ខ្មែរនៅក្រៅប្រទេស បានធ្វើបាតុកម្មជាថ្មីទៀត លើទឹកដីអាមេរិក ទាមទារឱ្យរដ្ឋាភិបាលគ្រួសារហ៊ុន បង្ហាញឆន្ទៈការពារបូរណភាពទឹកដី ឈប់ប្រើប្រាស់ប្រទេសកម្ពុជា សម្រាប់ឧក្រិដ្ឋកម្មអនឡាញ និងបញ្ឈប់ប្រើប្រព័ន្ធតុលាការតាមទំនើងចិត្ត ដើម្បីខ្មែរគ្នាឯងដែលមាននិន្នាការប្រជាធិបតេយ្យ។
បាតុកម្មនេះ បានធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ដែលឃើញមានវត្តមានព្រះសង្ឃផងដែរ ក្រោមសំឡេងរិះគន់ការដឹកនាំយ៉ាងកងរំពងទៅលើគ្រួសារហ៊ុន ជុំវិញការមិនព្រមប្តឹងករណីកោះគុតទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលភាគីថៃបានច្បាមយក រួមទាំងប្រាសាទបុរាណខ្មែរ មានប្រាសាទតាមាន់តូច តាមាន់ធំ និងប្រាសាទតាក្របីផងដែរ។
ក្រៅពីនេះ ក្រុមបាតុករដែលមាននិន្នាការប្រជាធិបតេយ្យទាំងនោះ ក៏បានទាមទារឱ្យដោះលែងអ្នកនយោបាយប្រឆាំងដែលកំពុងជាប់ឃុំ ក្រោមសារដាស់តឿនឱ្យចេះភ្ញាក់រឭក ដើម្បីកុំឱ្យគ្រោះថ្នាក់អំណាច រួមទាំងសារទាមទារឱ្យចុះចេញពីអំណាច ដើម្បីឱ្យខ្មែរបានរស់។
ពួកគេថា៖ «សុំឱ្យរដ្ឋាភិបាលនៃប្រទេសកម្ពុជា ធ្វើម៉េចយកកោះគុតមកឱ្យពលរដ្ឋខ្មែរវិញ ត្រូវតែការពារកោះនេះឱ្យបាន។ ការមិនខ្វល់ ការមិនអើពើរបស់អ្នកតស៊ូប្រជាធិបតេយ្យ គឺជាបរាជ័យនៃរដ្ឋាភិបាលរបបទីក្រុងភ្នំពេញ។ យើងទាមទារកោះគុតទី១។ ទី២ យើងតាមទារសេរីភាពអ្នកប្រជាធិបតេយ្យទៅដាក់គុកដោយឥតមានទោស និងទី៣យើងខ្ញុំឱ្យ លោក ហ៊ុន សែន ការពារខ្មែរផង។ ជួយការពារប្រជាធិបតេយ្យឱ្យខ្មែរផង កុំឱ្យការពារតែចិន និងយួន ពីព្រោះខ្មែរ ជាម្ចាស់ផ្ទះ។ ដូច្នេះហើយយើងចង់ឱ្យគាត់ភ្ញាក់រលឹកឡើង យើងមិនចង់ឱ្យគាត់វិនាសទេ។ ប៉ុន្តែសុំឱ្យគាត់ចុះចេញទៅៗ ហើយឱ្យខ្មែរបានរស់ផង»។
លើសពីនេះ អតីតមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បានសរសេរលើហ្វេសប៊ុករបស់លោក ប្រហាក់ប្រហែលទៅនឹងការស្រែកទាមទារយុត្តិធម៌សម្រាប់កម្ពុជា ដូចបាតុករដែរ។
បើតាម លោក សម រង្ស៊ី ខ្មែរអាមេរិកាំង ក្នុងការតវ៉ានៅមុខស្ថានទូតខ្មែរ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ពួកគេទាមទារឱ្យដោះលែងអ្នកទោសនយោបាយទាំងអស់ជាបន្ទាន់។
បញ្ឈប់ការប្រើប្រាស់ប្រទេសកម្ពុជាសម្រាប់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ទាមទាររដ្ឋាភិបាលកម្ពុជាយកកោះគុតទៅតុលាការយុត្តិធម៌អន្តរជាតិ និងរក្សាអធិបតេយ្យភាព ឯករាជ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។
ជាការសង្កេត បាតុកម្មជាថ្មីទៀត នៅសហរដ្ឋអាមេរិកនេះ ចំពេលដែលគ្រួសារហ៊ុន មិនព្រមប្តឹងថៃ ករណីរំលោភយកកោះគុត ទៅតុលាការយុត្តិធម៌អន្តរជាតិ ទោះថៃគ្រប់គ្រងទាំងស្រុង។
ករណីថៃ ច្បាមយកប្រាសាទតាមាន់តូចទាំងស្រុង ច្បាមយកប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ ដោយដាក់ជាតំបន់ត្រួតត្រារួមគ្នា។
VOD មិនទាន់អាចទាក់ទងរដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានទេ គិតត្រឹមម៉ោងផ្សាយនេះ។
កម្តៅព្រំដែននេះ គេក៏ប្រទះឃើញផងដែរ ពីការប្រឈមមុខដាក់គ្នា រវាងកងកម្លាំងប្រដាប់អាវុធកម្ពុជា និងថៃ ដែលឈរជើងនៅលើប្រាសាទតាមាន់ធំ និងមានការបង្ហាញសាច់ដុំ ខាងសព្វាវុធដាក់គ្នាផងដែរ ដែលការណ៍នេះជំរុញឱ្យបារម្ភថា ពីភាពផុយស្រួយនៃការផ្ទុះអាវុធដាក់គ្នា បើគ្រួសារហ៊ុននៅតែប្រើយន្តការចរចាទ្វេភាគីជាថៃ ហើយមិនព្រមប្តឹងករណីនេះឱ្យតុលាការអន្តរជាតិ ដើម្បីការពារបូរណភាពទឹកដីនោះ។
ជាការកាត់សម្គាល់មួយទៀត ក្រោយភាគីបារាំងនិងជប៉ុន លើកឡើងពីសារសំខាន់ ដែលកម្ពុជាចាំបាច់ត្រូវផ្តល់សច្ចាប័នលើច្បាប់សមុទ្រ UNCLOSE ដែលជាមូលដ្ឋានច្បាប់អន្តរជាតិ ដើម្បីដោះវិវាទបូរណភាពទឹកដីដែនសមុទ្រនោះ រដ្ឋាភិបាលគ្រួសារហ៊ុននៅរក្សាភាពស្ងៀមស្ងាត់ជុំវិញការជំរុញនេះ។
ជុំវិញបញ្ហានេះ លោក សម រង្ស៊ី បាននិយាយលើហ្វេសប៊ុកកាលពីថ្ងៃទី៩ខែឧសភានេះថា មានតែក្រុមអ្នកក្បត់ជាតិប៉ុណ្ណោះ ដែលនៅស្ងៀមស្ងាត់មិនបារម្ភបាត់ទឹកដី។
បើតាមអ្នកមានបទពិសោធន៍កិច្ចការព្រំដែន លោក ម៉ែន ណាត ច្បាប់សមុទ្រ UNCLOS មានសារៈសំខាន់ណាស់ ព្រោះវាជាកិច្ចព្រមព្រៀងអន្តរជាតិ ដែលបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់រាល់សកម្មភាពមានជម្លោះដែនសមុទ្រ និងដែនកោះ រវាងប្រទេសនិងប្រទេស។
លោកថា ជម្រើសតែមួយគត់ដែលមេដឹកនាំគ្រួសារហ៊ុន ត្រូវបង្ហាញឆន្ទៈថាខ្លួនពិតជាកាន់អំណាច ដើម្បីបុព្វហេតុជាតិទឹកដីពិតមែននោះ ត្រូវផ្តល់សច្ចាប័នលើច្បាប់សមុទ្រ UNCLOS ដើម្បីដោះស្រាយបញ្ហាបូរណភាពទឹកដី។
លោកសង្កត់ធ្ងន់ថា មេដឹកនាំទាំងឡាយណាដែលមិនដែលមិនការពារទឹកដី នឹងជាប់ឈ្មោះក្នុងប្រវត្តិសាស្ត្រ ជាមេដឹកនាំក្បត់ជាតិ ដូចមានចែងក្នុងមាត្រា ៤៤០ នៃក្រមព្រហ្មទណ្ឌ៕









