ការចោទ​ប្រកាន់​មិន​​ពិត​លើ​អ្នក​ការពារ​ព្រៃ​​ឈើ​រដ្ឋាភិ​បាល​​នឹង​​បរា​ជ័យ​​គម្រោ​ង​​ស្ដា​រ​​គ​ម្រប​ព្រៃ​ឈើ

សកម្មជនព្រៃឈើ ចាត់​ទុក​លិខិត​បំភ្លឺ​ព័ត៌មាន​របស់​ក្រសួង​បរិស្ថាន ថា​មាន​លក្ខណៈ​គំរាម​កំហែង និង​​ចោ​​ទ​ប្រ​​កាន់​ទៅ​លើ​អ្នក​ដែល​រក​ឃើញ និង​រាយ​ការណ៍​ពី​បទ​ល្មើស​ព្រៃ​ឈើ។

ពួកគេ​ថា ការ​គំរា​​មកំហែ​ង​ស​កម្ម​​​ជន និង​ប្រជា​សហគមន៍​បែប​នេះ គឺ​ស្មើ​នឹង​ការ​បើក​ដៃ​ជា​ប្រយោល​ឱ្យ​​មា​ន​​កា​រ​កា​ប់​បំផ្លា​ញ​ព្រៃ​ឈើ​កា​​ន់តែ​​ច្រើ​​ន ដែល​ឆ្ពោះ​ទៅ​រ​​កភាព​បរាជ័យ​​​នៃ​គម្រោង​ស្ដារ​គ​ម្រប​ព្រៃឈើ​ឱ្យ​​បា​ន​​៦០​​ភាគរយ​នៅ​ឆ្នាំ​២០៥០។

ជ្រុងមួយនៃបញ្ហានេះ បើទោះបី​ក្រសួង​បរិស្ថាន​កម្ពុជា បាន​ដាក់​ចេញ​នូវ​យន្តការ​ផ្សេងៗ ដើម្បី​ការ​ពារ និ​​ង​ស្ដា​​​រព្រៃ​ឈើ ប៉ុន្តែ​​អ្នក​​ចុះ​​ល្បាត និង​រាយ​ការណ៍​ពី​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ បែរ​ក្លាយ​ជា​ក្រុម​គោល​​ដៅ​ដែល​​​ក្រ​សួ​ង​​ចោ​ទ​​ប្រ​កា​ន់ពួ​ក​គេ​ដោយ​ផ្សារ​ភ្ជាប់​នឹង​រឿង​នយោបាយ​ទៅវិញ។

នៅដើមខែ​ឧសភា ឆ្នាំ​២០២៥​នេះ ក្រសួង​បរិស្ថាន ​បាន​ចេញ​លិខិត​បំភ្លឺ​ចំនួន​២​ផ្សេង​គ្នា ច្រាន​ចោ​ល​ការ​រ​ក​ឃើញ​​បទ​ល្មើស​ព្រៃ​ឈើ​របស់​សកម្មជន​ និង​ប្រជា​សហគមន៍ នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រការ និង​​ព្រៃ​ឡង់។

 ក្រៅពីចោទ​អ្នក​ចុះល្បាតព្រៃឈើថា មាន​ចរិត​ញុះ​ញង់ ក្រសួង​បរិស្ថាន ក៏​បាន​ចោទ​ទៅ​លើ​សារព័ត៌​មា​ន​ដូច​​ជា វិទ្យុ​បារាំង វិទ្យុអាស៊ី​សេរី និង​សារ​ព័ត៌មាន​ថ្មី (N3) ថា​ចុះ​ផ្សាយ​ព័ត៌​មាន​មិន​ពិត ដោយ​ដា​​ក់គោ​ល​ដៅ​អ្ន​ក​​ចែ​ក​ចាយ​បន្ត ជា​កម្មវត្ថុ​នៃ​ការ​ស្រាវ​ជ្រាវ​របស់​អាជ្ញាធរ​ផង​ដែរ។

សកម្មជនចលនាមាតាធម្មជាតិ អ្នកស្រី ស៊ុន រដ្ឋា ប្រាប់វីអូឌីនៅថ្ងៃទី​១២ ខែ​ឧសភា​ថា កញ្ញា​មើល​មិ​ន​ឃើញ​​ពី​​​​ផល​ចំណេញ​ដែល​ក្រសួង​ទទួល​បាន​ពី​ការ​ច្រាល​ចោល និង​ចោទ​ប្រកាន់​លើ​​អ្នក​ដែល​ហ៊ាន​​ផ្សព្វ​​ផ្សា​យ​​ពី​ប​ទ​លើ្មស​ព្រៃ​ឈើ​ឡើយ។

កញ្ញាចាត់ទុកឥរិយាបថ​របស់ក្រសួងបរិស្ថាន​នៅពេលនេះ ថា​ជា​ការ​ដើរ​ទៅ​រក​ភា​​ពបរាជ័យ​នៃ​គម្រោ​ង​​ស្ដា​រ​គ​​ម្រប​​​ព្រៃឈើ​ម្ដង​ទៀត ដ្បិត​អ្នក​រាយ​ការណ៍​ពីវិ​នាស​កម្ម​ព្រៃ​ឈើ បាន​ក្លាយ​ជា​ជន​ល្មើស ឯ​ជន​​ល្មើ​ស​​ពិត​ប្រា​​កដ​បែរ​ជា​បន្ត​បំផ្លាញ​ព្រៃឈើ​យ៉ាង​ចាស់​ដៃ ដោយ​ទទួល​បាន​ការ​ការ​ពារ​ដោយ​ប្រយោល​ពី​ក្រសួង។

អ្នក​ស្រីថា៖ «យើងអាចចាត់ទុកថាវាជាភាពបរាជ័យ និងជាភាពអាម៉ាស់មួយរបស់ក្រសួងបរិស្ថាន ជាពិសេ​​​ ​លោក អ៊ាង សុផល្លែត។ កន្លងមក លោកតែងតែចោទសកម្មជន ចោទសហគមន៍ថាគ្មានវិជ្ជាជីវៈ។ ចុះតើ​​លោដែ​​មា​​វិជ្ជាជីវៈហ្នឹងបានបំពេញតួនាទីអ្វីខ្លះហើយ បានធ្វើអ្វីខ្លះហើយ ដើម្បីស្ដារ​​គម្រព្រៃ​​ឈើឡើងវិញ? ហើយតើលោកបានចាត់វិធានការធ្វីខ្លះហើយ ទៅលើអ្នកកាប់បំផ្លាញព្រៃឈើ ឈ្មួញព្រៃឈើ អ្នក​​បំផ្លា​​ធានធម្មជាតិ ក្រៅតែពីការចាត់វិធានការទៅលើសកម្មជន និងអ្នកការពារបរិស្ថាន»

ការប្រតិកម្មរបស់ក្រសួងបរិស្ថានប៉ុន្មានថ្ងៃមកនេះ ធ្វើឡើង​ក្រោយ​សកម្មជន​បរិស្ថាន​១០​នាក់ បាន​​ចុះ​ល្បាត និង​រក​ឃើញ​ដើម​ឈើ​ចំនួន​ជាង ២០០​ដើម ត្រូវ​បាន​គេកា​ប់​រំលំ​​​នៅដែន​ជម្រ​​កសត្វ​ព្រៃ​ព្រះរ​ការ ក្នុ​ង​​ខេ​ត្ត​ព្រះ​វិហារ។

តាមរយៈលិខិតបំភ្លឺព័ត៌មាននៅថ្ងៃទី១០ ខែ​ឧសភា ក្រសួង​បរិស្ថាន បាន​ចោទ​សកម្ម​ជន លោក ម៉ា ចិត្រា ថា​ចូល​ក្នុងតំបន់​ការ​ពារ​ដោយ​គ្មាន​ការ​អនុ​ញ្ញាត និង​បង្កើត​ព័ត៌មាន​មិន​ពិត មាន​ចរិត​ញុះ​ញង់​ បម្រើ​​ឱ្យ​ន​យោបាយ​ប្រឆាំង​រដ្ឋាភិ​បាល។

​អ្នកវិភាគ និងតាមដានបញ្ហាសង្គម ទាំង​អព្យាក្រឹត្យ​ក្ដី ទាំង​អ្នក​មាននិ​ន្នាការ​រដ្ឋាភិបាល​ក្ដី បាន​បញ្ចេញ​​ទស្សនៈ​ស្រដៀង​គ្នា​នៅ​លើ​បណ្ដាញ​សង្គម អំពាវ​នាវ​ឱ្យ​ក្រសួង​បរិស្ថាន​បើក​ការ​ចុះ​ស៊ើប​អង្កេត​ដោយ​ផ្ទាល់ ជា​ជាង​ចោទ​ប្រកាន់​សកម្ម​ជន​ទាំង​កម្រោល​ និង​គ្មាន​ភស្តុតាង។

ពួកគាត់​បានជំរុ​ញឱ្យ​ក្រសួង​ពិនិត្យ​តាម​បែប​វិទ្យាសាស្ត្រ​ទៅ​លើ​ទី​តាំង និង​រូប​ថត​ដែ​​លសកម្ម​ជ​ន​បាន​ផ្ដិ​ត​​យក។ ជាង​នេះ​ទៅទៀត ពួក​គាត់​ថា សំណុំ​រឿង​បរិស្ថាន មិន​គួរ​ចង​ភ្ជា​​ប់​ទៅ​នឹង​រឿង​នយោបាយ​ឡើយ។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ប្រាប់VOD​តាមបណ្តាញសង្កម​តេឡេ​ក្រាម នៅ​​​ថ្ងៃ​ទី​១២ ខែ​ឧសភា​ថា «កិច្ច​ការ​​ការ​​ពារ​​ធន​ធាន​​​ធម្ម​ជាតិ ចាំបាច់​​ត្រូវ​​ការ​​ចូល​​រួម​​​ពី​​គ្រប់​​ភាគី ដើម្បី​​​ថែ​​រក្សា​​ព្រៃ​​ឈើ ក្នុង​នោះ​សហគមន៍​​តំបន់​​ការ​​ពារ ត្រូវ​​សហការ​​ជាមួយ​​មន្រ្តី​​មាន​​សមត្ថ​​កិច្ច ដើម្បី​​រាយ​​ការណ៍​​ពី​បទ​ល្មើសព្រៃ​ឈើ»។

នេះមិ​នមែនជា​លើកទីមួយឡើយ ដែល​ក្រសួងបរិស្ថាន តែង​ចេញ​មុខ​ច្រាន​ចោ​ល​​ការ​​រក​​ឃើ​ញ​រ​បស់​ស​កម្ម​ជន និង​ប្រជា​សហគមន៍ ហើយ​គំរាម​កំហែង​ពួក​គេ​តាម​រូប​ភាព​ផ្សេងៗ។

សំណុំ​រឿ​​ង​ខ្លះ ក្រសួង​បរិស្ថា​ន​ប​ង្វែរ​ទៅ​ជា​រឿង​នយោ​បាយ ដោយ​មាន​តុលាការ​តេឡេ​នៃ​របប​គ្រួសារ​លោក ហ៊ុន សែន ចាំ​កាត់​​ទោ​ស​ពួក​គេ​ក្នុង​កម្រិត​អតិបរមា។

ជាក់ស្ដែង សកម្មជនបរិស្ថាន ៥រូប រួមមាន កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា លោក លី ចាន់តារាវុធ លោក យីម លាង​ហ៊ី និង​លោក ថុន រដ្ឋា ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់​ទោស​ជាប់​ពន្ធនាគារ ពី​៦ ទៅ​៨​ឆ្នាំ ក្រោម​បទ​ចោទ​ក្បត់​ជាតិ និង​ប្រមាថ​អង្គ​ព្រះ​មហា​ក្សត្រ។

សកម្មជនទាំង៥រូប ត្រូវបានទ​ទួលស្គា​ល់​ដោ​យពលរដ្ឋកម្ពុជា​ភាគ​ច្រើន និង​អង្គ​ការ​ធំ​ៗ​របស់​អន្តរជា​តិ​ថា​ជា​​​អ្ន​ក​ការ​ពារ​បរិស្ថាន​ដ៏​ឆ្នើម ខុសប្លែក​តែ​​រដ្ឋាភិបាល​​ដឹក​នាំ​ដោយ​បក្ស​កាន់​អំណាច ដែល​ចា​​ត់ទុក​​ពួក​គេ​ជា​ឧក្រិដ្ឋ​ជន។

ទាក់ទិន​រឿង​នេះ ប្រធាន​ប្រតិបត្តិ​ស្ដីទី​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ម៉ើ ចាន់​តារា ចង់​ឃើញ​ក្រសួង​​បរិស្ថាន​បើក​លំហ​សេរី​ភាព និង​សហការ​ជិត​ស្និទ្ធ​ជាមួយ​សកម្មជន និង​ប្រជា​សហគមន៍ ក្នុង​​កា​រ​ចូល​រួម​ការ​ពារ​ធន​ធាន​ធម្មជាតិ ជាពិសេស​ព្រៃឈើ​ដែល​កំពុង​បាត់​បង់។

លោក​បន្ត​ថា ក្រុមមនុស្ស​ទាំង​នេះ គ្មាន​បំណង​អ្វី​ក្រៅ​តែ​ពី​ការ​ការ​ពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​ទុ​ក​ឱ្យ​មនុ​ស្សជំ​នាន់​ក្រោយ ជាពិសេស​គឺ​ក្រុម​ជន​ជាតិ​ភាគ​តិច ដែល​ពឹង​លើ​ការ​ទាញ​​យ​ក​អនុផល​ដើម្បី​ទ្រ​ទ្រ​ង់​ជី​​វភាព កសិកម្ម និង​ជំនឿ​ដែលផ្សា​ភ្ជាប់​នឹង​ព្រៃឈើទាំ​ង​នោះ។

លោកថា៖ «យើងទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន​ យើងទទួលស្គាល់ការខិខំប្រឹងប្រែរបស់រារដ្ឋាភិបាល ប៉ុន្តែយើងក៏ចង់ឃើញឱ្យមានការអនុវត្តប្រកបដោយតម្លាភាព ប្រសិទ្ធភាពដែរ។ គួរបញ្ជាក់​​ដែរថា ការផ្សព្វផ្សាយព័ត៌មានពីបទល្មើសព្រៃឈើ មិនមែនជាបទញុះញង់ បង្ក​​​ឱ្យមាកាវឹកវរ​​ធ្ងន់ធ្ងរទេ។ ហើយ​​យើងប្រើ​​បទល្មើសការញុះញង់នេះ មកចោទប្រកាន់សកម្មជន អ្នកស្រឡាញ់បរិស្ថាន អ្នកដែលផ្សព្វ​​ផ្សាពីបទល្មើសព្រៃឈើ វាមិនសមប្រកបក្នុងការចោទប្រកាន់ពួកគាត់ទេ»

តាមការរកឃើញរបស់សកម្មជន ដើមឈើដែលក្រុមជនល្មើស​កាប់ផ្ដួល​ទាំង​នោះ ខ្លះ​មាន​មុខ​កាត់​​ប្រវែ​ង​១​ម៉ែត្រ ទៅ​​១ម៉ែត្រ​កន្លះ និងជាប្រភេទ​ឈើ​ដែល​ផ្ដល់​អនុផល​សម្រាប់​ពលរដ្ឋ​ដង​យក​ជ័រ​ទឹក ឬ​ជ័រ​ច្បោះ ដូ​ច​ជា ដើ​​ម​ឈើ​ទាល ផ្ដៀក ត្រាច និងកកោះជាដើម។

កាលពីឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បាន​ដាក់​ចេញ​នូវ​គម្រោង​ពង្រីក​​គម្រប​​ព្រៃ​ឈើ​​ឱ្យ​​បាន​ ៦០​​ភាគរយ តាម​រយៈ​ការ​​ដាំ​ដើម​ឈើ ឱ្យ​​មាន​​គម្រប​​ព្រៃ​ឈើ​ ​ប្រមាណ​​ជា ១១​​លាន​​ហិកតា នៃ​​ផ្ទៃដី​សរុប​​ប្រមាណ​​ជាង ១៨​​លាន​​ហិកតា។

ស្របពេលដែលឈើប្រណិត និងឈើផ្ដល់អ​នុផល​ កំពុង​រង​ការ​កាប់​បំផ្លាញ​សឹក​​រិច​រិល គម្រោង​ស្ដា​រ​គម្រ​ប​​ព្រៃ​​ឈើ តាម​រយៈ​យុទ្ធនា​ការ​ពន្លក​បៃតង​របស់​ក្រសួង​បរិស្ថាន ភាគ​ច្រើន​ផ្ដោត​ទៅ​លើ​ការ​ដាំ​កូន​ត្នោត និ​​ង​ព្យា​យាម​ថត​តែ​​តំប​ន់ដែល​មា​ន​ព្រៃ​ដុះ​ក្រា​ស់ៗ យក​មក​ផ្សព្វ​ផ្សា​យ​បែប​ប្រជាភិថុត​ទៅ​​កាន់​ប្រ​ជា​​ព​ល​រដ្ឋ។ 

យោងតាមរបាយការណ៍របស់ODC ចេញ​នៅ​ខែ​កញ្ញា ឆ្នាំ​២០២៤ បង្ហាញ​ថា គម្រប​ព្រៃឈើ​របស់​កម្ពុជា​ បាន​ថយ​ចុះ​ពី ៤៣.២១% ក្នុង​ឆ្នាំ​២០១៥ មក​ត្រឹម​៣៩.៧៥% នៅ​ក្នុង​ឆ្នាំ​២០២៣។

ចំណែក ទិន្នន័យស្រា​វ​ជ្រា​​វនៅសកលវិទ្យាល័យ Maryland ក្នុង​ឆ្នាំ​២០២៣ បង្ហាញ​ថា កម្ពុជា​​បាត់​​ប​ង់​ព្រៃ​ឈើ​ប្រមាណ ១២​ម៉ឺន​១​​ពាន់​ហិកតា ក្នុង​នោះ​ពាក់កណ្តាល​នៃ​ព្រៃឈើ​​ដែល​បា​​នបា​ត់​បង់ គឺ​ស្ថិ​ត​​​ក្នុង​តំបន់​ការ​​​ពា​រ​ដែន​​ជម្រ​ក​ស​ត្វ​ព្រៃ​ព្រៃឡង់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ