា៖ «ជាការពិតដោយសាររបៀបដឹកនាំ របៀបគ្រប់គ្រងរបស់គាត់ គឺពាក់ព័ន្ធទៅនឹងការប្រព្រឹត្តអំពើពុករលួយ អំពើទុច្ចរិតជាច្រើន ដូច្នេះទៅចំណុចទាំងអស់នេះ គឺគាត់មានការបារម្ភអំពីការងើបឡើងប្រឆាំងរបស់ប្រជាពលរដ្ឋខ្មែរ ដូច្នេះមធ្យោបាយរបស់គាត់ គឺធ្វើយ៉ាងណាត្រូវតែបិទបាំងការយល់ដឹង និងការដឹងឮរបស់ប្រជាពលរដ្ឋខ្មែរ ចឹងវិធីសាស្ត្ររបស់គាត់ គឺកម្ចាត់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យចេញ»។
សម្រាប់លោក ងួនទៀង បារម្ភថា ការដឹកនាំដែលខ្វះសុចរិតភាព ដឹកនាំបោកប្រាស់រាស្រ្ត សម្លាប់ប្រជាធិបតេយ្យ និងគ្មានការបោះឆ្នោតដោយសេរីភាព ត្រឹមត្រូវ និងយុត្តិធម៌ អ្នកបន្តរងគ្រោះគឺប្រជាពលរដ្ឋ។
លោកបន្តថា ការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ហាក់ដូចគ្នាទៅនឹងឪពុកគាត់ដែរ គឺតែងតែអួតក្អែងក្អាងថា កម្ពុជាគោរពនូវស្មារតីរដ្ឋធម្មនុញ្ញ តែធាតុពិតជាត់ស្តែងអនុវត្តផ្ទុយពីស្មារតីរដ្ឋធម្មនុញ្ញទាំងស្រុង។
លោកថា៖ «ឪពុកគាត់ដែលគាត់មិនអាចធ្វើដូច្នេះបាន ដោយសារគ្រួសារគាត់មានការជាប់ពាក់ព័ន្ធដ៏ជ្រៅនូវអំពើទុច្ចរិតទាំងឡាយ ដែលកើតឡើងក្នុងសង្គម ឧទាហរណ៍ ដូចសកម្មភាពជួញដូរតាមអនឡាញអីជាដើម ហើយសកម្មភាពនៃការពាក់ព័ន្ធរបស់ពួកគាត់ជាមួយឧកញ៉ាបោកប្រាស់ប្រជាពលរដ្ឋអីជាដើម។ ដូច្នេះទៅអាការជាប់ពាក់ព័ន្ធនៃក្រុមគ្រួសារគាត់ដ៏ជ្រៅជាមួយនូវអំពើទុច្ចរិត និងជនទុច្ចរិតជាច្រើននេះ គឺជាមូលហេតុចម្បងមួយ។ មូលហេតុចម្បងទី២ គឺអំពើពុករលួយ ទាំងអាការលួចប្លន់ទ្រព្យសម្បត្តិសាធារណៈដូចជារ៉ែ ដូចជាដីធ្លី អីជាដើម។ល។ វាសុទ្ធតែពាក់ព័ន្ធនឹងអត្ថប្រយោជន៍ក្រុមគ្រួសារគាត់»។
នេះមិនមែនជាលើកទី១ នាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត ធ្លាប់និយាយថា វិស័យព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកជំរុញតម្លាភាពសង្គម និងដំណើរការប្រជាធិបតេយ្យ។
ប៉ុន្តែការអនុវត្តត្រូវបានគេមើលឃើញផ្ទុយពីនេះ។ ផ្ទុយនៅត្រង់ថា ទាំងរដ្ឋាភិបាលចាស់ និងរដ្ឋាភិបាលថ្មី តែងតែតាមកម្ចាត់ប្រព័ន្ធផ្សព្វផ្សាយដែលហ៊ាននិយាយការពិត ដើម្បីជំរុញអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ។
វិធានបង្ក្រាបនេះ បានកើតឡើងជិត១០ឆ្នាំ ចាប់ពីឆ្នាំ២០១៧មក ដែលធ្វើឱ្យវិស័យសារព័ត៌មាន និងសិទ្ធិមនុស្ស រងការគំរាមជាបន្តបន្ទាប់។
អង្គការអ្នកកាសែតគ្មានព្រំដែន បានដាក់កម្ពុជាឲ្យជាប់ចំណាត់ថ្នាក់ទី១៥១ ក្នុងចំណោម ១៨០ប្រទេស នៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៤ ដែលមានន័យថា កម្ពុជាជាប្រទេសមានការគំរាមកំហែងដល់សេរីភាពសារព័ត៌មានកាន់តែធ្ងន់ធ្ងរ។
ចំណែក រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ មាត្រា៤១ ចែងថា ប្រជាពលរដ្ឋខ្មែរ មានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ភផ្សាយ សេរីភាពខាងការជួបជុំ។
អង្គការអ្នកកាសែតគ្មានព្រំដែន កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ធ្លាប់ចេញសេចក្តីថ្លែងការណ៍រកឃើញថា សេរីភាពសារព័ត៌មាននៅកម្ពុជាបានធ្លាក់ចុះខ្លាំង ចាប់តាំងពីឆ្នាំ២០១៧ ពោលគឺនៅពេលអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បង្ក្រាបប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាបន្តបន្ទាប់ និងចុងក្រោយគឺវិទ្យុសំឡេងប្រជាធិបតេយ្យ VOD ត្រូវដកហូតអាជ្ញាប័ណ្ណ កាលពីខែកុម្ភៈ ឆ្នាំ២០២៣។
ប្រភពនោះ សង្កត់ធ្ងន់ទៀតថា រយៈពេលមួយឆ្នាំនៃការកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ហាក់កំពុងបន្តការបង្រ្កាបលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បន្តពីលោក ហ៊ុន សែន ជាឪពុក។
ចំណែក អង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ កាលពីថ្ងៃទី១១ ខែធ្នូ បាននិយាយថា នៅក្នុងឆ្នាំ ២០២៤ ពោលគឺគិតត្រឹមមួយឆ្នាំនៃការឡើងកាន់អំណាចរបស់លោក ហ៊ុន ម៉ាណែត ការឃាត់ ចាប់ខ្លួននិងឃុំខ្លួនក្នុងពន្ធនាគារយ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅលើសកម្មជននយោបាយ សកម្មជនសហជីព សកម្មជនការពារបរិស្ថាន និងអ្នកនិយាយរឿងព្រំដែន។
សម្រាប់លីកាដូ បានគូសបញ្ជាក់ថា ឆ្នាំ២០២៤ អាជ្ញាធរកាន់តែបន្តបំបិទសំឡេងអ្នកដែលតែងរិះគន់ដល់គោលនយោយបាយរបស់រាជរដ្ឋាភិបាល សកម្មជនដែលតែងតែធ្វើការតស៊ូមតិ ដើម្បីសិទ្ធិមនុស្ស និងពលរដ្ឋសាមញ្ញដែលតែងបញ្ចេញមតិ ឬបង្ហាញពីការយល់ឃើញរបស់ពួកគេជាដើម។
ជ្រុងមួយទៀត បើគេសង្កេតលើរបាយការណ៍ ថ្មីមួយរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលចេញផ្សាយកាលពីចុងខែវិច្ឆិកា បានវាយតម្លៃថា «សិទ្ធិសេរីភាពខាងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន នៅតែបន្តរងការវាយប្រហារនៅក្នុងប្រទេសកម្ពុជា ដោយអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស រងការបង្ក្រាប និងការដៅមុខសញ្ញា ដោយសារតែការអនុវត្តសិទ្ធិស្របច្បាប់ក្នុងការរាយការណ៍ និងការតស៊ូមតិសំខាន់ៗរបស់ខ្លួន។
បញ្ហាទាំងនេះ គេក៏សង្គេតឃើញផងដែរពីការធ្វើយុទ្ធនាការចែកចាយក្រដាសប្រាក់រៀលប្រភេទ ៥០០០៛ ១០០០៛ ៥០០៛ និង១០០០០៛ ដោយសរសេរអក្សរថា «អំណាចហ៊ុនតត្រកូល ខ្មែរថ្ងូរតជំនាន់»៕









