សកម្មជននយោបាយដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ នៅថ្ងៃព្រហស្បតិ៍នេះ បានផ្ញើសារដល់ប្រជាពលរដ្ឋ និងតំណាងបក្សនយោបាយក្រៅរដ្ឋាភិបាល កុំបាក់ទឹកចិត្ត និងរួបរួមគ្នាបន្តចរន្តស្តារលទ្ធិប្រជាធិបតេយ្យ ស្របពេលដែលពួកគេកំពុងជាប់ឃុំទាំងអយុត្តិធម៌ ក្រោមការដឹកនាំរបស់គ្រួសារហ៊ុន។
ការផ្ញើសារនេះ ធ្វើឡើងតាមរយៈថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរចំនួន ៥រូប ដែលបានទៅជួបសួរសុខទុក្ខសមាជិកបក្សរបស់ខ្លួនដែលកំពុងជាប់ពន្ធនាគារ នៅមណ្ឌលអប់រំកែប្រែទី១(ពន្ធនាគារព្រៃស)។
អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ និងជាសមាជិកព្រឹទ្ធសភា លោក គង់ មុនីកា មានប្រសាសន៍ថា ក្នុងអំឡុងពេលចុះជួបសួរសុខទុក្ខនោះ ថ្នាក់ដឹកនាំគណបក្សទាំង២នេះ បានជួបជាមួយ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន និងលោក អេង ស្រូយ ប្រធានប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំខេត្តត្បូងឃ្មុំ ដែលកំពុងជាប់ឃុំ ដោយសុខភាពពួកគាត់ទាំង២ ពុំមានបញ្ហាចោទខ្លាំងនោះទេ។
លោកបន្តថា សមាជិកដ៏សកម្មរបស់គណបក្សប្រឆាំងទាំងពីររូប ក៏បានអរគុណដល់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំគណបក្សនយោបាយ ដែលតែងនឹករលឹកដល់ពួកគាត់ និងផ្តាំផ្ញើត្រឡប់មកវិញថា កុំឱ្យមានការបាក់ទឹកចិត្ត និងបន្តរួបរួមគ្នា ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
លោក គង់ មុនីកា ឱ្យដឹងថា៖ «លោកផ្តាំផ្ញើថា បងប្អូននៅខាងក្រៅ សូមបន្តថែរក្សាសុខភាព ហើយរក្សាជំហររឹងម៉ាំ ហើយមានការរួបរួមសាមគ្គីភាពគ្នា ព្រោះលោកនៅខាងក្នុងគ្មានសេរីភាពហើយ ដូច្នេះបងប្អូនដែលនៅក្រៅត្រូវតែមានជំហរច្បាស់លាស់ រឹងម៉ាំទាំងអស់គ្នាហើយបន្តធ្វើការស្តារលទ្ធិប្រជាធិបតេយ្យ»។
ចំណែក អនុប្រធានគណបក្សឆន្ទៈខ្មែរ លោក សុន ឆ័យ មានប្រសាសន៍ដែរថា សមាជិកបក្សប្រឆាំងដែលកំពុងជាប់ឃុំ មិនមានការត្អូញត្អែរនោះទេ បើទោះបីជាពួកគាត់ជាប់ពន្ធនាគារដោយអយុត្តិធម៌ ព្រោះតែការបញ្ចេញមតិ ហើយបើទោះជាក្នុងពន្ធនាគារមានភាពចង្អៀតណែន ដោយសារមានអ្នកជាប់ឃុំច្រើនក្តី។
លោកថា៖ «ខ្ញុំកោតសរសើរណាស់ សុំជម្រាបឱ្យត្រង់ដែលសហការីរបស់យើង ដែលលោកទទួលរងនូវការផ្តន្ទាទោស ជាប់ពន្ធនាគារ ដែលគាត់ស៊ូទ្រាំការលំបាកនេះជាច្រើនឆ្នាំ ដោយមិនត្អូញត្អែរទេ យើងមិនដែលទទួលការត្អូញត្អែរពីគាត់ ហើយគាត់ជឿថា អ្វីដែលយើងធ្វើជាការងារដែលត្រឹមត្រូវ គាត់នៅតែបន្តគាំទ្រយើងដែលនៅក្រៅ»។
លោក សុន ឆ័យ បន្តថា ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សទាំង២នេះ ក៏មានបំណងចង់ជួបជាមួយសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ សកម្មជននយោបាយ និងសកម្មជនសង្គមផ្សេងៗទៀត ដែលកំពុងជាប់ឃុំនៅពន្ធនាគារនេះប្រមាណជាង ១០០នាក់ផងដែរ នាពេលឆាប់ៗខាងមុខ ដើម្បីលើកទឹកចិត្តដល់ពួកគាត់ ក្នុងនាមជាអ្នកប្រជាធិបតេយ្យ។
លោកថា៖ «ព្រោះគាត់ជាប់ពន្ធនាគារដោយការបញ្ចេញមតិ ព្រោះយើងខ្ញុំដែលជាអ្នកនយោបាយ គាំទ្រគោលការណ៍ប្រជាធិបតេយ្យ ខ្ញុំយល់ថា ការបញ្ចេញមតិពីបញ្ហាសង្គម មិនគួរគប្បីឱ្យមានទោសដល់ជាប់ពន្ធនាគារទេ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត មានប្រសាសន៍ថា ការលើកឡើងរបស់អ្នកជាប់ឃុំនោះជាសិទ្ធិរបស់ពួកគេ ប៉ុន្តែសម្រាប់រូបលោក ក៏ដូចជាប្រជាពលរដ្ឋ ១៧លាននាក់ គឺមិនមានការទាមទារដូចពួកគេនោះទេ ព្រោះកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងលំហរនយោបាយហើយ។
លោកថា៖ «អាហ្នឹងទៅសួរគាត់អ្នកទាមទារ អ្នកផ្តាំឱ្យគេទាមទារហ្នឹង សួរយើងអ្នកក្រៅម៉េចដឹងក្មួយ។ ឥឡូវទាំងក្មួយឯង ទាំងខ្ញុំនៅរាល់ថ្ងៃហ្នឹងថាយើងមានប្រជាធិបតេយ្យហើយនៅ? យើងមានសិទ្ធិសេរីភាព លំហរនយោបាយនៅកម្ពុជាហ្នឹងវាមានហើយនៅ? បានជាគាត់ទារ គាត់ទារក្រែងមកពីគាត់ចូលពន្ធនាគារបានគាត់ទារ ហើយចុះគេដទៃទៀត ១៧លាននាក់ហ្នឹងគេមានទារអីដូចគាត់។ អាហ្នឹងជារឿងគាត់ទេ ការទាមទារអីយ៉ាងម៉េចជារឿងគាត់ អាហ្នឹងខ្ញុំឆ្លើយបានប៉ុណ្ណឹង ដូចយើងនៅនេះ ក្មួយឯងនៅក្រៅ ដូចខ្ញុំនៅក្រៅពន្ធនាគារ ខ្ញុំមានដែលទាមទារដូចគាត់ណា»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានអនុញ្ញាតឱ្យសមាជិកព្រឹទ្ធសភាចំនួន ៣រូប មកពីគណបក្សឆន្ទៈខ្មែរ រួមមាន លោក សុខ ហាច លោក សេង ម៉ារឌី និងលោក គង់ មុនីកា បានចូលជួបសម្ដែងការគួរសម និងសំណេះសំណាលនៅវិមានព្រឹទ្ធសភាកម្ពុជា។
នៅក្នុងជំនួបនោះ សមាជិកព្រឹទ្ធសភាគណបក្សឆន្ទៈខ្មែរ បានស្នើទៅលោក ហ៊ុន សែន បើកលំហប្រជាធិបតេយ្យនៅកម្ពុជាបន្ថែមទៀត និងជួយធ្វើអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យសមាជិកព្រឹទ្ធសភាគណបក្សឆន្ទៈខ្មែរ បានចូលជួបសួរសុខទុក្ខថ្នាក់ដឹកនាំ និងសកម្មជនគណបក្សដែលកំពុងជាប់ក្នុងពន្ធនាគារ។
បច្ចុប្បន្ន មានថ្នាក់ដឹកនាំ និងសកម្មជនសកម្មរបស់គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរសរុបចំនួន ១១នាក់ កំពុងជាប់ឃុំនៅក្នុងពន្ធនាគាររាជធានីភ្នំពេញ និងនៅពន្ធនាគារតាមបណ្តាខេត្តខ្លះ៕









