ភាពខុសគ្នា​ពី​ចំណាត់​ការ​ច្បាប់​លើ​លោក រ៉ុង​ ឈុន និង​លោក​ ហ៊ុន តូ សែ​ស្រឡាយ​ហ៊ុន

ចំណាត់ការរឹប​អូស​ផ្ទះ និង​ដក​សិទ្ធិ​ធ្វើ​នយោបាយ​អ្នក​និយាយ​បញ្ហា​ព្រំដែន​ លោក ​រ៉ុង ឈុន តែ​មិន​ចាត់​ការ​លើ​ឧក្រិដ្ឋ​​ជន​​លាង​លុយ​កខ្វក់ លោក ហ៊ុន តូ ដែល​អាមេរិក​រក​ឃើញ​នោះ ជំរុញ​ឱ្យ​មាន​ការ​រិះ​គន់​ថា ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​នៅ​ពី​ក្រោយ​ក្រុម​ឧក្រិដ្ឋ​ជន ដែល​ធ្វើឱ្យ​ពលរដ្ឋ​ក្លាយ​ជា​ចំណាត់​ខ្មាំង របស់​គ្រួសារអ្នក​មាន​អំណាច​យូរ​ឆ្នាំ​ទៀត បើ​គ្មាន​ចរន្ត​ផ្លាស់​ប្តូរ។

មកដល់ពេលនេះ ប្រព័ន្ធតុលាការ ក្រោមសេនាធិការ​បក្ស​កាន់​អំណាច មិន​ទាន់​ប្រកាស​ជា​សាធារណៈ ពី​ចំណាត់​ការ​នានា លើ​ឧកញ៉ា ហ៊ុន តូ ជុំវិញ​បទ​ឧក្រិដ្ឋ​លាង​លុយ​កខ្វក់​នៅ​ឡើយ​ទេ ទោះ​ថ្មី​នេះៗ ក្រសួង​រតនាគារ​​ជា​តិ​​អាមរិក រក​ឃើញ​ថា ក្រុម​​ហ៊ុន ហួយ​​វ័ន​​គ្រុប របស់​​ឧកញ៉ា ហ៊ុន តូ ក្មូយ​​ប្រុស លោក ហ៊ុន សែន មាន​​ជាប់​​ពាក់​​ព័ន្ធ​​បទ​​ឧក្រិដ្ឋ​​កម្ម​លាង​​លុយ បង្ក​ការ​គំរាម​ដល់​ប្រទេស​ក្នុងតំ​បន់ និង​កម្ពុជា​ក្តី។

បើតាមប្រភពដដែល ចាប់​ពី​ខែ​សីហា ឆ្នាំ​​២០២១ ដល់​​ខែ​មករា ឆ្នាំ​២០២៥ បុត្រ​សម្ព័ន្ធ​របស់​​ក្រុម​ហ៊ុន​នេះ បាន​​លាង​លុយ​កខ្វក់​​​ចំនួន​ ៤ពាន់​​លាន​​ដុល្លារ ឱ្យ​ក្រុម​ឧក្រិដ្ឋ​​ជន។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក ស្កុត បេសេនត៍ បញ្ជាក់​​ក្នុង​របាយ​​ការណ៍ ចុះ​ថ្ងៃ​ទី​១ខែ​ឧសភានេះ​​​ថា ក្រុម​ហ៊ុន​ហួយ​​វ័ន​​គ្រុប​របស់ លោក ហ៊ុ តូ ធ្វើ​​អាជីវកម្ម​​ឱ្យ​ពួ​​ក​ចោរ​​បច្ចេក​​វិទ្យា​នៅ​កូរ៉េ​​ខាង​​ជើង និង​ពួក​ឧក្រិដ្ឋ​ជន​​ផ្សេង​​ទៀត ដែល​​លួច​លុយ​​ពី​​ពលរដ្ឋ​អាមេរិក​​រាប់​​ពាន់​​លាន​ដុល្លារ​ជា​​រៀង​​រាល់​​ថ្ងៃ។

បន្ថែមលើនេះ លោកថា ការដាក់វិធានការលើក្រុមហ៊ុនហួយ​វ័នគ្រុប មិន​​​ឱ្យ​ចូល​​ទៅ​ក្នុង​​ប្រព័ន្ធ​​ហិរញ្ញ​​វត្ថុ​អាមេរិក​​នៅ​​ពេល​នេះ ដើម្បី​​បិទ​ច្រក​​កុំ​​​ឱ្យ​ឧក្រិដ្ឋ​​ជន​​ធ្វើ​​សកម្មភាព​លាង​លុយ​បាន​ទៀត​។

ដោយឡែក គេសង្កេតឃើញថា វិធានការរបស់តុលាការ​ក្រុងភ្នំពេញ បែរ​ជា​សកម្ម​ចាត់​ការ​លើ​សកម្ម​ជនបរិស្ថាន សកម្ម​ជន​សិទ្ធិ​មនុស្ស និង​សកម្ម​ជន​នយោបាយ​បក្ស​ជំទាស់ និង​ករណី​លោក រ៉ុង ឈុន​ ទីប្រឹក្សាគណបក្ស​កម្លាំង​ជាតិ​ក្តី។

កាលពីថ្ងៃទី៥ ខែ​ឧសភា ឆ្នាំ​​២០២៥​ តុលាការ​​​ក្រុង​​ភ្នំពេញ បាន​​​សម្រេច​​​​ផ្តន្ទា​​ទោស លោក រ៉ុង ឈុន ទីប្រឹក្សា​​គណបក្ស​​​កម្លាំ​​ង​ជាតិ​​ ឱ្យ​ជាប់​ពន្ធ​នាគារ ៤ឆ្នាំ និង​​ដក​​សិទ្ធិ​ប្រជា​ពលរដ្ឋ ដោយ​មិន​​អនុញ្ញាត​​​​ឱ្យ​លោក​​បោះឆ្នោ​ត និង​​​​​​ឈរ​ឈ្មោះ​​បោះ​ឆ្នោត ក្រោ​​ម​ការ​​ចោទ​ពី​បទ មិ​​ន​រា​​ង​​​ចាល​​ក្នុង​បទ​មជ្ឈឹម។

ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់​VOD​នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា​នេះ​ថា ប្រព័ន្ធ​យុត្តិ​ធម៌ ឬ​ប្រព័ន្ធ​ច្បាប់​កម្ពុជា មិ​ន​ហ៊ាន​ចាប់​លោក ហ៊ុន តូ ទេ ព្រោះ​គាត់​ជា​ក្មួយ​បង្កើត​លោក ហ៊ុន សែន ហើយ​ត្រូវ​ជា​ប្អូន​ជី​ដូន​មួយ ជាមួយ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា លោក ហ៊ុន​ ម៉ាណែត ទៀត។

លោកថា ប្រព័ន្ធដឹកនាំបែ​បនេះ ប្រើ​ប្រាស់​ច្បាប់​ធ្វើ​ជា​ឧបករណ៍​បម្រើ​គ្រួសារ​ផ្តាច់​មុខ មិន​ការ​ពារប្រយោជន៍​ជាតិ និង​ពលរដ្ឋ​​ជា​ម្ចាស់​ប្រទេស​ទេ។

លោកគូសបញ្ជាក់ថា ប្រព័ន្ធនយោបាយ ដែល​ប្រើ​ច្បាប់​ធ្វើ​ជា​ឧបករណ៍​នេះ វា​នឹង​បង្ក​គ្រោះ​ថ្នាក់​កាន់​តែខ្លាំង​ដល់​សង្គម​ជាតិ រីឯ​ពលរ​ដ្ឋ​ជា​ម្ចាស់​ប្រទេស​ក្លាយ​ជា​ចំណាប់​ខ្មាំ​ង​អ្នក​មាន​អំណាច ឬ​អ្នក​កាន់​អំណាចយក​ពលរដ្ឋ​ធ្វើ​ជា​ឈ្នាន់​នយោបាយ ដើម្បី​បម្រើ​គ្រួសារ​ខ្លួន ។

លើសពីនេះ លោកថា​ ករណីមិនចាប់ខ្លួនលោក ហ៊ុន តូ តែ​បែរ​ជា​ផ្តន្ទា​ទោស​លោក រ៉ុង ឈុន ឆ្លុះ​បញ្ចាំងកាន់​តែ​ច្បាស់​ថា មេដឹកនាំ​គ្រួសារ​ហ៊ុន​ដឹក​នាំ​បែប​គ្រួសារ​និយម​ផ្តាច់​ការ មិន​មែន​ជា​មេដឹកនាំ​គោរព​ច្បាប់ ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ទេ ពោល​គឺ​យក​រដ្ឋ​ធម្មនុញ្ញ​ធ្វើ​ជា​ឧបករណ៍​បម្រើ​ផល​ប្រយោជន៍​ក្រុម​គ្រួសារ។

លោកថា៖ «មិនហ៊ានកាត់ទោស លោក ហ៊ុន តូ ដោយ​សារ​លោក ហ៊ុន តូ ជា​បង​ប្អូន​ជីដូន​មួយ​របស់​ លោក ហ៊ុន ម៉ាណែត បើ​សិ​នជា​តុលាការ​ណា​ហ៊ាន​ចាត់​ការ​ទៅ​លើ​ លោក ហ៊ុន តូ ប្រាដក​ជា​ចៅក្រម​ហ្នឹង ត្រូវ​បាន​គេ​ដក​តំណែង​ឬ​ក៏​គេផ្ទេរ​តំណែង​ទៅ​កាន់​ជា​ចៅក្រម​នៅ​ខេត្ត​ដាច់​ស្រយាល​ ដូច​ជា នៅ​ខេត្ត​រតនគិរី មណ្ឌល​គិរី។ ហើយ​តុលាការ​សព្វ​ថ្ងៃ​ជាតុលាការ​តេឡេ ហើយ​ចាត់​ការ​ចំពោះ​ លោក រ៉ុង ឈុន ដោយ​សារ​លោក​ជាអ្ន​ក​ការ​ពារ​ទឹក​ដី​ខ្មែរ​យើង​កុំ​ឲ្យ​បាត់​បង់​ ហើយប៉ះ​ពាល់​ទៅ​ដល់​វៀតណាម​ដែល​ជា​ចៅហ្វាយ​របស់ ហ៊ុន សែន។ លោក​ ហ៊ុន សែន បាន​កាន់​អំណាច​ដោយ​សារ​វៀត​ណាម​លើក​បន្តុប​»។

យ៉ាងណាក្តី លោក អ៊ុំ សំអាន យល់ថា ដើម្បីកុំមហាជនកាត់ទោសមេ​ដឹក​នាំ តុលាការ​គួរ​តែ​ធ្វើការ​ស៊ើប​អង្កេត លោក ហ៊ុន តូ ជុំវិញ​បទ​ឧក្រិដ្ឋ​ដែល​អង្គកា​រ​អន្ត​រជាតិ​រក​ឃើញ​នេះ។

លោកថា៖ «នៅពេលដែលមេដឹកនាំគិតពីគ្រួសារ​ឯង មិន​គិត​ពី​សុខ​ទុក្ខ​របស់​ប្រជា​ពលរដ្ឋ គិត​តែ​ការ​ពារ​ក្រុម​គ្រួសារ​​ឯង ទោះ​បី​ក្រុម​គ្រួសារ​ឯង​ប្រព្រឹតិ្ត​បទ​ល្មើស​យ៉ាង​ណា​ ក៏​មិន​ចាត់​វិធាន​ការ​ចំពោះ​សមាជិក​គ្រួសារ មិន​សម​ជា​​មេដឹក​នាំប្រទេស​ទេ គួរ​តែ​ដឹក​នាំ​ដោយ​ក្រុម​គ្រួសារ​គាត់​ហ្នឹង​​​ទៅ​បាន​ហើយ។ ចឹង​កាល​ណា​ដឹក​នាំ​របៀប​បែប​បក្ខ​ពួក​និយម​គ្រួសារនិយម​ការ​ពារ​ផល​ប្រយោជន៍​ក្រុម​គ្រួសារ​ចឹង មាន​ន័យ​ថា មេដឹកនាំ​អាត្មា​និយម ហើយ​ការ​មេដឹក​នាំ​​អាត្មា​និយម​​ហើយ គឺប្រជា​ពលរដ្ឋ​រង​ទុក្ខ​ក្រី​ក្រ»។

អ្នក​ជំនាញ​ច្បាប់ និង​អភិបាល​កិច្ច​បែប​ប្រជាធិប​តេយ្យ លោក វន់ ចាន់ឡូត បង្ហោះ​សា​រលើ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា​នេះ​ថា សេចក្ដី​សម្រេច​របស់​តុលាការ ដែល​ដក​សិទ្ធិ​ធ្វើ​នយោបាយ​ជាអចិន្ដ្រៃយ៍ ពី​ពលរដ្ឋខ្មែរ​ណា​ម្នាក់ ទំន​ង​ជា​ការ​សម្រេច​អធម្មនុញ្ញ​ភាព ឬ​បំពាន​រដ្ឋ​ធម្មនុញ្ញ។

លោកប​ន្តថា ថ្វីដ្បិតច្បាប់អនុញ្ញាត​ឱ្យ​ដក​ហូត​សិទ្ធិ​មួយ​ចំនួន​របស់​ទណ្ឌិត​ កំឡុង​ពេល​អនុ​វត្តទោស​របស់​ពួក​គេ​ពិត​មែន ប៉ុន្ដែ​គ្មាន​ជន​ណា​ម្នាក់​ត្រូវ​បាន​ដក​ហូត​សិទ្ធិ​ណា​មួយ​ជារៀង​រហូត លើក​លែង​ទណ្ឌិត​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

សម្រាប់លោក ចាន់ឡូត មានតែប្រទេសសង្គមនិយម​ដូច​ចិន រុស្ស៊ី និង​វៀតណាម ដែល​គ្មានឡើយ​សេរីភាព​នយោ​បាយ និង​សិទ្ធិ​ធ្វើ​នយោបាយ​ដោយ​ពេញ​លេញ ឬ​គ្មាន​សោះ​តែ​ម្ដង​នៃបក្ស​ប្រឆាំង។ ជនរងគ្រោះ​អាច​ប្ដឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ ករណី​មាន​ការ​សម្រេច​ក្ដី​ណា​មួយផ្ទុយ​នឹង​រដ្ឋ​ធម្ម​នុញ្ញ។

អ្នកនាំពាក្យក្រសួង​យុត្តិ​ធម៌ លោក ជិន ម៉ាលីន មិន​ឆ្លើយ​សំណួរ​VOD ដែល​ផ្តល់​ឱកាស​ឆ្លើយ​តបនឹង​ការ​ចោទ​ប្រកាន់​​នេះ​​ទេ​។

កន្លងទៅ VOD រក​ឃើញ​ថា កាស៊ីណូ​យី​ហោ WM នៅ​​ក្រុង​​ព្រះ​​សីហនុ កំពុង​​បើក​​ល្បែង​​អនឡាញ​​ខុស​​ច្បាប់ ហើយ​កាស៊ីណូ​នេះ​គ្រប់​​គ្រង​​ដោយ​ក្រុម​​ហ៊ុន​​Lixin ដែល​​មាន​ លោក ហ៊ុន តូ ជា​​នាយក​​ក្រុម​​ហ៊ុន។

ជាមួយគ្នានេះ លោក ហ៊ុន តូ ក៏​ត្រូវ​បាន​ក្រុម​ហ៊ុន​វិភាគ​កាក់​ឌីជីថល Elliptic មាន​មូល​ដ្ឋាន​នៅប្រទេស​អង់​គ្លេស រក​ឃើញ​ថា ជា​ម្ចាស់អា​ជីវកម្ម​រក​ស៊ី​ខ្មៅ​ងងឹត​តាម​ប្រព័ន្ធ​ឌីជីថល ក្រោម​ឈ្មោះ​​​ក្រុម​ហ៊ុន​ហួយ អាដេ គ្រុប។

អំពើឧក្រិដ្ឋកម្មក្នុងក្រុ​ម​ហ៊ុន​នេះ រួម​មាន ការ​បោក​បញ្ឆោត​ទំនាក់​ទំនង​ស្នេហា​ផ្លូវ​ភេទ អំពើ​បោក​​ប្រាស់​ក្នុង​​គម្រោង​​​​វិនិយោគ ការ​លាង​​លុយ​កខ្វក់ និង​ចាប់​ជំរិត ជាដើម។

ដោយឡែក ប្រធាន​អង្គការ​ប្រជាធិបតេយ្យខ្មែរ​ប្រចាំ​អូស្ត្រាលី លោក ស៊ឹង សែន​ករុណា ហៅ​ភាពលម្អៀង​របស់​ប្រព័ន្ធ​យុត្តិធម៌​នេះ ជា​គ្រោះ​ថ្នាក់​សម្រាប់​ពលរដ្ឋ​កម្ពុជា ពិសេស​អ្នក​ដែល​គ្មានអំណាច។

លោកថា៖ «កម្ពុជាយើង​ គឺជា​ប្រទេស​ដែល​អនុវត្ត​ច្បាប់​ស្តង់​ដារ​ពីរ គឺ​អ្នក​ដែល​មាន​ឥទ្ធិពល​មាន​អំណាច​ជាមួយ​នឹងគ្រួសារ​អ្នក​ដឹក​នាំ​ ឬ​ក៏​បក្ខ​ពួក​របស់​មេដឹក​នាំ​ប្រទេស​ហ្នឹង គឺ​តែង​តែ​រួច​ផុត​ពី​សំណាញ់​ច្បាប់​ អ៊ីចឹង​ហើយ​ដូច​ជា​ករណី​​រឿងលោក​ឧកញ៉ា ហ៊ុន តូ នេះ​មិន​មែន​ជា​រឿង​ទើប​តែ​ដឹង​ពេ​ល​នេះ​ទេ គឺ​មាន​រឿង​រ៉ាវ​ជា​ច្រើន​ដែល​ល្បី​ល្បាញ​ទៅ​តាមបណ្ដា​សារ​ព័ត៌​មាន​អន្តរ​ជាតិ​នានា ដែល​គេ​ធ្វើ​ការ​ស៊ើប​អង្កេត​គេ​ធ្វើការ​បង្ហាញ​នូវ​តម្រុយ​ និង​ភ័ស្តុតា​ង​នានា​​ដែល​ពាក់​ព័ន្ធ​ហ្នឹង​ ​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​នៅ​ប្រទេស​កម្ពុជា​យើង​ អ្នក​ដែល​អនុវត្ត​ច្បាប់​មិន​បាន​អនុវត្ត​ទៅ​លើ​បុគ្គល​រូប​នេះ​ទេ»។

លើលពីនេះ លោក ករុណា យល់​ថា បើមេដឹកនាំគ្រួសារហ៊ុន​មិន​ហ៊ាន​ធ្វើការ​ស៊ើប​អង្កេត​ចាប់ខ្លួន​​លោក ហ៊ុន តូ ទេ ឆ្លុះ​បញ្ចាំង​ថា មេដឹក​នាំ​បក្ស​កាន់​អំណាច កំពុង​ចិញ្ចឹម​ឧក្រិដ្ឋជន​ដើម្បី​ជួយ​ការ​ពារ​អំណាច។

លោកថា៖ «ផលប៉ះពាល់ជាធម្មតា​ផល​ប្រយោជន៍​នៃ​សង្គម​ហ្នឹង បើ​កាល​ណា​ច្បាប់​អត់​ការ​ពារ​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​​ ផល​ប្រយោជន៍​នោះ​វា​បាន​ទៅ​លើ​អ្នក​កាន់​អំណាច គឺ​គាត់​អ្នក​ដឹកនាំ​ប្រទេស​ហ្នឹង ហើយ​ឲ្យ​ពលរដ្ឋ​​រស់​​រ​ងទុក្ខ​នៅក្នុង​សង្គម​ហ្នឹង​តែ​ម្ដង ហើយ​ការ​គ្រប់​គ្រង​ប្រទេស​វា​ធ្វើ​ឲ្យ​មាន​ភាព​ចលាចល​ដោយ​គ្មាន​ការ​គោរព​ច្បាប់​ហ្នឹង​ឯង ដោយ​សារ​តែ​ពលរដ្ឋ​លែង​ខ្លាច​ច្បាប់​ អ្នកធំៗ​លែង​ខ្លាច​ច្បាប់​ ប្រើប្រាស់​អំណាច ​ប្រើ​ប្រាស់​ឥទ្ធិពល​តែ​ផ្ដេស​តែ​ផ្ដាស​អ៊ីចឹង​ទៅ អ៊ីចឹង​សង្គម​យើង​ហ្នឹង​ វា​លែង​មាន​ច្បាប់​ទម្លាប់​លែង​មាន​ការ​អនុវត្ត​លែង​មាន​ជំនឿអ៊ី​ចឹង​ទៅ ថ្ងៃ​ណា​មួយ​វា​នឹង​ក្លាយ​ទៅ​ជាប្រទេស​មួយ​ដែល​មាន​ភាព​ចលាចល​ ដោយ​សារ​តែ​បញ្ហា​អនុវត្ត​ច្បាប់​ ដោយ​សារ​តែ​ពលរដ្ឋ​​ឈឺ​ចាប់ ដោយ​សារ​អ្នក​រងគ្រោះ​ឈឺ​ចាប់ ហើយ​ថ្ងៃ​ក្រោយ​ក៏​វា​ជះ​ឥទ្ធិពល​ទៅ​ដល់​អ្នក​ធំ​ទាំង​អស់​ហ្នឹង​ដែរ.»។

ចំណែក ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​​តស៊ូ លោក សម រង្ស៊ី សរ​សេរ​​សារ​​លើ​ហ្វេស​ប៊ុក​​លោក​នៅ​​​​ថ្ងៃ​​ទី៥ ខែឧសភា​ថា លោក ហ៊ុន តូ ជា​អ្នក​លាង​​លុយ លោក ហ៊ុន សែន ជា​​អ្នក​ចាយ​​លុយ រី​​ឯ​រាស្ដ្រ​ខ្មែរ ជា​អ្នក​ជំពាក់​លុយ។

បើតាមមាត្រា៣៨ នៃច្បាប់ ស្តីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្ប​ទាន​ភេរវកម្ម ដែល​ប្រកាស​ឱ្យ​ប្រើនៅ​ឆ្នាំ​២០២០ ចែង​ថា ការ​សម្អាត​ប្រាក់​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​២ឆ្នាំ ទៅ​៥ឆ្នាំ និង​ពិន័យជា​ប្រាក់ ពី ១០០ ០០០ ០០០ (មួយរយ​លាន) រៀល ទៅ ៥០០ ០០០ ០០០ (ប្រាំ​រយ​លាន) រៀល ឬ​រហូត​ដល់​ស្មើ​នឹង​តម្លៃ​មូល​និធិ ឬ​ទ្រព្យ​សម្បត្តិ​ដែល​ជា​កម្មវត្ថុ​​នៃ​ការ​សម្អាត​ប្រាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ