អ្នកចាញ់បោកអតីត​ឧកញ៉ា ហ៊ី គឹម​ហុង ស្លាប់​កើន​ដល់​២៦​នាក់​ក្រោម​វិបត្តិ​​បំណុល

ក្រុមជនរងគ្រោះ អះ​អាង​ថា អ្នក​ចាញ់​បោក​ក្រុម​ហ៊ុន​ពិភព​ដី​មាស​ម្នាក់​ទៀត បាន​ស្លាប់ ដោយ​សារ​វិបត្តិ​បំណុល ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់ កើន​ដល់​២៦​នាក់ ដែល​នេះ​ក្លាយ​ជា​ក្តី​បារម្ភ​ពី​ចរន្ត​ងើបត​វ៉ា​ទ្រង់​ទ្រាយ​ធំ ដើម្បី​ទាម​ទារ​យុត្តិធម៌ បើ​រដ្ឋាភិបាល​មិន​ពន្លឿន​យន្ត​ការ​ដោះ​ស្រាយ​ឱ្យ​បានទាន់​ពេល​ទេ​នោះ។

ជនរងគ្រោះម្នាក់ អ្នក​ស្រី ដោក ហើន ប្រាប់​VOD​នៅថ្ងៃ​ទី​១៣ ខែ​ឧសភា​នេះ​ថា គាត់​ចាញ់បោក​​ក្រុម​ហ៊ុន​ពិភព​ដី​មាស​ជិត​ ២ម៉ឺន​ដុល្លារ ដែល​ជា​លុយ​ខ្ចី​ធនាគារ​ធ្វើ​ឱ្យ​ប្រឈម​វិបត្តិ​បំណុល​វ័ណ្ឌក។

បើតាមអ្នកស្រី ដោក ហើន ក្រោយ​ចាញ់​បោក​ក្រុម​ហ៊ុន​នេះ ប្តី​គាត់​បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ធ្ងរ​ប្រឈម​នឹង​សេច​ក្តី​ស្លាប់ ដោយ​សារ​គ្មាន​លុយ​ព្យាបាល​ជំងឺ ដែល​គាត់​ទាម​ទារ​ឱ្យ​រដ្ឋាភិ​បាល​ជួយ​​រក​​យុត្តិ​ធម៌ ដើម្បី​បាន​សំណង​មក​វិញ។

អ្នកស្រីថា៖ «ជាប់បំណុល​គេ​រហូត​មក លោក​គ្រូ!​គាត់​បាក់​ទឹក​ចិត្ត​ម៉ង​លោក​គ្រូ! គាត់​បាក់​ទឹក​ចិត្ត​អាណិត​ណាស់។ ខ្ញុំ​ថា​ គាត់​កុំ​ពិបាក​ចិត្ត​អី​ណា គាត់​ណា! គាត់​អើយ! គា​ត់​ឯង​គិត​ជីវិត​គាត់​ឯង​ចុះ! អត់អី​ទេ​ណា​គាត់​ណា។ គាត់​បាក់​​ទឹក​ចិត្ត​តាំង​ពី​ហ្នឹង​មក លោក​គ្រូ! ខ្ញុំ​ចេះ​តែ​ថា គាត់​អើយ​ឱ្យ​ជា​ទៅ ដើរ​ទៅ​លេង​កំពង់​សោម ចេះ​តែ​និយាយ​លួង​ទឹក​ចិត្ត។ គាត់​ថា គាត់​មិន​ដែល​ជំពាក់​គេ​ដល់​ថ្នាក់​ហ្នឹង វា​ដល់​រាប់​ម៉ឺន! គាត់​និយាយ​អ៊ីចឹង​ណា! មិន​ដែល​បាន​លុយ ១ម៉ឺន​កាន់​ផង រួច​យក​លុយ​ទៅ​ឱ្យ​គេ គាត់​នឹក​តែ​ខ្លួន​ឯង​អ៊ឺចឹង​ណា មិន​ដែល​ស្គាល់​លុយ​រាប់​ម៉ឺន​ផង បែរយក​លុយ​មក​អត់​បាន​ចាយ បែរ​ជា​យកលុយ​ឱ្យ​គេ»

ជនរងគ្រោះម្នាក់ទៀត លោក ប៊ុន ធឿន ប្រាប់ថា មក​ទល់ពេ​ល​នេះ​មាន​អ្នក​ស្លាប់​កើន​ដល់​ ២៦​នាក់​ហើយ ក្នុង​នោះ​​មាន​ខ្លះ​ធ្វើ​អត្តឃាត និង​ស្លាប់​ដោយ​សារ​គ្មាន​លុយ​ទៅ​ពិនិត្យ​ជំងឺ​នៅមន្ទីរ​ពេទ្យ។

បើតាមជនរងគ្រោះ​ចាញ់បោក​ចំនួន ២ម៉ឺន​ដុល្លារ​រូប​នេះ បញ្ជាក់​ថា ការ​ជឿជាក់​យក​លុយ​ទៅ​វិនិ​យោគ​ក្នុង​ក្រុម​ហ៊ុន​ពិភព​ដីមាស​នេះ ដោយ​សារ​តែ​ឃើញ​ក្រុម​ហ៊ុន​ទទួល​ស្គាល់​ពី​ស្ថាប័ន​រដ្ឋ តែ​លោក​ថា​ពេល​មាន​អំពើ​ឆបោក​ បែរ​ជា​រដ្ឋាភិបាល​មិន​អើពើ​រក​យុត្តិធម៌​ទៅ​វិញ។

លោកថា៖ «អ្នកស្លាប់ខ្ទង់ ចូល២៦នាក់​ហើយ! ដោយ​សារ​បញ្ហាទី​១​សំខាន់ ឈឺ​អត់​មាន​លុយ​មើល បញ្ហា​រឿង​ជាប់​គាំង​តែ​រឿង​លុយ​ហ្នឹង​ទេ។ បើសិន​មាន​លុយ​មើល​ខ្លួន​ជា​ហើយ ប៉ុន្តែ​វា​អត់​មាន​លុយ។ អ្នក​ខ្លះ​ទៀត​គាត់​ធ្វើ​អត្តឃាត​ចង​កសម្លាប់​ខ្លួន ធ្វើ​សកម្មភាព​ផ្សេងៗ គាត់​ទាល់ គាត់​អត់! ធនាគារ​មក​ទារ​ដាក់​សម្ពាធ គាត់​ភ័យ​ជួន​កាល​គាំង​បេះ​ដូង​​ស្លាប់ក៏​មាន។ បើ​ច្បាប់​មិន​ដោះ​ស្រាយ​ឲ្យ អ្នក​ស្លាប់​បន្ដ។ អ្នក​ឈឺ នឹង​ស្លាប់​ទាល់​តែ​អស់ ១ពាន់​នាក់​ជាង ស្លាប់​ទាំង​អស់​ហ្នឹង។មិន​មែន​ស្លាប់សោយ​សារ​ឈឺ​រ៉ាំរ៉ៃ ដោយ​សារ​ជំងឺ​ទេ អ្នក​ខ្លះ​ឈឺបាក់​ទឹក​ចិត្ត​អត់​លុយ​អ្នក​ខ្លះ​ឈឺ អត់​មាន​​លុយ​កាក់​មើល​ជីវភាព​ហូប​ចុក​ក៏​បាត់​បង់​ច្រើន ងាប់​តែ​ទាំង​អស់​ហ្នឹង»។

ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះ​ជាតិ លោក អ៊ុំ សំអាន មើល​ឃើញ​ថា បើ​រដ្ឋាភិបាល​នៅ​តែ​ស្ងៀម​ស្ងាត់​មិន​រក​ដំណោះ​ស្រាយ​ឱ្យ​ជន​រង​គ្រោះ ដែល​កំពុង​ជួប​វិបត្តិ​បំណុល​ធ្ងន់​ធ្ងរ​បាន​ទេ នោះ​រលក​តវ៉ា​ទ្រង់​ទ្រាយ​ធំ​នឹង​កើត​មាន​ក្នុង​ពេល​ណា​មួយ​មិន​ខាន។

លោកថា៖ «អាចប្រជាពលរដ្ឋអ​ត់​ទ្រាំមិន​បាន ហើ​យ​ក្រពះ​គាត់​អត់​ដើរ អាហ្នឹង​មនុស្ស​យើង​លែង​ខ្លាច​ស្លាប់ អាច​គាត់ងើប​ឡើង​ស្រុះ​គ្នា​ធ្វើ​បាតុកម្ម​ផ្អើល​ទីក្រុង​ភ្នំពេញ​ហ្នឹង ហើយ​អាច​ឈាន​ទៅ​ដល់​បាតុកម្ម​ទម្លាក់​មេដឹកនាំ​​ប្រទេស ពី​ការ​កាន់​អំណាច​ផង​ដែរ ដោ​យ​សា​រតែ​មេដឹកនាំ​ប្រទេស​ហ្នឹង គប់​គិត​ជាមួយ​ឧកញ៉ា​ហ្នឹង​ មិន​ព្រម​ឲ្យ​តុលាការ​ហ្នឹង ចាត់​ការ​ទៅ​លើ​ឧកញ៉ា និង​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​ឧកញ៉ា​ហ្នឹង យក​មក​សង​ប្រជា​រាស្ត្រ ដូច្នេះ​ប្រជាពលរដ្ឋ​នៅ​ពេល​ទឹក​ដល់​ច្រមុះ​ហើយ គាត់​ប្រាកដ​ជា​លែង​ខ្លាច​ស្លាប់ អាច​នឹង​ចេញ​តវ៉ា​ទ្រង់​ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស​ហើយ»។

អ្នកឯកទេសផ្នែកសង្គម គោលនយោបាយ និង​សេដ្ឋកិច្ច លោក ឌី គន្ធា និយាយ​ថា ការ​អូសបន្លាយ​ពេល​មិ​ន​ដោះ​ស្រាយ​ទុក្ខ​លំបាក​ក្រុម​ជន​រង​គ្រោះ ដោយ​សារ​អំពើ​ឆបោក​ពី​ក្រុម​ហ៊ុន​ឆបោក បង្ហាញ​ថា កម្ពុជា​ជា​ប្រទេស​ដែល​គ្មាន​នីតិ​រដ្ឋ​ពិត​ប្រាកដ​នោះទេ​។

លោកថា៖ «វាឆ្លុះបញ្ចាំងថា វាជាភាពចន្លោះ​ប្រហោង និង​ភាព​គេច​វេស ឬ​ក៏​ភាព​មិន​ទទួល​ខុស​ត្រូវ​ដែល​មើល​ឃើញ​បញ្ហា​ហើយ ហើយ​ច្បាប់​ជាតិ​ផ្សេងៗ​មា​នស្រាប់​ហើយ មិ​ន​បាន​យក​ច្បាប់​ហ្នឹង​យក​ទៅ​អនុវត្ត​ឲ្យ​ស្មើ​ភាព​គ្នា ដើម្បី​ស្វែង​រកយុត្តិ​ធម៌​សង្គម​ជូន​គ្រួសារ​រង​គ្រោះ​ជា​អ្នក​ទិញ ជួល​អចលន​ទ្រព្យ​ហ្នឹង! វា​ស្មើនឹង​ប្រទេស​មួយ​គឺ​គ្មាន​នី​តិ​រដ្ឋ​ទេ ឬ​គ្មាន​ច្បាប់​ពេញ​លេញ​បរិបូរណ៍ ​ឬ​ប្រទេស​មួយ​ដែល​គ្មាន​ប្រព័ន្ធ​យុត្តិធ​ម៌​សង្គម»។

ជុំវិញរឿងនេះ VODមិនអាចសុំការឆ្លើយតប​ពី លោក សេង ឌីណា អ្នក​នាំពាក្យ​ក្រសួង​យុត្តិ​ធម៌បាន​ទេ​នៅ​ថ្ងៃ​នេះ ដោយ​គ្មាន​អ្នក​ទទួល​ទូរសព្ទ។

អតីតឧកញ៉ា ហ៊ី គឹមហុង ត្រូវបានចាប់ខ្លួនកាលពីខែ​សីហា ឆ្នាំ​២០២៣ ពីបទ​ឆបោក​ពលរដ្ឋ​ តែ​៤​ខែ​ក្រោយ​មក ពោល​គឺ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ តុលាការ​ដោះ​លែង​វិញ ក្រោយ​ជន​ឆបោក​រូប​នេះ ​សន្យា​រក​លុយ​សង​ជន​រង​គ្រោះ​វិញ តែ​ពេល​បាន​នៅ​ក្រៅ​ឃុំ​លោក​មិន​គោរព​សន្យា​នោះ​ទេ​។

ជាការកត់សម្គាល់ ក្នុងអាណត្តិដឹកនាំ​របស់ លោក ហ៊ុន មាណែត ជិត​២ឆ្នាំ​ទៅ​នេះ មាន​ករណីបោក​ប្រាស់​ធំៗ​ជាច្រើន​​បាន​ផ្ទុះ​ឡើង ក្រោម​ដៃ​ឧកញ៉ា​ខិល​ខូច​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ជួប​វិបត្តិ​បំណុល​ធ្ងន់​ធ្ងរ​គ្មាន​ការ​ពារ​ពី​ស្ថាប័ន​រដ្ឋ។

ក្នុងនោះ​មាន​ពលរដ្ឋ​យ៉ាងហោច​ណាស់ ៣ម៉ឺន​នាក់ រ​ង​គ្រោះ​ដោយ​សារ​គម្រោង​អចល​ទ្រព្យ ដូច​ជា​ ចាញ់​បោក​អតីត​ឧកញ៉ា ជា សារ៉ន ហ៊ី គឹម​ហុង ឡេង ចាន់ណា ឧកញ៉ា ឡេង ណាវ៉ាត្រា និង​ក្រុម​ហ៊ុន​ភូមិ​ខ្មែរ​គ្រុប​នៅ​ខេត្ត​ស្វាយ​រៀង ជាដើម។

ជុំវិញអំពើឆបោកនេះដែរ តំណាង​ក្រុម​ជន​រ​ង​គ្រោះ​ចាញ់​បោក​ក្រុម​ហ៊ុន​ឆបោក​ទាំង​នោះ បាន​ប្រាប់​VOD​ថា ពួក​គេ​ក៏​កំពុង​បោះដៃ​រក​គ្នា​តវ៉ា​ទ្រង់​ទ្រាយ​ធំ​ក្នុង​សំឡេង​តែ​មួយ​ នៅ​រាជធានីភ្នំពេញ​ នា​ថ្ងៃ​ណា​មួយ បើ​រដ្ឋាភិបាល​នៅ​តែ​មិន​អាច​ដោះ​ស្រាយ​ទុក្ខ​លំបាក​របស់​ពួក​គេ​បាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ