យ៉ាងហោចណាស់ មានស្ត្រីជាកម្មកររោងចក្រម្នាក់ស្លាប់ និង៤១នាក់ផ្សេងទៀត បានរងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ នៅខេត្តកំពង់ស្ពឺ នាថ្ងៃទី៧ខែឧសភានេះ។
នេះបើតាមការឱ្យដឹងពីអធិការនគរបាលខេត្តកំពង់ស្ពឺ ដែលបានចុះផ្សាយលើហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ។
ប្រភពនោះបានបញ្ជាក់ថា នាព្រឹកថ្ងៃពុធ ថ្ងៃទី៧ ខែឧសភា វេលាម៉ោង៦ និង២០នាទី លើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ ១២៩-១៣០ ស្ថិតនៅភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ រថយន្ដ០១គ្រឿង ម៉ាក HYUNDAI ដឹកកម្មករ៤២នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍។
ប្រភពនោះបញ្ជាក់ថា មុខកើតហេតុរថយន្តដឹកកម្មករ បើកស្របគ្នាជាមួយរថយន្ដ FORD តែចៃដន្យរថយន្ត FORD បានបត់ឆ្វេងដៃឆ្លងផ្លូវ បណ្ដាលឱ្យជួបគ្រោះថ្នាក់ ដោយសាររថយន្តដឹកកម្មករបានរេចង្កូតគេចទៅបុកដើមឈើ បណ្ដាលឱ្យមានគ្រោះថ្នាក់។
ប្រភពខាងលើបញ្ជាក់ថា ក្នុងគ្រោះថ្នាក់នេះ ស្ត្រីម្នាក់បានស្លាប់ ៥នាក់ជាស្ត្រីរងរបួសធ្ងន់ និង៣៦នាក់ រងរបួសស្រាល។
ក្រោយហេតុការណ៍នេះ សមត្ថកិច្ចនគរបាលបានបញ្ជូនកម្មករ កម្មការិនី ដែលរងរបួសទៅសង្រ្គោះព្យាបាលបន្ទាន់នៅមន្ទីរពេទ្យ និងបានចំណាត់ការនីតិវិធីបន្ដ៕