វប្បធម៌ច្រានចោល មិនទទួលស្គាល់ការពិត ដើម្បីកែលម្អសង្គម ត្រូវបានគេមើលឃើញថា កំពុងរីករាលដាលពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ដែលឆ្លុះបញ្ចាំងថា រដ្ឋាភិបាលគ្រួសារហ៊ុន គ្មានចេតនាចង់កែលម្អកំហុស ដើម្បីវិលទៅរកផ្លូវត្រូវវិញនោះទេ ដែលថានេះជាសញ្ញានៃមហន្តរាយជាតិ។
ក្តីបារម្ភនេះ ខណៈប៉ុន្មានថ្ងៃទៅនេះ ក្រសួងបរិស្ថានរងការរិះគន់យ៉ាងចាស់ដៃពីមហាជន ជុំវិញសារគំរាមចាត់វិធានការលើសកម្មជនព្រៃឈើ លោក ម៉ា ចិត្រា ដែលគាត់បង្ហោះរូបភាពបទល្មើសចេញពីតំបន់ការពារព្រៃព្រះរការ ក្នុងខេត្តព្រះវិហារ ដែលភាគីមន្ត្រីចោទថា ការបង្ហោះនោះជាការផ្សព្វផ្សាយព័ត៌មានមិនពិត មានចេតនាញុះញង់ បម្រើឱ្យផលប្រយោជន៍បក្សប្រឆាំង ទាំងខ្លួនមិនទាន់បានធ្វើការស៊ើបអង្កេតរកការពិតនៅឡើយ។
ករណីថ្មីនេះ ដូចគ្នានឹងករណីច្រើនទម្រង់ទៀត ដែលមន្ត្រីស្ទើរគ្រប់ក្រសួងបានបដិសេធ ទៅការរកឃើញពីអំពើពុករលួយខ្ពស់របស់កម្ពុជា ឧក្រិដ្ឋកម្មអនឡាញ អំពើឆបោក ការរកឃើញសែស្រឡាយគ្រួសារហ៊ុន គឺឧកញ៉ា ហ៊ុន តូ ជាប់ពាក់ព័ន្ធយ៉ាងជ្រៅជាមួយឧក្រិដ្ឋជនគ្រឿងញៀន និងបទឧក្រិដ្ឋលាងលុយកខ្វក់ រួមទាំងការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធក្តី។
ជុំវិញបញ្ហានេះ ក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថានខេត្តព្រះវិហារ កាលពីថ្ងៃទី១០ ខែឧសភា បានចេញសេចក្តីបំភ្លឺព័ត៌មាន បដិសេធករណីផ្សព្វផ្សាយព័ត៌មានមិនពិត និងមានចរិតញុះញង់បង្កបញ្ហានានាក្នុងសង្គម ជុំវិញការចុះផ្សាយដោយយោងប្រភពពី លោក ម៉ា ចិត្រា ពាក់ព័ន្ធការទម្លាយបទល្មើសបន្តកើតឡើង ក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការ ក្នុងខេត្តព្រះវិហារ។
ប្រភពនោះអះអាងថា បានចុះផ្សាយព័ត៌មានដោយគ្មានមូលដ្ឋានច្បាស់លាស់ ប្រើព័ត៌មានចាស់ រូបភាពចាស់ មានចរិតញុះញង់ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំនិងស្ថាប័ន។
លើសពីនេះ ក្រសួងថា លោក ម៉ា ចិត្រា តែងតែចូលធ្វើសកម្មភាព ក្នុងតំបន់ការពារដោយគ្មានច្បាប់អនុញ្ញាត បានបង្កើតព័ត៌មានមិនពិត មានចេតនាញុះញង់ ប៉ុនប៉ង និងបង្កឱ្យមានបញ្ហាសណ្តាប់ធ្នាប់ក្នុងសង្គម ដើម្បីបម្រើឱ្យនយោបាយរបស់ក្រុមអគតិក្រៅច្បាប់នៅក្រៅប្រទេស ទាំងក្រសួងមិនទាន់បានបើកការស៊ើបអង្កេតប្រកបដោយការជឿទុកចិត្តនៅឡើយ។
បញ្ហានេះ តំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោក សួន សូរីដា ប្រាប់VODនៅថ្ងៃទី១២ ខែឧសភានេះថា ការបដិសេធរបស់ក្រសួងបរិស្ថាន មិនឆ្លុះបញ្ចាំងពីការទទួលខុសត្រូវចំពោះជោគវាសនាព្រៃឡង់ទេ។
លោកថា ជាទម្លាប់មន្រ្តីរដ្ឋាភិបាល មិនថាក្រសួងមួយនេះទេ រួមទាំងការរំលោភសិទ្ធិមនុស្ស សិទ្ធិដីធ្លី ករណីរកឃើញបទឧក្រិដ្ឋចាប់ជំរិត ជាដើម ពួកគេតែងតែចេញមុខបដិសេធភ្លាម ដោយមិនខ្វល់ថា ពិតឬមិនពិតនោះទេ។
លោកអះអាងថា វប្បធម៌បដិសេធនេះ ឆ្លុះបញ្ចាំងកាន់តែច្បាស់ថា ក្រសួងបរិស្ថានដែលជាសេនាធិការបក្សកាន់អំណាច ព្យាយាមបិទបាំងបទល្មើសព្រៃឈើ និងការពារក្រុមឧក្រិដ្ឋជន។
សម្រាប់ លោក សូរីដា វប្បធម៌នេះ សម្បត្តិជាតិនឹងធ្លាក់ក្នុងដៃក្រុមគ្រួសារអ្នកមានអំណាច និងអ្នករកស៊ីខិលខូច រីឯពលរដ្ឋខ្មែរទៅទាំងប្រទេសក្លាយជាជនរងគ្រោះ ពីប្រព័ន្ធនេះ ។
លោកថា៖ «ការប្រកែករបស់រដ្ឋាភិបាល ឬក៏ដាក់បម្រាមបទបញ្ជាក្នុងការហាមឃាត់មិនឲ្យសកម្មជនបរិស្ថានចូលទៅក្នុងព្រៃឧទ្យានជាតិ និងគឺដើម្បីទី១ គឺដើម្បីបិទបាំងនូវការឃុបឃិតនៃមន្ត្រីជំនាញរបស់ខ្លួន ជាមួយនឹងឈ្មួញទុច្ចរិតក្នុងការកាប់បំផ្លាញព្រៃឈើ ដើម្បីបានផលជាលុយកាក់ដាក់ហោប៉ៅហ្នឹងទី១។ ទី២ វាឆ្លុះបញ្ចាំងអំពីចរិតមិនកែរបស់រដ្ឋាភិបាល នៅពេលដែលមានសំឡេង ឬក៏ប្រភពព័ត៌មានចេញមកមិនល្អនៃការដឹកនាំរបស់ខ្លួន តែងតែប្រកែកបដិសេធរាល់ព័ត៌មានទាំងអស់នោះ»។
ប្រហែលគ្នានេះដែរ សកម្មជនចលនាមាតាធម្មជាតិ អ្នកស្រី ស៊ុន រដ្ឋា និយាយថា បើមន្រ្តីរដ្ឋាភិបាលចេះ ត្រឹមបដិសេធគ្រប់រឿងបែបនេះ សង្គមជាតិគ្មានថ្ងៃរីកចម្រើនទេ ដែលនាំទៅដល់គ្រោះថ្នាក់ដល់បរិស្ថាន សង្គម និងពលរដ្ឋជាម្ចាស់ប្រទេស។
អ្នកស្រីថា៖ «បើសិនជាការបំផ្លាញធនធានធម្មជាតិ នៅតែបន្តកើតមានហើយ មន្ត្រីរដ្ឋាភិបាលនៅតែបន្តបដិសេធបែបហ្នឹងមិនយូរទេ ធនធានធម្មជាតិប្រទេសកម្ពុជាយើងនឹងវិនាស មិនយូរទេយើងនឹងលែងស្គាល់អ្វីទៅជាព្រៃឈើអ្វីទៅជាឈើប្រណិតឈើល្អ ដែលខ្មែរយើងធ្លាប់មានពីមុនមក មិនយូរទេពាក្យដែលតែងតែនិយាយ ប្រទេសកម្ពុជាតូចតែសម្បូរទាំងអស់ហ្នឹង វានឹងរលាយសាបសូន្យបន្តិចប្ដូរបន្ដិចម្ដងលែងមានដល់កូនចៅជំនាន់ក្រោយ»។
អាខោនហ្វេសប៊ុកឈ្មោះថា អាន់ ស្រីអូន រិះគន់ថា ខ្លួនពិតជាមានអារម្មណ៍សោកស្ដាយ ដែលមានថ្នាក់ដឹកនាំមានចរិតបែបនេះ។
ប្រភពនោះអះអាងថា វប្បធម៌បានដិសេធតាំងពីកម្ពុជា សម្បូរព្រៃឈើ រហូតព្រៃឈើរលាយជិតអស់ នៅតែមិនទទួលយកការពិតទៀត។
ហ្វេសប៊ុកឈ្មោះថា ហេង ស្រស់ និយាយថា ព្រៃឈើរលាយជិតអស់ហើយ ចុះទៅបើកភ្នែកមើលខ្លះទៅ កុំអង្គុយតែច្រានចោល ហើយព្រៃឈើកាន់តែហិនហោចទៅៗនោះ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ផ្ញើសារប្រាប់VODតាមប្រព័ន្ធតេឡេក្រាមថា កិច្ចការការពារធនធានធម្មជាតិ ចាំបាច់ត្រូវការចូលរូមពីគ្រប់ភាគី ដើម្បីថែរក្សាព្រៃឈើ ក្នុងនោះសហគមន៍តំបន់ការពារ ត្រូវសហការជាមួយមន្រ្តីមានសមត្ថកិច្ច ដើម្បីរាយការណ៍ពីបទល្មើសព្រៃឈើ។
កន្លងទៅ ខុទ្ទការល័យ លោក ហ៊ុន ម៉ាណែត ក៏ធ្លាប់ចេញលិខិតបដិសេធថា លោក ហ៊ុន ម៉ាណែត មិនជាប់ពា់កព័ន្ធនៅពីក្រោយក្រុមហ៊ុនឆបោកប្រ៊ីលានស៊ីធី របស់អ្នកស្រី ឡេង ចាន់ណា ដូចអ្នកស្រី ឡេង ចាន់ណា លើកឡើងដែរ ខណៈក្រុមឆបោកនោះ មានជនរងគ្រោះប្រមាណជា៧ពាន់គ្រួសារ ។
តែការបដិសេធពេលនោះ ខុទ្ទការល័យនាយករដ្ឋមន្ត្រី មិនបានបង្ហាញពីការចុះស៊ើបអង្កេតណាមួយ ត្រូវធ្វើឡើងដើម្បីសំអាងលើការបដិសេធនេះទេ ក្រៅពីក្រដាសបដិសេធមួយសន្លឹកនោះ។
ដូចគ្នានេះដែរ ក្នុងពិធីប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងរាជធានីភ្នំពេញ កាលពីខែធ្នូ ឆ្នាំ២០២៤ លោក ហ៊ុន ម៉ាណែត និយាយថា ដើម្បីទប់ស្កាត់ព័ត៌មានដែលលោកថា ក្លែងក្លាយ លោកបញ្ជាឱ្យក្រសួងពាក់ព័ន្ធត្រូវចេញលិខិតបដិសេធឱ្យបានលឿន។
ប៉ុន្តែលោកទទួលស្គាល់ថា ការបកស្រាយរបស់ស្ថាប័នរដ្ឋមិនសូវមានអ្នកមើលទេ តែព័ត៌មានដែលលោកថាក្លែងក្លាយអ្នកមើលខ្ទង់លាននាក់។
លោកថា៖«ប៉ុន្តែអាព័ត៌មានដែលគាត់បំផ្លាញ គាត់បង្ហាញអាក្រក់នេះ គឺមនុស្សរាប់លាននាក់ មើលដល់យើងបានព័ត៌មានពិតមនុស្សបានជាងមួយម៉ឺនពីរពាន់នាក់ យើងត្រូវបង្កើនបញ្ហានេះ»។
ដោយឡែក ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំអូស្រ្តាលី លោក ស៊ឹង សែនករុណា និយាយថា វប្បធម៌ច្រានចោល ឬវប្បធម៌បដិសេធរបស់រដ្ឋាភិបាលកម្ពុជា និងបង្កហានិភ័យធ្ងន់ធ្ងរដល់សង្គមជាតិ។
លោកថា ការមិនទទួលស្គាល់ការពិតពីបទល្មើសព្រៃឈើដែលសកម្មជនរកឃើញ ហាក់ឆ្លុះបញ្ចាំងកាន់តែច្បាស់ថា មន្រ្តីរដ្ឋាភិបាលកំពុងលាក់បាំងទង្វើគប់គិតជាមួយជនល្មើសបំផ្លាញព្រៃឈើកម្ពុជា។
លោកថា៖ «ខ្លួនដែលជាអ្នកមន្ត្រីពាក់ព័ន្ធទទួលខុសត្រូវ និងការពារមិនបានហើយ មិនឲ្យគេការពារទៀត យើងឃើញហើយ គឺការបដិសេធការលើកឡើងជារឿយៗ ពីមន្ត្រីពាក់ព័ន្ធពីស្ថាប័នក្រសួងពាក់ព័ន្ធទាំងអស់ អំពីរឿងបញ្ហាព្រៃឈើប៉ុន្តែយើងមើលព្រៃឈើបានថែរក្សាគង់វង្សទេ ហើយផ្ទុយទៅវិញ គឺហិនហោចពីមួយឆ្នាំទៅមួយឆ្នាំ គឺកាន់តែហិនហោចទៅហិនហោចទៅ បទឧក្រិដ្ឋកម្មព្រៃឈើនៅតែបន្តកើតមានឡើង អាហ្នឹងគឺបញ្ជាក់យ៉ាងច្បាស់ហើយថាក្រសួងពាក់ព័ន្ធនៅគឺអសមត្ថភាពខ្លួនឯង មិនបានអនុវត្តតួនាទីឲ្យបានត្រឹមត្រូវ អាហ្នឹងគឺជាការទទួលខុសត្រូវទៅរងទទួលការថ្កោលទោសពីប្រជាពលរដ្ឋ»។
កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ម៉ុងហ្គាបេ (Mongabay) ធ្លាប់បង្ហាញពីការរកឃើញការបំផ្លាញព្រៃឈើក្នុងប្រទេសកម្ពុជា ទ្រង់ទ្រាយធំដែលពាក់ព័ន្ធក្រុមហ៊ុន និងឧកញ៉ាមួយចំនួនដែលគេស្គាល់ថាស្និទ្ធនឹងរដ្ឋាភិបាល។
យោងតាមរបាយការណ៍ស្រាវជ្រាវ និងការវិភាគលើរូបភាពផ្កាយរណបពីបរទេស ដែលចេញផ្សាយដោយម៉ុងហ្គាបេ កាលពីខែមេសា ឆ្នាំ២០២៤ ប្រទេសកម្ពុជាបានបាត់បង់ព្រៃឈើក្នុងឆ្នាំ២០២៣ ប្រមាណជាង ១២ម៉ឺនហិកតា ( ១២១ ០០០ហិកតា)។
បើតាមប្រភពនេះ ការបាត់បង់ ដោយសារតែការរកស៊ីវិនិយោគ ដូចជា អាជីវកម្មរ៉ែមាស និងរ៉ែដែក ការធ្វើទំនប់វារីអគ្គិសនី និងការកាប់ឈើខុសច្បាប់ជាច្រើន ក្នុងនោះ មានជាងពាក់កណ្តាលជាព្រៃឈើ ដែលស្ថិតក្នុងតំបន់ការពារដែនជម្រកសត្វព្រៃឡង់។
ម៉ុងហ្គាបេដែលជាកាសែតអនឡាញរបស់អាមេរិក ផ្តោតលើបញ្ហាបរិស្ថាន បានអះអាងទៀតថា ការបាត់បង់ព្រៃឈើនៅតំបន់ព្រៃឡង់ក្នុងឆ្នាំ២០២៣ គឺដោយសារការពង្រីកអណ្តូងរ៉ែមាសគ្រប់គ្រងដោយចិន និងការបើកអណ្តូងរ៉ែដែក ដែលជាកម្មសិទ្ធិរបស់ឈ្មួញឈើអ្នកឧកញ៉ា ទ្រី ភាព។
តាមម៉ុងហ្គាបេដដែល ក្រុមហ៊ុនដាំដើមឈើ Think Biotech និងក្រុមហ៊ុន Angkor Plywood ក៏មានចំណែកបំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ដែរ។
រីឯការរិចរិលព្រៃឈើក្នុងដែនជម្រកសត្វព្រៃបឹងពែរក្នុងឆ្នាំ២០២៣ គឺដោយសារការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ សម្រាប់បើករោងចក្រកែច្នៃស្វាយចន្ទីឈ្មោះ សានតាណា អាហ្គ្រោ (Santana Agro Factory)។ តែការពិតជាក់ស្តែង រោងចក្រនេះ ដំណើរការដើម្បីបិទបាំងការកាប់ព្រៃឈើខុសច្បាប់ប៉ុណ្ណោះ៕









