ប្រតិកម្មមហាជនជំរុ​ញ​ឱ្យ​មាន​ការ​ឃុំ​ខ្លួន​ លោក សម្បត្តិ កុលស ពី​បទ​​ពុក​រលួយ

ទីបំផុតទៅ តុលាការ​ខេត្តសៀមរាប បាន​​សម្រេច​​ឃុំ​ខ្លួន​​មន្ត្រី​នគរបាល​​ផ្កាយ១ លោក សម្បត្តិ កុសល​ នៅពន្ធនាគារ​​ជាបណ្តោះ​អាសន្ន ពាក់​ព័ន្ធ​នឹង​​ប​ទ​ល្មើស​ចំនួ​ន៣ ក្រោយ​មាន​ភ្លើង​ខៀវ​ពី​អង្គ​ភាព​ប្រឆាំង​អំពើពុក​រលួយ ក្រោយ​រង​ការ​រិះគន់​នៅ​ជុំ​ដំបូង ដែល​បាន​កាត់​ក្តី​ឱ្យ​មន្ត្រី​រូប​នេះ ឈ្នះ​ក្តី​ម្ចាស់​បំណុល។

យោងតាមដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​បណ្តោះអាសន្ន របស់​សាលា​​ដំបូង​​ខេត្ត​​សៀម​រាប ចុះ​ថ្ងៃ​ទី​១០ ខែ​​ឧសភា ឆ្នាំ២០២៥ តុលាការខេត្តសៀ​ម​រាប បាន​​សម្រេច​​ឃុំ​ខ្លួន​ជា​បណ្តោះអា​សន្ន​​នូវ​​ ឈ្មោះ សម្បតិ្ត កុសល អាយុ ៤១ឆ្នាំ មុខរបរជាមន្ត្រីនគរបាលនៃនាយកដ្ឋាន​វិទ្យុទាក់ទង​នៃអគ្គស្នងការ​ដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹង​បទ​ល្មើស​​ចំនួន៣។

​ប្រភពដដែល​បន្តថា បទល្មើស​ទាំង៣នោះ រួមមាន ពីបទ ប៉ុនប៉ងសូកប៉ាន់ ប្រព្រឹត្តនៅខេត្តបន្ទាយមានជ័យ កាល​ពី​អំឡុង​ឆ្នាំ​២០២៣ ដែលបទល្មើស​មានចែង​ក្នុ​ងមាត្រា៣២ នៃ​ច្បាប់ស្តី​ពីការ​ប្រឆាំង​​​អំពើ​​ពុក​រលួយ​​ និង​​​មាត្រា២៧ និង​​មាត្រា ៦០៥ នៃក្រម​ព្រហ្មទណ្ឌ។

បទ ប្តឹង​បរិហារដោយ​ភូត​កុហក ប្រព្រឹត្ត​នៅខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ​២០២៤​ តាមមាត្រា​៤១​ នៃ​ច្បាប់​​ស្តីពី​​ការ​ប្រឆាំង​អំពើ​ពុករលួយ​​ និង​​ពីបទ សូកប៉ាន់ ប្រព្រឹត្តនៅរាជធានីភ្នំ​ពេញ កាលពី​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៥ តាម​មាត្រា៣២ នៃ​ច្បាប់ស្តីពី​កា​រប្រឆាំ​អំពើ​ពុក​រលួយ និង​មាត្រា​៦០៥ នៃក្រម​ព្រហ្មទណ្ឌ។

ដីការបស់សាលាដំបូង​ខេត្ត បាន​គូសបញ្ជាក់ថា៖ «បង្គាប់ឱ្យ​ប្រធាន​ពន្ធនាគារ​ខេត្ត​សៀមរាប ​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​ជា​បណ្តោះ​អាសន្ន​ឱ្យ​បាន​សម្រេច​តាម​ដីកា​បង្គាប់​នេះ»។

លោក សម្បត្តិ កុសល ជាអតីត​ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ ត្រូវ​បានក្រសួង​មហាផ្ទៃ ផ្ទេរតួនាទី​​ទៅ​នាយកដ្ឋានវិទ្យុទាក់ទងវិញ កាលពីអំឡុង​ខែ​មេសា ឆ្នាំ២០២៥ បន្ទាប់ពីមាន​ការ​រិះគន់ថា ភរិយា​លោ​ក​ផ្កាយ​១​រូប​នោះ ខ្ចី​លុយ​មិនសង ​ហើយប្តឹង​ម្ចាស់​បំណុល​​​រហូត​ជាប់​គុក​ទៀត។

បើតាម​ប្រវត្តិរឿង ​អ្នក​ស្រី ចិន ស្រីដា បាន​ឱ្យ​លុយ​ភរិយា លោក សម្បត្តិ កុសល ខ្ចី​ ចំនួន ២ម៉ឺន​ដុល្លារ ប៉ុន្តែ​នៅ​ពេល​​ម្ចាស់លុយទារលុយវិញ បែរ​ជា​ឈ្មោះ សម្បត្តិ កុសល​ ប្តឹង​​ម្ចាស់លុយទៅតុលាការ​ខេត្តសៀមរាប ចោទ​ពីបទបរិហាហែក​​កេរ្តិ៍ រហូតតុលាការខេត្តនេះ កាត់ឱ្យលោក សម្បត្តិ កុសល ឈ្នះក្តី និងបង្គាប់ឱ្យឃុំខ្លួន អ្នកស្រី ចិន ស្រីដា ដាក់ពន្ធនា​គារ និងបង្គាប់ឱ្យសងជំងឺចិត្ត លោក សម្បត្តិ កុសល ចំនួន៤លានរៀល ខណៈដែលលុយ២ម៉ឺនដុល្លារ ដែលភរិយាលោកបានខ្ចី មិនទាន់សង។

យ៉ាងណា ក្រោយបែកធ្លាយរឿងនេះ អ្នកប្រើប្រាស់បណ្តាញសង្គម បានបញ្ចេញប្រតិកម្ម រិះគន់ខ្លាំងៗលើបណ្តាញ​សង្គម ដោយចាត់ទុកថា សេចក្តីសម្រេចរបស់តុលាការខេត្តសៀមរាប ជារឿងអយុត្តិធម៌ធ្ងន់ធ្ងរ បំផុតសម្រាប់អ្នកស្រី ចិន ស្រីដា ដែលជាម្ចាស់បំណុល ។

ក្រោមសម្ពាធរិះគន់នេះ ប៉ុន្មានថ្ងៃក្រោយមក សាលាឧទ្ធរណ៍ខេត្តបាត់ដំបង បានបើកសវនាការបន្ទាន់មួយ ដោយសម្រេចឱ្យអ្នកស្រី ចិន ស្រីដា បាននៅក្រៅឃុំ កាលពីថ្ងៃទី១១ខែមេសា ឆ្នាំ២០២៥ ខណៈម្ចាស់បំណុល​នេះជាជនជាប់​ចោទ ជាប់ពន្ធនាគារប្រ​មាណជាងមួយខែ ។

តាមសាលក្រម​ចោទ​ប្រកាន់ ចុះថ្ងៃទី​១៨ ខែ​​កុម្ភៈ ឆ្នាំ​២០២៥ សាលា​ដំបូង​ខេត្ត​​សៀមរាប ផ្តន្ទា​ទោ​ស​​ជន​ជាប់​​​ចោទ ឈ្មោះ ចិន ស្រីដា ដាក់​​ពន្ធនា​គារ ២ឆ្នាំ និង​បង្គាប់​​ឱ្យ​សំណង​​ជំងឺ​ចិត្ត ​​​ទៅ​ឱ្យ​ដើម​​បណ្តឹង ឈ្មោះ សម្បតិ្ត កុសល ចំនួន ៤លាន​រៀល ក្រោម​​ការ​​ចោទ​ពីបទ គំរាមកំហែង​ហែកកេរ្តិ៍។ ។

បើតាមសាលក្រម​ដដែល អ្នកស្រី ចិន ស្រីដា អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ​សាលា​កន្សែង សង្កាត់ស្វាយ​ដង្គំ ក្រុង​​សៀម​រាប ខេត្តសៀមរាប។

បញ្ហាដដែលនេះ តុលាការ​ខេត្តសៀមរាប កាលពីថ្ងៃទី២១ ខែ​មេសា ឆ្នាំ២០២៥ បានផ្ទេរសំណុំរឿង លោក សម្បត្តិ កុសល ឱ្យទៅអង្គភា​ព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាត់​ការ​ជំនួយ​​វិញ ដោ​​យចា​ត់​ទុក​ថា ពាក្យ​បណ្តឹងរបស់​​លោក សម្បត្តិ កុសល ពាក់​ព័ន្ធ​នឹង​រឿង​ពុក​រលួយ ។

ប្រមាណជា២០ថ្ងៃ​ក្រោយ​មក ​លោក សម្បត្តិ កុសល ត្រូវ​បាន​អង្គភាព​​ប្រឆាំង​​អំពើ​​ពុក​រលួយ ឃាត់​ខ្លួន​នាំទៅ​សាក​សួរ ពោល​គឺ​កាល​ពី​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០២៥ បន្ទាប់​មក​ក៏បា​ន​​បញ្ជូន ​លោក សម្បត្តិ កុសល ទៅ​​តុលាការ​​ខេត្ត​សៀម​រាប​វិញ។

បើតាមការរកឃើញរបស់អង្គភាពប្រឆាំងអំពើ​ពុក​រលួយ លោក ​សម្បត្តិ កុសល មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ករណីពុ​ក​រលួយ ដែល​ករណី​នេះ ​តុលាការ​​ខេត្ត​សៀម​រាប ​សម្រេច​​ឃុំ​ខ្លួន​ លោក សម្បតិ្ត កុសល​ នៅ​ព​ន្ធនាគារ ក្រោម​កា​រ​​ចោទ ៣បទល្មើស រួមមាន​ «ប៉ុនប៉ងសូកប៉ាន់» «ប្តឹងបរិហារ​ដោយ​ភូត​កុហក» និង«​សូកប៉ាន់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ