ក្រសួងសុខាភិបាលឱ្យ​ប្រយ័ត្ន​ការឆ្លង​ជំងឺ​អង់ត្រាក់​ដែល​អាច​បង្ក​ឱ្យ​កក​ឈាម​ក្នុង​បេះដូង

ក្រសួងសុខាភិបាល បានចេញប្រកាសមួយ​ឱ្យ​ការ​ការ​ពារ​ខ្លួន ពី​ការ​ឆ្លង​បាក់​តេរី​ម្យ៉ាង ដែល​មាន​រោគ​សញ្ញាស្រដៀង​នឹង​ជំងឺ​គ្រុន​ផ្តាសាយ ពិបាក​ដក​ដង្ហើម និង​មាន​អាការៈ​ឈឺ​ទ្រូង​ អាច​មាន​កក​ឈាម​នៅ​ក្នុង​បេះដូង ជាដើម ដែល​ថា ជំងឺ​នេះ​កំពុង​កើត​នៅ​ប្រទេស​ជិត​ខាង។

តាមរយៈលិខិតចុះថ្ងៃទី៦​ខែ​ឧសភា​នេះ ក្រសួង​សុខា​ភិបាល​ បាន​ឱ្យ​ដឹង​ថា ថ្មីៗ​នេះ​មាន​ការ​ផ្ទុះ​ឡើង​នៅ​ប្រ​ទេ​​ស​ជិត​ខាង​និង​បណ្តា​ប្រទេស​មួយ​ចំនួន នូវ​ជំងឺ​អង់​ត្រាក់ ឬ​ហៅថា​ ពិស​ធ្យូង នៅ​លើ​មនុស្ស និង​នៅ​លើសត្វ​ហៅ​​ថា​ជំងឺ​អង់​ត្រាក់ ឬ​ជំងឺ​ឈាម​ខ្មៅ បង្ក​ឡើង​ដោយ​បាក់​តេរី​ដែល​បង្កើត​ស្ព័រ។

បើតាមក្រសួង ជំងឺ​អង់​ត្រាក់ ឬ​ពិស​ធ្យូង ជា​ជំងឺ​ដ៏​កម្រ ប៉ុន្តែ​ធ្ងន់​ធ្ងរ ដែល​អាច​កើត​មាន​ឡើង​ជា​ចម្បង​លើសត្វ​​ពាហនៈ និង​សត្វព្រៃ។

មនុស្សអាចឆ្លងមេរោគអង់ត្រាក់​តាមរយៈ​ការ​ប៉ះពា​ល់​ដោយ​ផ្ទាល់​ជាមួ​យ​សត្វ​ឈឺ ការ​បរិភោគ​សាច់​សត្វ​ដែល​​មាន​មេរោគ​អង់​ត្រាក់ ប្រើ​ម្ជុល​សឺរ៉ាំង​រួម​គ្នា​ជាមួយ​អ្នក​មាន​ជំងឺ​អង់​ត្រាក់ និង​មិន​មាន​ភស្តុតាង​ឆ្លង​រាលដា​​ល​​​ពី​មនុស្ស​ទៅ​មនុស្ស​នោះទេ​ ប៉ុន្តែ​ដំបៅ​ស្បែក​លើ​អ្នក​ជំងឺ អង់​ត្រាក់​អាច​ឆ្លង​ខ្លាំង។

អ្នកឆ្លងជំងឺនេះ ដំបូងមានអាការៈ ដូចជា ពុលអាហារ ប៉ុន្តែ​អាច​មាន​ឈឺ​ពោះ ក្អួត ចង្អោរ ក្អួត​ឈាម រាគ​ធ្ង​​ន់ធ្ងរ និង​មាន​អាការៈ​ឈឺ​ទ្រូង ដែល​អាច​មាន​កក​ឈាម​នៅ​ក្នុង​បេះដូង ហូរ​ឈាម​នៅ​សន្ទះ​ខ័ណ្ឌ​ចន្លោះ​សួត ហើ​​​​យស្បែក​ប្រែ​ពណ៌​ស្វាយ។

ដើម្បី​បង្ការ និង​ទប់​ស្កាត់កា​រ​ឆ្លង​ជំងឺ​នេះ ត្រូវ​ចៀស​វាង​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ជាមួយ​សត្វ​ដែល​សង្ស័យ​ថា​ មាន​ជំ​​ងឺអង់​ត្រាក់ ហាម​បរិភោគ​សត្វ​ដែល​ងាប់​ដោយ​សារ​ជំងឺ​អង់​ត្រាក់ សាក​សព​សត្វ​ដែល​ងាប់​ត្រូវ​យកទៅ​កប់ ឬ​ដុត​កំទេច​ចោល និង​ត្រូវ​ប្រញាប់​បញ្ជូន​អ្នក​ជំងឺ ដែល​សង្ស័យ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ជា​បន្ទាន់​ ដើម្បីទទួល​ការ​ព្យាបាល​ឱ្យ​ទាន់​ពេល​​វេលា។

លើសពីនេះ ក្រសួង​ថា ខ្លួន​បន្ត​ពង្រឹង​វិធាន​ការ​សុខាភិបាល តាម​ច្រក​ព្រំដែន និង​ពង្រឹង​កិច្ច​សហការជាមួយ​ក្រសួង​​ពាក់​ព័ន្ធ ក្នុង​ការ​ទប់​ស្កាត់​ការ​នាំចូល​ជំងឺ​អង់​ត្រាក់ និង​ជំងឺ​ឆ្លង​ផ្សេង​ទៀត​ពី​ក្រៅ​ប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ