វាមាន​ហេតុផលគ្រប់​គ្រាន់​​ដែ​ល​​បញ្ជាក់​ថា​ វៀត​ណាម​មាន​​មហិច្ឆតា​លេប​ត្របាក់​កម្ពុជា

បន្ទាប់ពីបាន​វិលត្រឡប់ពីចូល​រួម​​ពិធី​បុណ្យ​ខួប​​លើក​ទី​​៥០​ឆ្នាំ​ ថ្ងៃ​​បង្រួម​​ទឹក​ដី​​វៀត​ណាម​​ខាង​​ជើង​​ និង​​វៀតណាម​​ខាង​ត្បូង លោក​ ហ៊ុន សែន ​​​បាន​ផ្តល់​​បាឋកថា​​ក្នុង​​សិក្ខា​សា​​លា​​មួយ​​នៅ​ទីក្រុង​​ហ្សាកាតា​ ប្រទេស​ឥណ្ឌូ​នេស៊ី ​កា​ល​ពី​ថ្ងៃ​ទី​​៦​ខែ​ឧសភា ដោយ​​លើក​​​ពី​គុណ​តម្លៃ​​របស់​​វៀតណាម​​ថា បើ​​គ្មាន​​​​​​ថ្ងៃ៧មករា​​ឆ្នាំ​១៩៧៩​​ ដែ​ល​​កង​ទ័ព​​​ស្ម័គ្រ​ចិត្ត​​វៀត​ណាម​​បាន​​ចូល​​មក​​វាយ​​ផ្តួល​​រំលំ​​របប​ខ្មែរ​ក្រហម​​នោះ​ទេ​ ម្ល៉េះ​​កម្ពុជា​​អាច​រលត់​ជាតិ​សា​​សន៍​​ទាំង​មូល​​តែ​ម្តង។ លោក​ថា ​វៀតណាម​​បាន​​មក​​សង្គ្រោះ​កម្ពុជា​ ​​ពុំមែន​​មក​​ឈ្លាន​​ពាន​​យក​ទឹក​ដី​កម្ពុជា​​ដូច​ការ​​ចោទ​​ប្រកាន់​​នានា​​នោះ​​ទេ។

លោកថា៖ «បើវៀតណាម​​ចង់យកទឹកដីកម្ពុជា​ពិតប្រាកដ វៀតណាម​​មិន​ចាំបាច់​​បើក​យុទ្ធនា​ការ​យោធា​​ដើ​ម្បី​​រំដោះ​​ប្រជាជន​ទេ​ ទុក​ឱ្យខ្មែរ​ក្រហម​​សម្លាប់​​ប្រជាជន​ និង​ការ​​អត់​បាយ​ស្លាប់​​​វា​ជា​ការ​​គ្រប់​​គ្រាន់​​ណាស់​ទៅ​ហើយ​ មិន​​ចាំបាច់​​​វៀត​ណាម​​ចំណាយ​គ្រាប់​កាំភ្លើង​ទេ ព្រោះ​នៅ​ក្នុង​​​ផ្ទៃ​​ក្នុង​កម្ពុជា​​មាន​ការ​​កាប់​សម្លាប់​​ប្រជាជន​ខ្លួន​​ឯង។​ នេះ​​ជា​រឿង​មួយ ឯ​រឿង​មួយ​ទៀត​​វៀត​​ណាម​​ចូល​​មក​កម្ពុជា​​ដក​ត្រឡប់​ទៅ​វិញ ចុះ​បើ​ចង់​បានទឹ​ក​ដី​កម្ពុជា​​ចាំបាច់​ដក​កង​ទ័ព​​​ទៅ​វិញ​​​ធ្វើ​អី ទុក​​តែ​​ម្តង​ទៅ​​វាមិនងា​យស្រួ​ល​ជាង។ ចឹង​ទេ​ចំណុច​នេះ​យើង​ត្រូ​វ​ការ​​ពារ​​នូវ​តថភាព​​ជាក់​​ស្តែង​​នៃ​​ប្រវត្តិ​សាស្ត្រ»។

ប៉ុន្តែ​យ៉ាង​ណាក្តី​ អតីត​ព្រះមហាវីរក្សត្រ​ខ្មែរ ព្រះ​បរម​រតន​កោដិ នរោត្តម សីហនុ ធ្លាប់​​មា​ន​​ព្រះ​​បន្ទូល​កាលពី​ព្រះ​អង្គ​នៅ​មាន​​ព្រះជ​ន្ម​​ថា ​​ថ្ងៃ​​៧​មករា​​ឆ្នាំ​១៩៧៩ ជា​ថ្ងៃ​​ដែល​​យួន​​​បាន​​បញ្ចូល​កង​ទ័ព​ មក​​ក្នុង​​រដ្ឋាភិ​បាល​របប​ ​លោក​ ​ហេង សំរិន ហេតុ​​ដូច្នេះ​​ហើយ​​ទើប​​យួន​បាន​​ប្រាប់​​មេដឹក​នាំ​នានា​​ក្នុង​ពិភព​​លោក​​ថា យួន​​​នឹងអាច​​ដក​កង​ទ័ព​​ចេញ​ពី​​ប្រទេស​​កម្ពុជា​​បាន ​ក្នុង​​រយៈ​​ពេល​​៦ឆ្នាំ​ ​ឬ​​យ៉ាង​យូរ​​១០​​ឆ្នាំ​ទៀត​។

អតីតព្រះមហាវីរក្សត្រខ្មែរ បន្តថា៖ «ហេតុអ្វី​​ក៏យួន​វា​និយាយ​​អ៊ីចឹង? វានិយាយ​អ៊ីចឹង​ ពីព្រោះវាយកពេល​វេ​លា​​​៦ឆ្នាំ​៧-៨-៩-១០​​ឆ្នាំ​ហ្នឹង​ ដើម្បី​​បញ្ចូល​​យួន​​ដែល​ចេះ​វ៉ៃតប់​​ឱ្យ​ ហេង សំរិន កាន់​​​តែ​ច្រើន​​ឡើង​ ក្នុង​​ឋានៈ​ជា​ខ្មែ​​រ​យួន​ ប៉ុន្តែ​កាន់​កាត​ខ្មែរ ហើយ​​ដល់​​៦ឆ្នាំ​ទៀត ៧ឆ្នាំ​ទៀត​ពេល​ណា​វា​ថា ពេល​ណា​​វា​ចេញ​​បាន​​វាថា កង​​ទ័ព​វាមិ​ន​មែន​៥០​ពាន់​នាក់​ទេ ១០០​​ពាន់​នាក់​កង​ទ័ព​ ​ហេង សំរិន ​ប៉ុន្តែ​មិន​មែន​​ខ្មែរ​ទេ ​ពី​ព្រោះវា​ដឹង​ថា ខ្មែរ​ភាគ​​ច្រើន​មិន​បម្រើ​ប្រយោជន៍​​យួន​ទេ ម៉្លោះហើយ​​វា​បញ្ចូល​​យួន​​៦ឆ្នាំ៧-៨-៩ទៀត ​​វាបញ្ចូល​យួន​ឱ្យ​ច្រើន​​​​ចូ​លមក​ក្នុង​កង​ទ័ព​ ​ហេង សំរិន ហ្នឹង។ ដល់​គេ​ថា បក​ស្រាយ​​បញ្ហា​នយោបាយ​​ហើយ​​កង​ទ័ព​​យួន​ចេញ​​​វា​​ថា ខ្ញុំ​ចេញ​បាន​ហើយ»។

បើតាមព្រះបរមរតនកោដិ បើទោះបីជារូបភាព​ខាងក្រៅ​​ កងទ័ព​​យួន បាន​​ដ​កចេញ​ពី​​កម្ពុជា​​​ក៏ពិត​​មែន ក៏ប៉ុន្តែ​កង​​ទ័ព​បង្កប់ ​កម្លាំង​​ជំនាញ​​បង្កប់​​របស់​​យួន​ ​ដែល​​ចេះនិយាយ​​ខ្មែរ​​ច្បាស់​ ចេះស​រសេរ​អក្សរ​ខ្មែរ និង​​កាន់កាត​ខ្មែរ​​មិន​​បាន​​ដក​ចេញ​នោះ​ទេ ដូច្នេះ​​សូម​អស់​​លោក​​ជាមេដឹកនាំខ្មែរ​កុំ​ភ្លេចរឿងហ្នឹង។

សម្រាប់ ​លោក ​សម រង្ស៊ី អតីត​​ប្រធាន​គណបក្ស​​សង្គ្រោះជាតិ​ ​ធ្លាប់​​​មាន​​ប្រសាសន៍​ថា​ ថ្ងៃ​៧​មករា​ឆ្នាំ១៩៧៩ គឺ​ជាឆាក​ល្ខោន​ដែល​យួន​បាន​រៀប​ចំ​ទាំង​អស់។

គេថា គេ​មករំដោះ​យើង​​ពីខ្មែរក្រហម​តែបើ​អត់​មាន​យួន​កម្មុយ​នីស្ដ​ពី​ដើម​ទី ក៏​អត់​មាន​ខ្មែរ​ក្រហម​ដែរ។ ឥឡូវ​នេះ គេ​​ថា បើ​គ្មាន​ថ្ងៃទី​៧​ ខែ​មករា ឆ្នាំ​​​១៩៧៩ ក៏​គ្មាន​អ្វីៗ​ដែល​យើង​មាន​សព្វ​ថ្ងៃ​ដែរ។ តែ​បើ​គ្មាន​ថ្ងៃ​១៧ ខែ​មេសា ឆ្នាំ​​១៩៧៥ (គឺថ្ងៃ​ដែល​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច) ក៏​គ្មាន​ថ្ងៃ​៧ មករា ១៩៧៩ ដែរ។

អតីត​មេបក្ស​ប្រឆាំង​រូបនេះ​ បាន​និយាយ​​ក្នុង​សម្តីដើមថា៖«បើគ្មានពួកយួនកម្មុយនីស្ដ ជួយ​ពួកខ្មែរក្រហមនៅ​ដើម​ទសវត្សរ៍ឆ្នាំ​១៩៧០ ក៏គ្មានថ្ងៃ១៧ មេសា ១៩៧៥ ដែរ។ ដូច្នេះ​មួយ​​ផ្នែក​ធំ​នៃ​រឿង​រ៉ាវ​​ទាំ​ង​អស់ ក្នុ​ង​រយៈ​ពេល​ជិត​៥០​ឆ្នាំ​កន្លង​មក​នេះ គឺ​មាន​ការ​រៀប​ចំ​យ៉ាង​​សកម្ម​​ដោយ​​យួន​​កម្មុយ​នីស្ដ ដើម្បី​លេប​ត្របាក់​ទឹក​​ដី​យើង និង​បំភ័ន្ដ​ភ្នែក​ប្រជា​រាស្ត្រ​ខ្មែរ។ យើង​ត្រូវ​​ចង​​ចាំ​​ជានិច្ច​ថា យួន​បង្កប់​បាន​ញុះញង់​ឲ្យ​ខ្មែរ​កាប់​សម្លា​ប់ខ្មែរ​គ្នាឯង ក្រោម​របប​​ខ្មែរ​ក្រហម​(១៩៧៥-១៩៧៩)»

លោក​បន្តថា មកដល់ពេលនេះទៀត ពួកអ្នកបម្រើផលប្រយោជន៍បរទេសឈ្លានពាន ក៏នៅ​តែធ្វើបាបនិងរក​រឿងខ្មែរគ្នាឯង ឥតឈប់ឈររហូតដល់លួចសម្លាប់ ឬតាមចាប់ដាក់គុក​ខ្មែរ​អ្នក​ស្នេហាជាតិ ដើម្បីធ្វើឲ្យ​​ប្រទេស​ជាតិយើងបែកបាក់ ហើយ​កាន់តែទន់ខ្សោយ ក្នុង​គោល​បំណងរក្សា​អាណានិគមនិយម​ប្រទេស​​​វៀត​​ណាម មកលើប្រទេស​​​កម្ពុជា និងរក្សាអំណាច​ពួកជនក្បត់ជាតិ។

សម្រាប់ ​លោក​អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា ​​បាន​ប្រាប់វីអូឌី​នៅ​ថ្ងៃទី​៩ ​ខែ​ឧសភា​​នេះ​ថា ធាតុពិតជាក់ស្តែង ​គេឃើញ​វៀតណាម​បាន​ចូល​មក​វាយផ្តួល​រំលំរបប​ខ្មែរ​ក្រហម​ពិត​ប្រាកដមែន ហើយ​វៀត​ណាម​​បាន​​ដក​ទ័ព​​ចេញ​ពី​កម្ពុជា​​មែន​ ប៉ុន្តែ​វាមា​ន​​ហេតុ​និង​​ផល​​ដែល​​ធ្វើ​ឱ្យ​វៀតណាម​ ​ចូល​​មក​​រំដោះកម្ពុជា​​ចេញ​ពី​​កណ្តាប់​​ដៃ​ខ្មែរ​ក្រហម ​ហើយ​​​ការ​​ដែល​​វៀតណាម​ដកទ័ព​​ចេញ​ពី​កម្ពុជា​​ វា​មាន​កត្តា​ជាច្រើន​ មិន​​មែ​ន​វៀត​ណាម​​ចង់​ដក​ទ័ព​​ចេញ​​​ដោយឯកឯងនោះទេ។

លោកថា៖ «ការដែល​វៀតណាម​ដកទ័ព ​ដោយសា​រ​​វៀតណាម​​ពិបាក​នឹង​នៅ​កម្ពុជា​ ​មាន​ក្រុម​អ្នក​តស៊ូ​​ត្រី​ភាគី​ផង មាន​សម្ពាធ​អន្តរជាតិ​ផង ហើយសហភាពសូវៀតក៏ដួល​រលំ​ផង ដូច្នេះវាមាន​កត្តា​បែប​ហ្នឹង​ ព្រោះ​កាលៈ​ទេសៈ​​ហ្នឹង​យើង​​ឃើញ​ហើយ ហើយ​​ការ​ចូល​មក​​រំដោះ​​ខ្មែរ​ក្រហម ក៏​​មាន​​កត្តា​មួយ​​ចំនួន​​ដែរ​​ មិន​អត់​ទេគ្រាន់​​​តែ​ខ្ញុំ​មិន​ចង់លើកឡើង ​ដូច្នេះប្រ​វត្តិសា​ស្ត្រ​​ វាពាក់ព័ន្ធ​បែប​ហ្នឹង​រួមទាំងការបង្កើតខ្មែ​រ​ក្រហម​ផង​ អ្នកណាខ្លះ​​ដែល​​ចូល​រួម​​ជួយ​​ជ្រោម​​ជ្រែង​បង្កើត​ខ្មែរ​ក្រហមនោះ»។

លោក ​អ៊ូ ច័ន្ទរ័ត្ន លើក​ឡើង​ថា ជាទូទៅ​​នៅ​ក្នុង​ពិភព​លោក​​នេះ​ ប្រទេស​ណា​​ក៏​ដូច​​ប្រទេស​​ណា​ដែរ ឱ្យ​តែមាន​ឱកាស​​គឺ​គេ​ដណ្តើម​​យក​ទឹក​ដី​ហើយ ​លើក​លែង​​តែ​​​មាន​កត្តា​ណា​មួយ​​​ធ្វើ​ឱ្យ​គេ​ពិបាក​នឹង​លេប​​ពិបាក​នឹង​​យ​ក​បា​ន​។ លោក​ថា សូម្បី​​តែ​កម្ពុជា​​ក៏ដោយ​ ​បើ​មាន​​ឱកាស​ ​ក៏​ចង់​​បាន​​ទឹកដី​​ខ្លួន​​ឯង​​ដែល​​បាត់​​បង់​ទៅ​ប្រ​ទេ​ស​​ជិ​ត​ខាង​​ត្រឡប់​មក​​វិញ​​ដែរ​ គឺ​​ដូច​​​តែ​គ្នា​​ទេ។

ចំណែក លោក ​មាជ សុវណ្ណា​រ៉ា ប្រធាន​គណបក្ស​​ជំនា​ន់​ថ្មី​​បាន​ចោទ​សួរ​​ថា ប្រសិន​​​បើ​វៀតណាម​​មិន​​​មាន​បំណង​​ចង់​បាន​​ទឹក​ដី​​កម្ពុជា ​គឺ​​លើក​ទ័ព​​ចូល​​មក​ដើម្បី​​​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​​ខ្មែរ​​ពី​របប​​ខ្មែរ​​ក្រហម ​ដូច​ដែល​ ​លោក ​​ហ៊ុន សែន ​បាន​​លើក​ឡើង​មែន​​ ហេតុ​អ្វី​​បាន​​​ជា​ប្រទេស​​វៀត​ណាម​​មិន​​ព្រម​ធ្វើការ​​ជាមួយ​អង្គការ​សហប្រជា​ជាតិ​ ហើយ​​កង​ទ័ព​​វៀតណាម​​បន្ត​នៅ​​កម្ពុជា​​រហូត​ដល់១​០​ឆ្នាំ​ ទាល់​​តែ​មាន​ការ​​ថ្កោល​​ទោស​ការ​​ដាក់​​ទណ្ឌ​​​កម្មខ្លាំង​ក្លា ដូច​ជា បិទ​នូវ​​សេដ្ឋ​កិច្ច​ និង​​ទំនាក់​ទំនង​ការទូត​​​​អីជាដើម​​ទើប​​វៀត​ណា​ម​​ព្រម​ដកកង​​ទ័ព​ចេ​ញ​​ពី​កម្ពុជា​?

លោក​បន្ត​ថា ការដែល​វៀតណាម​​ដក​​កងទ័ព​​ចេញ​ពី​កម្ពុជា​​នេះ ក៏​​​ស្រប​ពេលស​ហភាព​​សូវៀត​​ដួល​រលំ​ មិន​អាច​​ជួយ​​សព្វា​វុទ្ធ​​និង​​ហិរញ្ញវត្ថុ​ជា​បន្ត​ទៅ​​ទៀត ​ដល់​កង​ទ័ព​​វៀត​ណាម​​នៅ​​កម្ពុជា​​២សែន​នាក់ នៅពេល​ដែលអង្គការ​សហប្រជាជាតិ ​ក៏មិន​ទទួលស្គាល់​អាសនៈ​​​របស់​​រដ្ឋាភិបាល​​ក្រុង​ភ្នំពេញ​ ដែល​លើកបន្តុបដោយ​វៀតណាម ហើយ​នៅពេល​នោះ​ដែរ​ មហាអំណាចចិន​ និងមហាអំណាចសហរដ្ឋអាមេរិក បាន​​នាំមុខ​​គាំទ្រ​នូវថវិកា​​ក៏ដូច​​ជា​​សម្ភារ​យោធា​​ដល់​​ចលនា​ខ្មែរ​តស៊ូ​​ត្រី​ភាគី ​ដើម្បី​ច្បាំង​​ជាមួយ​​កង​ទ័ព​​វៀតណាម និង​​កង​ទ័ព​​រដ្ឋាភិ​បាល​ក្រុង​ភ្នំពេញ​​នៅ​​តាម​​ព្រំប្រទល់​ដែន ដែល​​ជា​សម្ពាធ​ធំណាស់​​ប​ង្ខំ​ឱ្យ​វៀតណាម​​ដក​កង​ទ័ព​​ចេញ​ពីកម្ពុ​​ជា ​នៅថ្ងៃ​ទី២៦ ​ខែ​កញ្ញា​​ ឆ្នាំ​​១៩៨៩ ដែល​​​ជា​ជំហ៊ាន​​ឆ្ពោះ​ទៅ​​ចុះ​កិច្ច​ព្រម​ព្រៀងសន្តិភាព​ទី​ក្រុងសន្តិ​ភាព​ទី​ក្រុង​​ប៉ា​រិស ​ថ្ងៃ​២៣​​តុលា​ឆ្នាំ​១៩៩១ មិន​​មែ​ន​​វៀត​ណាម​​ចង់​ដក​ទ័ព​​ចេញ​​ដោយ​សុទ្ធចិត្តនោះទេ។

លោកថា៖«ចឹង​បានថា ការអះអាង​របស់អតីតនាយករដ្ឋមន្ត្រី​ វា​ក៏​ជា​ផ្នែក​មួយ​​ ប៉ុន្តែ​បើយើ​ង​និយាយ​​​ពី​​ប្រវត្តិសាស្ត្រនិ​​យាយ​​ពី​ហេតុផល​ គឺ​ថា​​យួ​ន​​​នៅ​តែ​មាន​ចិត្ត​​ប៉ង​ចិត្ត​​ចិញ្ចឹម​ចិត្ត​ ដើម្បី​​ចង់​បាន​​កម្ពុជា​​ជា​រដ្ឋ​មួយ​ចំណុះ​​ឱ្យ​រដ្ឋាភិបាល​​ក្រុង​​ហាណូយ​ វាមិន​ខុស​អី​ពី​ទឹក​ដី​កម្ពុជា​ក្រោម​​ដែល​​បារាំង​​បាន​​កាត់​ឱ្យ​ហើយ​​យួន​គ្រប់​គ្រង​​រហូត​មក​​ដល់​ពេល​នេះ មិន​ប្រគល់​ឱ្យ​ខ្មែរ​​ហី កម្ពុជា​​ដែល​​យួន​​ចូល​មក​​អ្នក​ខ្លះ​​ថា​​ចូល​មក​​ជួយ​រំដោះ​​អ្នក​ខ្លះ​ថា ចូល​មក​​ឈ្លាន​​ពាន​កង​ទ័ព​​យួន​​ជាង​ ​២០​ម៉ឺន​​នាក់ ​​ក៏បាន​​យក​លេស​គ្រប់​ហេតុ​ផល​​​នៅ​ ​១០ឆ្នាំ​ ទាល់​តែ​មាន​ការ​​កៀប​សង្កត់​​ទើប​​យួន​​ព្រមដកខ្លួន​ទៅប្រទេសខ្លួន​វិញ»។

ដើម្បី​ឱ្យកម្ពុជា​បាន​នៅគង់វង្ស ប្រជាពលរដ្ឋខ្មែរ​​រស់នៅ​បាន​សុខសប្បាយ​​រី​ក​​ចម្រើន​​រុង​​រឿង​​ចាប់ពីពេល​នេះ​ទៅ​​ថ្ងៃមុខ ​លោក ​មាជ សុវណ្ណា​រ៉ា​ ចង់​​ឱ្យ​​រដ្ឋាភិបាល​​កម្ពុជា​​ត្រូវ​ប្រកាន់​​​ខ្ជាប់​នូវ​គោល​​ជំហរ​​ច្បាស់​លាស់​​ដែល​​ធា​​នា​​​ការពារ​​ដោយ​​រដ្ឋធម្មនុញ្ញ គឺអធិបតេយ្យ​ភាព បូរណភាព​ទឹកដី​ ឯករាជភាព​ អព្យា​ក្រឹត កម្ពុជា​ជា​ប្រទេស​មិ​ន​​​ចូល​បក្ស​សម្ព័ន្ធ ឬ​ប្រទេស​​មិន​​រណប​​នឹង​​រដ្ឋបរទេសណាជាដើម​ ដោយ​អនុលោម​ទៅ​តាមសន្ធិសញ្ញា​ស​ន្តិភា​ពទីក្រុង​ប៉ារិស។​

បន្ថែមពីនេះ​ លោក ​អ៊ុំ សំអាន អតីត​តំណាង​រាស្ត្រគ​ណបក្ស​​សង្គ្រោះ​ជាតិ ​និ​ង​​ជា​អ្នក​​ជំនាញ​​កិច្ចការ​​ព្រំដែន​​ បាន​​សរសេរ​នៅ​លើ​​ហ្វេស​ប៊ុក​​របស់​​លោក​​ថា​ ការ​រំលឹក​ដឹង​គុណ​​វៀត​ណាម​មិនចេះ​ចប់ ហើយវៀតណាម​មិន​​ដែល​ដឹង​គុណក​ម្ពុជា​ពីកា​រ​ជួយ​បង្រួប​បង្រួម​វៀត​ណាម ទើប​ធ្វើ​​​ឱ្យ​កម្ពុជា​ក្រោម​​ការ​​ដឹក​នាំ​ដោយ​​គ្រួសារហ៊ុន ចេះ​​តែ​​បន្ត​​កាត់​ទឹក​ដី​ឱ្យ​​វៀតណាម​​មិន​ចេះ​ចប់។

វៀ​តណាមចូលមកឈ្លានពានកម្ពុជា​ហើយ​បង្ខំឱ្យ លោក ហ៊ុន សែន កាត់​ទឹក​ដី​​ខ្មែរ​​ឱ្យ​​វៀតណាម​តាម​សន្ធិស​ញ្ញា​​ស្តីពី​តំបន់​ទឹក​ប្រវត្តិ​​សាស្រ្ត​​ឆ្នាំ​​១៩៨២ ​ដែល​ធ្វើឱ្យ​បាត់​​បង់​កោះត្រល់ និង​ចង្កោម​​កោះ​ក្រចក​សេះ ព្រម​ទាំង​​សន្ធិ​​សញ្ញា​​ឆ្នាំ​១៩៨៣​ និង​ឆ្នាំ​១៩៨៥ ស្តីពី ​ដែន​ដី​​គោក ដែល​​ធ្វើ​ឱ្យកម្ពុជា​បាត់​បង់ដីស្រែដីចម្ការ​រប​ស់​​​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ហិកតា​នៅ​តាម​ព្រំដែន​។

សូម​បញ្ជាក់​ថា នៅក្រោយ​ឆ្នាំ​១៩៧៩ វៀតណាម​បាន​លើកបន្តុប លោក ​ប៉ែន សុវណ្ណ​ និង​​លោក ​​ចាន់ ស៊ី​ ឱ្យ​​ឡើង​​កាន់​អំណាច។ ​ប៉ុន្តែក្នុង​រយៈ​ពេលខ្លី មេដឹកនាំទាំង​ពីររូបនេះគឺលោក​ ប៉ែន សុវណ្ណ​ ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ ហើយ​​លោក ​ចាន់ ស៊ី បាន​ស្លាប់​ដែល​​គេសង្ស័យ​​ថា ត្រូវ​បាន​​វៀតណាម​​ចាក់​​ថ្នាំ​​សម្លាប់​ ដោយ​​សារ​​តែ​ឥស្សរ​ជន​ខ្មែរ​​ទាំង​ពីរ​​រូប​នេះ​ មិន​ព្រម​ដើរតាម​បន្ទាត់​នយោបាយ​វៀតណាម។

មាន​តែ លោក ​ហ៊ុន សែន ​ប៉ុណ្ណោះ​ ដែល​​ដើរ​តាម​​បន្ទាត់​​នយោបាយ​​របស់​​វៀត​​ណាម​ ​​​​​ទើប​​អាច​​បន្ត​កាន់​អំណា​ច​​រហូ​តមកដល់ពេលនេះ និង​អាចផ្ទេរ​អំណាច​ទៅ​ឱ្យ​កូន​បាន​ចាប់​តាំងពីវៀតណាម​​លើក​បន្តុប​នៅ​​​​ក្រោ​យ​​ឆ្នាំ​​១៩៧៩​មក​ គឺ​​បន្ទាប់ពី​វៀតណាម​បាន​ចាប់​​​​ ​លោក ប៉ែន សុវណ្ណ​ ដាក់​គុក​​ងងឹត ​និង​លោក ​ចាន់ ស៊ី បាន​ស្លាប់។

កាលពីថ្ងៃទី​​៣០ ​ខែមេសា​ ឆ្នាំ​​២០២៥ វៀត​ណាម​​បាន​ប្រារព្ធ​ខួប​​៥០​ឆ្នាំ ថ្ងៃដែល​​វៀត​ណាម​​ខាង​​ជើង​​វ៉ៃ​ផ្តួល​រំលំ​វៀត​ណាម​​​​ខាង​ត្បូង​ ​ធ្វើ​ឱ្យ​វៀតណាម​​មាន​ការ​ឯកភាព​ទឹក​ដី​។

​លោកហ៊ុន សែន និង​​មេដឹក​នាំ​ជាន់​​ខ្ព​ស់​គណបក្ស​​ប្រជាជន​កម្ពុជា​​មួយ​​ចំនួន ក៏​បាន​​អញ្ជើញ​​​ទៅ​ចូល​​រួម​​ក្នុងពិធី​នោះ​​​តាម​​ការ​អញ្ជើញ​​របស់​​មេដឹ​ក​នាំ​​វៀតណាម​​ផង​ដែរ។

សូម​រំឭកថា វៀត​ណាម​អាចទទួល​បានការ​ឯកភាព​ទឹកដី​​រហូត​មក​​ដល់​​បច្ចុប្បន្ន​ គឺ​​ដោយ​​សារ​​តែមា​ន​​ការ​​ជួយ​​​​ជ្រោម​​ជ្រែង​​ពី​កម្ពុជា​ តាម​រយៈ​ការ​ផ្តល់ទឹកដី​និង​ផ្តល់​ស្បៀង​​ឱ្យ​វៀត​ណាម​​ខាង​ជើង​​ ចល័ត​​ចូល​​តាម​​ទឹកដី​​កម្ពុជា​​មក​​​វ៉ៃ​វៀត​ណាម​​ខាង​ត្បូង ​តាម​​ផ្លូវ​លំហូរ​ជីមិញ​​រហូត​ដល់​ធ្វើឱ្យកង​ទ័ព​អាមេរិក​ បាន​ប្រើយន្តហោះ​ដេ​ញ​ទម្លាក់​គ្រាប់​លើក​កងទ័ពវៀត​កុង​របស់​វៀតណាម បណ្តាល​ឱ្យ​មាន​សោកនាដកម្ម​​ស្លាប់​​ប្រជា​ពលរដ្ឋ​ខ្មែរ​ឆេះ​ផ្ទះ​ ឆេះ​វត្ត​អារាម​សាលា​រៀន​ខ្មែរ​​យ៉ាង​ច្រើន​​នៅ​តាម​បណ្តោយព្រំដែន។

ប៉ុន្តែ​រដ្ឋាភិបាល​វៀតណាម ​មិន​ដែល​អរគុណកម្ពុជា​​ម្តង​ណា​ឡើយ​​​​ មាន​​តែ​​រដ្ឋាភិបាល​​ខ្មែរ​​ដឹក​នាំ​ដោយ​​គ្រួ​សា​​​រ​​​​ហ៊ុន ដែល​​លើក​បន្តុប​​ដោយ​វៀត​ណាម​​ប៉ុណ្ណោះ​ ដែល​​បន្ត​អរគុណនិ​ង​​ដឹង​​គុណ​វៀត​ណាម​។ ​អតីត​ព្រះ​ម​​ហា​​វីរៈ​ក្សត្រ ព្រះ​បរមរតន​កោដិ នរោត្តម សីហនុ បាន​​ហៅ​យួន​ថា ជា​មនុស្ស​ក្រពើ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ