ក្រុមភ្ញៀវទេសចរកំពុងសង្ស័យពីភាពមិនប្រក្រតី នៅលើឧទ្យានជាតិភ្នំបូកគោ ក្រោយមានក្រុមសន្តិសុខ និងអង្គរក្សឯកជន ហាមឃាត់ និងឆែកឆេរ ក្រោយពួកគេបង្ហោះដ្រូនផ្ដិតទេសភាពលើភ្នំ កាលពីចុងសប្ដាហ៍ទៅនេះ។
ភ្ញៀវទេសចរម្នាក់សុំមិនបញ្ចេញឈ្មោះ ដោយបារម្ភពីសុវត្ថិភាព បានបង្ហើបប្រាប់VOD ឱ្យដឹងនៅថ្ងៃទី៥ ខែ ឧសភាថា លោកនិងមិត្តភក្តិត្រូវបានសន្តិសុខក្រុមហ៊ុនសុខា ហាមបង្ហោះដ្រូន នៅចំណុចរូបសំណាក់យាយម៉ៅ ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់។
ក្រោយមក លោកបានបង្ហោះដ្រូនម្ដងទៀតនៅវត្តសំពៅប្រាំ ហើយក៏ត្រូវបានអង្គរក្សឈុតខ្មៅពីរនាក់ រត់មកឃាត់ និងសុំឆែកវីដេអូដែលបានថត។
លោកថា៖ «ខ្ញុំមានអារម្មណ៍ថាភ័យដែរ ព្រោះខ្លាចការឆែកហ្នឹង គេអាចដករបស់យើងយកទៅ ឬក៏គេយកទៅបំផ្លាញចោលភ្លាមៗ។ នៅទីហ្នឹងជាតំបន់ទេសចរណ៍សម្រាប់ភ្ញៀវទេសចរទៅលេង ប៉ុន្តែចំឡែកនៅត្រង់ថា ហេតុអីបានគេមិនឱ្យយើងបង្ហោះបាន»។
បើតាមការសាកសួររបស់អ្នកសារព័ត៌មានវីអូឌី ទៅកាន់ភ្ញៀវទេសចរផ្សេងទៀត ដែលធ្លាប់ទៅលេងភ្នំបូកគោ បានឱ្យដឹងថា នេះជាលើកទីមួយហើយ ដែលពួកគាត់ឮថាមានការហាមឃាត់មិនឱ្យបង្ហោះដ្រូន ព្រោះពួកគាត់ធ្លាប់បង្ហោះច្រើនដងមកហើយ ក្នុងពេលទៅលេងកម្សាន្តកាលពីឆ្នាំមុនៗ ដោយពុំដែលមានបញ្ហាបែបនេះឡើយ។
ទេសចរមួយរូបទៀត គឺលោក ថាន មុនីរតន៍ ដែលជាអ្នកបង្ហោះដ្រូនផ្ទាល់ បានឱ្យដឹងថា លោកមានចេតនាតែមួយគត់ គឺផ្ដិតយកទេសភាពនៅទីនោះ តែត្រូវបានក្រុមអង្គរក្សឈុតខ្មៅពីរនាក់រត់មកឃាត់លោកភ្លាមៗ បណ្ដាលឱ្យផ្អើលដល់ភ្ញៀវទេសចរផ្សេងទៀត។
លោកបន្តថា អង្គរក្សនោះ បានសុំឆែកមើលវីដេអូដែលលោកបានថត និងឱ្យលុបប្លង់ដែលថតជាប់អគារនៅក្បែរវត្តសំពៅប្រាំ ដែលពួកគេបានអះអាងថាជាអគារស្នាក់នៅរបស់ជនជាតិចិន។
លោកថា៖ «ប្លង់ដែលជាប់នឹងអគារឱ្យលុបចេញទាំងអស់ ហើយខ្ញុំក៏ឆ្ងល់ដែរថា ហេតុអីបានជាឱ្យលុបចេញអីចឹង ព្រោះថា ពួកខ្ញុំមកនេះគ្រាន់តែជាគោលបំណង ដើម្បីផ្តិតយករូបភាព អត់មានគោលបំណងអីផ្សេងទេ។ ព្រោះពួកខ្ញុំទៅដើរលេងសប្បាយ ដើរផ្តិតយករូបភាពទុកជាអនុស្សាវរីយ៍ ហើយខ្ញុំក៏អត់ដឹងដែរថា ពួកគាត់មានគោលបំណងអី ដើម្បីមកឆែកមើល។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំទៅដើរលេងលើកនេះ អត់មានសិទ្ធិពេញលេញក្នុងការធ្វើអ្វីមួយ ដោយរងសម្ពាធពីការសង្កេតមើលរបស់ពួកគាត់»។
ភ្នំបូកគោ ត្រូវបានកំណត់ជាផ្លូវការឱ្យក្លាយជាឧទ្យានជាតិព្រះមុនីវង្សបូកគោ ដោយព្រះរាជក្រឹត្យ ចុះឆ្នាំ១៩៩៣ ឡាយព្រះហស្តលេខាដោយព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»។
នៅឆ្នាំ២០០៨ ឧទ្យានជាតិព្រះមុនីវង្សបូកគោ ត្រូវបានរដ្ឋាភិបាលកម្ពុជាសម្បទានឱ្យអ្នកឧកញ៉ា សុខ គង់ រយៈពេល៩៩ឆ្នាំ ក្នុងទំហំ ៤ម៉ឺនហិកតា នៃផ្ទៃដីឧទ្យានជាតិព្រះមុនីវង្សបូកគោសរុបជាង ១៥ម៉ឺនហិកតា។
រយៈពេល ១៧ឆ្នាំមកនេះ លោក សុខ គង់ បានទុនវិនិយោគសាច់ប្រាក់ប្រមាណជាង ៧ ទៅ៨រយលាន ដុល្លារ តាមរយៈក្រុមហ៊ុន សុខា បូកគោ និងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងទៀត ដោយផ្ដោតលើគម្រោងចំនួន៣ រួមមាន គម្រោងកែលម្អផ្លូវឡើងទៅលើកំពូលភ្នំចម្ងាយជាង៣០គីឡូម៉ែត្រ គម្រោងសណ្ឋាគារឋានសួគ៌បូកគោ និងគម្រោងបដិមាដូនម៉ៅ។
បច្ចុប្បន្ន ក្រុមហ៊ុនសុខា បូកគោ បានអភិវឌ្ឍន៍បន្ថែមទៀតទៅលើគម្រោងផ្ទះល្វែង បុរី ទំនប់ទឹក រោងចក្រទឹកសុទ្ធ កសិដ្ឋាន ជាពិសេសគឺការកែប្រែសណ្ឋាគារ សុខា អូតែល របស់លោកទៅជាកាស៊ីណូ។
ទាក់ទិនរឿងនេះ អ្នកនាំពាក្យរដ្ឋបាលខេត្តកំពត លោក ឃុត ឧសភា រុញឱ្យទៅសួរមន្ត្រីបរិស្ថាន និងមន្ត្រីសាលាក្រុងដោយលោកបញ្ជាក់ថា មិនអាចផ្ដល់ការឆ្លើយតប ព្រោះលោកជាមន្ត្រីថ្នាក់ក្រោម។
យោងតាមអត្ថបទចុះផ្សាយដោយវិទ្យុអាស៊ីសេរីជាភាសាវៀតណាម កាលពីខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ជនជាតិវៀតណាមចំនួន៨នាក់ ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះអំឡុងខែតុលា ក្រោយរកឃើញថាពួកគេគឺជាជនរងគ្រោះពីការជួញដូរឱ្យមកធ្វើការនៅមជ្ឈមណ្ឌលឆបោកតាមអនឡាញ ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសលើភ្នំបូកគោ។
ជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះ៨នាក់ បានអះអាងថា ពួកគេរងការធ្វើទារុណកម្មធ្ងន់ធ្ងរ បន្ទាប់ពីបានរាយការណ៍ទៅកាន់ក្រុមគ្រួសារ និងសមត្ថកិច្ចឱ្យមកជួយសង្គ្រោះ។
បច្ចុប្បន្ន នៅតាមផ្លូវលើភ្នំបូកគោ ជាពិសេសត្រង់មុខវត្តសំពៅប្រាំ គឺពោរពេញទៅដោយសំណង់អគារផ្ទះល្វែង ភាគច្រើនដាក់ផ្លាកជាហាងអាហារ និងហាងលក់ទំនិញជាភាសាចិន។
ភ្ញៀវទេសចរខាងលើ បានដាក់ក្ដីបារម្ភថា ឧទ្យានជាតិភ្នំបូកគោ អាចនឹងក្លាយជាកន្លែងប្រមូលផ្ដុំរបស់ពួកសង្គមងងឹត និងរឹតត្បិតមិនឱ្យភ្ញៀវទេសចរចូលទៅកម្សាន្តបន្តិចម្ដងៗ ដែលនេះជាការគំរាមកំហែងដល់វិស័យទេសចរណ៍ និងសន្តិសុខសង្គម៕