ក្រោមសម្ពាធតុលាការដែលបានផ្តន្ទាទោស៤ឆ្នាំ និងដកសិទ្ធិធ្វើនយោបាយ កាលពីថ្ងៃទី៥ ខែឧសភានោះ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បង្ហាញការតាំងចិត្តបន្តលះបង់ដើម្បីបុព្វហេតុជាតិ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ។
ការបង្ហាញជំហរមិនតក់ស្លុតទៅនឹងសម្ពាធតុលាការ របស់លោក រ៉ុង ឈុន នេះធ្វើឡើងតាមរយៈលិខិតមួយសន្លឹកចុះថ្ងៃទី៦ ខែឧសភានេះ ដែលបានបង្ហោះលើហ្វេសប៊ុករបស់លោក។
លោក រ៉ុង ឈុន បាននិយាយថា នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែរ តំណាងស្ថានទូតនៃប្រទេសប្រជាធិបតេយ្យនានា តំណាងអង្គការជាតិ-អន្តរជាតិ និងសារព័ត៌មានជាតិ-អន្តរជាតិ បានមកឃ្លាំមើល និងតាមដានការប្រកាសសាលក្រមចំពោះរូបលោក ដែលត្រូវបានតុលាការចោទប្រកាន់ ពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម” (បទមិនរាងចាល)។
សម្រាប់លោក រ៉ុង ឈុន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកដែលបានយកចិត្តទុកដាក់តាមដាន ឃ្លាំមើល និងលើកទឹកចិត្តដល់រូបលោក ជុំវិញចំណាត់ការនេះ។
ក្រោមសម្ពាធតុលាការនេះ លោក រ៉ុង ឈុន អះអាងថា៖ «នៅតែមានជំហររឹងមាំជានិច្ចឥតងាករេ និងបន្តការតស៊ូដោយហ៊ានលះបង់គ្រប់បែបយ៉ាង ជាមួយប្រជាពលរដ្ឋខ្មែរ ដើម្បីឱ្យប្រទេសជាតិទទួលបាននូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពិតប្រាកដ»។
ក្រៅពីតុលាការដកសិទ្ធិធ្វើនយោបាយ លោក រ៉ុង ឈុន នៅជាប់បណ្តឹងមួយទៀតពាក់ព័ន្ធនឹងការនិយាយរឿងព្រំដែន ដែលតុលាការប្រកាសដីការួចហើយលើវិធានរឹបអូសផ្ទះលក់ដោយបង្ខំ ដើម្បីយកប្រាក់ទៅទូទាត់ឱ្យគណៈកម្មការព្រំដែន ជាប្រាក់សងជំងឺចិត្ត ប្រមាណជា ១០ម៉ឺនដុល្លារ។
ជាការសង្កេត សម្រាប់ក្រុមអ្នកនយោបាយជំទាស់ មិនមែនមានតែលោក រ៉ុង ឈុន ទេដែលត្រូវបានតុលាការដកសិទ្ធិធ្វើនយោបាយនោះ ក្នុងនោះក៏មាន លោក សម រង្ស៊ី និងលោក កឹម សុខា ជាដើម ដែលតួអង្គទាំងពីរនេះ ត្រូវគេមើលឃើញថា ជាអ្នកមានសក្តានុពលក្នុងការប្រកួតការបោះឆ្នោតជាមួយគ្រួសារ ហ៊ុន ដើម្បីយកតំណែងនាយករដ្ឋមន្ត្រី ដឹកនាំប្រទេស។
ប៉ុន្តែពួកគេទាំងនោះត្រូវបានគេមើលឃើញថា ត្រូវបានបិទខ្ទប់ក្រោមបទចោទបែបប្រឌិត ពីប្រព័ន្ធតុលាការ ដែលគ្រប់គ្រងដោយលោក ហ៊ុន សែន ។
ការសិក្សានានារកឃើញថា បរិបទនេះ កម្ពុជាមានអំពើពុករលួយខ្ពស់ជាប់គ្នាជិត១០ឆ្នាំ បើធៀបនឹងប្រទេសជាសមាជិកអាស៊ាន នីតិរដ្ឋទាប ដែលបានបន្សល់ទុកជនរងគ្រោះច្រើនលាននាក់ ពីបទឧក្រិដ្ឋគ្រឿងញៀន អំពើចាប់ជំរិត ឆបោកតាមអនឡាញ។
៥លាននាក់ ញាំញីដោយវិបត្តិបំណុល ច្រើនម៉ឺននាក់ទៀតចាញ់បោកក្រុមឧកញ៉ា ដែលយុត្តិធម៌ជនរងគ្រោះត្រូវកប់ចោលច្រើនឆ្នាំទៅនេះ និងខ្លះទៀតរងគ្រោះពីការរំលោភយកដីធ្លី ជាដើម។
ការសិក្សាបានចង្អុលបង្ហាញដែរថា ដើម្បីរើខ្លួនពីវិបត្តិទាំងអស់នេះ កម្ពុជាចាំបាច់ត្រូវមានមេដឹកនាំ កើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមគន្លងប្រជាធិបតេយ្យ៕