ក្រុមគ្រួសារសមាជិកសភាគណបក្សសង្រ្គោះជាតិ ដែលត្រូវបានឃាតករបាញ់សម្លាប់ នៅទីក្រុងបាងកក ប្រទេសថៃ ជំរុញឱ្យមេដឹកនាំគ្រួសារហ៊ុន ចាប់បញ្ជូនជនសង្ស័យឱ្យទៅតុលាការព្រហ្មទណ្ឌថៃកាត់ទោស ក្នុងរឿងឃាតកម្ម ដើម្បីស្វែងរកយុត្តិធម៌ ខណៈករណីនេះបានកន្លងទៅប្រមាណជា៤ខែ។
ការលើកឡើងដូចនេះ របស់លោក លិម ថូម៉ាស់ (Lim Thomas) ដែលជាកូនប្រុស លោក លិម គិមយ៉ា គឺតាមរយៈសារដ៏វែងនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៦ខែឧសភានេះ។
លោកបន្តថា គិតពីថ្ងៃដែលឃាតករបាញ់សម្លាប់លោក លិម គិមយ៉ា ដែលត្រូវជាឪពុករបស់លោក មកដល់ពេលនេះ អាជ្ញាធរកម្ពុជា នៅបន្តរក្សាលាក់ទុកជនសង្ស័យ ដែលជាជនជាតិខ្មែរពីរនាក់ ក្នុងរឿងក្តីនេះ ដោយមិនព្រមបញ្ជូនទៅឱ្យអាជ្ញាធរថៃ ដូចការទាមទារនោះនៅឡើយទេ។
លើសពីនេះទៀត លោក ថូម៉ាស់ បានជម្រាបសមាជិកសភាអឺរ៉ុប តាមរយៈការបំពេញទស្សនកិច្ចរបស់ខ្លួន ជាមួយសមាជិកគណបក្សប្រឆាំងថា មនុស្ស២នាក់ ដែលពាក់ព័ន្ធនៅក្នុងសំណុំរឿងនេះ ដោយឥតលាក់លៀម គឺរដ្ឋាភិបាលកម្ពុជា មិនបានបញ្ជូនទៅឱ្យភាគីថៃផ្តន្ទាទោសនៅឡើយទេ ដើម្បីរកឱ្យឃើញសខ្មៅថា តើអ្នកណាឱ្យប្រាកដ ដែលជាអ្នករៀបចំផែនការនៅពីក្រោយនៃអំពើបាញ់សម្លាប់នេះ។
បើគិតពីថ្ងៃកើតហេតុ កាលពីថ្ងៃទី៧ ខែមករា នៅចំថ្ងៃដែលគណបក្សប្រជាជនកម្ពុជា រំលឹកពីទិវាជ័យជំនៈ លើរបបខ្មែរក្រហម អំពើឃាតកម្មលើ លោក លិម គិមយ៉ា នេះបន្តអូសបន្លាយប្រមាណ៤ខែមកហើយ។
បច្ចុប្បន្ន មានតែឃាតករម្នាក់ឈ្មោះ ឯកាឡាក់ ផែណយ និងអ្នកបើករថយន្តម្នាក់ទៀត ដែលជាជនជាតិថៃដូចគ្នា កំពុងឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារប្រទេសថៃ ក្រោយអាជ្ញាធរចាប់ខ្លួនបាន។
ក្រៅពីនេះ មន្រ្តីជំនាញផ្នែកស៊ើបអង្កេតរបស់ប្រទេសថៃ បានរកឃើញពីតម្រុយនៃអំពើឃាតកម្មនេះ គឺមានការបញ្ជាចេញពីកម្ពុជាទៅ។
ភ្លាមៗ នគរបាលព្រហ្មទណ្ឌរបស់ប្រទេសថៃ បានស្នើឱ្យភាគីកម្ពុជា ចាប់បញ្ជូនជនសង្ស័យពីរនាក់ ដែលពាក់ព័ន្ធដោយផ្ទាល់នៅក្នុងរឿងក្តីនេះ គឺឈ្មោះ ពេជ្រ គឹមស្រ៊ិន ដែលត្រូវជាប្អូនប្រុសរបស់លោក ពេជ្រ ស្រស់ និងម្នាក់ទៀតឈ្មោះ លី រតនរស្មី។
កាសែតក្នុងស្រុករបស់ថៃ បានបន្តផ្សព្វផ្សាយដោយទូលំទូលាយ ក្រោយពីហេតុការណ៍បានកើតឡើង ដោយផ្អែកលើរបាយការណ៍ស៊ើបអង្កេតរបស់នគរបាលព្រហ្មទណ្ឌថៃ បានបង្ហាញថា ក្នុងសំណុំរឿងនៃបទឧក្រិដ្ឋមួយនេះ មិនមែនមានតែឃាតករ ឯកាឡាក់ ផែណយ និងជនសមគំនិតឈ្មោះ ឆាគីត ប៊ួភ្លេ (Chakit Buaplee) ទេដែលពាក់ព័ន្ធ ក្នុងនោះក៏មានជនជាតិខ្មែរពីរនាក់ទៀត ក៏រកឃើញថាគឺជាប្រភពទី១ ដែលនាំឱ្យមានរឿងក្តីនយោបាយឆ្លងដែននេះផ្ទុះឡើង។
ចំណែក អ្នកតាមដានពីភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់ឃើញថា ភាពយឺតយ៉ាវ ឬក៏ការព្រងើយកន្តើយរបស់អាជ្ញាធរកម្ពុជា ក្នុងការចាប់បញ្ជូនជនជាតិខ្មែរពីរនាក់ ទៅអនុវត្តនីតិវិធីនៅតុលាការប្រទេសថៃនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីចេតនា គេចវេសរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការទទួលខុសត្រូវចំពោះករណីនេះ។
បន្ថែមពីលើនេះទៀត ការបន្តអូសបន្លាយពេលវេលាច្រើនខែមកនេះ បង្ហាញឱ្យឃើញថា រដ្ឋាភិបាលទាំងពីរ មានគំនិតដូចគ្នា ក្នុងការលាក់បំពួនសំណុំរឿងនេះ ហើយពួកគេក៏ចង់ផ្អិបករណីនេះ ទុកចោលដោយឥតចាត់ការ ដើម្បីជួយបិទបាំងពីអ្នកបញ្ជានៅពីក្រោយនៃបទឧក្រិដ្ឋនេះដែរ។
លោកបន្តថា៖《ពាក់ព័ន្ធនិងបុគ្គលដែលបង្កឲ្យមានអំពើឃាតកម្មលើ លោក លិម គិមយ៉ា ដែលតុលាការថៃទាមទារឲ្យចាប់ខ្លួនបញ្ជូនមកប្រឈមមុខនឹងប្រព័ន្ធយុត្តិធម៌នេះ តាមពិតទៅមានការគប់គិតតាំងពីប្រទេសថៃ និងប្រទេសកម្ពុជាដែរ។ ដូចយើងដឹងហើយថាកន្លងមកនៅពេលដែលមានជនប្រព្រឹត្តអំពើឧក្រិដ្ឋកម្មណាមួយនៅកម្ពុជា ដែលប៉ះពាល់ដល់រូបភាពប្រទេស ឬក៏ប៉ះពាល់ដល់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នហ្នឹង គឺអាជ្ញាធរតែងចាប់យ៉ាងលឿន មិនថានៅទីតាំងណាក៏ដោយ》។
ពេលនេះ ជនសង្ស័យឈ្មោះ ពេជ្រ គឹមស្រ៊ិន ដែលជាអ្នកចុះអនុវត្តបញ្ជាឱ្យឃាតករបាញ់សម្លាប់ លោក លិម គិមយ៉ា និងម្នាក់ទៀតឈ្មោះ លី រតនរស្មី ដែលជាអ្នកជួយទូទាត់លុយជួលឃាតករ ឱ្យបាញ់សម្លាប់អតីតសមាជិកសភារូបនេះ កំពុងសម្ងំលាក់ខ្លួននៅកម្ពុជា ដែលគេដឹងថា មានការជួយជ្រោមជ្រែងពីអាជ្ញាធរ និងភាគីពាក់ព័ន្ធ បើទោះជាមានការស្នើពីភាគីថៃឱ្យចាប់អ្នកទាំងពីរនេះ បញ្ជូនត្រឡប់ទៅឱ្យភាគីថៃអនុវត្តនីតិវិធីយ៉ាងណាក្តី។
ក្រោយហេតុការណ៍កើតឡើង ទាំងអ្នកដែលមានភក្តីភាពចំពោះ លោក លិម គិមយ៉ា និងគណបក្សប្រឆាំង បានចោទប្រកាន់ថា អំពើមនុស្សឃាតនេះ គឺមានជាប់ទាក់ទងនឹងរដ្ឋាភិបាល និងដៃជើងរបស់ខ្លួន។
ទាំងជនសង្ស័យឈ្មោះ ពេជ្រ គិមស្រ៊ិន និង លី រតនរស្មី គឺសុទ្ធតែជាមនុស្សដែលនៅក្រោមការបញ្ជារបស់លោក ឃួង ស្រេង ទាំងអស់។
ម្យ៉ាងវិញទៀត មុនអំពើបាញ់ប្រហារកើតឡើង អតីតសមាជិកសភាគណបក្សប្រឆាំងរូបនេះ ក៏ធ្លាប់រិះគន់ ដោយមិនសំចៃមាត់ មុនឃាតករបាញ់សម្លាប់តែប៉ុន្មានថ្ងៃ នៅលើបណ្តាញសង្គម អំពីកោះគត់ និងបញ្ហាដែលបង្កឱ្យមានអគ្គិភ័យឆាបឆេះរូបព្រះឆាយាល័ក្ខ នៅក្នុងព្រឹត្តិការណ៍សាទរកម្ពុជា ដែលរៀបចំដោយលោក ហ៊ុន ម៉ានី និងលោក ឃួង ស្រេង ដែរ។
ថ្លែងពីខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ាណែត បាននិយាយការពារពីការចោទប្រកាន់នេះថា រដ្ឋាភិបាលមិនល្ងង់រហូតដល់ ខ្លួនជាប់ពាក់ព័ន្ធហើយ ត្រូវបញ្ជូនតម្រុយនៃសំណុំរឿងឱ្យគេស៊ើបអង្កេតនោះឡើយ។
បន្ថែមពីលើនេះ ដើម្បីជម្រះមន្ទិលសង្ស័យ រដ្ឋាភិបាលក៏ចង់ដឹងដែរ ថាតើអង្គហេតុពិតប្រាកដនៅពីក្រោយ នៃអំពើមនុស្សឃាតនេះ គឺជាអ្វីឱ្យច្បាស់លាស់។ ជាងនេះទៀត ប្រសិនបើរដ្ឋាភិបាល ចង់បិទបាំងករណីនេះមែន តើចាំបាច់ទេ ដែលត្រូវបញ្ជូនជនសង្ស័យ ក្នុងរឿងក្តីនេះ ឱ្យអាជ្ញាធរថៃស៊ើបអង្កេត។
រដ្ឋាភិបាលមានមធ្យោបាយច្រើនណាស់ក្នុងការបិទបាំង តែគ្មានហេតុផលអ្វីដែលរដ្ឋាភិបាលត្រូវធ្វើដូច្នេះឡើយ។
លោកថា៖ «តើរដ្ឋាភិបាលមានទេ ល្ងង់ទេ បើសិនជាខ្លួនជាអ្នករៀបចំផែនការ ចាំបាច់ត្រូវចាប់ឃាត់ខ្លួនជនដៃដល់ ហើយបញ្ជូនទៅឱ្យថៃ។ យើងអាចលាក់ទុក ឬមិនបញ្ជូនទៅទេ យើងអាចលាក់ទុក តែដើម្បីបញ្ជាក់តម្លាភាពយើងបញ្ជូនទៅឱ្យថៃ ឱ្យគេស្រាវជ្រាវទៅ ហើយឱ្យយើងដឹងផងថា លទ្ធផលវាយ៉ាងម៉េចព្រោះរដ្ឋាភិបាលក៏ចង់ដឹងដែរថារឿងអី»។
បើទោះជាបែបណា នៅលើបណ្តាញសង្គមផ្លូវការកូនប្រុសរបស់ លោក លិម គិមយ៉ា គឺលោក ថូម៉ាស់ បានភ្ជាប់រូបអ្នកសិក្សាសង្គម អ្នកការពារបរិស្ថាន និងអ្នកនយោបាយមួយចំនួន ក្នុងនោះមានរូបលោកបណ្ឌិត កែម ឡី លោក កឹម សុខា និងលោក រ៉ុង ឈុន ជាដើម ដោយបញ្ជាក់ថា ពួកគេទាំងនេះ គឺជាអ្នកស្អាតស្អំ ហើយតែងជួយឈឺឆ្អាលពីសង្គម តែត្រូវបានគេសម្លាប់បំបិទមាត់ និងចោទប្រកាន់ក្នុងហេតុផលផ្សេងៗ ដែលខុសពីការពិតទៅវិញ។
យ៉ាងណា សំឡេងប្រជាធិបតេយ្យ វីអូឌី នៅមិនទាន់អាចស្វែងរកការអត្ថាធិប្បាយបន្ថែមបាននៅឡើយទេ ពីអ្នកនាំពាក្យសាលាក្រុងភ្នំពេញ និងអគ្គស្នងការនគរបាលជាតិ ជុំវិញការចោទប្រកាន់ថា ជនសង្ស័យពីរនាក់ ដែលកំពុងសម្ងំលាក់ខ្លួននៅកម្ពុជា គឺជាមនុស្សដែលពាក់ព័ន្ធដោយផ្ទាល់ ក្នុងអំពើបាញ់ប្រហារនេះហើយពួកគេគឺជាមនុស្សរបស់រដ្ឋាភិបាលទៅទៀត។
ជារួម ប្រសិនបើសំណុំរឿងនេះ មិនទាក់ទិននឹងផែនការបាញ់សម្លាប់ ក្នុងហេតុផលនយោបាយទេ ប្រហែលជារដ្ឋាភិបាលកម្ពុជា ទំនងជាមិនរារែកក្នុងការចាប់បញ្ជូនជនសង្ស័យខ្មែរពីរនាក់ ទៅឱ្យថៃអនុវត្តនិតិវិធីឡើយ។
មួយវិញទៀត របាយការណ៍ស៊ើបអង្កេតរបស់ នគរបាលព្រហ្មទណ្ឌថៃ បានបង្ហាញរួចហើយថា នៅក្នុងចម្លើយសារភាពរបស់ឃាតករ ឯកាឡាក់ ផែណយ គឺខ្លួនអនុវត្តតាមការបញ្ជាពីអ្នកមានគុណ ដែលមានឈ្មោះ លី រតនរស្មី ជាអតីតមន្រ្តីបក្សប្រឆាំង មុននឹងចុះចូលជាមួយនឹងគណបក្សប្រជាជនកម្ពុជា។
តែមានរឿងដែលគេនឹកស្មានមិនដល់ ហើយប្រហែលជាវិធីបំបិទដានក្នុងរឿងនេះផង គណបក្សប្រជាជនកម្ពុជា បានចេញលិខិតមួយភ្លាម ដោយសំអាងហេតុថា ជាលិខិតបែកធ្លាយដោយបញ្ជាក់ពីឈ្មោះ លី រតនរស្មី នេះ ត្រូវបានលុបឈ្មោះពីបញ្ជីគណបក្សនយោបាយ របស់បក្សកាន់អំណាចទៅហើយ តាំងពីមុន ហេតុការណ៍កើតឡើងម៉្លេះ។
ក្នុងន័យនេះ ប្រសិនបើបញ្ហានេះមិនជាប់ទាក់ទិននឹងរដ្ឋាភិបាល ឬមន្រ្តីរបស់រដ្ឋាភិបាលទេ ទំនងជាក្នុងជំនួបនៃទំនាក់ទំនង លោកស្រី ផេ ថងថាន់ និងលោក ហ៊ុន ម៉ាណែត កាលពីចុងខែមេសា ឆ្នាំ២០២៥នេះ ប្រហែលទ្វេភាគីលើកយកករណីនេះ ទៅពិភាក្សាដែរហើយ ព្រោះជាករណីនយោបាយ។
ផ្ទុយទៅវិញ ភាគីទាំងពីរ បានប្តេជ្ញាចិត្តមួយថ្លើមមួយ ដោយជំនួសមកវិញ គឺត្រូវកម្ចាត់រាល់អ្នកណាក៏ដោយ ដែលប្រើទឹកដីរបស់ប្រទេសនីមួយៗ ដើម្បីផ្តួលរំលំរដ្ឋាភិបាលណាមួយទៅវិញ។
សម្រាប់ លោក សេង វណ្ណលី មានសុទិដ្ឋិនិយមថា ចំពោះសំណុំរឿងនៃបទឧក្រិដ្ឋនេះ បើទោះជារដ្ឋាភិបាល នៃប្រទេសទាំងពីរគឺកម្ពុជា និងថៃ មិនអើពើក្តី អ្នកដែលនៅមានភក្តីភាពចំពោះលោក លិម គិមយ៉ា ជាពិសេសរដ្ឋាភិបាលបារាំង នឹងតែនៅបន្តឈ្មុសឈ្មុល ដើម្បីជំរុញឱ្យមានយុត្តិធម៌ សម្រាប់អ្នកនយោបាយបក្សជំទាស់នេះដែរ។
លោកបន្តថា៖《ទង្វើដែលលោក លិម គិមយ៉ា បានធ្វើនេះវានឹងដិតជាប់នៅក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋ ហើយប្រសិនបើគ្មានយុត្តិធម៌សម្រាប់លោក លិម គិមយ៉ា ទេ ខ្ញុំគិតថា មិនត្រឹមតែសាច់ញាតិ កូន និងគ្រួសារលោក លិម គិមយ៉ា ទេសូម្បីរដ្ឋាភិបាលបារាំង ហើយនិងអ្នកតស៊ូប្រជាធិបតេយ្យនៅក្រៅប្រទេស ក៏នឹងបន្តទាមទាររកយុត្តិធម៌នេះឲ្យទាល់តែបាន》៕









