ជនរងគ្រោះចាញ់បោកអតីតឧកញ៉ា ឡេង ចាន់ណា គ្រោងតវ៉ាទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញ ដើម្បីពន្លឿនយុត្តិធម៌ពួកគេ៧ពាន់គ្រួសារ ក្រោយអស់ជំនឿលើមេធាវីរដ្ឋាភិបាល ដែលការពារក្តីឱ្យជាង១ឆ្នាំ នៅតែគ្មានដំណោះស្រាយ ធ្វើឱ្យជនរងគ្រោះជួបវិបត្តិបំណុលវណ្ឌកមានខ្លះស្លាប់ និងខ្លះទៀតចំណាកស្រុកទាំងប្រឈមគ្រោះថ្នាក់ ដើម្បីដោះបំណុលធនាគារ។
គម្រោងជួបជុំគ្នាជាថ្មីរបស់ក្រុមជនរងគ្រោះនេះ ក្រោយពួកគេបានបង្ខំចិត្តរំសាយការតវ៉ាម្តងរួចហើយ ដែលគ្រោងធ្វើនៅខេត្តសៀមរាប កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ដែលពេលនោះរងការគំរាមពីអាជ្ញាធរ។
ជនរងគ្រោះម្នាក់ដែលចំណាកស្រុកធ្វើកម្មករនេសាទនៅប្រទេសថៃ លោក អង យូហៃ ប្រាប់VODថា ជនរងគ្រោះនឹងជួបជុំគ្នានៅក្នុងរាជធានីភ្នំពេញ ដើម្បីតវ៉ារកយុត្តិធម៌នៅថ្ងៃទី២៤ ខែឧសភា ក្រោយអស់ការជឿជាក់លើមេធាវីរដ្ឋាភិបាល។
បើតាមប្រភពដដែល លោកចាញ់បោកក្រុមហ៊ុននេះ កាលពីចុងឆ្នាំ២០២២ ជាង២ម៉ឺនដុល្លារ ជាកម្ចីឯកជនក្រៅផ្លូវការ ធ្វើឱ្យលោកប្រឈមបំណុលវ័ណ្ឌក ខណៈក្នុងគ្រួសាររបស់លោកបានចាញ់បោកសរុបជាង ៥ម៉ឺនដុល្លារ។
លោកថា៖ «តវ៉ាហ្នឹង គឺចង់ឲ្យរាជរដ្ឋាភិបាលព្រមទាំងក្រសួងយុត្តិធម៌ ជួយមើលការងារហ្នឹង ឱ្យប្រជាពលរដ្ឋផង ព្រោះអីប្រជាពលរដ្ឋ ឥលូវពិបាកវេទនាទៅៗ។ រឿងក្ដីហ្នឹង វាមែនត្រឹមតែ១ខែ ២ខែ ឥលូវវាដល់ល្បាក់១ឆ្នាំជាង! វានៅអត់ទាន់មានលទ្ធផលអី ដូចអត់មានចំណាត់ការអីមួយចេញមកឱ្យប្រជាពលរដ្ឋអាចទុកចិត្តបានអីសោះ។ មើលទៅដូចស្ងាត់ទៅ មានតែពាក្យរងចាំៗ។ ហើយថ្ងៃមុន ខាងមេធាវីសម្តេចបានកោះហៅ តំណាងៗ ទៅជួប អត់មានដំណឺងល្អអីផង មានតែពាក្យរងចាំៗ ហើយឲ្យគ្នារងចាំដល់ណាទៀតបើម្នាក់ៗ អ្នកខ្លះលក់ដីស្រែដីចម្ការអស់ រកតែលុយបង់ធនាគារមិនគ្រាន់ផង»។
ជនរងគ្រោះម្នាក់ទៀត អ្នកស្រី សា តីណាស់ ប្រាប់VODថា គាត់ចាញ់បោកអតីតឧកញ៉ា ឡេង ចាន់ណា ចំនួន១ម៉ឺន៥ពាន់ដុល្លារ ធ្វើឱ្យគាត់ប្រឈមវិបត្តិជីវភាពធ្ងន់ធ្ងរក្នុងពេលបច្ចុប្បន្ន។
អ្នកស្រីថា៖ «ខ្ញុំឮដំណឹងក្នុងគ្រប់អ៊ីចឹងដែរបង។ គាត់ប្រកាសឲ្យជនរងគ្រោះយើងទាំងអស់គ្នា ឡើងទៅជួបជុំគ្នាមួយសាទៀត ដោយសារស្ដាប់ខាងមេធាវីក៏អត់ច្បាស់១រយភាគរយ ថាមានដំណោះស្រាយឲ្យជនរងគ្រោះយើងទាំងអស់គ្នាដែរ។ ខ្ញុំសូមសំណូមពរដល់លោកនាយករដ្ឋមន្ត្រី និងសម្តេច ហ៊ុន សែន ជួយអន្តរាគមន៍ចំពោះរឿងក្ដីដាក់ទៅហើយស្ងាត់ឈឹងអ៊ីចឹងណាបង ខ្ញុំចង់ឱ្យខាងតុលាការនៅសៀមរាប ជួយពន្លឿនរឿងក្ដី ឡេង ចាន់ណា នេះឲ្យបានដំណោះស្រាយមកដល់ប្រជាពលរដ្ឋផង ដោយសារប្រជាពលរដ្ឋគ្រប់ៗគ្នា មានផលលំបាកប្រឈមមុខនឹងធនាគារនេះតែម្តង។ចំនួនស្ទើរតែបញ្ចប់ជីវិត ដោយសារបង់ធនាគារមួយចំនួនទៀត ចំណាកស្រុកមួយចំនួនទៀត រស់វេទនាជាងស្លាប់»។
ជាមួយគ្នានេះ ជនរងគ្រោះម្នាក់ លោក ផ្លើយ ផ្លុំ រស់នៅខេត្តសៀមរាប ប្រាប់ថា ភរិយាលោកបានស្លាប់កាលពីជាង១ឆ្នាំមុន ដោយសារគ្មានលុយព្យាបាលជំងឹ ក្រោយខ្ចីលុយធនាគារចំនួន ៣ម៉ឺន៥ពាន់ដុល្លារ យកទៅវិនិយោគក្នុងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា។
លោកថា៖ «មូលហេតុ(ស្លាប់) រឿងលុយ យើងដាក់ជាមួយនឹងក្រុមហ៊ុននេះឯង! ដាក់ទៅវាមានការស្ទះទៅ ក៏មិនបានបង់ធនាគារគាត់ក៏មានអារម្មណ៍ ណាមួយគាត់ទឹកនោមផ្អែមផង។ គាត់គិតច្រើនរកអី មិនបានបង់ធនាគារ។ ខាងម៉ែខ្ញុំគាត់កាលគេមកទារដីស្រែ ដូចថាគាត់ភ័យ ធ្វើឱ្យ(កើតជំងឺ)បេះដូង»។
ជុំវិញរឿងនេះ ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន និយាយថា រដ្ឋាភិបាលមានកាតព្វកិច្ចអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ដើម្បីការពារជនរងគ្រោះដែលកំពុងប្រឈមការលំបាកផ្នែកជីវភាព ហើយថាបើមិនពន្លឿនដំណោះស្រាយទេ ពលរដ្ឋនឹងរងគ្រោះកាន់តែធ្ងន់ជាងនេះ។
លោកថា៖ «ខ្ញុំមិនយល់ពីចេតនា ឬឆន្ទៈរបស់រាជរដ្ឋាភិបាល ឬក៏បញ្ហានៅពីក្រោយ ខ្ញុំអត់ដឹងថា វាមានបញ្ហាអីទេម្យ៉ាងខ្ញុំមិនដឹងថាទំហំនៃទ្រព្យសម្បត្តិរបស់ឧកញ៉ា ឡេង ចាន់ណា មានទំហំប៉ុណ្ណា តើអាចយកមកលក់ដើម្បីធ្វើជាសំណងបានប៉ុណ្ណា! ខ្ញុំអត់ដឹងគ្រាន់តែយល់ថា បើបណ្ដោយឲ្យជនរងគ្រោះនៅតែបន្តរងទុក្ខព្រួយបារម្ភបន្តទៀត ខ្ញុំជឿថាបញ្ហានេះ វាប៉ះពាល់ដល់ក្រុមគ្រួសារ ប៉ះពាល់ដល់កូនចៅនៅក្នុងគ្រួសារ ទាំងការទទួលបានការអប់រំទាំងសុខភាពសុខុមាលភាព ជាដើម»។
សម្រាប់ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា ការផ្ទុះការតវ៉ាជាញឹកញាប់រកយុត្តិធម៌ពីក្រុមអ្នកចាញ់បោក ជាសញ្ញាបង្ហាញថាពលរដ្ឋ អស់ជំនឿលើប្រព័ន្ធច្បាប់កម្ពុជា។
លោកថា៖ «កន្លងមកទៅជាប្រើតុលាការពលរដ្ឋ ក្នុងការបញ្ចេញមតិហើយទៅជ្រើសរើសយកការទាមទារការតវ៉ាអីជំនួស ដោយការដោះស្រាយតាមផ្លូវច្បាប់អ៊ីចឹងទៅវិញ។ អាហ្នឹងដោយសារតែការឆ្លើយតបហ្នឹង វាមានការយឺតយ៉ាវនៃប្រព័ន្ធយុត្តិធម៌សម្រាប់ពួកគាត់។ អ៊ីចឹងករណីនេះ បើអូសបន្លាយយូរ វាជះឥទ្ធិពលមិនល្អទេសម្រាប់ការទាមទារ ឬតវ៉ាទាក់ទងនឹងការស្វែងរកដំណោះស្រាយ ហើយមួយទៀត ជះឥទ្ធិពលមិនល្អសម្រាប់ជីវភាពរបស់ប្រជាពលរដ្ឋ»។
ជុំវិញរឿងនេះ VOD បានព្យាយាមទាក់ទងមេធាវីរដ្ឋាភិបាលលោក គី តិច តែការគ្មានការឆ្លើយតបនៅថ្ងៃទី៩ ខែឧសភានេះ។
អតីតឧកញ៉ា ឡេង ចាន់ណា ធ្លាប់ប្រាប់ពលរដ្ឋមុនពេលជាប់ពន្ធនាគារថា ក្រុមហ៊ុនខ្លួនមាននាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ជាខ្នងបង្អែក។
អ្នកស្រីថា៖ «និយាយពាក្យបង្ខូចបង្កាច់សមាគម បង្ខូចបង្កាច់ពួកខ្ញុំ។ សូមពុកម៉ែបងប្អូនថតរូបបុគ្គលរូបនោះឱ្យបានឱ្យខ្ញុំ ឱ្យពួកខ្ញុំយល់ទេ ទាំងអស់គ្នា។ ខ្ញុំឱ្យអ្នកទាំងអស់គ្នាហ៊ាននិយាយ ព្រោះពួកខ្ញុំទាំងអស់ក៏មានសិទ្ធិការពារនៅកេរ្តិ៍ឈ្មោះរបស់ពួកខ្ញុំដែរ ជាពិសេសសមាគមដែលបង្កើតឡើងដោយឯកឧត្ដម ហ៊ុន ម៉ាណែត ទៀត»។
យ៉ាងណា នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត តាមរយៈសេចក្តីបំភ្លឺព័ត៌មាននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បញ្ជាក់ថា ខ្លួនមិនបានពាក់ព័ន្ធជាមួយសកម្មភាពឆបោករបស់ឧកញ៉ា ឡេង ចាន់ណា ទេខណៈគ្មានស្ថាប័នជំនាញការបើកការស៊ើបអង្កេតលើកូនប្រុស លោក ហ៊ុន សែន រូបនេះទេ ក្រៅពីការចេញលិខិតបំភ្លឺមួយច្បាប់នេះ។
បន្ថែមលើនេះ មន្រ្តីស្និទ្ធិ លោក ហ៊ុន ម៉ាណែត គឺលោក ស៊ាន បូរ៉ាត់ ដែលមានឥទ្ធិពលក្នុងការអូសទាញអតិថិជនក្នុងអំពើឆបោកនេះ បន្តរស់នៅក្រៅសំណាញ់ច្បាប់នៅឡើយ ដោយត្រូវបានតុលាការចាត់ទុកថាជាសាក្សី ទោះមានសំឡេងនិងរូបភាពដែលជនរងគ្រោះទម្លាយលើបណ្តាញសង្គមជាបន្តបន្ទាប់ ពីការពាក់ព័ន្ធជាមួយអតីតឧកញ៉ា ឡេង ចាន់ណា ក្តី។
ម្ចាស់ក្រុមហ៊ុនប្រ៊ីលានស៊ីធី គឺអតីតឧកញ៉ា ឡេង ចាន់ណា ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្រោយពីជនរងគ្រោះផ្ទុះការតវ៉ាជាបន្តបន្ទាប់ រយៈពេលប្រមាណ១ខែ ដែលមានអ្នកចាញ់បោកប្រមាណ ៧០០០គ្រួសារ គិតទឹកប្រាក់ជាង ៣០០លានដុល្លារអាមេរិក។
បើតាមតុលាការខេត្តសៀមរាប អ្នកស្រី ឡេង ចាន់ណា ត្រូវជាប់ចោទច្រើនបទល្មើស រួមមាន បទ ឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង បទសម្អាតប្រាក់ និងបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីខែឧសភា ឆ្នាំ២០២៤ បញ្ជាឱ្យ លោក គី តិច ប្រធានក្រុមមេធាវីរបស់រដ្ឋាភិបាល ជួយការពារក្តីដល់ជនរងគ្រោះ តែ១ឆ្នាំទៅនេះ ជនរងគ្រោះនៅតែមិនទទួលបានសំណងមកវិញទេ ខណៈពួកគេបានលក់ដីស្រែ ខ្លះចំណាកស្រុកនិងខ្លះស្លាប់ដោយសារគ្មានលុយព្យាបាលជំងឺក្រោយជួបវិបត្តិបំណុលធ្ងន់ធ្ងរ៕