សារលើក្រដាសប្រាក់«អំណាចហ៊ុន តត្រកូល ខ្មែរថ្ងូរតជំនាន់​»​​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​សង្កាត់​ចោម​ចៅ

ពលរដ្ឋបាន​អះអាង​ថា ក្រដាស​ប្រាក់​ប្រភេទ​ ៥០០រៀល​ និង​១០០០​រៀល មាន​សរ​សេរ​អក្ស​រ​ថា «អំណាច​ហ៊ុន តត្រកូល​ ខ្មែរ​ថ្ងូរ​តជំនាន់» រាប់​សិប​សន្លឹក ត្រូវ​​អ្នក​ភូមិ​ជម្ពូវ័ន សង្កាត់​ចោម​ចៅ ជាយ​រាជធានី​ភ្នំពេញ រើស​បាន នា​ថ្ងៃ​ទី​១៣​ខែ​ឧសភា​នេះ។

ប្រភពសុំមិនបញ្ចេញ​ឈ្មោះ បាន​ប្រាប់​VOD​ថា ពលរដ្ឋ​នៅ​ជម្ពូវ័ន​មួយ​ចំនួន ទទួល​បាន​ក្រដាស​ប្រាក់​ដែល​មាន​សរ​សេរ​​អក្សរ​​ថា អំណាច​ហ៊ុន តត្រកូល ខ្មែរ​ថ្ងូរ​តជំនាន់ នេះ ប៉ុន្តែ​ថា​ពួក​គេ​មិន​បាន​ដឹ​ង​ថា​ក្រដាស​ប្រាក់​ដែល​មាន​សរ​សេរ​សារ​នេះ ចេញ​ពី​ប្រភព​ណា​ពិត​ប្រាកដ​ទេ។

ជិត១ខែទៅនេះ គេសង្កេតឃើញមានចរន្ត​ធ្វើយុទ្ធការ​ក្រដាស​ប្រាក់​រៀល ដែល​មាន​សរ​សេរ​អក្សរ​បែប​នេះ ត្រូវ​ពលរដ្ឋ​អះ​អាង​ថា បា​ន​ប្រទះ​ឃើញ​នៅ​ភ្នំពេញ ខេត្ត​កំពង់ចាម និងខេត្ត​កំពង់​ធំ។

លើស​ពីនេះ អតីត​មេដឹកនាំ​គណបក្ស​​ប្រឆាំង លោក សម រង្ស៊ី ក៏​​បាន​​បង្ហាញ​​ក្រដាស​​ប្រាក់​​ដែល​​មាន​​សរសេរ​​សារ​​រំលេច​​​អត្ថ​​ន័​យ​​​ពី​គ្រោះ​ថ្នាក់​​នៃ​​​ការ​​ដឹកនាំ​​គ្រួសារ​​ហ៊ុន​​នេះ​​​ដែរ។

បើតាម​ លោក សម រង្ស៊ី និយាយ​លើហ្វេសប៊ុករបស់​លោក កាល​ពី​ថ្ងៃទី​១​ខែ​​ឧសភា ក្នុង​​ន័យ​​ដើម​​ថា គេប្រទះ​ឃើញ​​ក្រដាស​​​ប្រាក់​រៀល​ជា​ច្រើន​សន្លឹក ដែល​មាន​សរសេរ​អក្សរ «អំណាចហ៊ុនតត្រកូល ខ្មែរថ្ងូរតជំនាន់» បាន​ចែក​ចាយ​ទៅ​តាម​ខេត្ត​មួយ​​ចំនួន​ ​និង​តាម​ស្រុក​ឃុំ​​មួយ​​ចំនួន​​ក្នុង​ប្រទេស​កម្ពុជា។

លោកថា ក្រដាសប្រាក់រៀលខ្លះ​ទៀត ក៏​មាន​សរ​សេរ​អក្សរ ត្រូវ​​រឹប​​អូស​ផ្ទះ​​និង​​ទ្រព្យ​​សម្បត្តិ​​របស់​​ឧកញ៉ាបោក​ប្រាស់​មក​សង​លុយ​ពលរដ្ឋ​វិញ។ ផលិត​ផល​កសិកម្ម​ថោក គ្មាន​ទីផ្សារ សៀម​យក​កោះគុត ប្រាសាទតាមាន់​​តូច ប្រាសាទ​តាមាន់​​​ធំ ប្រាសាទ​តាក្របី ឯ​យួន​​យ​ក​កោះ​ត្រល់​និង​ទឹក​ដី​តាម​ព្រំដែន ជាដើម។

សម្រាប់ លោក សម រង្ស៊ី យុទ្ធនាការនេះ ផុស​​ចេញ​ពី​ឆន្ទៈ​​របស់​​ពលរដ្ឋ​​ខ្មែរ ដែល​​រង​​ភាព​អយុត្តិធម៌​​ក្រោម​ការ​​ដឹក​នាំ​របស់​​​​ត្រកូល​​ហ៊ុន។

យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ធ្លាប់​អះអាង​ថា បក្ស​កាន់​អំណាច​មិន​បារម្ភ​ពី​ការ​ធ្វើ​យុទ្ធនា​ការ​លើ​ក្រដាស​ប្រាក់​រៀល​ ដែល​មាន​សរសេរ​អក្សរ​ថា អំណាចហ៊ុន តត្រកូលខ្មែរថ្ងូរ តជំនាន់​នេះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ