ការមិនមានចំណាត់​ការ​លើ លោក ហ៊ុន តូ ក្នុង​បទ​ឧក្រិដ្ឋ​លាង​លុយ​ជា​កម្សោយ​ប្រព័ន្ធ​ដឹក​នាំ

ការមិនចាត់វិធានការលើសែ​ស្រឡាយ​ហ៊ុន លោក ហ៊ុន តូ ដែល​អាមេរិក​រក​ឃើញ​ពាក់​ព័ន្ធ​បទឧក្រិដ្ឋ​លាង​លុ​​​យ​កខ្វក់​នោះ ជា​ក្តី​បារម្ត​ថា បទ​ឧក្រិដ្ឋធំ​ៗ​នឹង​កើន​ឡើង​ក្នុង​ប្រទេស​កម្ពុជា ដូចជា អំពើ​ជួញ​ដូរ​មនុស្ស ចា​​ប់ជំរិត គ្រឿង​ញៀន និង​បទ​ឧក្រិដ្ឋ​ឆបោក​ជា​ដើម ដែល​នឹង​បង្ក​ការ​រងគ្រោះ​ដល់​ប្រជា​ពលរដ្ឋ​តជំនាន់ ក្រោ​ម​​​​ដៃ​ឧក្រិដ្ឋ​ជន​រក​ស៊ី​ចិញ្ចឹម​អំណាច​​គ្រួសារ​ហ៊ុន។

ក្តីបារម្ភនេះ ក្រោយក្រសួងរតនាគា​ជាតិ​អាមរិក នៅ​ថ្ងៃ​ទី១ ខែ​ឧសភា រក​ឃើញ​ថា ក្រុម​ហ៊ុន ហួយ​វ័ន​គ្រុប របស់​ឧកញ៉ា ហ៊ុន តូ ក្មូយ​ប្រុស លោក ហ៊ុន សែន មាន​ជាប់​ពាក់​ព័ន្ធ​បទ​ឧក្រិដ្ឋ​កម្មលាង​លុយ ហើយ​ថា ក្រុម​ហ៊ុន​នេះ​កំពុង​ជ្រៀត​ចូល​ក្នុង​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​អាមេរិក​ផង​ដែរ។

បើតាមប្រភពដដែល ចាប់​ពី​ខែ​សីហា ឆ្នាំ​២០២១ ដល់​ខែ​មករា ឆ្នាំ​២០២៥ បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​នេះ បាន​លាង​លុយ​កខ្វក់​​ចំនួន​ ៤ពាន់​លាន​ដុល្លារ ឱ្យ​ក្រុម​ឧក្រិដ្ឋ​ជន។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក ស្កុត បេសេនត៍ បញ្ជាក់​ក្នុង​របាយ​ការណ៍​ថា ក្រុម​ហ៊ុនហួយ​វ័ន​គ្រុប​របស់ លោក ហ៊ុ តូ ធ្វើ​អាជីវកម្ម​ឱ្យពួ​ក​ចោរ​បច្ចេក​វិទ្យានៅ​កូរ៉េ​ខាង​ជើង និង​ពួកឧក្រិដ្ឋ​ជន​ផ្សេង​ទៀត ដែល​លួច​លុយ​ពី​ពលរដ្ឋ​អាមេរិក​រាប់​ពាន់​លាន​ដុល្លារជា​រៀង​រាល់​ថ្ងៃ។

បន្ថែមលើនេះ លោកថា ការដាក់វិធានការលើក្រុមហ៊ុនហួយវ័នគ្រុប មិន​ឱ្យ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​អាមេរិក​នៅ​ពេល​នេះ ដើម្បី​បិទ​ច្រក​កុំ​ឱ្យ​ឧក្រិដ្ឋ​ជន​ធ្វើ​សកម្មភាព​លាង​លុយ​បាន​ទៀត​។

ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវ​រិន្រ្ទ និយាយ​ថា រដ្ឋាភិបាល​គ្រួសារ​ហ៊ុន​មិន​ហ៊ាន​កាត់​ទោស​ លោក ហ៊ុន តូ ទេ ព្រោះ​ដើម្បី​បើក​ផ្លូវ​ឱ្យ​ជួយ​រក​លុយចិញ្ចឹម​​គ្រួសារ​ហ៊ុន។

លោកថា ប្រព័ន្ធដឹកនាំបែបគ្រួសារនិយម​គ្រួសារ​ហ៊ុន ប្រមូល​ពួក​ឧក្រិដ្ឋជ​ន​ដែល​ក្បែរ​ខ្លួន ធ្វើ​ឱ្យពលរដ្ឋ​ច្រើន​ម៉ឺន​នាក់ ក្លាយ​ជា​ជន​រង​គ្រោះ​ចាញ់​បោក​ក្រុម​ឧកញ៉ា​ ជ្រក​ក្រោម​ស្លាក​មេដឹក​នាំ ជាប់​ផុង​ក្នុង​វិបត្តិ​បំណុល ការ​ហូរ​ចូល​គ្រឿង​ញៀន ការ​ជួញ​ដូរ​មនុស្ស ជាដើម។

លោកថា«ធម្មតាទេ ព្រោះ​លោក ហ៊ុន តូ ជា​ក្មួយ​របស់​លោក ហ៊ុន សែន ហើយ​ជា​បង​ជីដូន​មួយ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន ម៉ាណែត។ ចឹង​គាត់​ការ​ពារ​គ្រួសារ​គាត់ ប្រទេស​កម្ពុជា ខូច​ឈ្មោះ​ដោយ​សារ​គ្រួសារ​ហ្នឹង​ហើយ គេ​ទាំង​អស់​ទូទាំងពិភព​លោក​គេ​ដឹង​ហើយ ខ្មែរ​ទូទាំង​ពិភព​លោក​មិន​អាច​ចេះ​នៅ​មើ​ល​ឱ្យ​ក្រុម​គ្រួសារ​ហ្នឹង ធ្វើ​អី​ស្រេច​ចិត្ត​បាន​ទេ។ ប្រជាពលរដ្ឋ​ត្រូវ​តែ​ងើប​ឡើង ដូច​បង់​ក្លា​ដេស ប្រទេស​គ្រាន់​តែ​រឿង​តូច​មួយ គេ​ងើប​ឡើង​ដើម្បី​កម្ចាត់​ពួក​ជន​ពុក​រលួយ និង​ផ្តាច់​ការ។ ប្រទេស​កម្ពុជា​យើង គេ​ធ្វើ​បាប​ប៉ុណ្ណឹង​ហើយ នៅ​តែ​ស៊ូទ្រាំ​​តទៅ​ទៀត! អាហ្នឹង​ខ្ញុំ​មិន​អាច​និយាយ​បាន​ទេ។ រដ្ឋា​ភិបាល​ដឹង​ទាំង​អស់ ប៉ុន្តែ​គាត់​មិន​ធ្វើ ឥលូ​វគាត់​ធ្វើ​បាប​ប្រជា​ពលរដ្ឋ រឿង​ឧកញ៉ា​ធ្វើ​បាប​ប្រជា​ពលរដ្ឋ ទិញ​ដី​ទិញ​ធ្លី​ផ្ទះសម្បែង​មិន​អាច​ធ្វើ​អី​កើត​ហើយ គាត់​ធ្វើ​មិន​ដឹង​មិ​នឮ​ធ្វើ​អី​គាត់»។ 

ជុំវិញរឿងនេះ VOD មិនអាចទាក់ទងអ្នកនាំពាក្យរងក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ និងឧក​ញ៉ា ហ៊ុន តូ បាន​នៅ​ឡើយ​ទេ​គិត​ត្រឹម​ថ្ងៃ​ទី​៦ ខែ​ឧសភា​នេះ។

ជាការកត់សម្គាល់ ការរកឃើញរបស់អាមរិកនេះ ហាក់​ស៊ី​គ្នា​នឹង​ការ​ទម្លាយ​របស់​អតីត​ឧកញ៉ា ហេង សិទ្ធី ដែល​ថា​ឧកញ៉ា ហ៊ុន តូ ក្មួយ លោក ហ៊ុន សែន ជា​មេខ្លោង​ឧក្រិដ្ឋ​កម្ម​ឆបោក​តាមអន​ឡាញ យក​លុយ​ចិញ្ចឹម​អំណាច​គ្រួសារ​ហ៊ុន។

លោកថា៖ «កាលពីមុន​គេ​ស្គាល់​កម្ពុជា ជា​ប្រទេស​អច្ឆរិយ​អង្គរ​វត្ត ឥឡូវ​នេះ​គេ​ស្គាល់​កម្ពុជា ដោយ​សារ ហ៊ុន តូ […] កម្ពុជា​ក្លាយ​ទៅ​ជាក​ន្លែង​បោក​ប្រាស់​រក​ស៊ី​អន​ឡាញ​ខុស​ច្បាប់»។

យ៉ាងណា រដ្ឋាភិបាលកម្ពុជា​ មិន​បាន​ស៊ើប​អង្កេត​លើ លោក ហ៊ុន តូ ទេ តែ​ប្រកាស​ចាប់​ខ្លួនលោក ហេង សិទ្ធី ក្នុង​ពេល​ដែល​លោក​បំពេញ​បេសសក​ម្ម​នៅ​ប្រទេស​រុស្សី ហើយ​បច្ចុប្បន្ន​ភាគី​រស្ស៊ី​ឃុំ​ខ្លួន​លោក​បណ្តោះ​អាសន្ន​តាម​សំណើរ​រដ្ឋាភិបាល​​គ្រួសារ​ហ៊ុន។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា និយាយ​ថា ការ​មិន​ស៊ើប​អង្កេត​ដោយ​តម្លា​ភាព និង​កាត់​ទោស​ម្ចាស់​ក្រុម​ហ៊ុន​ដែល​រក​ស៊ី​ឆបោក ឬ​លាង​លុយ​កខ្វក់ នឹង​រង​ការរិះ​គន់​ថា​ប្រព័ន្ធ​យុត្តិធម៌​នៅ​ទន់​ខ្សោយ ហើយ​ពលរដ្ឋ​នឹង​អស់​ជំនឿ​លើ​ច្បាប់​កម្ពុជា​ផង​ដែរ​។

លោកសង្កត់​ធ្ងន់​ថា ប្រទេស​ដែល​សំបូរ​ឧក្រិដ្ឋជន​រស់​នៅ វា​នឹង​ធ្វើ​ឱ្យ​ជាតិ​ស្អុយ​ឈ្មោះ​លើ​ឆាកអន្តរ​ជាតិ បាត់​បង់​វិនិយោគ​គិន​បរទេស ប៉ះ​ពាល់​ដល់​ជីវភាព​ពលរដ្ឋ។

លោកថា៖ «ក្រុមហ៊ុន​ដែល​ល្អៗ ដែល​គេមា​ន​ដោយ​សុច​រិត​ភាព​ត្រឹម​ត្រូវ​ថា តើ​គេ​ចំណាយ​លុយ​ដើម្បី​មក​រក​ស៊ី​នៅ​ក្នុងប្រទេស​មួយ​ដែល​វា​អសុវត្ថិ​ភាព​ទេ។ យើង​គិត​ថា ​ប្រាកដ​ណាស់​គឺ​គេ​មិន​យក​លុយ​មក​ចំណាយ​ ក្នុង​ការ​រក​ស៊ី​នៅ​ក្នុងប្រទេស​មួយ​ ដែល​មិន​មាន​សុវត្ថិ​ភាព​ត្រឹម​ត្រូវ​ទេ វា​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​នូវ​បញ្ហា​សេដ្ឋ​កិច្ច​នៅ​ក្នុង​ប្រទេស​យើង​ទាំង​មូល អាហ្នឹង​វាជះ​ឥទ្ធិពល​ទៅ​ដល់​សង្គម​ជាតិ។ បើ​សម្រាប់​ប្រជាពលរដ្ឋ​កាល​ណា​សេដ្ឋ​កិច្ច​ជាតិ វា​មាន​បញ្ហា​ យើង​ដឹង​ហើយ​ពលរដ្ឋ​ដែល​ក្រី​ក្រ​ដែល​ងាយ​រង​គ្រោះ​បំផុត​នោះ គឺ​ថា​នឹង​ជះ​ឥទ្ធិ​ពល​ទៅ​ដល់​បញ្ហា​ជីវភាព​របស់​ប្រជា​ពលរដ្ឋ ក៏​ដូច​ជា​វា​ជះ​ឥទ្ធិពល​ទៅ​ដល់​បញ្ហា​សន្តិ​សុខ​របស់​ប្រជា​ពលរដ្ឋ ក្នុង​ការ​រស់​នៅ​ក្នុង​ការ​ធានា​សុវត្ថិភាព​សន្តិសុខ​ផ្ទាល់​ខ្លួន​ផង​ដែរ»

កន្លងទៅ VOD រក​ឃើញ​ថា កាស៊ីណូ​យីហោ WM នៅ​ក្រុង​ព្រះ​សីហនុ កំពុង​បើក​ល្បែង​អនឡាញ​ខុស​ច្បាប់ ហើយ​កាស៊ីណូ​នេះ​គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុន​Lixin ដែល​មាន​ លោក ហ៊ុន តូ ជា​នាយក​ក្រុម​ហ៊ុន។

ជាមួយគ្នានេះ លោក ហ៊ុន តូ ក៏​ត្រូវ​បាន​ក្រុម​ហ៊ុន​វិភាគ​កាក់​ឌីជីថល Elliptic មាន​មូល​ដ្ឋាន​នៅប្រទេស​អង់​គ្លេស រក​ឃើញ​ថា ជា​ម្ចាស់អា​ជីវកម្ម​រក​ស៊ី​ខ្មៅ​ងងឹត​តាម​ប្រព័ន្ធ​ឌីជីថល ក្រោម​ឈ្មោះ​ក្រុម​ហ៊ុន​ហួយ អាដេ គ្រុប។

អំពើឧក្រិដ្ឋកម្មក្នុងក្រុ​ម​ហ៊ុន​នេះ រួម​មាន ការ​បោក​បញ្ឆោត​ទំនាក់​ទំនង​ស្នេហា​ផ្លូវ​ភេទ អំពើ​បោក​ប្រាស់​ក្នុង​គម្រោង​​​វិនិយោគ ការ​លាង​លុយ​កខ្វក់ និង​ចាប់​ជំរិត ជាដើម។

ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ លោក សម រង្ស៊ី សរ​សេរ​សារ​លើ​ហ្វេស​ប៊ុក​លោក​នៅ​​ថ្ងៃ​ទី៥ ខែ ឧសភា ថា លោក ហ៊ុន តូ ជា​អ្នក​លាង​លុយ លោក ហ៊ុន សែន ជា​អ្នក​ចាយ​លុយ រី​ឯ​រាស្ដ្រ​ខ្មែរ ជា​អ្នក​ជំពាក់​លុយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ