បើទោះបីវិធានទប់ស្កាត់ និងត្រួតពិនិត្យសារធាតុគីមីលើបន្លែត្រីសាច់របស់រដ្ឋាភិបាលកម្ពុជា ហាក់យឺតពេលបន្តិចក្ដី តែក្រុមអ្នកឃ្លាំមើល និងគ្រូពេទ្យ បានបង្ហាញការសាទរគ្រប់ៗគ្នា។
ទន្ទឹមនឹងការសាទរនេះ ពួកគាត់ក៏ចង់ឃើញរដ្ឋាភិបាលធ្វើកិច្ចការនេះឱ្យមានប្រសិទ្ធភាពពិតប្រាកដ និងក្នុងរយៈពេលយូរ មិនមែនគ្រាន់តែជាភ្លើងចំបើង ដើម្បីទទួលបានប្រជាប្រិយភាពមួយគ្រាឡើយ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យ៉ង់ គឹមអេង ដាក់ក្ដីសង្ឃឹមថា រដ្ឋាភិបាលនឹងដោះស្រាយបញ្ហារ៉ាំរ៉ៃមួយនេះឱ្យមានប្រសិទ្ធភាពពិតប្រាកដ និងយូរអង្វែង ដោយផ្អែកលើតួលេខអ្នកកើតជំងឺមហារីកនៅកម្ពុជា។
លោកបន្តថា ក្រៅពីបន្លែត្រីសាច់ រដ្ឋាភិបាលក៏ត្រូវពិនិត្យគុណភាពគ្រឿងបរិភោគផ្សេងទៀត កំពុងចរាចរណ៍លើទីផ្សារ ដែលសង្ស័យថាមានការក្លែងបន្លំ និងមានហានិភ័យបង្កជំងឺមហារីកផងដែរ។
លោកថា៖ «ទីផ្សារគឺគ្រប់គ្រងដោយរដ្ឋ មិនមែនទីផ្សារងងឹតទេ។ បើទីផ្សារគ្រប់គ្រងដោយរដ្ឋ រដ្ឋមានយន្តការដើម្បីធ្វើការត្រួតពិនិត្យ ដើម្បីធានាអំពីសុវត្ថិភាពជូនពលរដ្ឋ។ ចុះបើទីផ្សារ ឈ្មោះថាទីផ្សារ ហើយបើកឱ្យដំណើរការយ៉ាងគគ្រឹកគគ្រេង ហើយបែរជាចំណីត្រីសាច់ បន្លែទាំងអស់ហ្នឹង អត់មានសុវត្ថិភាពទៅវិញ តើជាទីផ្សារទេ?»។
ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០» នៅថ្ងៃទី៥ ខែឧសភា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានបង្ហាញរបាយការណ៍អ្នកកើតជំងឺមហារីកនៅកម្ពុជាដែលមានចំនួនជាង ២ម៉ឺនករណីក្នុងមួយឆ្នាំ ក្នុងនោះ ប្រជាពលរដ្ឋប្រមាណ ១ម៉ឺន៤ពាន់នាក់ បានស្លាប់ដោយសារជំងឺកាចសាហាវនេះជារៀងរាល់ឆ្នាំ ដោយគិតជាមធ្យម មានអ្នកស្លាប់ចំនួន ៣៨នាក់ក្នុងមួយថ្ងៃ។
ទិន្នន័យនេះ បានជំរុញឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញបញ្ជាភ្លាមៗឲ្យពិនិត្យឲ្យបានតឹងរ៉ឹង ពាក់ព័ន្ធនឹងការនាំចូលបន្ថែមសាច់ និងការប្រើប្រាស់ជាតិគីមីផ្សេងៗលើអាហារ ដើម្បីកាត់បន្ថយជំងឺមហារីក។
ជាមួយគ្នានេះ លោកក៏បានលើកឡើងពីការទប់ស្កាត់ការជក់បារី ដើម្បីកាត់បន្ថយជំងឺមហារីកសួត ដែលមានចំនួនអ្នកកើតច្រើនលំដាប់ទី២ បន្ទាប់ពីជំងឺមហារីកថ្លើមផងដែរ។
លោកថា៖ «ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងអាជ្ញាធរពាក់ព័ន្ធពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូល បន្លែត្រីសាច់ និងការប្រើប្រាស់ជាតិគីមីផ្សេងៗឱ្យបានហ្មត់ចត់ទៅលើកិច្ចការងារនេះ ដើម្បីកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកដោយសារអាហារូបត្ថម្ភ»។
លំហូរចូលបន្លែត្រីសាច់ពីប្រទេសជិតខាងចូលមកកម្ពុជា បានក្លាយជាបញ្ហារ៉ាំរ៉ៃគំរាមកំហែងសុខភាព និងជីវភាពពលរដ្ឋកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ភាគច្រើនចំណីអាហារ និងបន្លែត្រីសាច់គ្មានគុណភាព ត្រូវបានឈ្មួញទុច្ចរិតនាំចូលតាមច្រកព្រំដែន និងច្រករបៀង ក្រោមការគប់គិតជាមួយអាជ្ញាធរក្នុងតំបន់។
កន្លងមក អាជ្ញាធរធ្លាប់រកឃើញសាច់បង្កកខូចគុណភាព គ្រឿងសមុទ្រមានជាតិគីមី ដូចជា បង្គាចាក់ចាហួយ និងបន្លែមានសំណល់ថ្នាំកសិកម្មជាដើម។
ជុំវិញរឿងនេះ ប្រធានគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន យល់ឃើញថា រដ្ឋាភិបាលកម្ពុជាដល់ពេលដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាពហើយ ត្បិតចំណាត់ការកន្លងមកហាក់ដូចជាភ្លើងចំបើង ឆេះបានតែមួយភ្លែតក៏រលត់ទៅវិញ។
លោកបន្តថា កិច្ចការនេះធ្វើទៅបានយូរអង្វែង និងមានលទ្ធផល គឺត្រូវចាប់ផ្ដើមបោសសម្អាតអំពើពុករលួយនៅច្រកព្រំដែន ដែលបណ្ដោយឱ្យទំនិញទាំងនោះហូរចូលមកក្នុងប្រទេសជាមុនសិន។
លោកថា៖ «អ្វីដែលសំខាន់គឺខ្លួនយើង ថាយើងមានវិធានការទប់ស្កាត់ប៉ុណ្ណា ហើយខ្ញុំជឿថាស្ថាប័នពាក់ព័ន្ធ មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធហ្នឹងសុទ្ធតែមានស្ថាប័ន មានមន្ទីរ មានក្រសួងពាក់ព័ន្ធច្រើនណាស់។ ប៉ុន្តែអ្វីដែលគេធ្វើទៅកើតដោយសារយើងនៅតាមច្រកហ្នឹង យើងហាក់ដូចជាគ្មានវិធានការអីតឹងរ៉ឹង ហើយជាពិសេសមន្ត្រីតាមច្រកហ្នឹងពាក់ព័ន្ធស៊ុមគ្រលុំរឿងពុករលួយអីជាដើមហ្នឹង បានចេះតែបង្ហូរចូលមកតាមចិត្តបែបហ្នឹង»។
តាមគេហទំព័រ ហេឡូ គ្រូពេទ្យ គេបានរកឃើញសារធាតុគីមីចំនួនបីប្រភេទ ដែលតែងតែមាននៅក្នុងបន្លែត្រីសាច់ រួមមាន បូរ៉ាក់ ឬម្សៅស ការពារសាច់កុំឱ្យឆាប់រលួយ សារធាតុហ្វ័រម៉ុល ឬហ្វ័រម៉ាលីន រក្សាសាច់ឬត្រីងៀតឱ្យទុកបានយូរ និងសូដ្យូមអ៊ីដ្រូស៊ុលហ្វីត ជាម្សៅសដែលធ្វើឱ្យបន្លែស្រស់បានយូរ។
សារធាតុទាំងនេះ បង្កឱ្យប៉ះពាល់ដល់ផ្លូវដង្ហើម ក្រពះពោះវៀន បំពង់ក ហើយប្រសិនបើសារធាតុទាំងនោះបន្តចូលក្នុងខ្លួនមនុស្សក្នុងរយៈពេល៥ទៅ១០ឆ្នាំ វានឹងបង្កឱ្យមានជំងឺមហារីកថ្លើម និងមហារីកផ្លូវរំលាយអាហារ។
ទាក់ទិនរឿងនេះ ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ួច វុទ្ធី កត់សម្គាល់ជំងឺមហារីកច្រើនកើតចេញពីរបបអាហារដែលមានសារធាតុគីមីបង្កប់ក្នុងនោះ និងសារជាតិដែលជំរុញឱ្យកោសិកាមហារីកឆាប់លូតលាស់ដូចស្ករសប្បនិម្មិតជាដើម។
លោកបន្តថា ពលរដ្ឋអាចបង្ការជំងឺកាចសាហាវនេះបានតាមរយៈការគ្រប់គ្រងការហូបចុក និងលេងកីឡាឬហាត់ប្រាណជាប្រចាំ ខណៈរដ្ឋាភិបាលត្រូវធានាពីសុវត្ថិភាពចំណីអាហារលើទីផ្សារ។
លោកថា៖ «ដោយសាររបបអាហារទាំងអស់ហ្នឹងហើយ វាមានជាតិគីមីបង្កប់នៅក្នុងហ្នឹង ដូចជាគ្រឿងកំប៉ុងជាតិផ្អែមជ្រុល ហើយមិនមែនផ្អែមដោយស្ករធម្មជាតិទេ គេយកស្ករដែលគេផលិតចេញ ដូចជាប៉ុន្មានខែមុនចាប់បានអ្នកផលិតទឹកឃ្មុំក្លែងក្លាយមកពីជនជាតិវៀតណាមស្រីម្នាក់។ កន្លែងហ្នឹងហើយដែលធ្វើឱ្យមានជំងឺមហារីកផ្សេងៗ»។
កាលពីឆ្នាំ២០២៤កន្លងទៅ រដ្ឋាភិបាលកម្ពុជាធ្លាប់ផ្អាកការនាំចូលគ្រឿងក្នុងសត្វ និងសាច់បង្កករយៈពេល ១ឆ្នាំកន្លះ។ ស្របពេលដែលប្រទេសជិតខាង កំពុងមានបញ្ហាក្នុងការនាំចេញបន្លែត្រីសាច់ ជាពិសេសផ្លែឈើ ទៅបណ្ដាប្រទេសផ្សេងៗ ដោយសារការរកឃើញសារធាតុគីមីលើសកម្រិត ប្រជាពលរដ្ឋ និងអ្នកតាមដានសង្គម ក៏កំពុងបារម្ភដែរថា ទំនិញទាំងនោះអាចនឹងហូរចូលមកកម្ពុជាដូចរាល់ដង ដែលធ្វើឱ្យយន្តការរបស់រដ្ឋាភិបាលកម្ពុជាត្រូវបរាជ័យតាំងពីពេលចាប់ផ្ដើម៕









