អ្នកជំនាញផ្នែកសុខភាព បានព្រមានថា អ្នកដែលឧស្សាហ៍ទទួលទានចំណីអាហារដែលផ្ទុកទៅដោយសារធាតុគីមីញឹកញាប់ ងាយប្រឈមមុខនឹងកើតជំងឺមហារីកខ្លាំងបំផុត ខណៈបន្លែត្រីសាច់ និងចំណីអាហារផ្សេងទៀត ដែលកំពុងធ្វើចរាចរនៅលើទីផ្សារកម្ពុជាបច្ចុប្បន្ន គឺនាំចូលស្ទើរទាំងស្រុងពីខាងក្រៅ ជាពិសេស ប្រទេសថៃ និងវៀតណាម។
លោក អ៊ូច សុទ្ធី ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា មានប្រសាសន៍ថា មហារីកនេះ មិនមែនជាប្រភេទជំងឺដែលឆ្លងទេ។
ប៉ុន្តែការរកឃើញថ្មីៗនេះ ដោយអ្នកជំនាញផ្នែកសុខភាព បានបង្ហាញថា ការផ្ទុះជំងឺមហារីក ដូចដែលក្រសួងសុខាភិបាលអះអាង គឺការបង្កឡើងជាចម្បងដោយការទទួលទាន ចំណីអាហារដែលផ្ទុះទៅដោយសារធាតុគីមី។
លោកថា៖ «ជំងឺមហារីក វាកើតចេញពីគីមីជាច្រើនដែលគេផ្សំនៅក្នុងចំណីអាហារ នៅក្នុងវត្ថុធាតុដើមផ្សេងៗដែលធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋយើង។ អីចឹងក្រសួងក៏បានរកឃើញហើយរដ្ឋាភិបាលក៏បានរកឃើញជំងឺមហារីកនេះនៅក្នុងស្រុក មានច្រើនករណីដូចជា មហារីកសុដន់ ជំងឺមហារីកមាត់ស្បូន ថ្លើម ពោះវៀនធំ និងមហារីកផ្លូវរំលាយអាហារ មហារីកឈាម ខួរក្បាល ទាំងអស់ហ្នឹងហើយដែលវាមកទុំលើសេរីរាង្គកាយយើង និងមួយទៀតជំងឺមហារីកច្រមុះ មានការស្លាប់ច្រើនហើយលឿន»។
ការលើកឡើងពីអ្នកជំនាញផ្នែកសុខភាពនេះ នៅចំពេលដែលក្រសួងសុខាភិបាល រកឃើញថា អត្រានៃការកើតជំងឺមហារីកទៅលើពលរដ្ឋកម្ពុជានេះ កាន់តែមានកំណើនខ្ពស់ៗទៅគួរឱ្យព្រួយបារម្ភ។
លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ប្រទេសកម្ពុជារកឃើញអ្នកជំងឺមហារីកថ្មីប្រមាណ២ម៉ឺនករណី ហើយប្រភេទជំងឺនេះ បានឆក់យកជីវិតមនុស្សម្នាក់នៅរៀងរាល់ ៤០នាទីម្តង ឬ៣៨នាក់ ក្នុងមួយថ្ងៃ។
ស្របពេលជំងឺមហារីកចេះតែបន្តវាយលុកឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ លោក ឈាង រ៉ា ទទួលស្គាល់ថា កម្ពុជាពិតជាមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងនូវប្រភេទជំងឺនេះ ឱ្យបានពេញលេញទាំងស្រុងនៅឡើយទេ។
លោកថា៖ «កាត់តែគួរឱ្យសោកសង្រេងទៀតនោះ គឺសោកនាដ្ឋកម្មនេះកើតមានលើកុមារផងដែរ ក្នុង១ឆ្នាំមានប្រមាណជា ១០០ករណី នៅកម្ពុជា។ នៅលើពិភពលោកជំងឺកុមារអាចព្យាបាលជាប្រមាណជា៨០ភាគរយ។ ប៉ុន្តែនៅកម្ពុជាអត្រានេះមានទាបជាង២០ភាគរយប៉ុណ្ណោះ។ ប្រសិនប្រើស្ថានភាពនៅតែដដែលជំងឺមហារីកនឹងឆក់យកជីវិតមនុស្សប្រមាណជា ២១ម៉ឺននាក់ ទាំងក្មេងទាំងចាស់ ក្នុងរយៈពេល១៥ឆ្នាំខាងមុខ»។
យ៉ាងណា សម្រាប់អ្នកជំនាញផ្នែកសុខភាពសាធារណៈ ឱ្យដឹងថា កត្តាចម្បងដែលនាំឱ្យកើតជំងឺមហារីកខ្លាំងជាងគេ នៅក្នុងដំណាក់កាលនេះ សម្រាប់កម្ពុជាគឺផ្តើមចេញពីបន្លែ ត្រីសាច់ និងម្ហូបអាហារដែលផ្ទុកទៅដោយសារធាតុ ដែលមានជាតិគីមី។
ជុំវិញបញ្ហានេះ សំឡេងប្រជាធិបតេយ្យ វីអូឌី បានព្យាយាមសុំការបំភ្លឺជាច្រើនដង តាមទូរស័ព្ទពីអ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ និងកញ្ញា អ៊ឹម រចនា តែគ្មានអ្នកទទួលនៅថ្ងៃនេះ។
បើគេពិនិត្យមើលទៅលើទិន្នន័យ ដែលចេញដោយក្រសួងកសិកម្ម កាលពីពេលថ្មីៗនេះ បង្ហាញថា បន្លែ ផ្លែឈើ ត្រីសាច់ និងចំណីអាហារដទៃទៀត ដូចជា គ្រឿងទេសជាដើម គឺសុទ្ធសឹងតែនាំចូលមកពីបរទេស ជាពិសេសប្រទេសថៃ និងវៀតណាម។ បន្ថែមពីលើនេះ ដើម្បីអាចផ្គត់ផ្គង់ពីតម្រូវការនៅលើទីផ្សារកម្ពុជាត្រូវបង្ខំចិត្តនាំចូលសាច់សត្វពីប្រទេសជិតខាងចន្លោះពី២៩ម៉ឺនតោន ទៅ៣០ម៉ឺនតោនក្នុងមួយឆ្នាំៗ។ ភាគច្រើននៃសាច់សត្វទាំងនោះ នាំចូលមកពីវៀតណាម ហើយយូរៗម្តង គេរកឃើញថាប្រភេទសាច់នាំចូលទាំងនោះ ខូចគុណភាព ឬផ្ទុកទៅដោយសារធាតុគីមីខ្ពស់ជាដើម។
ក្រៅពីសាច់សត្វ នៅមានបន្លែ ផ្លែឈើ និងចំណីអាហារដទៃទៀត ក៏មានសារធាតុគីមី មិនចាញ់គ្នាប៉ុន្មានដែរ បើធៀបទៅនឹងសាច់សត្វ ដែលបាននាំចូលមកទាំងបច្ចុប្បន្ន និងក្នុងពេលកន្លងទៅ។
របាយការណ៍សិក្សាស្រាវជ្រាវ ដែលចេញដោយមជ្ឈមណ្ឌលសិក្សាគោលនយោបាយ ក្នុងពេលកន្លងទៅនេះ បង្ហាញថា ដើម្បីអាចបំពេញតម្រូវការចាំបាច់របស់ពលរដ្ឋនៅក្នុងប្រទេស រដ្ឋាភិបាលបាននាំចូលបន្លែពីក្រៅប្រទេស ភាគច្រើនគឺវៀតណាម និងថៃចន្លោះពី ២០០ ទៅ៤០០តោន ក្នុងមួយថ្ងៃ ហើយបើគិតពីទំហំនៃការនាំចូលនេះ រដ្ឋត្រូវចំណាយថវិកាក្នុងទឹកប្រាក់ជាង ២០០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ពីការនាំចូលបន្លែតែមួយមុខនេះ។
ក្រៅពីនេះ គេសង្កេតឃើញថា ទាំងប្រទេសថៃ និងវៀតណាម ជាប្រទេសដែលប្រើប្រាស់សារធាតុគីមី នៅក្នុងបន្លែ ផ្លែឈើ និងត្រីសាច់ដែលមានកម្រិតខ្ពស់បំផុត ហើយបើគិតពីការបោះដុំបន្លែផ្លែឈើដែលធំជាងគេនៅកម្ពុជា គឺផ្សារដើមគរក្នុងក្រុងភ្នំពេញ មុននឹងបន្តចែកចាយទៅតាមបណ្តាខេត្តក្រុងដទៃទៀត ហើយថៅកែដែលចែកចាយផ្តាច់មុខកសិផលសម្រេចទាំងនេះ គឺជាជនជាតិវៀតណាម។
យ៉ាងណា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងនៅចំថ្ងៃនៃទិវាផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក កាលពីថ្ងៃទី៥ ខែឧសភា ដោយបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធ ក្នុងនោះមានទាំងក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋាន និងរដ្ឋករជាដើម ត្រូវពង្រឹងការនាំចូលបន្លែផ្លែឈើ និងចំណីអាហារពីក្រៅប្រទេសឱ្យបានម៉ត់ចត់។ ក្នុងន័យនេះ បើមិនអនុវត្តវិធានការណ៍នេះ ដោយប្រុងប្រយ័ត្នទេ ការកើនឡើងនៃជំងឺមហារីកនេះ នឹងកាន់តែរីកធំធាត់ ហើយវានឹងក្លាយជាបន្ទុកដ៏ធំសម្រាប់រដ្ឋាភិបាល។
ផ្ទុយពីអ្វីដែលលោក ហ៊ុន ម៉ាណែត ដាក់ចេញនូវគោលកាណ៍នេះ។ អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ធ្លាប់ដក លោក វេង សាខុន ចេញពីតួនាទីជាអតីតរដ្ឋមន្រ្តីក្រសួងកសិកម្ម មុននឹងដាក់ លោក ឌិត ទីណា ឱ្យបន្តការងារនេះ កាលពីដើមខែតុលា ឆ្នាំ២០២២។
លោក ហ៊ុន សែន កាលណោះ បានប្រតិកម្មជាសាធារណៈ ដោយខឹងសម្បានឹង លោក វេង សាខុន ដែលចាប់ផ្តើមគិតគូរពីការបិទខ្ទប់ការនាំចូលបន្លែ និងម្ហូបអាហារពីក្រៅប្រទេស ជាពិសេសប្រភេទសាច់ជ្រូកជាដើម។ អតីតរដ្ឋមន្រ្តីកសិកម្មរូបនេះ មានទិសដៅលើកកម្ពស់ការចិញ្ចឹមជ្រូកក្នុងស្រុក ដើម្បីយកសាច់ទៅផ្គត់ផ្គង់នៅលើទីផ្សារ។ ប៉ុន្តែបញ្ហានេះ ត្រូវបាន លោក ហ៊ុន សែន ប្រតិកម្មនឹងជំទាស់ដោយចោទប្រកាន់ថា លោក វេង សាខុន ជាប្រភេទអតីតរដ្ឋមន្រ្តីដែលជិះសេះមើលផ្កា។
លោកថា៖ «ពិតមែនហើយ យើងគាំទ្រកសិករចិញ្ចឹមជ្រូកក្នុងស្រុក ប៉ុន្តែបើគ្រាន់តែតម្រូវចិត្តកសិករក្នុងស្រុកចិញ្ចឹមជ្រូកបួនប្រាំពាន់គ្រួសារហ្នឹង ទុកឱ្យមនុស្សប្រមាណជាង ១០លាននាក់ ទទួលផលអាក្រក់ពីការឡើងថ្លៃសាច់ជ្រូកតើវាយ៉ាងម៉េច?។ សំបុត្រឆ្លងឆ្លើយៗ មើលឃុនឯងបង្កើនកិច្ចសហការបន្តិចមើលក្នុងចំណោមរដ្ឋមន្ត្រីខ្ញុំសុំចង្អុលបង្ហាញថា រដ្ឋមន្ត្រីដែលមិនព្រមសហការគឺរដ្ឋមន្ត្រីកសិកម្មហ្នឹងឯង»។
មិនតែប៉ុណ្ណោះ លោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សកាន់អំណាចផង ក៏ធ្លាប់ស្តីបន្ទោសឱ្យពលរដ្ឋដែលតែងរិះគន់រដ្ឋាភិបាល នាំចូលបន្លែដែលមានសារធាតុគីមីពីវៀតណាមថា មុននឹងទិញហេតុដូចម្តេចមិនចេះមើលខ្លួនឯងថា ចំណីណាមានជាតិគីមី ឬគ្មានជាតិគីមី។ សារនយោបាយរបស់ លោក ហ៊ុន សែន ដែលថ្លែងកាលពីខែតុលា ឆ្នាំ២០១៧ កាលណោះបានជំរុញឱ្យពលរដ្ឋប្រតិកម្មជាបន្តបន្ទាប់។ ពួកគេចាត់ទុកថា តាមពិតទៅការត្រួតពិនិត្យការនាំចូលទំនិញឆ្លងដែន មិនមែនជាការទទួលខុសត្រូវរបស់ពលរដ្ឋ តែវាជាកិច្ចការរបស់មន្រ្តីជំនាញកាំក្រុងត្រូល នៅតាមច្រកព្រំដែន។
ម្យ៉ាងវិញទៀត ការចោទប្រកាន់ពលរដ្ឋបែបនេះ របស់លោក ហ៊ុន សែន បង្ហាញពីចេតនាមិនទទួលខុសត្រូវ ក្នុងពេលមន្រ្តីរបស់ខ្លួន បើកដៃឱ្យឈ្មួញនាំចូលបន្លែ ត្រីសាច់ រាប់តោនក្នុងមួយថ្ងៃៗ ដោយខ្វះការត្រួតពិនិត្យ។
អ្នកជំនាញផ្នែកសុខភាព ព្រមានថា បញ្ហានេះ ប្រសិនបើរដ្ឋាភិបាលមានឥរិយាបថគោលនយោបាយ រឿងការនាំបន្លែ ត្រីសាច់មានភាពធូរលុងដូចសព្វថ្ងៃនេះ អត្រានៃការកើតជំងឺមហារីកសម្រាប់ពលរដ្ឋកម្ពុជា នឹងកាន់តែមានកំណើនខ្ពស់ជាងនេះ ខណៈសមត្ថភាពផ្នែកវេជ្ជសាស្រ្តនៅអន់ថយ និងមិនអាចគ្រប់គ្រងបាននៅឡើយ៕









