ប្រជាពលរដ្ឋខ្មែររស់នៅជាប់ព្រំដែនកម្ពុជា វៀតណាម ដែលបានបាត់បង់ដីស្រែដីចម្ការទៅវៀតណាម កាលពីអំឡុងឆ្នាំ១៩៩៤ និងពេលបន្តបន្ទាប់ក្រោយមកទៀត បានចាត់ទុកការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលថា ទំហំផ្ទៃដីកម្ពុជាបច្ចុប្បន្ន មានលើសពី ១៨១ ០៣៥គីឡូម៉ែត្រការ៉េនោះថា ជាការបិទបាំងការបាត់បង់ទឹកដីខ្មែរនៅតាមព្រំដែនទៅប្រទេសវៀតណាម ក្រោមការដឹកនាំរបស់គ្រួសារហ៊ុន។
ប្រតិកម្មរបស់ប្រជាពលរដ្ឋនៅក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង និងពលរដ្ឋរស់នៅជាប់ព្រំដែនក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំនេះ កើតមានឡើងនៅពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបន្តអះអាងជាបន្តបន្ទាប់នៅនាប៉ុន្មានថ្ងៃកន្លងមកនេះថា ផ្ទៃដីប្រទេសកម្ពុជាបច្ចុប្បន្ន គឺមានទំហំដល់ទៅ ១៨១ ៤៣៦គីឡូម៉ែត្រការ៉េ មិនមែនមានត្រឹម ១៨១ ០៣៥គីឡូម៉ែត្រការ៉េ ដូចដែលកូនខ្មែរគ្រប់រូបរួមទាំងរូបលោកធ្លាប់ទន្ទេញចាំមាត់តាំងតែពីនៅរៀននោះទេ។
ក្នុងពិធីជួបជុំអ្នកកាសែតរាប់ពាន់នាក់ នៅក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក កាលពីថ្ងៃទី៣ ខែឧសភានេះ លោក ហ៊ុន ម៉ាណែត បានបកស្រាយបញ្ហានេះឡើងវិញ ខណៈមានការរិះគន់ថា ក្រោមការដឹកនាំរបស់ឳពុកលោក ច្រើនទសវត្សរ៍ទៅនេះ ធ្វើឱ្យទឹកដីកម្ពុជារបូតទៅប្រទេសជិតខាង។
លោកគូសបញ្ជាក់ថា លោកបានឆែកជាមួយអ្នកបច្ចេកទេសកិច្ចការព្រំដែន បានឱ្យដឹងថា កាលពីជាង១០០ឆ្នាំមុន ក្រុមភូមិសាស្ត្របារាំងបានសន្និដ្ឋានយកតួលេខ១៨១ ០៣៥នេះ បន្ទាប់ពីបានគូសវាសលើក្រដាស និងជិះសេះជិះដំរីចុះវាស់ចោះៗនៅតាមភូមិស្រុកមួយចំនួន។
លោកថា៖ «អីចឹងបងប្អូនអ្នកសារព័ត៌មានឆ្ងល់ ចុះអា ១៨១ ៤៣៦គីឡូម៉ែត្រការ៉េហ្នឹង បានមកពីណា? គឺនៅឆ្នាំ២០១២ ក្រុមបច្ចេកទេសរបស់អតីតអាជ្ញាធរជាតិរបស់យើង បានយកកម្មវិធីរបស់ក្រុមហ៊ុនអាមេរិកមួយ គឺយកមកវាស់ចុចព្រំប្រទល់កម្ពុជា វៀតណាម ដែលយើងប្រើទិន្នន័យខ្សែព្រំដែនដែលឯកភាពគ្នានៅកន្លែងដែលឯកភាពគ្នា។ ទី២ ខ្សែព្រំដែនកម្ពុជា ឡាវ ដែលបានឯកភាពគ្នានោះ ហើយប្រើប្រាស់ទិន្នន័យ១លើ១០ពាន់ ហើយកម្ពុជាថៃយើងប្រើទិន្នន័យ១លើ២០ពាន់។ អ៊ីចឹងប្រើតាមបច្ចេកវិទ្យាGPSទាំងអស់ អ៊ីចឹងកាល់កាឡេមកដល់នេះឃើញ ១៨១ ៤៣៦គីឡូម៉ែត្រការ៉េ។ នេះគឺជាលម្អៀង អ៊ីចឹងសំណួរសួរវិញថា តើបារាំងជិះដំរីវាស់សុក្រឹត្យជាងយើងវាស់ដោយGPSដែរឬទេ? អាហ្នឹងសំណួរទុកឱ្យបច្ចេកទេសឆ្លើយចុះ»។
បើតាមលោក ហ៊ុន ម៉ាណែត ផ្ទៃដីទំហំ ១៨១ ៤៣៦គីឡូម៉ែត្រការ៉េនេះ គឺមិនទាន់បូកបញ្ចូលដីកោះនៅដែនសមុទ្រ ដែលកម្ពុជាមានកោះទាំងតូចទាំងធំចំនួន ៧១កោះទៀតនៅឡើយទេ។
យ៉ាងណាក្តី ស្ត្រីវ័យ៦៥ឆ្នាំម្នាក់ រស់នៅក្នុងភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ដែលបដិសេធប្រាប់ឈ្មោះនិងមិនឱ្យថតសំឡេង ដោយសារតែកន្លងមកធ្លាប់ត្រូវបាននគរបាលឃុំដូង ហៅទៅព្រមាន ដោយសារតែអ្នកស្រីបាននិយាយពីបញ្ហាបាត់បង់ដីស្រែខ្មែរ នៅតាមព្រំដែន ប្រាប់អ្នកកាសែត បានថ្លែងថា អ្នកស្រីបានបាត់បង់ដីស្រែកេរដូនតា ប្រមាណ៥ហិកតាទៅវៀតណាមកាលពីឆ្នាំ១៩៩៤ ។
គាត់បញ្ជាក់ថា នៅពេលនោះ កងទ័ពវៀតណាម និងអាជ្ញាធរវៀតណាម បានប្រើគ្រឿងចក្រចូលឈូសរំលំដីព្រៃឈើខ្មែរ និងវាលស្រែខ្មែរនៅតាមបណ្តោយព្រំដែន គ្មានការទប់ស្កាត់ពីអាជ្ញាធរខ្មែរនោះទេ ។
គាត់និយាយក្នុងសម្តីដើមថា៖ «ខ្ញុំមិនដឹងថា លោក ហ៊ុន ម៉ាណែត គាត់យកដីពីកន្លែងណាមកបូកបន្ថែម ធ្វើឱ្យផ្ទៃដីប្រទេសកម្ពុជាកើនឡើងនោះទេ ពីព្រោះនៅឃុំដូងយើងនេះ យួនវាទយកដីនៅតាមព្រំដែនអស់ច្រើនណាស់លោកគ្រូ រាប់គីឡូមិនមែនមួយមិល្លិម៉ែត្រ ឬមួយចំអាមនោះទេ។ កាលពីមុននៅតាមព្រំដែនសុទ្ធតែព្រៃល្វឹងល្វើយ មានដើមឈើធំៗ ដូចជាព្រៃបត់ឈ្ងោក ព្រៃត្រពាំងប្រាសាទ ព្រៃត្រាចគុយអីជាដើម ហើយក៏មានព្រៃឫស្សីសម្រាប់អ្នកស្រុកយើង ចូលទៅចាក់ទំពាំង និងដកផ្សិត លក់ដូរផ្គត់ផ្គង់ជីវភាពគ្រួសារបានផងដែរ។ ដីស្រែខ្ញុំ និងដីពលរដ្ឋខ្មែរយើងដទៃទៀត នៅចន្លោះព្រៃទាំងនោះ ត្រូវបានវៀតណាមមានទាំងកម្លាំងទ័ពប្រដាប់អាវុធ និងស៊ីវិល ជាមួយនឹងគ្រឿងចក្រ បានលើកគ្នាចូលមកឈូសឆាយវាទយកអស់កាលពីអំឡុងឆ្នាំ១៩៩៤»។
ស្ត្រីដែលប្រាប់ថា បច្ចុប្បន្នអ្នកស្រីនៅសល់ដីស្រែតែកន្លះហិកតា នៅក្បែរប៉ុស្តិ៍ព្រំដែនខ្មែរ វត្តភូមិដូងចាស់ បានអះអាងទៀតថា បើរាប់ពីប៉ុស្តិ៍ព្រំដែនខ្មែរនៅវត្តភូមិដូងចាស់បច្ចុប្បន្ន ទៅដល់ផ្សារចេកមាស នៅក្នុងទឹកដីវៀតណាម ដែលកាលពីក្រោយឆ្នាំ១៩៧៩ ក៏ជាទឹកដីខ្មែរដែរនោះ គឺវៀតណាមបានរំលោភយកទឹកដីខ្មែរមានជម្រៅប្រមាណជាង ៣គីឡូម៉ែត្រឯណោះ ត្រង់ចំណុចវត្តភូមិដូងចាស់នេះ។
ពលរដ្ឋរូបនេះថា លោក ហ៊ុន ម៉ាណែត បង្កើនតួលេខពីទំហំផ្ទៃដីប្រទេសកម្ពុជានៅពេលនេះ អាចដើម្បីបង្វែរកុំឱ្យមានការចាប់អារម្មរណ៍ ពីការបាត់បង់ទឹកដីខ្មែរជាក់ស្តែងនៅតាមព្រំដែនទៅវៀតណាម។
ចំណែក បុរសអ្នកភូមិដូងវ័យ៧២ឆ្នាំម្នាក់ទៀត ដែលបដិសេធប្រាប់ឈ្មោះដែរនោះ ក៏បានប្រាប់វីអូឌីតាមទូរសព្ទដែរថា ប្រទេសកម្ពុជាត្រូវបានរៀតណាម រំលោភយកទឹកដីនៅតាមព្រំដែនជាបន្តបន្ទាប់ ជាពិសេសនៅក្រោយឆ្នាំ១៩៧៩។ លោកថា វៀតណាម បានរំលោភយកដីស្រែដែលជាដីកេរតាំងពីដូនតារបស់ឪពុកម្តាយលោកអស់ប្រមាណ៦ហិកតា។
លោកនិយាយក្នុងសម្តីដើមថា៖ «ដូច្នេះខ្លាចតែទឹកដីបច្ចុប្បន្ននៅសល់មិនដល់ ១៨១ ០៣៥គីឡូម៉ែត្រការ៉េផងទេ កុំថាឡើយដល់ទៅនៅសល់លើសនេះ។ ក្មួយគិតមើលបើរាប់ពីវត្តភូមិដូងចាស់ ទៅប៉ែកខាងកើតឈៀងខាងជើង មានប្រាសាទបុរាណខ្មែរបាក់បែកមួយនៅកណ្តាលព្រៃ ហើយទៅហួសព្រៃប្រាសាទនោះមានបឹងមួយធំល្វឹងល្វើយគេហៅថាបឹងជប់ មានទឹកខួបប្រាំងខួបវស្សា ហើយកាលពីមុននៅរដូវប្រាំងខ្មែរយើងនៅតាមព្រំដែនតែងតែទៅរកត្រីនិងច្រូតស្បូវកក់នៅបឹងនោះ។ ប៉ុន្តែកាលពីឆ្នាំ១៩៩៤ យួនបានឈូសឆាយព្រៃឈូសរម្លើងប្រាសាទ ឈូសដីលុបផ្នែកខ្លះនៃបឹងបំបាត់ដានអស់។ បច្ចុប្បន្នតំបន់នោះក្លាយទៅជាដីចម្ការកៅស៊ូ ចម្ការអំពៅ និងចម្ការដំឡូងរបស់វៀតណាមអស់ទៅហើយ សួរថា តើយើងកើនដីមកពីណាខ្ញុំឆ្ងល់ណាស់ កុំអាងខ្លួនជាមេដឹកនាំចេះតែនិយាយពេក?»។
បុរស ស្ត្រីវ័យចំណាស់ទាំង២នាក់នេះ បានឱ្យដឹងទៀតថា តាមពិតវៀតណាម មិនអាចរំលោភបំពានយកដីស្រែកេរដូនតារបស់ពួកគាត់នៅតាមព្រំដែនបានទេ ប្រើសិនបើស្ថាប័នពាក់ព័ន្ធរបស់ខ្មែរឈរនៅខាងប្រជាពលរដ្ឋ ហើយជួយទប់ស្កាត់។
ប៉ុន្តែផ្ទុយទៅវិញ ពួកគាត់ថា អាជ្ញាធរខ្មែរ និងមន្ត្រីគណៈកម្មាការព្រំដែន មិនត្រឹមតែមិនជួយការពារប្រជាពលរដ្ឋខ្មែរខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងដាក់សម្ពាធ និងបង្ខំឱ្យប្រជាពលរដ្ឋឈប់តវ៉ា ដោយប្រាប់ថា ដីស្រែទាំងនោះស្ថិតនៅតំបន់ស(តំបន់ដែលមានការប្រទាញប្រទង់គ្នា) ទុកឱ្យរដ្ឋាភិបាលកម្ពុជាធ្វើការចរចាដោះស្រាយជាមួយរដ្ឋាភិបាលវៀតណាម ដោយសំអាងថា ដីវាមិនបាត់ទៅណាទេ។
លើសពីនេះ គាត់ថា ការសំអាងរបស់អាជ្ញាធរនេះ ធ្វើឱ្យដីស្រែចម្ការរបស់ពួកគាត់នៅតែព្រំដែនមួយចំនួនបានក្លាយទៅជាដីចម្ការកៅស៊ូ និងចម្ការអំពៅរបស់វៀតណាម រហូតបច្ចុប្បន្ន។
ចំណែក ពលរដ្ឋម្នាក់ទៀតរស់នៅជាប់ព្រំដែនវៀតណាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក៏បានប្រាប់វីអូឌីផងដែរថា រដ្ឋាភិបាលកម្ពុជា តែងតែបំបិទមាត់ពលរដ្ឋមិនឱ្យនិយាយការពិត ពីការរំលោភបំពានយកទឹកដីខ្មែរនៅតាមព្រំដែន ពីសំណាក់អាជ្ញាធរវៀតណាម។
បុរសវ័យ៧៥ឆ្នាំរូបនេះ បាននិយាយក្នុងសំដីដើមថា៖ «យួនគេរំលោភយកដីស្រែដីចម្ការកេរដូនតាខ្មែរយើង ហើយអាជ្ញាធរខ្មែរ យើងបែរជាបំបិតមាត់មិនឱ្យនិយាយពីទុក្ខលំបាករបស់យើងទៀត»។
ប្រភពនោះអះអាងទៀតថា អ្នកភូមិធ្លាប់និយាយរឿងនេះ ប្រាប់ លោក រ៉ុង ឈុន ដែលធ្លាប់បានចុះទៅតំបន់នោះ ប៉ុន្តែថាមកដល់ពេលនេះ ដីទាំងនៅវៀតណាមគ្រប់គ្រងទាំងស្រុង ការណ៍នេះ លោកថា មានការភ្ញាក់ផ្អើលពេលឮនាយករដ្ឋមន្ត្រីកម្ពុជា និយាយថា ផ្ទៃដីប្រទេសកម្ពុជាបច្ចុប្បន្ន ធំជាងមុនទៅវិញ។
ផ្ទុយពីការអះអាងរបស់លោក ហ៊ុន ម៉ាណែត លោក លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអ្នកមានបទពិសោធន៍កិច្ចការព្រំដែន និយាយថា កម្ពុជា ក្រោមការដឹកនាំដោយគ្រួសារហ៊ុន ដែលវៀតណាមបានលើកបន្តុបជាង៤០ឆ្នាំមកនេះ បានធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីជាច្រើនទៅវៀតណាម។
លោកសង្កត់ធ្ងន់ថា កាលដែលលោក ហ៊ុន សែន នៅកាន់តំណែងជានាយករដ្ឋមន្ត្រី បានកាត់ដែនសមុទ្រខ្មែរឱ្យវៀតណាមចំនួន៣ម៉ឺនគីឡូម៉ែត្រការ៉េ តាមរយៈសន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្ត្រឆ្នាំ១៩៨២ និងធ្វើឱ្យបាត់បង់កោះត្រល់ និងចង្កោមកោះក្រចកសេះ និងថែមទាំងបានដាក់ដែនសមុទ្រខ្មែររួមជាមួយវៀតណាមចំនួន១ម៉ឺនគីឡូម៉ែត្រការ៉េថែមទៀត។
លោកថា៖ «គាត់អត់បានបង្ហាញការវាស់វែងតាមលក្ខណៈបច្ចេកទេស តាមលក្ខណៈវិទ្យាសាស្ត្រណាមួយដែលបញ្ជាក់ថាផ្ទៃក្រឡាប្រទេសកម្ពុជាយើងមានទំហំលើស ១៨១ ០៣៥គីឡូម៉ែត្រការ៉េ ហើយកាលណាផ្ទៃក្រឡាយើងលើសទំហំនឹងមានន័យថា ប្រទេសវៀតណាម ប្រទេសឡាវ ប្រទេសថៃហ្នឹង បាត់បង់ទឹកដីរបស់គេហើយ បានទឹកដីយើងឡើងកើនជាងមុន ក៏ប៉ុន្តែយើងឃើញជាក់ស្តែងប្រទេសវៀតណាម និងប្រទេសថៃបានលេបត្របាក់ទឹកដីយើងហ្នឹងហី វៀតណាមនិងថៃអីហ្នឹង គេមិនល្ងង់កាត់ដីរបស់គេឱ្យយើងនោះទេ»។
លោក ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន របស់រដ្ឋាភិបាល មិនអាចទាក់ទងសុំការពន្យល់លើបញ្ហានេះបានទេ នៅថ្ងៃទី៦ខែឧសភានេះ។
សម្រាប់ លោក សម រង្ស៊ី ប្រធានក្រុមប្រឹក្សាជាតិតស៊ូ បានសរសេរបង្ហោះនៅលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៤ខែឧសភា បានបង្ហោះសារក្នុងន័យបែបចំអកថា កាលពីមុនត្រកូលហ៊ុនអួតថា ប្រទេសកម្ពុជា ក្លាយជាប្រទេសអ្នកមាន ដល់ឥឡូវអួតទៀតថា ដីប្រទេសកម្ពុជារីកធំជាងមុន។
សម្រាប់ លោក សម រង្ស៊ី ការនិយាយថា ទឹកដីកម្ពុជាធំជាងមុន ជាការបោកបញ្ឆោតសាធារណជន ដែលលោកគិតថា ទាំងប្រជាពលរដ្ឋខ្មែរ និងអ្នកនៅក្នុងជួយគណបក្សកាន់អំណាចខ្លះ ទំនងជាដឹងពីល្បិចបោកតជំនាន់ របស់គ្រួសារហ៊ុន ដែលលើកបន្ទប់ដោយវៀតណាមនេះ៕









