កម្ពុជាផ្អាកនាំចូល​សត្វពាហនៈ​ និង​ផលិត​​ផ​ល​សាច់​សត្វ​ក្រោយ​ថៃ​ផ្ទុះ​ជំងឺ​​​​​អង់​ត្រាក់​

រដ្ឋាភិបាល​កម្ពុជា សម្រេច​ហាម​ឃាត់​ជា​បណ្តោះ​​អា​សន្ន លើ​​ការ​​នាំ​ចូល​​សត្វ​ពាហនៈ និង​​ផលិត​​​​ផល​សាច់​សត្វ ពី​ច្រក​ព្រំដែន​ទាំង​អស់​នៃប្រទេស​ថៃ ខណៈ​ក្រសួង​​សុខាភិបាល អំពាវ​នាវ​​ដល់​ពលរដ្ឋ​ការ​ពារ​ខ្លួន​​ពីការ​​ឆ្លង​​បាក់​តេរី អង់​ត្រាក់ (ពិសធ្យូង) ក្រោយ​ថៃ​ផ្ទុះ​ជំងឺ​ឈាម​ខ្មៅ ឬ​ជំងឺ​អង់​ត្រាក់ លើ​​សត្វ​ពាហនៈ និង​មនុស្ស​។

សេចក្តីប្រកាសព័ត៌មាន​របស់​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចុះថ្ងៃ​ទី០៦ ខែ​ឧសភា ឆ្នាំ​​២០២៥​នេះ បាន​លើកឡើងថា កម្ពុជា កំពុងតាមដាន​យ៉ាងយកចិត្តទុកដាក់ ​ចំពោះ​ករណី​កើត​​​​មានជំងឺឈាមខ្មៅ ឬ​​ជំងឺ​អង់ត្រាក់​លើ​សត្វ​ពាហនៈ (គោ-ក្របី) ដែល​​កំពុងកើត​មាន​​នៅ​ក្នុង​តំបន់​មួយចំនួន​នៃប្រទេស​ថៃ។

ក្រសួងបន្តថា បច្ចុប្បន្ន​កម្ពុជា ពុំទាន់មាន​ករណីជំងឺនេះ​​នៅឡើយ​ ប៉ុន្តែ​ជាវិធានការ​បង្ការ ក្រសួង​​​បាន​ដាក់​ឱ្យ​​អនុវត្ត​​​​ការ​ហាម​ឃាត់​​ជាបណ្តោះ​អាសន្ន​លើ​ការ​នាំ​ចូល​សត្វ​ពាហនៈ​ និង​ផលិត​ផល​សាច់​សត្វ​ពី​ច្រ​ក​ព្រំ​ដែន​ទាំងអស់​នៃប្រទេស​ថៃ និង​សហការ​ជាមួយ​​ស្ថាប័ន​ពាក់ព័ន្ធ​នៅតាមបណ្តា​ច្រក​​ព្រំដែន​​ទាំង​នេះ ដើម្បី​​​ពង្រឹង​​ការ​​ត្រួត​ពិនិត្យ និង​​ធានា​ការ​​អនុវ​​ត្ត​វិធាន​ការ​​ប្រកប​ដោយ​ប្រសិទ្ធភាពខ្ពស់។

ក្រៅពីនោះ ក្រសួង​នឹង​រៀបចំបណ្តាញ​ប្រព័ន្ធប្រតិកម្ម​រហ័ស​នៅ​គ្រប់​រាជធានី-ខេត្ត​ទាំង​២៥ ដើម្បី​តាមដាន​សុខភាព​​សត្វ​ពាហនៈ និងធ្វើកា​រអន្តរាគមន៍ភ្លាម​ៗ​ក្នុង​​ករណី​សង្ស័យ។

អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បដិសេធ​ឆ្លើយតប ដោយ​បង្វែរសំណួរ​ទៅកាន់ អ្នកនាំពាក្យម្នាក់ទៀត គឺលោក ឃឹម ហ្វីណង់ ប៉ុន្តែ​មិនអាច​ទាក់​ទង​បាន។​

យ៉ាងណា លោក ឃឹម ហ្វីណង់ បានគូសបញ្ជាក់យ៉ាងខ្លីលើ​ហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា ​ចំណាត់ការរបស់ក្រសួង​ គ្រាន់តែជាវិធានការបង្ការតែប៉ុណ្ណោះ មិនមានភាពចាំបាច់ណាមួយ​​​ត្រូវព្រួយបារម្ភ និងមានការ​ភ្ញាក់ផ្អើល​ឡើយ។ លោក​បន្តថា ក្រសួងនឹងបន្តធ្វើបច្ចុប្បន្ន​ភាព​​ជាបន្តបន្ទាប់ និងផ្ដល់ព័ត៌មានថ្មីៗបន្ថែម​​ទៀត​ពី​ការ​វិវត្ត​នៃជំ​ងឺ​នេះ​ក្នុង​ករណី​ចាំបាច់។

អ្នកស្រី រដ្ឋា ជាប្រជាពលរដ្ឋ​ម្នាក់រស់នៅ​រាជធានីភ្នំពេញ គាំទ្រចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល ក្នុង​ការទប់​​​ស្កាត់កា​រ​នាំចូល​​សត្វ​ពាហនៈ និង​ផលិត​ផល​​សាច់​សត្វ​​​ពី​ប្រទេស​​ជិត​​ខាង​ ខណៈ​​​​​​អ្នក​ស្រី​មាន​ក្តី​បារម្ភ​ពីការ​ឆ្ល​ងជំងឺពិសធ្យូងនេះ។

អ្នក​ស្រី​ថា៖ «បងដឹង ប៉ុន្តែ​គ្រាន់តែ​​មានអារម្មណ៍ថាភ័យខ្លាចអីចឹង​ ដល់ចឹង​សឹង​ថា​មិនសូវ​ហ៊ាន​ញ៉ាំសាច់គោ​ ប៉ុន្តែតាំង​ពីនោះមក មិន​ដែល​បាន​ញ៉ាំសាច់​គោ​អីទេ។​ ឱ្យ​​គាត់​ការពារ​​ប្រយ័ត្ន​ប្រយែង ពេល​ដែល​ទិញយ​ក​​​​មក​ហូប ឱ្យ​គាត់​​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​​​អីចឹង។ ពេលលឺចឹ​ងសប្បាយ​ចិត្ត​ដែលគាត់បិតមិនឱ្យនាំ​ចូល​​​​មក​ប្រទេស​យើង​ បើនៅ​តែស្រុកខ្មែរ​យើង គោ​នៅ​ខ្មែរ​យើងមិនបញ្ហាអីទេ ខ្មែរ​យើង​អត់មាន​បញ្ហាអីទេ កុំ​​ឱ្យ​តែនាំ​ចេញពីខាងក្រៅ​មក»។​

លោក ឌី គន្ធា អភិបាល​​​អង្គការ​​សាមគ្គី​​ភាព​កសិករ មានប្រសាសន៍ថា ការ​ដាក់ចេញវិធានការ​បង្ការ និងទប់ស្កា​ត់​​ជុំវិញការផ្ទុះឡើងនូវជំងឺអង់ត្រាក់ពីប្រទេស​ជិត​ខាងនេះ ជារឿង​ល្អ ដើម្បី​ប្រកាសជាមុន​​ឱ្យ​ប្រជាព​ល​រដ្ឋ​​​មាន​ការ​​​ប្រុង​​ប្រយ័ត្ន ​និង​​ការ​​ពារ​​សុខមាល​ភាព​ប្រជាពលរដ្ឋ។

លោកថា៖ «ទទួលព័ត៌មាន​នៅថ្នាក់តំបន់ ឬក៏ថ្នាក់​​អន្តរជាតិ ស្តីពី​ការ​ផ្ទុះ​​មេរោគសត្វ​ប្រភេទ​សត្វ​ផ្សេង​ៗ​ ដែល​​​អាច​បង្ក​ឱ្យ​ប៉ះពាល់​ដល់សុខភាព​របស់​ប្រជាពលរដ្ឋ​​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ គឺយើងត្រូវ​តែ​ត្រៀមបង្ការ មាន​ន័យ​​ថា យើងត្រូវ​តែធ្វើការ​​ប្រកាសជា​សាធារណៈ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋហ្នឹង​​គាត់​ត្រៀម​លក្ខណៈ​ក្នុង​​កា​រការ​ពារ​សុខភាព​របស់​​គាត់ ជាជាង​ដែល​រដ្ឋាភិបាល​​ទទួលព័ត៌មាន​​ពី​មជ្ឈដ្ឋាន​​​ជុំវិញ ពីការ​ផ្ទុះជំងឺសត្វ​ហ្នឹង​មិនបានគ្រប់ជ្រុង​ជ្រោយ ហើយ​ពលរដ្ឋក៏ទទួលព័ត៌មាន​មិនបានគ្រប់ជ្រុង​ជ្រោយ​ពីរដ្ឋាភិបាល​ថែម​ទៀត​​ អីចឹង​វា​ជា​​​ផលប៉ះពាល់ដល់សុខភាពរបស់​ពលរដ្ឋធ្ងន់ធ្ងរ»។

ជាមួយគ្នា​នេះ​ លោកក៏​ជំរុញ​ឱ្យ​រដ្ឋាភិបាលកម្ពុជា​​​ ពង្រឹងកា​រអនុវត្ត​ច្បាប់ក្នុង​​​ការ​​​ទប់​ស្កាត់​​ ការ​ដាក់​ចេញនូវ​ផែនការគ្រប់​គ្រង និងកាត់បន្ថយ​​​នូវ​ហានិភ័យ លើ​ការនាំ​ចូល​ទំនិញ​ និងផលិត​​​ផល​​​មួយចំនួនដែលមានសារធាតុគីមី​កម្រិត​​ធ្ងន់ធ្ងរ​​​​ពីប្រទេស​ជិត​ខាង​ផងដែរ ដើម្បីការ​ពារ​សុខ​មាល​ភាព​ប្រជាពលរដ្ឋ​ផងដែរ។  

លោកថា៖ «ជាអនុសាសន៍របស់ខ្ញុំ គឺ​​ស្នើសុំឱ្យ​ប្រជាពលរដ្ឋ​ ប្រជាជន​រួម​ជាតិ​នៅ​ប្រទេស​កម្ពុជា​​ ទូទាំង​ឃុំសង្កាត់ ដែល​​​​​ជា​អ្នកបរិភោគប្រចាំ​ថ្ងៃ​តាមគ្រួសារ​ ដែលប្រឈមមុខនឹង​ផល​ប៉ះពាល់​សុខ​ភាព​ធ្ងន់​ធ្ងរ​ហ្នឹង​ គឺឱ្យគាត់ផ្ញើសារទៅថ្នាក់ដឹក​​នាំរាជ​រដ្ឋាភិបាលកម្ពុ​ជា បង្ហាញ​នូ​វឆន្ទៈ​នយោបាយ​ខ្ពស់ ឬផែនការ​ប្តេជ្ញាចិត្ត​ខ្ពស់ នៅក្នុងកា​រចូលរួម​អនុវត្ត​ផ្ទាល់​​ទៅលើ​ផែន​ការ វិធានគ្រប់​គ្រងនិង​កាត់​បន្ថយ​នូវ​កា​រហូរចូល​ប្រភេទ​បន្លែ​ ផ្លែឈើ ភេសជ្ជៈ អាហារកែច្នៃ និង​សាច់​បង្កក​ដែល​មាន​សារធាតុគី​មី​ធ្ងន់​ធ្ងរ​ ហូរ​​ចូលមកលក់នៅទីផ្សារ​​ទូទាំងឃុំ​សង្កាត់​​ប្រចាំព្រះរាជាណាចក្រ​កម្ពុជា​​ រាប់ពាន់រាប់ម៉ឺនរាប់សែនតោន»។

នៅថ្ងៃទី០៦ ខែឧសភា​នោះដែរ ក្រសួង​សុខាភិបាល ក៏បានចេញសេចក្តីប្រកាសព័ត៌មាន​អំពាវនាវ​ដល់​ប្រ​ជាពលរដ្ឋ​ការ​ពារ​ខ្លួន​ពីការ​ឆ្លង​បាក់តេរីអង់ត្រាក់​នេះ ដោយថា​ជំងឺ​​ប្រភេទ​​​នេះ ជាជំងឺ​​ដ៏​​កម្រ ប៉ុន្តែ​ធ្ងន់​ធ្ងរ បើមាន​ការ​ឆ្លង​​។

ជាមួយគ្នា​នេះ ក្រសួង​​​​​នឹង​បន្ត​ពង្រឹង​វិធានការ​សុខាភិបាល តាមច្រក​ព្រំដែន​ និង​ពង្រឹង​កិច្ច​សហការ​​ជាមួយ​ក្រ​សួង​ពាក់ព័ន្ធក្នុងការ​ទប់ស្កាត់​ការ​នាំចូលជំងឺអង់ត្រាក់ឬ​ពិស​ធ្យូង​និងជំងឺឆ្លង​​ផ្សេង​ទៀត​ពីក្រៅ​ប្រទេស។

បើតាមក្រសួង​សុខាភិបាល លក្ខណៈ​ពិសេស​នៃ​មេរោគ​​អង់ត្រាក់នេះ គឺ​អាច​រស់នៅ​ដោយ​ស្រួល​​​ក្រោម​រូបភាព​ជា​គ្រាប់​ស្ព័រ​ក្នុងបរិយាកាស​ខាងក្រៅ ដែលវា​ធន់នឹង​អាកាស​ធាតុ​ខាងក្រៅបាន​ ហើយវាអាចសម្ងំ​ក្នុង​ដី សាក​សព​សត្វ​ និងលាមកសត្វ​បាន​ដល់រាប់ឆ្នាំ(៣០ទៅ៤០ឆ្នាំ)។

សត្វ​ស៊ីស្មៅ ដូចជា គោ ក្របី ចៀម ពពែ សេះ អាចឆ្លង​មេរោគនេះចូលក្នុងខ្លួន បន្ទាប់មកគ្រាប់ស្ព័រ​ក្លាយជា​មេរោគមានចលនា ហើយបញ្ចេញពិសរបស់​វា​ដែលមានគ្រោះថ្នាក់ដល់​សុខភាព។ ប៉ុន្តែ​ជំងឺនេះ​មានឱសថ​សម្រាប់ព្យាបាល និងវ៉ាក់សាំងសម្រាប់ចាក់បង្ការ។

ក្រសួង​​​​​គូសបញ្ជាក់ថា មេរោគនេះអាចឆ្លងពីសត្វទៅមនុស្ស ​​តាមរយៈកា​រប៉ះពាល់ដោយផ្ទាល់​ជាមួយ​សត្វឈឺ​(ស្បែក​មុត​​ដាច់ជាច្រក​ចូលនៃមេរោគ) ឬឆ្លងតាមការ​សម្លាប់​សត្វ​ ឬផលិត​ផល​ដែល​មាន​ដើម​កំណើត​ពីសត្វ​ដែល​មានជំងឺ​អង់ត្រាក់​​ ដូចជា សាច់ ឈាម រោម និងឆ្អឹង។

​ក្រៅពីនោះមានការ​ឆ្លង​តាមរយៈ​ការ​​ដក​​ដង្ហើម​​ចូល​​នូវ​ធូលី​ដែល​មាន​ស្ព័រ​​មេរោគ​ ការ​បរិភោគ​​សាច់​​ដែលមាន​មេរោគ ប្រើម្ជុល​សឺរ៉ាំងរួមគ្នា​ជាមួយ​អ្នកជំងឺអង់ត្រាក់ បើទោះជាមេរោគ​នេះ​មិនមានភស្តុតាង​ឆ្លង​រាលដា​ល​​​ពីមនុស្ស​​ទៅ​មនុស្ស ប៉ុន្តែ​ដំបៅ​ស្បែកលើ​អ្នកជំងឺ​អាច​ឆ្លង​ខ្លាំង។ រោគសញ្ញានៃ​ជំងឺនេះមាន៣សណ្ឋាន រួម​មាន សណ្ឋាន​លើ​ស្បែក ក្រពះ-ពោះ​វៀន និង​​ផ្លូវ​​ដង្ហើម​។

វិធានកា​របង្ការ​ឆ្លង ក្រសួងថា ត្រូវ​ចៀសវា​ប៉ះពាល់ដោយផ្ទាល់​ជាមួយ​សត្វ​​ដែលសង្ស័យ​​ថា​​មានជំងឺនេះ ហាម​បរិភោគ​សត្វ​ដែលងាប់​ដោយសារជំងឺនេះ សាកសពសត្វ​ដែល​ងាប់​ត្រូវ​យក​ទៅ​​កប់ឬដុត​កម្ទេចចោល មិន​​ត្រូវ​​វះពិនិត្យ​សាកសព​ដែល​ងាប់ដោយសារ​ជំងឺនេះ និង​ត្រូវ​ប្រញាប់​​បញ្ជូន​អ្នក​ជំងឺ​សង្ស័យ​​ទៅ​កាន់​មន្ទីរ​ពេ​ទ្យ​​​​ជា​បន្ទាន់​ ដើម្បី​ទទួល​ការ​ព្យា​បាល​ឱ្យ​បាន​ទាន់​ពេល​វេលា​។

បើ​តាមនាយកដ្ឋានប្រយុទ្ធ​នឹង​ជំងឺឆ្លង​កម្ពុជា ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី៥ខែឧសភានេះ ឱ្យ​ដឹងថា ខេត្ត​​មុក​ដាហាន​ ប្រទេសថៃ​ បានរកឃើញ​វិជ្ជមាន​ជំងឺ​​អង់​ត្រាក់​ (ពិសធ្យូង)​ ចំនួន ២​ករណី​​លើ​មនុស្ស ក្នុង​នោះ​​​មួយ​ករណី​បាន​​ស្លាប់​លើ​បុរសវ័យ ៥៣ឆ្នាំ ​និង​ម្នាក់​ទៀត កំពុងព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​។ មូលហេតុ​​ដែល​​ឆ្ល​ង​ជំងឺ​នេះ​ ដោយ​សារ​ពួក​គាត់​បរិភោគ​សាច់​គោ​ឆៅ​ ដែល​មាន​ឆ្លង​​​បាក់​តេរី​ អង់ត្រាក់​។

កាលពី​ថ្ងៃ​ទី៥​ ខែ​ឧសភា ឆ្នាំ​២០២៥ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត​​ជាផ្លូវ​ការ​ «ផែនការ​ជាតិ​ប្រយុទ្ធ​​​នឹង​ជំងឺម​ហារីក ឆ្នាំ​២០២៥-២០៣០» លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បាន​បញ្ជា​ទៅ​​ក្រសួង​ពាក់ព័ន្ធ សហការ​​គ្នា​រឹត​បន្តឹង​ការ​នាំចូល​ផលិត​ផលក​សិកម្ម​ខូច​គុណ​ភាព​ និង​​មានផ្ទុក​សារ​ធាតុ​គីមី ដែល​អាច​បង្ក​ហានិភ័យ​ដល់សុខភាពរបស់ប្រជាពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ