គណបក្សដើម្បីកម្ពុជា បានដាក់បណ្តឹងសុំកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌ ដោយចោទប្រកាន់ថាតុលាការខេត្តព្រៃវែងថា បន្តផ្អើបសំណុំរឿងរបស់ខ្លួនទុកឥតចាត់ការទាក់ទងអំពើពុករលួយ និងការអនុវត្តតួនាទីមិនត្រឹមត្រូវរបស់មន្រ្តីសាធារណការ និងមន្រ្តីនគរបាលមូលដ្ឋានជុំវិញរឿងបង់ពន្ធផ្លូវ។
តាមរយៈលិខិតផ្លូវការមួយច្បាប់ចេញកាលពីថ្ងៃទី៨ ខែឧសភា ដែលសំឡេងប្រជាធិបតេយ្យ វីអូឌី ទើបទទួលបាននៅថ្ងៃនេះ បង្ហាញថា ការដែលគណបក្សក្រៅរដ្ឋាភិបាលមួយនេះ បង្ខំចិត្តស្វែងរកជំនួយពីក្រសួងយុត្តិធម៌ នៅបន្ទាប់ពីស្ថាប័នអយ្យការនៃសាលាដំបូងខេត្តព្រៃវែង ផ្អិបរឿងក្តីរបស់គណបក្សកម្លាំងជាតិទុកឥតចាត់ការ ជាច្រើនខែមកហើយ។
លិខិតបន្តថា ដើម្បីផ្តល់សេចក្តីទុកចិត្តលើប្រព័ន្ធយុត្តិធម៌ ដែលជាស្ថាប័នឯករាជ្យ ក្រសួងយុត្តិធម៌ជួយពិនិត្យអំពីភាពមិនប្រក្រតីនៃការបំពេញវិជ្ជាជីវៈរបស់ស្ថាប័នអយ្យការ នៃតុលាការខេត្តព្រៃវែងនេះ ដែលចេះតែបន្តលើកពេល និងយឺតយ៉ាវក្នុងសំណុំរឿងពីមួយខែហើយមួយខែទៀតដូច្នេះ។
បន្ថែមលើលិខិតដែលដាក់ទៅក្រសួងយុត្តិធម៌នេះ លោក ឯម សុខសុវណ្ណ ប្រធានគណបក្សដើម្បីកម្ពុជា អះអាងថា ស្ថាប័នអយ្យការហាក់ព្យាយាមគេចវេះ និងពន្យាពេលមិនដំណើរការក្តី។
មួយវិញទៀត ក្រឡាបញ្ជីដែលកាន់សំណុំរឿងនេះ ក៏មិនហ៊ានឆ្លើយតបបែបណានៅពេលសួរនាំរកមូលហេតុអំពីភាពយឺតយ៉ាវ ផ្ទុយទៅវិញបានបង្វែររឿងនេះ ឱ្យទៅលោក គុជ គឹមឡុង ដែលជាព្រះរាជអាជ្ញា ទទួលបន្ទុកស្ថាប័នអយ្យការ ខណៈព្រះរាជអាជ្ញារូបនេះ ឱ្យមកសួរនាំក្រឡាបញ្ជី លោក ហូរ ស៊ីឃ័រ វិញ។
លោកថា៖《គាត់ថា(គុជ គឹមឡុង)ប្រសិនបើចំណុចណាមួយអីទៀតឲ្យទាក់ទងក្រឡាបញ្ជីមកដល់ថ្ងៃជាក់លាក់ហើយស្រាប់តែអត់ដំណឹងទេ។ បន្ទាប់មកខ្ញុំបានទាក់ទងក្រឡាបញ្ជី ក្រឡាបញ្ជីអត់ហ៊ានឆ្លើយថាម៉េចទេ រុញដាក់រឿងហ្នឹងទាល់តែព្រះរាជអាជ្ញាធំបាននិយាយបាន ដល់អញ្ចឹង ក៏ស្ងាត់ទៅហើយដល់សួរចុះសួរឡើង ក៏រុញដាក់គ្នាចុះឡើងៗ》។
ជុំវិញរឿងក្តីនេះ ប្រធានគណបក្សដើម្បីកម្ពុជា បានដាក់បណ្តឹងចូលទៅតុលាការខេត្តព្រៃវែង កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបណ្តឹងប្រឆាំងមន្រ្តីនគរបាលចំនួន២នាក់ មន្រ្តីសាលាខេត្តម្នាក់ ក្រៅពីនេះគឺសុទ្ធតែជាមន្រ្តីពន្ធដារខេត្ត។
ជនសង្ស័យទាំង១០នាក់រងការចោទប្រកាន់ពីបទ «កេងយកផលប្រយោជន៍ដោយខុសច្បាប់ និងឆបោក »។ មិនតែប៉ុណ្ណោះ លោក ឯម សុខសុវណ្ណ ក៏បានដាក់បណ្តឹងជាថ្មីបន្ថែមទៀត ដោយចោទប្រកាន់មន្រ្តីសាលាខេត្ត មន្រ្តីនគរបាល និងមន្រ្តីពន្ធដារ ពីបទ «រំលោភលើទំនុកចិត្ត ការជ្រៀតជ្រែកដោយខុសច្បាប់ក្នុងការបំពេញមុខងារសាធារណៈ និងការក្លែងបន្លំ »។
បើតាមលោក ឯម សុខសុវណ្ណ គិតពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ មកដល់ពេលនេះ មានរយៈពេលជាង៦ខែទៅហើយ ដែលលោកអះអាងថា មិនដែលទទួលបានដំណឹងណាមួយ អំពីចំណាត់ការពីតុលាការខេត្តព្រៃវែង ជុំវិញរឿងក្តីនេះនៅឡើយទេ។
ទាក់ទិនអង្គហេតុនេះ នៅក្នុងបណ្តឹងរបស់លោក ឯម សុខសុវណ្ណ បង្ហាញថា នៅឆ្នាំ២០២៣ លោកត្រូវជាប់ពន្ធលើមធ្យោបាយធ្វើដំណើរមិនទាន់បានទូទាត់ ប៉ុន្តែនៅក្នុងឆ្នាំដដែលនេះ លោកបានទូទាត់ពន្ធទាំងចាស់ និងថ្មីរួចរាល់ហើយ ដែលមានចំនួនសរុប ១លាន៦០ម៉ឺនរៀល។
ប៉ុន្តែក្នុងពេលដែលលោកបង់ពន្ធរថយន្ត ឬបង់ពន្ធលើមធ្យោបាយធ្វើដំណើរ សម្រាប់ឆ្នាំ២០២៤ ចប់ជាស្ថាពរហើយ ស្រាប់តែឈ្មោះរបស់លោកត្រូវនៅជាប់ពន្ធឆ្នាំចាស់មិនទាន់ទូទាត់អស់នៅឡើយ ដែលមានចំនួនសរុបទាំង២ឆ្នាំ ២លាន ៤០ម៉ឺនរៀលទៅវិញ។
សំឡេងប្រជាធិបតេយ្យ វីអូឌី មិនអាចស្នើសុំការបំភ្លឺពីអ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌ លោក សេង ឌីណា បានទេនៅថ្ងៃនេះ ខណៈអ្នកនាំពាក្យស្ថាប័នអយ្យការនៃតុលាការខេត្តព្រៃវែង លោក ចាន់ វណ្ណៈ ទូរស័ព្ទចូលជាច្រើនដងដែរ តែចុចផ្តាច់រហូត។
យ៉ាងណា តាមរយៈលិខិតរបស់គណបក្សដើម្បីកម្ពុជា ដែលស្នើសុំកិច្ចអន្តរាគមន៍ គឺក្រសួងយុត្តិធម៌បានប្រថាប់ត្រាក្រហម ដែលបញ្ជាក់ថាបានទទួលរួចហើយ។
ជុំវិញរឿងនេះ ជនសង្ស័យម្នាក់ ក្នុងចំណោមមនុស្ស៩នាក់ផ្សេងទៀត ដែលកំពុងរងបណ្តឹងពីប្រធានគណបក្សដើម្បីកម្ពុជា គឺលោក ឃឹម ហៀង ធ្លាប់បានបដិសេធជាមួយ វីអូឌី ថាលោកមិនបានប្រព្រឹត្តបទល្មើស ដូចអ្វីដែលប្រធានគណបក្សដើម្បីកម្ពុជា ចោទប្រកាន់ឡើយ។ ផ្ទុយទៅវិញ ក្នុងនាមជាមន្រ្តីជំនាញពន្ធដារខេត្ត លោកមានតែព្យាយាមជួយសម្របសម្រួលប៉ុណ្ណោះ។
សម្រាប់ លោក ឯម សុខសុវណ្ណ ប្រធានគណបក្សដើម្បីកម្ពុជា អ្វីដែលបង្ខំឱ្យលោកដាក់បណ្តឹង ក្នុងរឿងក្តីអនុវត្តរំលោភលើតួនាទី ក្នុងនាមជាមន្រ្តីសាធារណៈរបស់រដ្ឋបែបនេះ ក៏ព្រោះតែចង់រុញឱ្យកម្ពុជាជាប្រទេសដែលមានយុត្តិធម៌សង្គមមួយដែលស្អាតស្អំ។ ជាងនេះទៀត យុត្តិធម៌ដែលលោកកំពុងតែនិយាយនេះ មិនមែនសម្រាប់បុគ្គលផ្ទាល់ខ្លួន ក្នុងនាមជាអ្នកនយោបាយទេ តែនេះចង់ឃើញពលរដ្ឋគ្រប់រូប ទទួលបានយុត្តិធម៌ តាមផ្លូវតុលាការនេះដូចគ្នាដែរ។
លោកថា៖《រឿងនេះអត់ធម្មតាទេ ពីព្រោះរឿងនេះ មិនមែនត្រឹមតែស្វែងរកយុត្តិធម៌សម្រាប់ខ្លួនខ្ញុំ ឯម សុខសុវណ្ណ ទេ ប៉ុន្តែជាករណីបង្ហាញឲ្យឃើញ ឲ្យឃើញយ៉ាងម៉េចពីបញ្ហាទូទៅ និងទំនួលខុសត្រូវក្នុងប្រព័ន្ធយុត្តិធម៌។ ភាពយឺតយ៉ាវមិនចាត់ការតាមនីតិវិធីទៅលើមូលដ្ឋានច្បាប់គឺវាស្មើអី គឺវាស្មើអយុត្តិធម៌ដែលម៉េច ដែលគួរឲ្យខ្លាចក្នុងប្រព័ន្ធតុលាការ។ បញ្ហានេះបានដក់ជាប់ក្នុងខួរក្បាលប្រជាពលរដ្ឋ។ ដូច្នេះរឿងនេះធំធេងណាស់ មិនអាចអត់ឱនឲ្យបានទេ។
លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លើកឡើងថា ជាជំរើសដែលល្អ តុលាការមិនគួរផ្អឹបរឿងក្តីទុកឥតចាត់ការបែបនេះទេ វានាំដល់ភាពយឺតយ៉ាវនៃការស្វែងរកយុត្តិធម៌សម្រាប់ភាគីនៅក្នុងសំណុំរឿង។
បើតាមអ្នកវិភាគរូបនេះ តុលាការគួរហ៊ានទទួលខុសត្រូវ ហើយបង្ហាញភាពក្លាហានឡើង ប្រសិនបើរឿងក្តីដែលខ្លួនទទួលហើយ មិនចាត់ការដើម្បីឱ្យប្រាកដថាម្ចាស់បណ្តឹង មានមូលដ្ឋានគ្រប់គ្រាន់ ក្នុងការស្វែងរកជំរើសថ្មីទៀត ជាជាងរង់ចាំដោយគ្មានចម្លើយបែបនេះ។
លោកបន្តថា៖《អញ្ចឹងដើម្បីដោះស្រាយបញ្ហាទាំងអស់ហ្មឹង ខ្ញុំគិតថាការអនុវត្តច្បាប់ដោយស្មើភាពគ្នា ហើយបើសិនជាមានហេតុផលគ្រប់គ្រាន់ ក៏គួរតែជូនដំណឹងម្ចាស់ដើមបណ្តឹងវិញថា ធ្វើមិនបានដោយសារតែនីតិវិធីមិនទាន់ដល់ ឬក៏មិនទាន់មានភស្តុតាងគ្រប់គ្រាន់ជាដើមអីអញ្ចឹងជាដើម។ យើងមិនអាចយកវាមកទុកនៅម្តុំហើយរង់ចាំឲ្យគេរិះគន់》។
ប្រធានគណបក្សដើម្បីកម្ពុជា បានព្រមានថា ចំពោះសំណុំរឿងនេះ លោកនឹងមិនបោះបង់ឡើយ ព្រោះវាជាការស្វែងរកយុត្តិធម៌មិនមែនសម្រាប់តែរូបលោកទេ តែនេះជាដំណើរការដើម្បីយុត្តិធម៌សម្រាប់សង្គមកម្ពុជាទាំងមូល។
បើទោះជាបែបណា លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្លាប់អះអាងថា លោកមិនចង់ឃើញរឿងក្តីត្រូវកប់ទុកចោលច្រើននៅក្នុងតុលាការទេ។
យ៉ាងណា គេនៅចាំមើលថាតើអ្វីដែលរដ្ឋមន្រ្តីរូបនេះ មានសុទិដ្ឋិនិយមក្នុងការលុបបំបាត់ ការកកស្ទះសំណុំរឿងនៅតុលាការ អាចនឹងទទួលជោគជ័យ ដូចផែនការដែលបានចាកចេញដែរ ឬយ៉ាងណានោះទេ៕









