កម្មកររោងចក្រនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានអះអាងមកថា ពួកគេប្រមាណជា ៤០០នាក់ បានផ្ទុះការតវ៉ាទាមទារឱ្យភាគីក្រុមហ៊ុនបើកប្រាក់ខែ ក្រោយដឹងថា ថៅកែរោងចក្ររត់គេចខ្លួន។
បើតាមវីដេអូ រយៈពេលជាង ៣០នាទី ដែលគេបង្ហោះលើបណ្តាញសង្គម ដោយអះអាងថា ជាកម្មករតវ៉ានោះ នៅរោងចក្រគ្លូប៊ល សឹបផ្លាយ ជារោងចក្រផលិតកាបូប ដែលការតវ៉ាផ្ទុះឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។
ជុំវិញរឿងនេះ កម្មកររោងចក្រម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់ VOD បន្ថែមនៅថ្ងៃទី១២ ខែឧសភានេះថា មូលហេតុដែលពួកគាត់នាំគ្នាតវ៉ា ដោយសារទទួលដំណឹងថាថៅកែដែលជាជនជាតិជប៉ុន បានរត់គេច ដោយមិនបើកប្រាក់ខែក្នុងខែនេះ ឱ្យពួកគាត់តាមថ្ងៃកំណត់។
ប្រភពបន្តថា គាត់មានក្ដីកង្វល់ជាខ្លាំង ខណៈកំពុងប្រឈមបញ្ហាបំណុល ដោយគិតត្រឹមពេលនេះ មានរយៈពេល ២ថ្ងៃហើយ ពោលគឺតាំងពីថ្ងៃទី១០ ខែឧសភា ដែលថៅកែរោងចក្រមិនព្រមចេញមុខដើម្បីដោះស្រាយបញ្ហានេះ។
កម្មកររូបនោះនិយាយថា៖«ជនជាតិជប៉ុនខាងថៅកែហ្នឹង គាត់អត់មានដោះស្រាយឲ្យយើង ចឹងទៅខាងម្ចាស់អគារដែលគាត់ ថៅកែគាត់ជួលហ្នឹង គាត់អ្នកចេញដោះស្រាយឲ្យយើងបើកលុយប្រាក់ខែឲ្យយើងដែលយើងធ្វើហ្នឹង ហើយអត់ឱ្យយើងតវ៉ាទៀតទេ អត់មានអីត្រូវតវ៉ាដល់ថ្ងៃទី១០ហ្នឹង គេអត់បើកឱ្យនរណាក៏ដូចនរណាដែរ បើសិនជាគេអត់បើកឲ្យយើង វាចេះតែលំបាកនិយាយទៅជំពាក់ធនាគារយើងមានលុយណាបង់ជំពាក់គេ ត្រូវការសង»។
យ៉ាងណា កម្មករ ឱ្យដឹងថា នៅថ្ងៃទី១២ ខែឧសភានេះ មានមន្រ្តីក្រសួងការងារប្រចាំខេត្តកំពង់ស្ពឺ បានចុះមកពិនិត្យ និងដោះស្រាយ ទោះថៅកែបានរត់ចោល៕