ប្រទេសបារាំងមួយទៀតរំឭក​គ្រួសារ​ហ៊ុនពីសារ​សំខាន់​ច្បាប់​ UNCLOS​ដើម្បី​ការ​ពារ​ទឹក​ដី

ចំពេលមានចរន្តទាមទារ​ឱ្យ​មេដឹកនាំ​ខ្មែរ​ទាម​ទារ​កោះគុត​ពី​ភាគី​ថៃ និង​កោះ​ផ្សេង​ទៀត​ក្នុង​ដែន​សមុទ្រខ្មែរ​ពី​ប្រទេស​វៀត​ណាម​នោះ សហ​ប្រធាន​នៃកិ​ច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺ​ប្រទេស​បារាំង​មួយទៀត បាន​រំឭក​ពី​សារ​លើ​ការ​ផ្តល់​សច្ចាប័ន​ច្បាប់​សមុទ្រ UNCLOS ដើម្បី​ទប់​ស្កាត់ម​ហិច្ចតា​លេប​ទឹក​ដីនេះ។

តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន បង្ហោះ​លើ​ហ្វេស​ប៊ុក​របស់​លោក​ថា​ លោក ហ្សាក់ ប៉ឺឡេ ឯ​កអគ្គ​រដ្ឋ​​ទូត​បារាំង​ប្រចាំ​កម្ពុជា បាន​ស្នើឱ្យ​កម្ពុជា​ធ្វើ​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ UNCLOS ដើម្បី​បង្កើន​ភាពងាយ​ស្រួ​​លដោះ​ស្រាយ​បញ្ហា​ព្រំដែន​សមុទ្រ និង​កោះ​ជាមួយ​ប្រទេស​វៀត​ណាម និង​ថៃ​ ជាពិសេស​កោះគុត​ជាមួ​យ​​ថៃ។

លោក សំអាន បញ្ជាក់​ថា លោក ហ្សាក់ប៉ឺឡេ និយាយ​បែប​នេះ​ក្នុង​ជំនួប​ជាមួយ​អ្នក​សារព័ត៌​មាន កាល​ពីថ្ងៃ​ទី​៥ ខែ​ឧសភា​នេះ នៅ​ស្ថាន​ទូត​បារាំង​ផ្ទាល់។

កន្លងទៅ ចៅក្រមអន្តរជាតិ លោក Horinouchi ជន​ជាតិ​ជប៉ុន ក៏​បាន​ប្រាប់​កម្ពុជា​ពី​សារ​សំខាន់ ពី​ភាព​ចាំបាច់​ក្នុង​ការ​ធ្វើ​សច្ចា​ប័ន​លើ​អនុសញ្ញាអ​ង្គកា​រ​សហ​ប្រជា​ជាតិ​ស្តីពី​ច្បាប់​សមុទ្រ UNCLOS ឆ្នាំ​១៩៨២នេះ​ដែរ។

ប្រភពនោះ បញ្ជាក់​ថា ការ​ផ្តល់​សច្ចាប័ន​លើ UNCLOS នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​នៅ​ដែន​សមុទ្រ​ ព្រម​ទាំង​អាច​ដោះ​ស្រាយ​ដែន​សមុទ្រ​និង​កោះ​កម្ពុជា ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ថៃ​និង​វៀត​ណាម។

លោក អ៊ុំ សំអាន បានឱ្យVODដឹងបន្ថែមនៅថ្ងៃទី៦ ខែ​ឧសភា​នេះ​ថា សារ​ក្រើន​រំឭក​ពី​ភាគី​បារាំង និងជប៉ុន​នេះ ជា​ផ្នែក​ដាស់​តឿន​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ការ​ពារ​ទឹក​ដី​កម្ពុជា ជាពិសេស ករណី​កោះគុត​ដែល​ថៃកំពុង​គ្រប់​គ្រង និង​កោះ​ត្រល់ រួ​ម​ទាំង​កោះ​ជាច្រើន​ទៀត​ដែល​ធ្លាក់ក្នុងដៃវៀតណាម ។

លោកថា៖ «បើសិនជាគាត់មិនខ្វល់ខ្វាយធ្វើតាមសំណើរ​បស់​ឯក​អគ្គ​រដ្ឋ​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា និង​មិន​ធ្វើ​តាម​ចៅក្រម​អន្តរ​ជាតិ​ ហ៊ើរី​ណូឈីក នោះ​ទេ វា​នឹង​ធ្វើ​ឲ្យ​កោះ​គុតហ្នឹង​បាត់​ទៅ​ថៃ​ទាំង​ស្រុង​១០០% ហើយ​ដែន​សមុទ្រ​ខ្មែរយើង​នឹង​បាត់​ភាគ​ច្រើន​ទៅ​ខាង​ប្រទេស​ថៃ ហើយ​ប្រទេស​វៀត​ណាម​ក៏​យក​ដែន​សមុទ្រ​យើង​យ៉ាង​ច្រើន​ដែរ ហើយ​កោះត្រល់​ និង​កោះ​ក្រចក​សេះមិ​ន​អាច​ទាម​ទារ​មក​វិញ​បាន​ទេ»។

សម្រាប់លោក អ៊ុំ សំអាន ការចេញមុខជួយដោះស្រាយ​របស់​សហប្រធាន​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស គឺ​ប្រទេស​បារាំង​នេះ ជា​ភស្តុតាង​និង​ជា​សាក្សី​សំខាន់​ក្នុង​ការ​ប្តឹង​ថៃ​ទៅតុលាការ​យុត្តិធម៌​អន្តរ​ជាតិ ដើម្បី​ទាម​ទារ​កោះ​​គុត និង​​ដែន​​សមុទ្រ​​ត្រួត​​​ស៊ី​គ្នាទំ​ហំ​​ ២៦០០០​គីឡូ​ម៉ែត្រ​​ការ៉េ។

លោកអះ​អាងទៀតថា ការចេញមុខជួយដោះស្រាយបញ្ហាដែន​សមុទ្រ និ​ងកោះ​ ពី​សំណាក់​ភាគី​បារាំង​និង​ជប៉ុន​នេះ កម្ពុជា​មិន​ត្រឹម​តែ​អាច​ទាម​ទារ​កោះគុ​ត និង​ដែន​សមុទ្រ​ខ្មែរ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​អាច​ទាម​ទារ​កោះ​ត្រកល់ ចង្កោម​កោះ​ក្រចក​សេះ ដែល​វៀតណាម​កំពុង​គ្រប់​គ្រងទៀត​ផង។

តែផ្ទុយទៅវិញ លោក​ថា សំខាន់ មេដឹកនាំ​គ្រួសារ​ហ៊ុន មាន​ឆន្ទៈ​ដើម្បី​ការ​ពារ​បូរណ​ភាព​ទឹក​ដី ដែល​បុព្វ​បុរស​ខ្មែរ​បាន​បូជា​ជីវិត​បន្សល់​ទុល​ឱ្យ​ឬ​ក៏​អត់។

លោកថា៖ «បើកាលណាគាត់មិនអើពើទៅតាមសំណើរបស់ឯកអគ្គរដ្ឋទូតបារាំង​ប្រចាំ​នៅ​កម្ពុជា ក៏​ដូច​ជា​ចៅក្រម​អន្តរជាតិ​ ហ៊ើរីណូ​ឈីក ដែល​ស្នើ​កម្ពុជា​ផ្តល់​សច្ចាប័ន​ទៅ​លើ​ច្បាប់​សមុទ្រ​UNCLOSឆ្នាំ​១៩៨២​ទេ បញ្ជាក់​ថា ត្រកូល​ហ៊ុន គឺ​ជាត្រកូល​ក្បត់​ជាតិ ដែល​គ្មាន​ឆន្ទៈ​ក្នុង​ការ​ការ​ពារ​ទឹក​ដី គ្មាន​ឆន្ទៈ​ការ​ទាម​ទារ​យ៉ាង​ហោច​ពាក់​កណ្តាលនៃ​​កោះ​គុត និង​គ្មាន​ឆន្ទៈ​ដើម្បី​ទាម​ទារ​យក​ដែន​សមុទ្រ​ទំហំ ២៦០០​០​គីឡូ​ម៉ែត្រ​ការ៉េ ដែល​ជា​តំបន់​ត្រួត​ស៊ី​គ្នា​ហ្នឹង​ យក​មក​គ្រប់​គ្រង​ឡើង​វិញនោះ​ទេ»។

VOD មិនទាន់អាចទាក់ទង រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន​កិច្ច​ការ​​ព្រំដែន លោក ឡាំ ជា និង​ប្រធាន​រាជ្យ​បណ្ឌិត្យ​សភា​កម្ពុជា​របស់​រដ្ឋាភិបាល​ លោក​បណ្ឌិត សុខ ទូច ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ ការ​ជំរុញ​នេះ​បាន​ទេ គិត​ត្រឹម​ម៉ោង​​ផ្សាយ​នេះ។

ប៉ុន្តែកន្លងទៅ លោក សុខ ទូច ដែលជាប្រធានក្រុមស្រាវជាវ​បញ្ហាព្រំ​ដែន​ផង​នោះ ធ្លាប់​អះ​អាងក្នុង​ភាព​​ប្រយ័ត្នប្រយែង​ថា UNCLOS មាន​សារសំខាន់​ក៏​ពិត​មែន ប៉ុន្តែ​បញ្ហា​នេះ ជា​រឿង​រសើប ដែល​លោក​សុំមិ​ន​ធ្វើ​ការ​អត្ថាធិប្បាយ​ច្រើន។

លោកថា៖ «អាអូនឯង រឿង​នេះវារសើប​ខ្លាំង ចំពោះ​​អ្ន​ក​និយាយ​​ហ្នឹង​​វា​អត់​យល់​អ្វី​តិច​ទេ កុំ​​អាល​ចាក់​ចង្កេះ​​​ឱ្យ​គេ​រសើប​ យើង​ត្រូវ​ធ្វើ​ឱ្យ​ស្ងាត់ៗ​សិន ខ្ញុំ​គ្រាន់​តែ​ជម្រាប​ជូន​ប្អូន​ឯង រឿង​​ហ្នឹ​ង​​ខ្ញុំ​​ដឹង ប៉ុន្តែ​​អ្នក​និយាយ​ហ្នឹង​​​ខ្ញុំ​​ដឹង​ពី​ណា​គេ​នោះ។ សព្វ​ថ្ងៃ​នេះ ខ្ញុំមិ​ន​ចង់​និយាយ​ទេ ឥឡូវ​នេះ​ខ្ញុំ​វានៅ​​ក្នុង​ភាព​រសើប អាអូន​ឯង ស្ថាប័ន​វិទ្យុ​អាអូន​ឯង​ក៏​វា​រសើប​​ដែរ យើង​និយាយ​ត្រង់ៗ​ម៉ង​ទៅ»។

ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ហៅ​ការ​លើក​ឡើងរបស់​បារាំង និង​ជប៉ុន​ ថាជាកា​រ​ខ្វាយ​ខ្វល់​រឿង​បូរណភា​ព​ទឹក​ដី​កម្ពុជា ខ្លាំង​ជាង​គ្រួសារ​ហ៊ុន ដែលកំពុង​កាន់​អំណាច។

លោកថា មេដឹកនាំគ្រួសារហ៊ុនគួរ​តែ​ចេះ​ខ្មាស់​ប្រទេស​បារាំង​និង​ជប៉ុន ដែល​គេ​ជួយ​ផ្តល់តម្រុយ ឬ​ឯកសារ​បន្ថែម ដើម្បី​ការ​ពារ​និង​ទាម​ទារ​ដែន​កោះ​និង​ដែន​សមុទ្រ​ខ្មែរ ដែល​ប្រទេសជិត​ខាង​រំលោភ​យក។

លោកថា៖ «ភាគីរដ្ឋាភិបាលកម្ពុជាគួរចេះ​ខ្មាស់​គេ​ដែរ​ថា បូរណភាព​ទឹក​ដី​ខ្លួន​ឯង​ អធិបតេយ្យ​ជាតិ​របស់​ខ្លួន​ឯង​សោះ មិន​ព្រម​ការ​ពារ ទៅ​ឲ្យ​គេ​មក​ឈឺ​ឆ្អាល​ជំនួស នឹង​ចេះ​ខ្មាស់​គេ​ដែរ អ៊ីចឹង​ឆ្លើយ​សំណួរ​ប្អូន​ថា តើ​វា​មាន​រឿង​ស្អី​ដែល​ពួក​ហ្នឹងមិន​ចេះ​ខ្មាស់គេ ពួក​រដ្ឋាភិបាល​កម្ពុ​ជា​មិ​នចេះ​ខ្មាស់គេ​ដូច​បាន​បញ្ជាក់​ជូន​អម្បាញ់​មិញ​ថា លោក​ ហ៊ុន សែន មិន​ខ្មាស់លោក​ ហ៊ុន ម៉ាណែត មិន​ខ្មាស់​គេ ដោយ​សារ​លោក ហ៊ុន សែន បាន​ធ្វើ​រឿង​អាស្រូវ​ក្នុង​ការ​គប់គិត​ជាមួយ​នឹង​ប្រទេស​ជិតខាង»។

សម្រាប់​ លោក ម៉ែន ណាត ច្បាប់សមុទ្រ UNCLOS មានសារៈសំខាន់ណាស់ ព្រោះវាជាកិច្ច​ព្រម​​​ព្រៀង​​​អន្តរ​​​ជាតិ ​ដែ​ល​​​បង្កើត​​ក្រប​​ខ័ណ្ឌ​​ច្បាប់​​សម្រាប់​​រាល់​​​សកម្ម​​ភាព​​​មាន​​ជ​​ម្លោះ​​​ដែ​​​ន​​​សមុទ្រ និង​​​​ដែន​​​កោះ រវា​ង​ប្រទេស​និង​ប្រទេស។

ការណ៍នេះ លោក ម៉ែន ណាត យល់ថា ជម្រើស​​តែ​មួយ​គត់​ដែល​​មេដឹកនាំ​​គ្រួសារ​​ហ៊ុន ​ត្រូវ​បង្ហាញ​​ឆន្ទៈ​​ថាខ្លួន​ពិត​ជា​កាន់​​អំណាច ដើម្បី​បុព្វ​ហេតុជា​តិ​ទឹក​ដី​ពិត​មែន​នោះ ​ត្រូ​វ​​ផ្តល់​​សច្ចា​ប័ន​លើ​ច្បាប់​​សមុទ្រ​UNCLOS​នេះ បើពុំនោះទេ​ពួក​គេនឹ​ង​ជាប់​ឈ្មោះ​ក្នុង​ប្រវត្តិ​សាស្ត្រ ជា​មេដឹក​នាំ ក្បត់​ជាតិ កាត់​ទឹក​ដី​ឱ្យ​​បរទេស​ដើម្បី​តែ​អំណាច។

លោកថា៖ «ពាក់ព័ន្ធនឹងច្បាប់សមុទ្រនេះ វាមា​ន​សារៈ​សំខាន់​សម្រាប់​ប្រទេស​កម្ពុ​ជាខ្លាំ​ង​ណាស់ អ៊ីចឹ​ងហើយ​រដ្ឋាភិ​បាល​កម្ពុជា​ក្ដី រដ្ឋ​សភា​កម្ពុជា​ក្ដី ហើយ​លោក ហ៊ុន សែន ខ្លួន​ឯង​ក្ដី ហ្នឹង​គួរ​តែ​ចេះ​ភ្ញាក់​រឭក​​​ទៅ​ កុំ​ឲ្យ​គេ​ដាស់​តឿន​ច្រើន​ដងពេក ព្រោះអា​ហ្នឹង​វា​ជា​ផល​ប្រយោជន៍​របស់​កម្ពុជា​ទេ បាន​អនុម័ត​ច្បាប់​ទាំង​ឡាយ​ណា​ដែល​ពាក់​ព័ន្ធ​នឹង​ផល​ប្រយោជន៍កម្ពុជា អនុម័ត​​ទៅ​ផ្ដល់​សច្ចាប័ន​ទៅ បើ​អាច​ការ​ពារ​អធិបតេយ្យ​របស់​ជាតិ​បាន ហើយ​វា​អាច​ការ​ពារ​មុខ​មាត់​របស់​ក្រុមគ្រួសារ​លោក ហ៊ុន សែន នៅ​ក្នុង​អំណា​ច​ហ្នឹង​បាន​ដែរ បើ​សិន​ជា​មាន​ការ​ភ្ញាក់​រឭក​នោះ»។

បញ្ហាព្រំដែននាសម័យទំនើបនេះ វា​បានកក្រើកឡើងវិញ​​អំឡុង​​​ឆ្នាំ​​២០០៥ ដែល​​ពេល​​នោះ​លោក ហ៊ុន សែន បាន​​គំរាម​​​​រំលាយ​របប​​រាជានិ​យម​អាស្រ័យ​ធម្ម​នុញ្ញ​ចោល បើ​ព្រះ​អង្គ​មិន​ព្រម​ឡាយ​ព្រះហស្ត​លេខាលើ​​​​សន្ធិសញ្ញាបំ​ពេញ​បន្ថែម ដែល​រង​ការ​រិះ​គន់​ថា ធ្វើ​តាម​ការ​ចង់​បាន​របស់​មេដឹក​នាំ​វៀត​ណាម។

ស​ន្ធិសញ្ញាបំពេញបន្ថែម​ឆ្នាំ២០០៥នេះ ត្រូវអ្នកតាមដាន អះ​​អាង​ថា ធ្វើឱ្យកម្ពុជា​បាត់​បង់​ទាំង​ដែន​​​ដី​គោក និង​ដែន​​សមុទ្រ រួម​​ទាំង​ប្រ​​ជុំ​កោះ​ក្រច​ក​សេះ និង​កោះ​ត្រល់ ជា​ដើម ធ្លាក់​ក្នុង​​ដៃ​វៀត​ណាម​គ្រប់​គ្រ​ង​​រហូត​បច្ចុប្បន្ន ។

ដោ​យឡែក ភាគខាងលិចវិញ ថៃបានច្បាមយកកោះគុត ស្ថិតក្នុងខេត្តកោះកុង និង​ប្រាសាទ​តាមាន់​​តូច ស្ថិ​​​​ត​ក្នុង​​ខេត្ត​​ឧត្តរ​មាន​​ជ័យ និង​បន្ត​ច្បាម​យក​ប្រាសាទ​តា​ក្របី ប្រាសាទ​តាមាន់​ធំ ដែល​​បច្ចុប្បន្ន​ប្រាសាទតា​ក្របី និង​ប្រាសាទ​តា​មាន់​ធំ ត្រូវ​បាន​ដាក់​ទ័​ព​គ្រប់​គ្រង​រួម​គ្នា ។

​ការណ៍​នេះ ក្លាយ​ជា​ក្តី​បារម្ភ​ថា កម្ពុជា​នឹង​បាត់​ប​ង់​ប្រាសាទ​​បុរាណ​ខ្មែរ​​ទាំង​ពី​នេះ​ទៀត ក្រោម​ដៃ​​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន បើ​នៅ​បន្ត​ប្រើ​យន្តការ​ទ្វេ​ភាគី​ជាមួយ​ថៃ ដោយ​មិ​ន​​ប្រើ​យន្ត​ការ​អន្តរ​ជាតិ ដើម្បីទ​ប់​ស្កាត់​មហិច្ឆតា​បរទេស​ឈ្លាន​ពាន​នោះ។

ជុំវិញភាពចម្រូងចម្រាសនេះ អ្នកវិភាគ​នយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​ចង្អុល​​​បង្ហាញ​ពី​​មូល​ដ្ឋាន​​ច្បាប់​រឹង​​មាំ​​របស់​​កម្ពុជា ដែល​ប្រទេស​ជិត​ខាង​មិន​អាច​រំលោភ​បំពា​ន​​បាន។

លោកបណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់បានបង្ហោះសារ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា កម្ពុជា​អាច​ប្រើ​ប្រា​ស់​យន្ត​ការដោះ​ស្រាយ ការ​រំលោភ​យក​កោះ​គុត​ពី​ភាគី​ថៃ ដោយ​ប្រើ​ប្រាស់​មាត្រា​៥ នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

បើតាមមាត្រា៥ នៃកិច្ចព្រមព្រៀងនេះ បញ្ជាក់​ថា បើ​មាន​ការ​ការ​គំរាម​កំហែង​រំលោភ​លើអធិប​តេយ្យ​ភាព​កម្ពុជា បណ្តា​ភាគី​ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ​ ត្រូវ​ពិគ្រោះ​ជា​បន្ទាន់ ​ដើម្បី​អនុ​ម័ត​រាល់​វិធាន​​ការ​សមស្រប ដើម្បី​ដោះ​ស្រាយ​​រា​ល់កា​រ​រំលោភ​ទាំង​នេះ​តាម​មធ្យោបាយ​សន្តិ​វិធី។

វិធានការដោះស្រាយ រួមមាន រាយកា​រណ៍​ទៅ​ក្រុមប្រឹក្សា​សន្តិសុ​ខ​អង្គការ​សហ​ប្រជាជាតិ ឬ​ប្រើ​​ប្រាស់​​មធ្យោ​បាយ​ដំណោះ​ស្រាយ​​នូវ​ទំនាស់​ដោយ​សន្តិ​វិធី​ យោង​តាម​មាត្រា​៣៣ នៃ​ធម្មនុញ្ញ​​អង្គការ​សហប្រជាជាតិ ហើយ​ភាគី​ពាក់​ព័ន្ធ​ក៏​អាច​សុំកា​រ​ឧបត្ថម្ភ​ពី​សហ​ប្រធាន​នៃ​សន្និសីទ​ប៉ារីស​ស្តី​ពី​កម្ពុជា រួម​មានប្រទេស​បារាំង និង​ប្រទេស​ឥណ្ឌូនេស៊ី​ផង​ដែរ។

បើតាមលោក​បណ្ឌិត ឡៅ ម៉ុងហៃ កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុ​ង​ប៉ារីស​ បញ្ជាក់​យ៉ាង​ច្បាស់​ថា ម្ចាស់​ហត្ថលេខី​ទាំង​១៨​ប្រទេស ដែល​ជា​សាក្សីនៃ​​កិច្ច​ព្រម​ព្រៀង​នេះ រួម​ទាំង​ប្រទេស​ថៃ និងវៀតណាម ត្រូវ​ទទួល​ស្គាល់ និងគោរ​ពគ្រប់​បែប​យ៉ាង​ទាំង​អស់ ដល់​អធិប​តេយ្យ​ភាព ឯករាជ្យ បូរណភាព និង​ភាព​មិន​អាច​រំលោភ​បាន​នៃដែន​ដី អព្យា​ក្រឹត​ភាព និង​ឯកភាព​ជាតិ​កម្ពុជា។

មាត្រា៥២​នៃរដ្ឋ​ធម្មនុញ្ញ ចែង​ថា រាជ​រដ្ឋាភិបាល​កម្ពុជា ​ប្តេជ្ញា​រក្សា​ការ​ពារ​ឯករាជ្យ អធិប​តេយ្យ​ បូរណ​ភាព​ទឹក​ដី អនុ​​​វ​​​ត្ត​​​នយោបាយ​​បង្រួប​បង្រួម​ជាតិ ដើម្បី​ការ​ឯកភាព​ជាតិ។

ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា ៤៤០ ចែ​ងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារ​បរទេស នូវដែនដី​ជាតិ​ទាំង​ស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ