មន្រ្តីជាន់ខ្ពស់គណបក្សឆន្ទៈខ្មែរ លោក សុន ឆ័យ ទម្លាយថា ដីលោកនៅខេត្តសៀមរាបចំនួនពីរកន្លែង ត្រូវបានតុលាការរឹបអូស និងទីតាំងផ្សេងទៀត ត្រូវបានបង្កកមិនឱ្យធ្វើអាជីវកម្ម ក្រោមបណ្តឹងចោទប្រកាន់របស់គណបក្សកាន់អំណាច ដែលទារជំងឺចិត្តប្រមាណជា១លានដុល្លារ។
វិធានរឹបអូសទ្រព្យសម្បត្តិ លោក សុន ឆ័យ នេះ ក្រោយពី គជប និងបក្សប្រជាជន បានព្រួតគ្នាប្តឹងចោទពីបទ«បរិហារកេរ្តិ៍» ជុំវិញការដែលលោក សុន ឆ័យ រិះគន់ការបោះឆ្នោតឆ្នាំ២០២២ថា ធ្វើឡើងខ្វះតម្លាភាពមានការលួចបន្លំ ដែលទាមទារឱ្យធ្វើការកែលម្អ ដើម្បីធានាការប្រកួតមួយមានលក្ខខណ្ឌត្រឹមត្រូវ តាមគន្លងប្រជាធិបតេយ្យ។
ជុំវិញបញ្ហានេះ លោក សុន ឆ័យ នៅថ្ងៃទី៨ ខែឧសនានេះ ថ្លែងប្រាប់សារព័ត៌មាន នៅមុខពន្ធនាគារព្រៃស ក្រោយពីក្រុមការងារលោកចូលសួរសុខទុក្ខអ្នកជាប់ឃុំថា លោកបានសងលុយជំងឺចិត្តទៅគណកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប រួចហើយ។ ប៉ុន្តែលោកថា គណបក្សប្រជាជនកម្ពុជា បានប្តឹងរឹបអូសផ្ទះនិងដីធ្លីគាត់មួយចំនួនទៀត។
លោកបន្តថា បច្ចុប្បន្នគណបក្សប្រជាជនកម្ពុជា បានបង្កកផ្ទះសម្បែងគាត់ មិនអនុញ្ញាតឱ្យធ្វើអាជីវកម្មលក់ដូរនោះទេ ដោយឡែកដីធ្លីពីរកន្លែង នៅខេត្តសៀមរាប ត្រូវបានតុលាការរឹបអូសរួចហើយ។
លោកគូសបញ្ជាក់ថា បើទោះបីដីផ្ទះរបស់លោកដែលគេបង្កកនោះ មិនទាន់ត្រូវបានគេរឹបអូសក៏ពិតមែន ប៉ុន្តែវានឹងបង្កការគំរាមគំហែងដល់ជីវភាពគ្រួសាររបស់គាត់ផងដែរ។
លោកថា៖ «នៅបន្ទាយស្រី ខេត្តសៀមរាប ជាង១០ហិកតា នោះគេរឹបអូសហើយ បើទោះបីតុលាការកំពូលមិនបានកាត់នៅឡើយ ហើយនៅខ្យូងយូជាង៣ហិកតា ដែលនៅហ្នឹងគេសុំទិញខ្ញុំប្រាំកាក់ខ្ញុំអត់លក់ ហើយក៏បានប្រគល់ឱ្យក្រុមហ៊ុនសុខគង់ ធ្វើអូតែលប្រើប្រាស់រួចទៅហើយ ហើយគេសងមួយម៉ឺនដុល្លារ ខ្ញុំអត់យក ពីព្រោះដីហ្នឹងខ្ញុំអត់បានលក់ទេ»។
ជុំវិញរឿងនេះ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្ទ្រ ប្រាប់VODនៅថ្ងៃទី៨ ខែឧសភានេះថា ករណីបែបនេះ មិនមែនជាលើកទី១ទេ ដែលបក្សកាន់អំណាច ធ្វើមកលើមន្រ្តីបក្សប្រឆាំងនោះ។
លោកបន្តថា ជាទម្លាប់អាក្រក់របស់មេដឹកនាំផ្តាច់ការគ្រួសារហ៊ុន តែងតែប្រើមធ្យោបាយទុច្ចរិតមួយចំនួន ដូចជាប្រើដៃតុលាការរំលាយគណបក្សប្រឆាំង ដើម្បីកម្ចាត់អ្នកនយោបាយបក្សជំទាស់ជាដើម។
លើសពីនេះ លោកថា ទង្វើទុច្ចរិតរបស់មេដឹកនាំគ្រួសារហ៊ុន កម្ចាត់ដៃគូរប្រកួតចេញពីសង្វៀននយោបាយទាំងអស់នេះ ដើម្បីត្រួសត្រាយផ្លូវឱ្យក្រុមគ្រួសារគាត់បន្តក្តោបអំណាចផ្តាច់ការនៅកម្ពុជា។
លោកថា៖ «គ្រួសារហ៊ុនគាត់ចង់កម្ចាត់គេមិនឲ្យមានគណបក្សប្រឆាំងខ្លាំងក្លាទេ គាត់ចង់ឱ្យគណបក្សប្រឆាំងមានត្រឹមតែបញ្ឆោតៗ ឬត្រឹមតែជន្លោរលេងហ្នឹងបាន តែបើគណបក្សប្រឆាំងណាខ្លាំង គឺគាត់ធ្វើបាបគេ គាត់ធ្វើបាបគេទាំងអស់ កុំឲ្យប្រជាពលរដ្ឋកុំឲ្យគណបក្សប្រឆាំងនឹងមានកម្លាំងតតាំង គឺសំខាន់ គឺគេអត់ចង់ឱ្យប្រជាជនហ៊ាននិយាយការពិត តវ៉ាគេ គឺគាត់ធ្វើបែបហ្នឹង ដើម្បីចង់កម្ចាត់ដៃគូរប្រកួត កុំឱ្យហ៊ានរិះគន់ការដឹកនាំរបស់ខ្លួន»។
VOD មិនទាន់អាចទាក់ទង អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដើម្បីសុំការបញ្ជាក់បន្ថែមជុំវិញវិធានការលើ លោក សុន ឆ័យ នេះបាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយ។
ដោយឡែក ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំអូស្ត្រាលី លោក ស៊ឹង សែនករុណា ហៅវិធានការរឹបអូសផ្ទះសម្បែងនិងដីធ្លីរបស់មន្រ្តីបក្សប្រឆាំង ជាទង្វើទុច្ចរិតរបស់មេដឹកនាំផ្តាច់ការ។
លោកបន្តថា ករណីនេះ បានក្លាយជាទម្លាប់អាក្រក់ ដែលជាមធ្យោបាយទុច្ចរិត របស់មេដឹកនាំផ្តាច់ការ ដើម្បីក្តោបអំណាចផ្តាច់ការតពូជ ក្រោមការរៀបចំការបោះឆ្នោតមិនត្រឹមត្រូវ។
ម្យ៉ាងវិញទៀត លោកថា ការដឹកនាំប្រទេសបែបនេះ រំលោភសិទ្ធិមនុស្ស ជាន់ឈ្លីរដ្ឋធម្មនុញ្ញ ក្បត់ឆន្ទៈរាស្រ្ត ដែលស្រឡាញ់យុត្តិធម៌ និងប្រជាធិបតេយ្យ ដើម្បីតែចង់ក្តោបអំណាចផ្តាច់ការតពូជ។
លោកថា៖ «យើងមិនអាចរាប់ថាប្រទេសដែលអាចធ្វើការរឹតត្បិត ការគំរាមកំហែងទៅលើសិទ្ធសេរីភាពរបស់ប្រជាពលរដ្ឋ និងនយោបាយ គឺជាប្រទេសប្រជាធិបតេយ្យអ្វីទៀតទេ គឺជាប្រទេសមួយដែលមាននិន្នាការទៅរករបបកុម្មុយនិស្តផ្ដាច់ការហ្នឹង គឺជាអ្វីដែលខ្លឹមសាររបស់បណ្ដាអង្គការអន្តរជាតិ ឬក៏អង្គការសហប្រជាជាតិគេផ្ដល់និយមន័យយ៉ាងច្បាស់ហើយ បើកាលណាប្រទេសមួយដែលធ្វើការដកហូតនូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ឬក៏អ្នកនយោបាយកំណត់ដោយសិទ្ធិសេរីភាពរបស់ពលរដ្ឋ គាត់អ្នកនយោបាយជាដើមហ្នឹង គឺជាប្រទេសដែលប្រកាន់នូវរបបកុម្មុយនិស្តផ្ដាច់ការ»។
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានកាត់ក្ដីឱ្យលោក សុន ឆ័យ បន្តចាញ់ក្តីគណបក្សប្រជាជនកម្ពុជា និង គ.ជ.ប.។
សាលាឧទ្ធរណ៍ បានបង្កើនប្រាក់ពិន័យ ១០លានរៀល និងសំណងជំងឺចិត្តដល់បក្សកាន់អំណាចចំនួន ៤ពាន់លានរៀល ឬស្មើប្រមាណ ១លានដុល្លារអាមេរិក។
ករណីនេះ គណបក្សកាន់អំណាច បានប្ដឹងលោក សុន ឆ័យ ពីបទ បរិហារកេរ្តិ៍ កាលពីខែមិថុនា ឆ្នាំ២០២២ ក្រោយលោករិះគន់ថា ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ មិនបានឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋ មានការបំភិតបំភ័យ និងលួចបន្លំសន្លឹកឆ្នោត ជាដើម។
របាយការណ៍នានា បង្ហាញថា មេដឹកនាំគណបក្សកាន់អំណាចបានប្រើប្រព័ន្ធតុលាការ ដើម្បីការពារអំណាចជាចំហ ចាប់ពីចុងឆ្នាំ២០១៧ ក្រោយប្រជាពលរដ្ឋ ជាងពាក់កណ្តាលប្រទេស បោះឆ្នោតដកសេចក្តីទុកចិត្ត ហើយងាកទៅបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងវិញ។
បន្ទាប់នយោបាយដែលគេដឹងថា បានងាកចេញពីគន្លងប្រជាធិបតេយ្យជិត១០ឆ្នាំទៅនេះ ធ្វើឱ្យមានអំពើពុករលួយបែបប្រទាក់ក្រឡាគ្នា កម្ពុជាក្លាយជាជម្រកសុវត្ថិភាពរបស់ក្រុមឧក្រិដ្ឋជន បង្កឱ្យពលរដ្ឋច្រើនលាននាក់រងគ្រោះពីអំពើឆបោក ទីបំផុតធ្លាក់ក្នុងអន្ទាក់បំណុលរើខ្លួនលែងរួច។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បាននិយាយក្នុងសេចក្តីថ្លែងការណ៍រួម ឆ្នាំ២០២៤ថា ប្រព័ន្ធតុលាការកម្ពុជា ត្រូវបានបក្សកាន់អំណាចប្រើប្រាស់ ដើម្បីបំបិទមាត់អ្នករិះគន់មានការរៀបចំច្បាស់លាស់លក្ខណៈជាប្រព័ន្ធ។
បរិបទនេះ ធ្វើឱ្យសកម្មជនសិទ្ធិមនុស្ស និងសកម្មជនយោបាយ នៅក្នុងប្រទេសកម្ពុជា រងការយាយី និងផ្តន្ទាទោសដោយមិនត្រឹមត្រូវ បំពានសិទ្ធិសេរីភាពបញ្ចេញមតិ ផ្ទុយពីកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ៕









